អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី៖ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ ទាមទារ​ឲ្យ​​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា

បញ្ហា​ដែល​ជា​ទុក្ខ​កង្វល់​របស់​ប្រទេស​ជាតិ គឺ​ទាមទារ​​​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា ទើប​អាច​ដោះ​ស្រាយ​បាន។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវែល សហរដ្ឋ​អាមេរិក​។ ជំនួប​រវាង​ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ ជាមួយ​អ្នក​គាំទ្រ​នៅ​ទីក្រុង​ឡូវែល បាន​រៀប ចំ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ខែ​ឧសភា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​ទំព័រ​សង្គម​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​សុក្រ​ម្សិល មិញ​។

លោក​ សម​ រង្ស៊ី ​ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​អ្នក​ភូមិ​ឡ​ពោង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា​។​
លោក​ សម​ រង្ស៊ី ​ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​អ្នក​ភូមិ​ឡ​ពោង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា​។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី៖ រឿង​ច្រើន​ណាស់ ដែល​យើង​ម្នាក់​​ឯង យើង​មិន​អាច​ធ្វើ​អី​បាន​។ ទាល់​តែ​យើង​រក​កម្លាំង រក​ធនធាន រក​ចំណេះ រក​ជំនាញ រក​បទ​ពិសោធ ដើម្បី​គួប​ផ្សំ​គ្នា បាន​អាច​​ដោះ​ស្រាយ​បញ្ហា​ដ៏​លំបាក​ ដូច​ជា​បញ្ហា​អាយុ​ជីវិត​ប្រទេស​ជាតិ។​ ត្រូវ​តែ​ដោះ​យ៉ាង​ម៉េច? ឥឡូវ​បើ​ដោះ​តាម​របៀប​មុន មាន​តែ​គណបក្ស​តែ​មួយ​ខំ តែ​ខំ​យ៉ាង​ណា​ដោះ​អត់​ចេញ​។ ហើយ​បញ្ហា​ហ្នឹង​នៅ​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ជួប​ការ​លំបាក​។

 

នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទីក្រុង​ឡូវែល សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤​ខែ​ឧសភា​។
នៅ​ក្នុង​ឱកាស​នោះ ​លោក សម រង្ស៊ី ក៏​បានលើក​ឡើង​​ផង​ដែរ​ អំពី​វប្បធម៌​សន្ទនា​។ លោក​ថា តាម​រយៈ​វប្បធម៌​សន្ទនា គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​យកបញ្ហា​​ដែល​ជា​ទុក្ខ​កង្វល់​របស់​ជាតិ​ ​ទៅ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះ​ស្រាយ​រួម​គ្នា​។ បើ​ទោះ​បី​ជា​លោក​មិន​ទាន់​មាន​ឱកាស​ច្រើន​លើស​លុប​​ក៏​ដោយ ក៏​លោក​បាន​អះអាង​ថា នឹង​លើក​ឡើង​ពី​បញ្ហា​ជា​អាទិភាព​របស់​ជាតិ​ទៅ​ជជែក​ជាមួយ​គណបក្ស​កាន់​អំណាច​។ បើ​តាម​ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ បញ្ហា​អាទិភាព​របស់​ជាតិដែល​ត្រូវ​ពិភាក្សា​ជាមួយ​បក្ស​កាន់​អំណាច​​​រួម​មាន៖ បញ្ហា​បូរណភាព​ទឹក​ដី បញ្ហា​អន្តោប្រវេសន៍ បញ្ហា​ដីធ្លី ​បញ្ហា​ទ្រព្យ​សម្បត្តិ​របស់​​ជាតិ និង​បញ្ហា​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​​​ជា​ដើម។

ចំពោះ​កម្រិត​នៃ​​ការ​យក​ចិត្តទុក​ដាក់ និង​ឆន្ទះ​របស់​​គណបក្ស​កាន់​អំណាច ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​​យ៉ាង​ណា​នោះ លោក​សម រង្ស៊ី អះអាង​ថា លោក​មិន​អាច​បង្ខំ​បានឡើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ