ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

​​តើ​​នរណា​​ខ្លះ​​មាន​​ជាប់​​ពាក់ព័ន្ធ​នឹង​​អំពើ​​​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា ​​ ?

​​តើ​​នរណា​​ខ្លះ​​មាន​​ជាប់​​ពាក់ព័ន្ធ​នឹង​​អំពើ​​​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា ​​ ?
 
រូបថត​ជន​រងគ្រោះ​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ ក្រុង​ Kigali. REUTERS/Noor Khamis

៧​មេសា ១៩៩៤-៧មេសា ២០១៤ ថ្ងៃ​នេះ​ជា​ខួប​២០​ឆ្នាំគត់​ ដែល​មាន​ផ្ទុះ​អំពើ​ប្រល័យ​ពូជសាសន៍​​នៅរវ៉ាន់ដា។ ពិធី​រំលឹក​ខួប ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​​បណ្តា​ជន​រវ៉ាន់ដា បាត់​បង់​ជីវិត​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍ ប្រមាណ​៨០០០០០​នាក់ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ទូស៊ី​បាន​ចាប់​ផ្តើម ដោយ​មាន​លោក​ប្រធានាធិបតី​ ប៉ូល កាហ្គាមេ ជា​អ្នក​អុជ​ភ្លើង​ទៀន​នៅស្តូប​វិញ្ញាណក្ខន្ធ​Gisozi។

ភ្លើង​ទៀន​ដែល​នឹងត្រូវ​​រក្សា​ទុក​​ឱ្យ​ឆេះ​ ​១០០​ថ្ងៃ ពោល​គឺ​ស្មើ​នឹង​​រយៈ​ពេលនៃ​សង្គ្រាម​ប្រល័យ​ពូជសាសន៍។ អ្វី​ជា​កត់​សម្គាល់​ខ្លាំង​ក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ​នេះ គឺ​វិបត្តិការទូត​ការទូត​ដ៏​ធ្ងន់ធ្ងរ​ជាមួយ​បារាំង។ ឯកអគ្គរដ្ឋទូត​បារាំង​​ប្រចាំ​នៅ​រវ៉ាន់​ដា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ឡើយ។

ចំណុច​ដើម​នៃ​ការ​ផ្ទុះ​​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា

 
នៅថ្ងៃ​ទី ៦ មេសា ១៩៩៤ យន្តហោះ​ប្រធានាធិបតី​រវ៉ាន់ដា ជា​ជាតិ​ពិន្ធុ​ ហ៊ូទូ ត្រូវ​បាន​មីស៊ីល​បាញ់​ទម្លាក់។ ក្រុម​អ្នក​ជ្រុល​និយម​ហ៊ូទូ ជា​អ្នក​កាន់​អំណាច បាន​ចោទ​ថា​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​ទុតស៊ី​។ ការប្រកូកប្រកាស​ និង​ញុះញង់​ឱ្យស្អប់​ខ្ពើម​ជាតិ​សាសន៍​ក៏​បាន​កើត​ឡើង​ នៅ​ក្នុង​វិទ្យុ​គេ​ឮ​តែ​ការ​អំពាវនាវ​ឱ្យ​កម្ចាត់​សត្វ​ចង្រៃ​ទុតស៊ី។ ក្នុង​រយៈ​ពេល​មិន​ដល់​២៤​ម៉ោង​ផង ការ​កាប់​សម្លាប់​គ្នា​ក៏​បាន​កើត​ឡើង​ ដោយ​ប្រើ​កាំបិត​ពូថៅ ឬ​ដុត​សម្លាប់​គ្នា​ស្រស់ៗ​តែម្តង ក្រោម​ក្រសែ​ភ្នែក​អសមត្ថភាព​របស់​សហគមន៍​អន្តរជាតិ បូកទាំង​ទាហាន​បារាំង​ និង​ទាហាន​មួក​ខៀវ ដែល​មាន​ វត្តមាន​ស្រាប់​ក្នុង​ប្រទេស​នេះ​ផង។

​​ថ្ងៃ​ទី ៤​កក្កដា​១៩៩៤ ​ក្រុម​ទុតស៊ី នៃ​ចលនា​រណសិរ្ស​ជាតិ​រវ៉ាន់ដា​ ដឹកនាំ ដោយ​លោក ប៉ូល កាហ្កាមេ ប្រយុទ្ធ​ដណ្តើម​គ្រប់គ្រង​ រដ្ឋធានី​ បាន ហើយ​ប្រកាស​បញ្ចប់​សង្គ្រាម​ប្រល័យ​ពូជសាសន៍​នៅ​ថ្ងៃ​ទី ១៧ កក្កដា ឆ្នាំ​១៩៩៤​ដដែល។ ក្នុង​រយៈ​ពេល​តែ​១០០​ថ្ងៃ​នេះ អង្គការ​សហប្រជាជាតិ​ប៉ាន់​ប្រមាណ​ថា​មាន​បណ្តាជន​រវ៉ាន់ដា ប្រមាណ​ពី​៨​សែន ទៅ មួយ​លាន​នាក់​បាន​បាត់​បង់ជីវិត។
 
វិបត្តិការទូត​រវ៉ាន់ដា​-​បារាំង ៖ ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​រវ៉ាន់ដា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ទេ ! ​
 
​សង្រ្គាម​ពាក្យ​សម្តី​​​រវាង​ប្រទេស​បារំាង និង​ប្រទេស​រវ៉ាន់ដា បាន​ផ្ទុះ​ឡើង​ខ្លាំង បន្ទាប់​ពី​ប្រធានាធិបតី​រវ៉ាន់ដា លោក ប៉ូល កាហ្គាមេ ​បាន​ប្រកាស​ផ្សព្វផ្សាយ​ក្នុង​សារព័ត៌មាន ចេញ​ផ្សាយ​សម្រាប់​ថ្ងៃអាទិត្យតែ​ធ្លាយ​ដំណឹង​តាំង​ពី​ថ្ងៃសៅរ៍​ទី ៥​មេសា ចោទ​ប្រកាន់​បារាំង​ដោយ​ត្រង់ៗ បាន​បង្ក​បង្កើត​ និង​បំពាក់​អាវុធ​ដល់​ក្រុម​ប្រល័យ​ពូជសាសន៍​ និង​មិន​តែ​ប៉ុណ្ណោះ​បាន​ចូល​រួម​ធ្វើ​ចំណែក​កាប់​សម្លាប់​បណ្តាជន​ ជាតិភាគតិច​ ទុតស៊ី នៅ​រវ៉ាន់ដា ជិត ៨សែន។​ ​

ទាហាន​បារាំង​  នៅ​ខែ​មិថុនា​​ឆ្នំា ១៩៩៤ បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​ “មនុស្សធម៌-​យោធា” ដែល​មាន​ឈ្មោះ​ថា​អន្តរាគមន៍​ Turquoise ក្នុង​​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ស្រប​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​។ ក្នុង​សេចក្តី​សម្រេច​ចិត្ត​លេខ ៩២៩ ក្រុមប្រឹក្សា​សន្តិសុខ​ បាន​កំណត់​កម្មវត្ថុនៃ​បេសកកម្ម​នេះ គឺ​ធ្វើ​យ៉ាង​ណា​បញ្ឈប់​ការ​កាប់​សម្លាប់​ជាតិ​ពិន្ធុ ទុតស៊ី និង​បាន​ព្រមព្រៀង​អនុញ្ញាត​​ឱ្យ​ប្រើ​កម្លាំង​យោធា​ផង​ ប្រសិន​បើ​ចាំបាច់។

សមាសភាព​នៃកង​កម្លាំង​យោធា​ក្នុង​ប្រតិបត្តិការ​នេះ​ ភាគ​ច្រើន​ជា​ទាហាន​បារាំង ២៥៥០​នាក់ និង​ជាង​៥០០នាក់​ជា​ទាហាន​អាហ្វ្រិក​មក​ពី​៧​ប្រទេស​​ (សេណេហ្កាល់ ហ្គីណេ ឆាដ ម៉ូរីតានី អេហ្ស៊ីប នីហ្សេ និង​កុងហ្គោ)។ ហើយ​គឺ​នា​ឱកាស​នោះ​ហើយ ដែល​បារាំង បាន​ឆ្លៀត​ប្រើ​ ក្រុម​រត់ពន្ធ​អាវុធ ​មានជាអាទិ៍​​ វិចទ័រ ប៊ូ ឈ្មួញ​មរណៈ​ ចាប់​ខ្លួន​និង​កាត់​ទោស​នៅ​ប្រទេស​ថៃ​កាលពី​ប៉ុន្មាន​ឆ្នាំ​ សម្រាប់​ផ្ទេរ​និង​បញ្ជូន​អាវុធ​។ បារាំង​ ក្រោម​អាណត្តិ​របស់​លោក​នីកូឡាសាកូហ្ស៊ី ធ្លាប់​បាន​ទទួល​ស្គាល់​ថា​មាន​ ការ​ខុសឆ្គងនយោបាយ ប៉ុន្តែគ្មាន​គណៈកម្មការស៊ើប​អង្កេត​រឿង​នេះ បារាំង​បាន​ត្រឹម​​​បដិសេធ​ជា​និច្ច​ថា​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា​ឡើយ។

តួនាទី​របស់​​​សហគមន៍​អន្តរជាតិ​
 
សម្រាប់​រវ៉ាន់ដា នៅ​មាន​ ​ភាគី​ពីរ​ទៀត គឺ​សអង្គការ​សហប្រជាជាតិ និង​បែលហ្សិក ដែល​អាច​មាន​ប្រលាក់ប្រលូស​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ឆ្នាំ​១៩៩៤។

ក្រោយ​ការ​បញ្ចប់​​ប្រល័យ​ពូជសាសន៍​ ជា​ផ្លូវការ​នៅ​ខែកក្កដា ១៩៩៤ សហគមន៍​អន្តរជាតិ​ពេល​នោះ​បាន​រស់​រាន់​ ជួយ​ស្រោច​ស្រង់​ប្រទេស​នេះ។ អង្គការ​សហប្រជាជាតិ បាន​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​ពិសេស​សម្រាប់​ ​រវ៉ាន់ដា។ ចៅក្រម​របស់​តុលាការនេះ បាន​ចាត់​ទុក​ភ្លាម​​ ការ​សម្លាប់​រង្គាល​នៅ​រវ៉ាន់ដា​ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ ដូច​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​អាមេនី ឬ​លើ​ពួក​ជីហ្វ​ពី​សំណាក់​ពួក​ណាហ្ស៊ី ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទីពីរនៅ​ឆ្នាំ​១៩៩៨។

ការ​ទទួលស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​ និង​ទុក្ខវេទនា​ នៅ​រវ៉ាន់ដា តាម​ផ្លូវ​ច្បាប់​មាន​អត្ថន័យ​សំខាន់​ណាស់។ ប៉ុន្តែ​អ្នក​រួច​ពីស្លាប់​ ជា​ច្រើន​នៅ​តែ​មាន​ចម្ងល់​យ៉ាង​ខ្លាំង ចំពោះ​អសមត្ថភាព​របស់​សហគមន៍​អន្តរជាតិ ដែល​ឈរ​មើល​ជាតិ​ពិន្ធុ​ពីរ​កាប់​សម្លាប់​គ្នាបង្ហូរឈាម។

សង្គ្រាម​ស៊ីវិល​នៅ​រវ៉ាន់​ដា បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​១៩៩០ ហើយ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជូនទ័ព​មួក​ខៀវ​ទៅ​កាន់​ប្រទេស​នោះ​តាំង​ពី​ខែ​តុលា​ឆ្នាំ​១៩៩៣ ក្នុង​ក្របខ័ណ្ឌ​អង្គការ​ប្រជាជាតិ​ជួយ​បក្ស​ហ៊ូទូ និង​ទុតស៊ី​ស្វែង​រក​កិច្ច​ព្រមព្រៀង​សន្តិភាព។ ហើយ​គ្រាន់​តែ​អំពើ​កាប់​សម្លាប់​គ្នា​បាន​ផ្ទុះ​ឡើង​ភ្លាម (ទាហាន​មួក​ខៀវ​សញ្ជាតិ​បែលហ្សិក​​១០​នាក់​បាន​ស្លាប់​ នៅ​ថ្ងៃទី ២១​ មេសា​ភ្លាម)​ អង្គការ​សហប្រជាជាតិ​បាន​​​ដក​ទ័ព​អន្តរជាតិ​ចេញ​ស្ទើរ​តែ​អស់ ពី​២៥០០​នាក់​ មក​ត្រឹម​៥០០​នាក់។ នេះ​ហើយ​ជា​អ្វី​ដែល​​រវ៉ានដាបាន​ការ​ពន្យល់​បំភ្លឺ។

ចំណែក​បែលហ្សិក​វិញ ក៏​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ព្រឹទ្ធសភា​មួយ​នៅឆ្នាំ​ ១៩៩៧ លើ​ប្រធានបទ​នេះ ! គឺ​ពិត​ជា​មហា​ស្មុគស្មាញ។ ដូច្នេះ​ការ​ចោទ​ប្រកាន់​ដោយ​ត្រង់​របស់​ប្រធានាធិបតី​រវ៉ាន់ដា​លើ​ទំនួល​ខុស​បារាំង​ ក្នុង​ឱកាស​ខួប​២០​ឆ្នាំ​នេះ ពិត​ជា​បញ្ជាក់​បាន​ថា​ក្រោយ​អំពើ​ប្រល័យពូជសាសន៍ ស្នាម​របួស​មិន​ងាយ​នឹង​ជា​សះ​បាន​ឡើយ៕
 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង​-រវ៉ាន់ដា

    ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា ៖ តុលាការ​សម្រេច​ដាក់​ទោស​២៥​ឆ្នាំ​លើ​អតីត​ប្រធាន​កង​ស៊ើបការណ៍

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តុលាការ​​បារាំង​​ជំនុំ​ជម្រះ​ជា​លើកទីមួយ​ ​ជនសង្ស័យ​​​​ប្រល័យ​​ពូជសាសន៍​ នៅ​រវ៉ាន់ដា

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ