អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ជា​ទិវា​ពលកម្ម​អន្តរជាតិ ឬ​ថ្ងៃ​បុណ្យ​ការងារ​ ! អៀង សុខម៉ិញ សូម​ជម្រាប​ជូន​លោក​អ្នក​នាង​អំពី​សុវត្ថិភាព​ការងារ​នៅ​កន្លែង​ធ្វើការ សម្រាប់​កម្មករ កម្មការិនី​កាត់ដេរ​ផង និង​សម្រាប់​បុគ្គលិក​អង្គុយ​ធ្វើ​ការ​ក្នុង​ការិយាល័យ​ដែល​ប្រឈម​មុខ​នឹង​កញ្ចក់​កុំ​ព្យូទ័រ​ជាប់​ពេញ​មួយ​ថ្ងៃ។

សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ
សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ
ផ្សាយពាណិជ្ជកម្ម

ជំងឺ​ការងារ នៅ​តែ​បុព្វហេតុ​ចំបង​​នៃមរណភាព ដែល​បណ្តាល​មកពី​ការងារ​រកស៊ី នៅ​លើ​ពិភពលោក។ បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ការិយាល័យ​អន្តរជាតិ​ផ្នែកការងារ ក្នុង​ចំណោម​ករណី​ស្លាប់​ប្រចាំ​ឆ្នាំ ២៣៤​០០០០ មាន​តែ​ប្រមាណ​៣២១០០០ ប៉ុណ្ណោះ​ ដែល​បណ្តាលមក​ពី​គ្រោះថ្នាក់​នៅ កន្លែង​ធ្វើការ។ ជាង​ពីរ​លាន​នាក់​​ផ្សេង​ទៀត សុទ្ធ​តែ​ស្លាប់​ព្រោះ​មាន​ជំងឺ​ផ្សេងៗ​គ្នា ទៅ​តាម​ប្រភេទ​ និងទីកន្លែង​ធ្វើការ​។ នេះ​គឺ​ជា​កង្វះខាត​មួយ​ដែល​មិន​អាច​ទទួល​យក​បាន។

 
តាំង​​ពី​ឆ្នាំ​២០០៣ អង្គការ​ពលកម្មអន្តរជាតិ OIT បាន​ទាញ​សញ្ញា​អាសន្ន​ស្តី​អំពី​គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើ​ការ​ ជា​រៀង​រាល់​ទិវា​សុវត្ថិភាព​ការងារ​ពិភពលោក​នេះ ដោយ​​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​បែប​សាមញ្ញ​ គឺ​ការ​ចរចា​សង្គម​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ។

 
អត្រា​អ្នក​ស្លាប់​ និង​អ្នក​ឈឺ​ព្រោះ​ការងារ​ កើន​ឡើង​ជា​លំដាប់ ព្រោះ​តែ​ភាព​ជឿន​លឿន និង​លូតលាស់​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម។ ចំណែក​ឯ​គ្រោះ​ថ្នាក់​មិន​ស្លាប់​នៅ​កន្លែង​ធ្វើ​ការ​វិញ មាន​ប្រមាណ​ជា​ជិត ២៦៨​លា​ន​ករណី ក្នុង​មួយ​ឆ្នាំៗ។ ហេតុ​ដូច្នេះ​ហើយ​បានជា​អង្គការ​សុខភាព​ពិភពលោក និង​ការិយាល័យ​ពលកម្ម​អន្តរជាតិ អំពាវ​នាវ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ និង​បណ្តុះ​បណ្តាល​វប្បធម៌​ការពារ​សុវត្ថិភាព​សុខភាព។

​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ និន្នាការ​នៃ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្នុង​ការងារ​បាន​ថយ​ចុះ​ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិញ​ នៅ​ទ្វីប​អាស៊ី និង​អាមេរិក​ឡាទីន​វិញ អត្រា​គ្រោះ​ថ្នាក់​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន​ថយ​ចុះ​ ក្នុង​ប្រទេស​ឧស្សាហកម្ម​រីក​ចំរើន​ខ្លាំង ក៏​ពិត​មែន ប៉ុន្តែ​រោគា​ដែល​បង្ក​ឡើង​ដោយ​ការ​ងារ​ កើន​ឡើង​នៅ​គ្រប់​ទិសទី​ទាំង​អស់។ ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់ជាង​គេ មាន​ដូច​ជា ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​មហារីក (បង្ក​ឡើង​ដោយ​ការ​ប្រឈម​មុខ​សារធាតុគីមី​ពុល) រលាក​សាច់​ដុំ​ឬ​ឆ្អឹង ជំងឺ​ផ្លូវដង្ហើម រលាក​សួត ខូច​ត្រចៀក (ថ្លង់) ស្ទះ​សរសែ​ឈាម​ (ជំងឺ​សរសែ​ឈាម) ជំងឺ​ឆ្លង ។ល។ និង​។ល។ និងនៅ​មាន​ច្រើន​ទៀត។

វិស័យ​​កសិកម្ម ដែល​​ស្រូប​យក​​កម្លាំង​ពលកម្ម​បាន​​ពាក់​កណ្តាល​ និង​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍ភាគ​ច្រើននោះ បាន​សម្លាប់​ជីវិត​មនុស្ស​ ៧ម៉ឺន​​នាក់​ក្នុង​មួយ​ឆ្នាំ ដោយ​មូលហេតុ​ ពុល​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ នេះ​គេ​មិន​បាន​រាប់​បញ្ចូល​​ចំនួន​អ្នក​ស្លាប់​ដោយ​មូលហេតុ​ផ្សេង​ទៀត និង​មិន​បានគិត​ពី​ចំនួន​អ្នក​រង​គ្រោះ​កើត​ជំងឺ​រ៉ាំរ៉ៃ​ដ៏​សន្ធឹក​សន្ធាប់​ទៀត​ផង។
 

ចុះ​ចំពោះ​អ្នក​ធ្វើ​ការ​នៅ​តាម​ការិយាល័យ នៅ​ក្នុង​ក្រុង​ ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ តើ​សុវត្ថិភាព​ការងារ​ត្រូវ​បាន​ធានា​ដែរឬទេ ?

មិន​ប្រាកដ​ទេ !
គ្រោះថ្នាក់​ភ្លាមៗ ឬ​ទាន់ហន់​ អាច​មើល​មិន​ឃើញ​រាល់​ថ្ងៃ​មែន ប៉ុន្តែ​ ការ​អង្គុយ​ស្ងៀម​មួយ​កន្លែង ការ​សំឡឹង​កញ្ចក់​ អេក្រង់​កុំ​ព្យូទ័រ ពន្លឺ​ សំឡេង សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​​ដល់​សុខភាព​ទាំង​អស់ ! នេះ​ដោយ​មិនគិត​ពី​ បរិយាកាស​ សម្ពាធ​​​​ការងារ​ ឬ​ពី​ចៅហ្វាយ​ ដែល​បង្ក​ជា​​​ស្ត្រេស​ប្រចាំ​ទេ។

នេះ​ជា​ កាយ​វិការ​ត្រឹម​ត្រូវ​មួយ​ចំនួន ដែល​អាច​ជា​ប្រយោជន៍​ដល់​​​​អ្នក​ធ្វើការ​នៅមុខ​​កុំព្យូទ័រ ៖

-​ អង្គុយ​ឱ្យ​ស៊ុប​នៅលើ​កៅ​អី​មាន​បង្អែក​ ឱ្យ​ត្រង់​ខ្នង ចំពី​មុខ​អេក្រង់​កុំ​ព្យូទ័រ
- ដើម​ដៃ និង​កំភួន​ដៃ ត្រូវ​ដាក់​លើតុ​ក្នុង​ទម្រង់​កែង​គ្នា យ៉ាង​ហោច​ណាស់​៩០°
- ភ្លៅ ត្រូវ​សន្តូក​ឱ្យត្រង់​​កែង​នឹង​កំភួន​ជើង។ ជើង​ត្រូវ​ជាន់​ផ្ទាល់​ដី ឬ​ដាក់​ទម្រ​ជើង​ កុំ​ឱ្យ​ស្លាក់​ខ្យល់។

ពន្លឺ
-       បន្ទប់​ធ្វើ​ការ​ត្រូវ​មានពន្លឺ​ស្មើ​ - ប៉ុស្តិ៍​ធ្វើ​ការ​ត្រូវ​នៅ​ចន្លោះ​ប្រភព​ពន្លឺ​ពីរ ប៉ុន្តែ​ចៀសវាង​កុំ​ដាក់​ពន្លឺ​ដែល​នាំ​ឱ្យ​ចាំង​ភ្នែក
-       កុំ​ធ្វើ​ឱ្យ​មាន​ផ្ទែ​ដែលអាច​ចាំង​ជះ​ពន្លឺ
-       កុំ​ឱ្យ​មានពន្លឺ​ចាំង​ពី​​លើ​កញ្ចក់កុំព្យូទ័រ
-       ដាក់​រនាំង​បាំង​ថ្ងៃ​នៅ​បង្ហួច​

បរិយាកាស
-       សីតុណ្ហភាព​ក្នុងបន្ទប់​ធ្វើកា​រ ២២ ទៅ​២៤​អង្សារ
-       សំណើម ៤០​ ទៅ ៦០%
-       កុំ​ឱ្យ​មាន​ចរន្ត​ខ្យល់
-       សំឡេង​ ត្រូវ​ទាប​ជាង ៥៥ដេស៊ីបែល

ទំនាក់ទំនង​ជាមួយ​កុំព្យូទ័រ
-       ត្រូវ​ដាក់​កុំ​ព្យូទ័រ កាត់​កែង​នឹង​បង្អួច ​​​- បើ​អាច​ទៅ​រួច ត្រូវ​ឃ្លាត​ពី​បង្អួច​យ៉ាងហោចណាស់ ១,៥ម៉ែត្រ
-       ​កម្ពស់​ស្មើ​ភ្នែក (ភ្នែក​និង​កែម​កុំ​ព្យូទ័រ​ខាង​លើស្មើគ្នា​) ឬ​ទាប​ជាង​បន្តិច​ ចំពោះ​អ្នក​វ៉ែនតា​ភ្នែក​ចាស់​ ចម្ងាយ​ ពី​៥០ ទៅ ៧០​សង់ទីម៉ែត្រ
-       ផ្ទៃ​អេក្រង់ ស្រមោល​ (៨៥%) ពន្លឺ​ ពី​៦៥ទៅ ៧០%
-       ក្លាវីយ៉េ ត្រូវ​មាន​លក្ខណៈ​រាបស្មើ ឃ្លាត​ពី​កែប​តុ ១៥​ទៅ​២០​សង់ទីម៉ែត្រ Souris​នៅ​ក្បែរ​ក្លាវីយ៉េ
-       ក​ដៃ ម្រាម​ដៃ​ត្រូវ​ដាក់​ឱ្យ​ត្រង់ ឱ្យ​ស្មើ អូសត្រង់​ពី​តុ​ដល់​លើ​ក្លាវីយ៉េ កុំធ្វើ​ការ​ក្នុថ​ស្ថាន​ជា​​កាច់​ក​ដែ

ដើម្បី រក្សា​ផាសុកភាព​ក្នុង​ពេល​ធ្វើ​ការ​ ត្រូវ​អង្គុយ​ក្នុង​ជំហរ​​ត្រឹម​ត្រូវ​សម​ស្រប ដង​ខ្លួន​ត្រង់​ អាច​ផ្អែក​បាន ​អវៈយវៈ ត្រូវ​ទំនង​តាម​ដង​ខ្លួន​ និង​ ចៀសវៀង​ធ្វើការ​ណា​ដដែលៗ។ ចូរ​ពិសារ​ទឹក​ឱ្យ​ច្រើន​ សំអាត​អេក្រង់​កុំព្យូទ័រ​ឱ្យ​បានញឹកញាប់ និង​សំរាក​ឱ្យ​បាន​រាល់​ពីរ​ម៉ោង​ម្តង​យ៉ាង​តិច។ ការ​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​ឡេបថប មិន​មែន​ជា​ជម្រើស​ល្អ​ក្នុង​ការ​ងារ​ប្រចាំ​ថ្ងៃ​ យូរ​អង្វែង​ទេ។

សកម្មភាព​ការងារ​នៅ​មុខ​កញ្ចក់​កុំព្យូទ័រ អាច​​ធ្វើ​អ្នក​មាន​អារម្មណ៍​នឿយ​ហត់​ទាំង​ផ្លូវកាយ ផ្លូវ​ចិត្ត មាន​ស្ត្រេស​ច្រើន និង​មាន​វិបត្តិ​ឆ្អឹង​ខ្នង។ វិបត្តិ​ទាំង​អស់​នេះ អាច​ធ្ងន់​ឬ​ស្រាល​ក៏ អាស្រ័យផង​ដែរ​ទៅ​លើ ទម្ងន់ការងារ សម្ពាធ​នៃពេលវេលា បរិយាកាស​នៅ​ជុំ​វិញ​ខ្លួន​នៅ​កន្លែង​ធ្វើការ​ ទំនាក់ទំនង​ជា​ចៅហ្វាយ​នាយ​ ។ល។ និង​។ល។ យើង​អាច​កាត់​បន្ថយ​ការ​នឿយ​ហត់​របស់​ភ្នែក តាម​រយៈ​ការ​ឧស្សាហ៍​ធ្មេច​ត្របក​ភ្នែក​ ដើម្បី​ផ្សើម​គ្រាប់​ភ្នែក​ ក្រលេក​មើល​អ្វី​ផ្សេង​ ទៅ​ឆ្ងាយ គេ​ចពី​អេក្រង់​ ធ្វើ​ចលនា​ភ្នែក​ដើម្បី​ពញ្ជាក់សាច់​ដុំ​ភ្នែក។ សូម​ឧស្សាហ៍​នឹកឃើញ ច្របាញ់​ក្រចឹងក​ ធ្វើ​ចលនា​សាច់​ដុំ​ខ្នង​និង​ស្នា ឬ​លា​ដៃ​ ពន់​ពន្លា​សាច់​ដុំ​កំភូនដៃ ដើម​ដៃ​ឬ​ម្រាមដៃ ... នេះ​គឺ​ជា​អ្វី​ដែល​និយោជិត​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ក្នុង​ពេល​រង់​ចាំ​​ការ​ចួលរួម​គិត​គូរ​ពី​សំណាក់​​ថ្នាក់ដឹកនាំ និយោជក ក្នុង​វិស័យ​សុវត្ថិភាព​ក្នុង​ទីកន្លែង​ធ្វើការ​៕​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ