ថ្ងៃនេះជាទិវាពលកម្មអន្តរជាតិ ឬថ្ងៃបុណ្យការងារ ! អៀង សុខម៉ិញ សូមជម្រាបជូនលោកអ្នកនាងអំពីសុវត្ថិភាពការងារនៅកន្លែងធ្វើការ សម្រាប់កម្មករ កម្មការិនីកាត់ដេរផង និងសម្រាប់បុគ្គលិកអង្គុយធ្វើការក្នុងការិយាល័យដែលប្រឈមមុខនឹងកញ្ចក់កុំព្យូទ័រជាប់ពេញមួយថ្ងៃ។
ជំងឺការងារ នៅតែបុព្វហេតុចំបងនៃមរណភាព ដែលបណ្តាលមកពីការងាររកស៊ី នៅលើពិភពលោក។ បើតាមការប៉ាន់ប្រមាណរបស់ការិយាល័យអន្តរជាតិផ្នែកការងារ ក្នុងចំណោមករណីស្លាប់ប្រចាំឆ្នាំ ២៣៤០០០០ មានតែប្រមាណ៣២១០០០ ប៉ុណ្ណោះ ដែលបណ្តាលមកពីគ្រោះថ្នាក់នៅ កន្លែងធ្វើការ។ ជាងពីរលាននាក់ផ្សេងទៀត សុទ្ធតែស្លាប់ព្រោះមានជំងឺផ្សេងៗគ្នា ទៅតាមប្រភេទ និងទីកន្លែងធ្វើការ។ នេះគឺជាកង្វះខាតមួយដែលមិនអាចទទួលយកបាន។
តាំងពីឆ្នាំ២០០៣ អង្គការពលកម្មអន្តរជាតិ OIT បានទាញសញ្ញាអាសន្នស្តីអំពីគ្រោះថ្នាក់នៅកន្លែងធ្វើការ ជារៀងរាល់ទិវាសុវត្ថិភាពការងារពិភពលោកនេះ ដោយជំរុញឱ្យមានដំណោះស្រាយបែបសាមញ្ញ គឺការចរចាសង្គមជាមួយគ្រប់ភាគីពាក់ព័ន្ធ។
អត្រាអ្នកស្លាប់ និងអ្នកឈឺព្រោះការងារ កើនឡើងជាលំដាប់ ព្រោះតែភាពជឿនលឿន និងលូតលាស់ខ្លាំងក្នុងវិស័យឧស្សាហកម្ម។ ចំណែកឯគ្រោះថ្នាក់មិនស្លាប់នៅកន្លែងធ្វើការវិញ មានប្រមាណជាជិត ២៦៨លានករណី ក្នុងមួយឆ្នាំៗ។ ហេតុដូច្នេះហើយបានជាអង្គការសុខភាពពិភពលោក និងការិយាល័យពលកម្មអន្តរជាតិ អំពាវនាវឲ្យមានការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលវប្បធម៌ការពារសុវត្ថិភាពសុខភាព។
នៅក្នុងប្រទេសជឿនលឿន និន្នាការនៃគ្រោះថ្នាក់ដល់ជីវិតក្នុងការងារបានថយចុះ ប៉ុន្តែនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍វិញ នៅទ្វីបអាស៊ី និងអាមេរិកឡាទីនវិញ អត្រាគ្រោះថ្នាក់កើនឡើងគួរឲ្យព្រួយបារម្ភ។
គ្រោះថ្នាក់ដល់ជីវិតបានថយចុះ ក្នុងប្រទេសឧស្សាហកម្មរីកចំរើនខ្លាំង ក៏ពិតមែន ប៉ុន្តែរោគាដែលបង្កឡើងដោយការងារ កើនឡើងនៅគ្រប់ទិសទីទាំងអស់។ ជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេ មានដូចជា ជំងឺផ្លូវចិត្ត ជំងឺមហារីក (បង្កឡើងដោយការប្រឈមមុខសារធាតុគីមីពុល) រលាកសាច់ដុំឬឆ្អឹង ជំងឺផ្លូវដង្ហើម រលាកសួត ខូចត្រចៀក (ថ្លង់) ស្ទះសរសែឈាម (ជំងឺសរសែឈាម) ជំងឺឆ្លង ។ល។ និង។ល។ និងនៅមានច្រើនទៀត។
វិស័យកសិកម្ម ដែលស្រូបយកកម្លាំងពលកម្មបានពាក់កណ្តាល និងដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍ភាគច្រើននោះ បានសម្លាប់ជីវិតមនុស្ស ៧ម៉ឺននាក់ក្នុងមួយឆ្នាំ ដោយមូលហេតុ ពុលថ្នាំសម្លាប់សត្វល្អិត។ នេះគេមិនបានរាប់បញ្ចូលចំនួនអ្នកស្លាប់ដោយមូលហេតុផ្សេងទៀត និងមិនបានគិតពីចំនួនអ្នករងគ្រោះកើតជំងឺរ៉ាំរ៉ៃដ៏សន្ធឹកសន្ធាប់ទៀតផង។
ចុះចំពោះអ្នកធ្វើការនៅតាមការិយាល័យ នៅក្នុងក្រុង ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ តើសុវត្ថិភាពការងារត្រូវបានធានាដែរឬទេ ?
មិនប្រាកដទេ !
គ្រោះថ្នាក់ភ្លាមៗ ឬទាន់ហន់ អាចមើលមិនឃើញរាល់ថ្ងៃមែន ប៉ុន្តែ ការអង្គុយស្ងៀមមួយកន្លែង ការសំឡឹងកញ្ចក់ អេក្រង់កុំព្យូទ័រ ពន្លឺ សំឡេង សុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់សុខភាពទាំងអស់ ! នេះដោយមិនគិតពី បរិយាកាស សម្ពាធការងារ ឬពីចៅហ្វាយ ដែលបង្កជាស្ត្រេសប្រចាំទេ។
នេះជា កាយវិការត្រឹមត្រូវមួយចំនួន ដែលអាចជាប្រយោជន៍ដល់អ្នកធ្វើការនៅមុខកុំព្យូទ័រ ៖
- អង្គុយឱ្យស៊ុបនៅលើកៅអីមានបង្អែក ឱ្យត្រង់ខ្នង ចំពីមុខអេក្រង់កុំព្យូទ័រ
- ដើមដៃ និងកំភួនដៃ ត្រូវដាក់លើតុក្នុងទម្រង់កែងគ្នា យ៉ាងហោចណាស់៩០°
- ភ្លៅ ត្រូវសន្តូកឱ្យត្រង់កែងនឹងកំភួនជើង។ ជើងត្រូវជាន់ផ្ទាល់ដី ឬដាក់ទម្រជើង កុំឱ្យស្លាក់ខ្យល់។
ពន្លឺ
- បន្ទប់ធ្វើការត្រូវមានពន្លឺស្មើ - ប៉ុស្តិ៍ធ្វើការត្រូវនៅចន្លោះប្រភពពន្លឺពីរ ប៉ុន្តែចៀសវាងកុំដាក់ពន្លឺដែលនាំឱ្យចាំងភ្នែក
- កុំធ្វើឱ្យមានផ្ទែដែលអាចចាំងជះពន្លឺ
- កុំឱ្យមានពន្លឺចាំងពីលើកញ្ចក់កុំព្យូទ័រ
- ដាក់រនាំងបាំងថ្ងៃនៅបង្ហួច
បរិយាកាស
- សីតុណ្ហភាពក្នុងបន្ទប់ធ្វើការ ២២ ទៅ២៤អង្សារ
- សំណើម ៤០ ទៅ ៦០%
- កុំឱ្យមានចរន្តខ្យល់
- សំឡេង ត្រូវទាបជាង ៥៥ដេស៊ីបែល
ទំនាក់ទំនងជាមួយកុំព្យូទ័រ
- ត្រូវដាក់កុំព្យូទ័រ កាត់កែងនឹងបង្អួច - បើអាចទៅរួច ត្រូវឃ្លាតពីបង្អួចយ៉ាងហោចណាស់ ១,៥ម៉ែត្រ
- កម្ពស់ស្មើភ្នែក (ភ្នែកនិងកែមកុំព្យូទ័រខាងលើស្មើគ្នា) ឬទាបជាងបន្តិច ចំពោះអ្នកវ៉ែនតាភ្នែកចាស់ ចម្ងាយ ពី៥០ ទៅ ៧០សង់ទីម៉ែត្រ
- ផ្ទៃអេក្រង់ ស្រមោល (៨៥%) ពន្លឺ ពី៦៥ទៅ ៧០%
- ក្លាវីយ៉េ ត្រូវមានលក្ខណៈរាបស្មើ ឃ្លាតពីកែបតុ ១៥ទៅ២០សង់ទីម៉ែត្រ Sourisនៅក្បែរក្លាវីយ៉េ
- កដៃ ម្រាមដៃត្រូវដាក់ឱ្យត្រង់ ឱ្យស្មើ អូសត្រង់ពីតុដល់លើក្លាវីយ៉េ កុំធ្វើការក្នុថស្ថានជាកាច់កដែ
ដើម្បី រក្សាផាសុកភាពក្នុងពេលធ្វើការ ត្រូវអង្គុយក្នុងជំហរត្រឹមត្រូវសមស្រប ដងខ្លួនត្រង់ អាចផ្អែកបាន អវៈយវៈ ត្រូវទំនងតាមដងខ្លួន និង ចៀសវៀងធ្វើការណាដដែលៗ។ ចូរពិសារទឹកឱ្យច្រើន សំអាតអេក្រង់កុំព្យូទ័រឱ្យបានញឹកញាប់ និងសំរាកឱ្យបានរាល់ពីរម៉ោងម្តងយ៉ាងតិច។ ការប្រើប្រាស់កុំព្យូទ័រឡេបថប មិនមែនជាជម្រើសល្អក្នុងការងារប្រចាំថ្ងៃ យូរអង្វែងទេ។
សកម្មភាពការងារនៅមុខកញ្ចក់កុំព្យូទ័រ អាចធ្វើអ្នកមានអារម្មណ៍នឿយហត់ទាំងផ្លូវកាយ ផ្លូវចិត្ត មានស្ត្រេសច្រើន និងមានវិបត្តិឆ្អឹងខ្នង។ វិបត្តិទាំងអស់នេះ អាចធ្ងន់ឬស្រាលក៏ អាស្រ័យផងដែរទៅលើ ទម្ងន់ការងារ សម្ពាធនៃពេលវេលា បរិយាកាសនៅជុំវិញខ្លួននៅកន្លែងធ្វើការ ទំនាក់ទំនងជាចៅហ្វាយនាយ ។ល។ និង។ល។ យើងអាចកាត់បន្ថយការនឿយហត់របស់ភ្នែក តាមរយៈការឧស្សាហ៍ធ្មេចត្របកភ្នែក ដើម្បីផ្សើមគ្រាប់ភ្នែក ក្រលេកមើលអ្វីផ្សេង ទៅឆ្ងាយ គេចពីអេក្រង់ ធ្វើចលនាភ្នែកដើម្បីពញ្ជាក់សាច់ដុំភ្នែក។ សូមឧស្សាហ៍នឹកឃើញ ច្របាញ់ក្រចឹងក ធ្វើចលនាសាច់ដុំខ្នងនិងស្នា ឬលាដៃ ពន់ពន្លាសាច់ដុំកំភូនដៃ ដើមដៃឬម្រាមដៃ ... នេះគឺជាអ្វីដែលនិយោជិតអាចធ្វើបានដោយខ្លួនឯង ក្នុងពេលរង់ចាំការចួលរួមគិតគូរពីសំណាក់ថ្នាក់ដឹកនាំ និយោជក ក្នុងវិស័យសុវត្ថិភាពក្នុងទីកន្លែងធ្វើការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ