អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ករណី​លក់​អចលនវត្ថុ​ដែល​ជាប់​សិទ្ធិ​ហ៊ីប៉ូតែក​មិនទាន់​ជម្រះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទីយល់ដឹង​ពីច្បាប់ នៅ​ថ្ងៃនេះ សេង ឌីណា នឹង​​ពន្យល់​បន្ថែម ជុំវិញ​ការ​បង្កើត​ហ៊ីប៉ូតែក ដើម្បី​ធានាបំណុល។ នៅក្នុងការ​បង្កើត​ហ៊ីប៉ូតែក កូនបំណុល​មិន​ចាំបាច់​ផ្ទេរ​អចលនទ្រព្យ​ទៅ​ឲ្យ​ម្ចាស់​បំណុល​កាន់កាប់​ទេ ហើយ​​ប័ណ្ណកម្មសិទ្ធិ​​ក៏​មិន​ចាំបាច់​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​បំណុល​ដែរ។ សំណួរចោទឡើង​ថា​ចុះបើ​កូនបំណុល​យក​អចលនទ្រព្យ​នេះ​ទៅ​បង្កើត​ហ៊ីប៉ូតែក​ ដើម្បី​ធានា​បំណុលថ្មីទៀត ឬ​ក៏​យក​អចលនទ្រព្យ​ទៅលក់​ឲ្យ​អ្នកដទៃ តើ​នឹង​មាន​អ្វីកើតឡើង?

សេង ឌីណា
សេង ឌីណា ©RFI
ផ្សាយពាណិជ្ជកម្ម

សំណួរ-បើ​កូនបំណុល​ដែល​បាន​បង្កើត​ហ៊ីប៉ូតែក​​លើ​ទ្រព្យ​របស់ខ្លួន​ហើយ ប៉ុន្តែ នៅ​​មាន​ទាំងទ្រព្យ និង​ទាំង​ប័ណ្ណ​កម្មសិទ្ធិ​នៅក្នុងដៃ ហើយ​ក៏​យក​ទ្រព្យ​នេះ​ទៅ​ដាក់ហ៊ីប៉ូតែក​ ដើម្បី​ខ្ចី​បំណុល​​ថ្មីៗ​បន្ថែម​​ទៀត តើ​​នឹង​មាន​អ្វីកើតឡើង?

តាមការពិត អចលនទ្រព្យ​តែមួយ អាច​ត្រូវ​បង្កើត​ជាហ៊ីប៉ូតែក ដើម្បី​ធានា​បំណុល​ច្រើន​បាន មិនមែន​ជារឿង​ខុសច្បាប់ទេ។ ក្រមរដ្ឋប្បវេណី​ខ្មែរ មានទាំងចែង​ច្បាស់​ អំពី​ករណី​ហ៊ីប៉ូតែក​លើ​អចលនវត្ថុតែមួយ ដើម្បី​ធានាបំណុល​ច្រើន​នេះ គឺ​​ចែង​ក្នុង​​មាត្រា ៨៥១ ស្តីពី​លំដាប់​នៃ​ហ៊ីប៉ូតែក។ ក្នុងករណី​នេះ ម្ចាស់បំណុល​មុន​ត្រូវ​មាន​អាទិភាព​ហ៊ីប៉ូតែក​ខ្ពស់ជាង​ម្ចាស់​បំណុលក្រោយ មានន័យថា នៅពេល​អនុវត្ត​ហ៊ីប៉ូតែក ​លុយដែល​បាន​ពីការ​លក់​អចលនទ្រព្យ​ជាប់ហ៊ីប៉ូតែក​នេះ គេ​ត្រូវយក​ទៅ​​​សង​​ម្ចាស់បំណុល​មុន រួចហើយ​នៅសល់​ប៉ុន្មាន​ទើប​យក​ទៅ​សងម្ចាស់បំណុលក្រោយ។ មាន​គ្រប់​សង ឬ​មិនគ្រប់ គឺ​ម្ចាស់​បំណុលក្រោយ​ជា​អ្នក​រង​ហានិភ័យ។

ឧទាហរណ៍៖  កូនបំណុល​ម្នាក់ មានផ្ទះមួយល្វែង យក​​ទៅ​ដាក់ហ៊ីប៉ូតែក ដើម្បី​ធានាបំណុល ៧ម៉ឺនដុល្លារ​ ដែល​ខ្ចីពី​ធនាគារ ឈ្មោះ “ក”។ បន្ទាប់មកទៀត កូនបំណុល​នេះ​ក៏​​ទៅ​ខ្ចី​បំណុល​ថ្មីមួយទៀត​​ពី​ធនាគារ “ខ” ក្នុងទឹកប្រាក់ ៣ម៉ឺន​ដុល្លារ ដោយ​យក​ផ្ទះ​ដដែល​ទៅ​ដាក់​ហ៊ីប៉ូតែក​ធានា។ ប្រសិនបើ​កូនបំណុល​អត់មាន​លុយ​សង ម្ចាស់បំណុល​ត្រូវ​ទាមទារ​ឲ្យ​លក់​ផ្ទះ​ជាប់ហ៊ីប៉ូតែក​នេះ ដើម្បី​សងបំណុល។ ក៏ប៉ុន្តែ បើសិន​ជា​ផ្ទះនេះ​លក់ទៅ​បាន​តែ ៩ម៉ឺន​ដុល្លារ គេ​ត្រូវ​យក ៧ម៉ឺន​ដុល្លារ​ទៅសង​ធនាគារ “ក” ជាមុន។ នៅសល់ ២ម៉ឺន​ដុល្លារ ទើប​យក​ទៅ​សង​ធនាគារ “ខ”។ ចំពោះ បំណុល ១ម៉ឺន ដែល​នៅសេសសល់ ធនាគារ “ខ” អាច​ទាមទារ​ឲ្យ​ប្រមែរប្រមូល​ទ្រព្យ​ផ្សេងទៀត​មក​លក់​ ដើម្បី​បង្រ្គប់។ ​បើ​កូនបំណុល​អត់មាន​​លុយ ឬ​ក៏​ទ្រព្យ​អ្វីផ្សេងទៀតទេ គឺមានន័យថា ធនាគារ “ខ” នឹង​មិន​អាច​ទទួលបាន​សំណង​គ្រប់ចំនួនទេ គឺ​អាច​នឹង​ត្រូវ​ខាតបង់ ១ម៉ឺន​ដុល្លារ​នេះ។

ហេតុដូច្នេះ​ហើយ​បាន​ជា​ច្បាប់​តម្រូវ​ឲ្យ​ការបង្កើតហ៊ីប៉ូតែក ត្រូវ​ធ្វើ​ជា​លិខិតយថាភូត និង​ត្រូវ​ចុះបញ្ជី នៅ​ក្នុង​សៀវភៅ​បញ្ជីដីធ្លី ដើម្បី​ជាព័ត៌មាន​ឲ្យ​អ្នកផ្សេងទៀត​​បានដឹង។ ក្នុងករណី​​ម្ចាស់ទ្រព្យ​ចង់​បង្កើត​ហ៊ីប៉ូតែក ដើម្បី​ធានាបំណុល​ថ្មីទៀត ម្ចាស់បំណុល​ថ្មី​នេះ​អាច​ដឹង​ថា ​អចលនទ្រព្យ​នេះ​មាន​ជាប់ហ៊ីប៉ូតែក​រួចហើយ, ជាប់​ដើម្បី​ធានាបំណុល​ទំហំ​ប៉ុន្មាន តម្លៃ​អចលនទ្រព្យ​នេះ​អាច​សល់គ្រប់គ្រាន់ ដើម្បី​ធានាបំណុលក្រោយ​បានដែរ​ឬអត់?

កាលបរិច្ឆេទ​នៃ​ការ​ចុះបញ្ជី​ហ៊ីប៉ូតែក​នេះ​ហើយ ដែល​ត្រូវ​កំណត់​​លំដាប់​អាទិភាព​នៃ​ហ៊ីប៉ូតែក៖ ហ៊ីប៉ូតែក​ដែល​ចុះបញ្ជីមុន ត្រូវ​មាន​លំដាប់អាទិភាព​ក្នុងការ​ទទួលសំណង​មុន​ ហ៊ីប៉ុតែក​ដែល​ចុះបញ្ជីក្រោយ។

ក្នុងករណី​ហ៊ីប៉ូតែក​បង្កើតឡើង​ដោយការព្រមព្រៀង​ត្រឹមតែ​រវាង​ម្ចាស់បំណុល និង​កូនបំណុល ហើយ​មិនមាន​ធ្វើ​លិខិតយថាភូត (មានន័យថា មិនមាន​ការ​ចុះហត្ថលេខា​ និង​ប្រថាប់ត្រា​ដោយ​​សាការី ឬ​ក្នុង​ទម្រង់​បែបបទ​ផ្សេងទៀត​ដែល​​កំណត់​ដោយ​ច្បាប់) និង​​មិន​បាន​ធ្វើការ​ចុះបញ្ជី​ត្រឹមត្រូវ​ទេ ហ៊ីប៉ូតែក​នេះ​មាន​អានុភាព​តែ​រវាង​ម្ចាស់​បំណុល និង​កូនបំណុល​ប៉ុណ្ណោះ ដោយ​មិន​អាច​យក​ទៅតតាំង​ជាមួយ​នឹង​តតិយជន (អ្នកផ្សេង) បាន​ឡើយ។

ក្នុងន័យនេះ បើ​ម្ចាស់​បំណុល​មុន បាន​ធ្វើ​ហ៊ីប៉ូតែក​ដែរ ប៉ុន្តែ មិនបាន​ធ្វើ​តាម​លិខិត​យថាភូត និង​មិនបាន​ចុះបញ្ជី ចំណែក​ម្ចាស់​បំណុលក្រោយ​បាន​ចុះបញ្ជី​ហ៊ីប៉ូតែក​របស់ខ្លួន​ត្រឹមត្រូវ គឺ​ម្ចាស់បំណុលក្រោយ​នេះ ដែល​ត្រូវមាន​អាទិភាព​ទទួល​សំណង​ពី​ការ​លក់​ទ្រព្យ។
 
សំណួរ-តើ​កូនបំណុល​អាច​លក់​​​​ទ្រព្យ​ដែល​កំពុង​ជាប់​ហ៊ីប៉ូតែក​បាន​ដែរ​ឬទេ?
 
ទ្រព្យ ដែល​កូនបំណុល​យក​ទៅដាក់ហ៊ីប៉ូតែក ដើម្បី​ធានាបំណុល នៅតែ​ស្ថិត​ជា​កម្មសិទ្ធិផ្តាច់មុខ​របស់​កូនបំណុលដដែល។ ដូច្នេះ កូនបំណុល​មាន​សិទ្ធិ​ចាត់ចែង​​ទ្រព្យ​នេះ​បាន ក្នុងឋានៈ​ជា​ម្ចាស់កម្មសិទ្ធិ ដូចជា អាច​យក​ទៅជួល យកទៅលក់ ឬ​ធ្វើ​ជា​អំណោយ​ ជាដើម។

ក៏ប៉ុន្តែ ការលក់ទ្រព្យ​ដែល​ជាប់ហ៊ីប៉ូតែក​នេះ មិនធ្វើ​ឲ្យ​រលត់សិទ្ធិលើ​ហ៊ីប៉ូតែក​នោះទេ។ ម្ចាស់បំណុល ដែល​មានការ​ធានា​ដោយ​ហ៊ីប៉ូតែក ហើយ​ហ៊ីប៉ូតែកនេះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​លិខិតយថាភូត និង​បាន​ចុះបញ្ជី​ក្នុង​សៀវភៅដីធ្លី​ត្រឹមត្រូវ នៅតែ​អាច​ទាមទារ​ឲ្យ​​រឹបអូស​​ទ្រព្យ​នេះ​​មក​លក់​សងបំណុល​របស់ខ្លួន​បាន បើទោះជា​ទ្រព្យ​នេះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ជនទី៣​ណាមួយផ្សេងទៀត​ហើយ​ក៏ដោយ។ អ្នកទិញ ត្រូវតែ​រ៉ាប់រង​ហានិភ័យនេះ ពីព្រោះ​ខ្លួន​ត្រូវ​តែ​ដឹង​ថា អចលនទ្រព្យ​នេះ​មាន​ជាប់​ហ៊ីប៉ូតែក។ អ្នកទិញ​មិន​អាច​ឆ្លើយដោះសារ​ថា​មិនដឹង​បានទេ ព្រោះ​ហ៊ីប៉ូតែក​នេះ​​មាន​ចុះបញ្ជី ក្នុង​សៀវភៅដីធ្លី​ច្បាស់លាស់។ នេះហើយ ដែល​គេហៅថា លក្ខខណ្ឌ​តតាំង​នឹង​តតិយជន នៃ​ហ៊ីប៉ូតែក ដែល​បានចុះបញ្ជី។

តាមពិត បើតាមការអនុវត្ត​ជាក់ស្តែង នៅ​ក្នុង​ប្រទេស​បារាំង ទាំងការ​បង្កើតហ៊ីប៉ូតែក និង​ការ​ទិញលក់​អចលនវត្ថុ គឺ​​​ធ្វើ​ដោយ​ឆ្លងកាត់​សាការី (Notaire)។ សាការី គេ​​អាច​មើល​​បញ្ជី​ដីធ្លី​នៅទូទាំងប្រទេស ដែល​អាច​ដឹងច្បាស់ថា អចលនទ្រព្យ​ណា​មាន​ជាប់ហ៊ីប៉ូតែក ហើយ​ជាប់​ក្នុង​ទំហំបំណុលសរុប​ប៉ុន្មាន។

នៅពេលមាន​ការទិញលក់​អចលនទ្រព្យ​ដែល​ជាប់ហ៊ីប៉ូតែក បើសិន​មើលទៅ​ឃើញ​ថា ថ្លៃលក់​ទាបជាង​បំណុលសរុប ដែល​ជាប់ហ៊ីប៉ូតែក (មានន័យថា លុយ​ដែល​បាន​ពី​ការលក់ទ្រព្យ​មិនគ្រប់គ្រាន់​ក្នុងការ​សងបំណុល) សាការី​​នឹង​មិន​ប្រថាប់ត្រា​លក់​ឲ្យទេ គឺ​ទាមទារ​​ឲ្យ​ម្ចាស់ទ្រព្យ​ជម្រះ​ហ៊ីប៉ូតែក​ឲ្យ​ជ្រះស្រឡះសិន ទើប​អាច​លក់​បាន។

ផ្ទុយទៅវិញ បើសិនជា​ថ្លៃលក់​ខ្ពស់ជាង​បំណុលសរុប ដែល​ជាប់ហ៊ីប៉ូតែក (មានន័យថា លុយ​ដែល​បាន​ពី​ការលក់ទ្រព្យ​អាច​យក​ទៅ​​​សងបំណុល​គ្រប់ចំនួនបាន) សាការី​អាច​ប្រថាប់ត្រា​លក់​ទ្រព្យ​នេះ​បាន ក៏ប៉ុន្តែ មុននឹង​ធ្វើការ​ទូទាត់​ថ្លៃ​លក់ រវាង​អ្នកទិញ និង​ម្ចាស់ទ្រព្យ សាការី​នឹង​ជូនដំណឹង​ទៅ​​ម្ចាស់បំណុល​ដែល​ពាក់ព័ន្ធ​នឹង​ហ៊ីប៉ូតែក​ទាំងអស់​ឲ្យ​បាន​ដឹង​ពី​ការលក់​នេះ​ ដើម្បី​ធ្វើការ​​ទូទាត់​បំណុល​​ឲ្យ​ជ្រះស្រឡះអស់សិន ទើប​ប្រគល់​លុយ​ដែល​នៅសេសសល់​​ទៅ​ឲ្យ​ម្ចាស់ទ្រព្យ ដែល​ជា​កូនបំណុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ