អានតួអត្ថបទ
កម្ពុជា

លោក​​សម​ រង្ស៊ី​​ទទូច​​ទៅ​​គណបក្ស​​ប្រជា​ជន​​អោយ​​បង្កើត​​គណៈ​កម្មការ​​ដោះ​ស្រាយ​​បញ្ហា​​បោះ​ឆ្នោត​​

ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី ​បាន​​ផ្ញើ​​លិខិត​​មួយ​​ទៅ​​ លោក ​ជា ស៊ីម ប្រធាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ នៅ​រសៀល​​ថ្ងៃ​​ពុធ​​នេះ ដើម្បី​​ស្នើ​អោយ​​គណបក្ស​​នេះ​ត្រឡប់​​មក​​និយាយ​​អំពី​​ការ​​បង្កើត​​គណៈ​កម្មការ​​ឯក​រាជ្យ ​​ដោះ​​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ទន្ទឹម​គ្នា​នឹង​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ។ លិខិត​របស់​លោក​សម រង្ស៊ី ​ទៅ​លោក​ជា ស៊ីម ធ្វើ​ឡើង​ទន្ទឹម​គ្នា​នឹង​ការប្រកាស​ធ្វើ​សន្និសីទ​កាសែត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។ សន្និសីទ​ដែល​នឹង​និយាយ​អំពី​ការរៀប​ចំ​ការធ្វើ​មហា​បាតុ​កម្ម​អហិង្សា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ៧​ កញ្ញា​ផងដែរ។

លោក សម រង្ស៊ី ចុះ​ជួប​ប្រជាជន អ្នក​គាំទ្រ​ នា​ពេល​កន្លង​មក
លោក សម រង្ស៊ី ចុះ​ជួប​ប្រជាជន អ្នក​គាំទ្រ​ នា​ពេល​កន្លង​មក rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ​បាន​សរសេរ​ទៅកាន់​លោក​ជា ស៊ីម ​នៅថ្ងៃ​ពុធ​នេះ ​ដើម្បី​ស្នើ​ឲ្យ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់បញ្ជូន​តំណាង​របស់​ខ្លួន​មួយរូប ​​ឲ្យ​មក​និយាយ​ជាមួយ​គណបក្ស​សង្រ្គោះជាតិ ​អំពី​ការ​បង្កើត​គណៈកម្មការ​ឯករាជ​មួយ ដើម្បី​ដោះស្រាយ​​ភាព​មិនប្រក្រតី​ក្នុងការ​បោះឆ្នោត។ ​នេះ​បើ​តាម​ការអះអាង​របស់​លោក សម រង្ស៊ី ​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ។

ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ព្រម​បញ្ជូន​តំណាង តាម​សំណើ​មែន​នោះ លោក​សម រង្ស៊ី ​ទទូច​ឲ្យ​បញ្ជូន​ឥស្សរជន ដែល​មាន​អំណាច​សម្រេច​ចិត្ត។ លោក​សម រង្ស៊ី ​ក៏​បាន​បញ្ជាក់​​បន្ថែម​ផងដែរ​ថា លោក​ក៏​​ត្រៀមខ្លួន​រួច​ហើយ​ដែរ ក្នុងការ​​ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។

នៅ​ក្នុងពេល​ដែល​លោក​សម រង្ស៊ី ​កំពុង​ទទូច​ហៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ឲ្យ​មក​និយាយ​ពី​ការ​បង្កើត​គណៈកម្មការ​ឯករាជ​នោះ ​លោក​ក៏​មិនបាន​ទាត់ចោល​ដំណើរការ​ដោះស្រាយ​បណ្តឹង នៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះដែរ។ ក៏ប៉ុ​ន្តែ លោក​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ​លោក​មិន​ជឿជាក់​លើ​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះទេ ​ទើប​លោក​ចង់​បាន​គណៈកម្មការ​ឯករាជ ដែល​មាន​សមាសភាព​ចម្រុះ ហើយ​ដែល​មាន​តួនាទី​ស្វែងរក​ការពិត ​នៃ​ភាព​មិន​ប្រក្រតី ក្នុងការ​បោះឆ្នោត។ 

ពេលនេះ នៅមិនទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាងណា ​​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ ​ទាក់ទង​នឹងលិខិត​របស់​លោក​សម រង្ស៊ី ​ខណៈ​ដែល​មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន បាន​អះអាងថា ​ពួកគេ​នៅ​មិនទាន់​បាន​ទទួល​ដំណឹង​ពី​លិខិត​របស់​លោក​សម រង្ស៊ី នៅឡើយទេ។ 

គួរកត់សម្គាល់ថា ​លិខិត​របស់​លោក​សម រង្ស៊ី ទៅ​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ត្រូវ​បាន​ធ្វើ​ឡើង​ទន្ទឹម​គ្នា​នឹង​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្រ្គោះជាតិ នៅថ្ងៃ​ពុធ​នេះ អំពី​សន្និសីទ​កាសែត នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី ២៩​សីហា។ សន្និសីទ​កាសែត ដែល​គណបក្ស​សង្រ្គោះជាតិ ​ប្រកាស​ថា នឹង​ផ្តោត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត និង​ការ​រៀបចំ​ធ្វើ​មហាបាតុកម្ម​​​អហិង្សា​ប្រឆាំង​លទ្ធផល​បោះឆ្នោត ដែល​គ្រោង​ធ្វើ នៅថ្ងៃ​ទី​៧ កញ្ញា​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ