អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អតីត​ប្រធានាធិបតី​បារាំង​ត្រលប់​ចូល​ឆាក​នយោបាយ ៖ ប្រតិបត្តិការ​ប្រកប​ដោយ​ហានិភ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ផ្លូវការ​ហើយ លោក នីកូឡា សាកូហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង​​ពី​ឆ្នាំ​២០០៧-២០១២ បាន​ ប្រកាស​វិល​ត្រលប់​មក​ប្រលូក​ក្នុង​ឆាក​នយោបាយ​វិញ ដោយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​​ប្រកួត​ប្រជែង​​ដណ្តើម​តំណែង​ប្រធាន​គណបក្ស​ស្តាំ​និយម។ ការ​វិល​ត្រលប់​ ដែល​បាន​ក្លាយ​ជា​បច្ចុប្បន្នភាព​មួយ​យ៉ាង​ផុស​ផុលពេញ​មួយ​សប្តាហ៍​នេះ​ បញ្ជាក់​ច្បាស់​អំពី​​​មហិច្ឆតា​របស់​លោក សាកូហ្ស៊ី​ ថា​មិន​កំរិត​ត្រឹម​ប្រធានប​ក្សទេ តែ​លោក​ដៅ​ឆ្ងាយ​ដល់​ឆ្នាំ​២០១៧ ចង់​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី ជា​ប្រធានាធិបតី​​​បារាំង​ជា​ថ្មី។ តើ​ដែល​ធ្លាប់​មាន​ទេ ក្នុង​ប្រវត្តិ​នយោបាយ​ដែល​ប្រធានាធិបតី​​ផុត​អាណត្តិ​ទៅ​ហើយ​វិល​មក​រក​កាន់​អំណាច​ជា​ថ្មី ? ចុះ​តើ​មហិច្ឆតា​នេះ អាច​នឹង​ទទួល​ជោគជ័យ​​ និង​ការ​គាំទ្រ​យ៉ាងណា ?​

លោក​Nicolas Sarkozy អតីត​ប្រធានាធិបតី​បារាំង​ ប្រកាស​ចូល​ប្រលូក​នយោបាយ​វិញ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ថ្ងៃ​ទី ២១ កញ្ញា ២០១៤
លោក​Nicolas Sarkozy អតីត​ប្រធានាធិបតី​បារាំង​ ប្រកាស​ចូល​ប្រលូក​នយោបាយ​វិញ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ថ្ងៃ​ទី ២១ កញ្ញា ២០១៤ France 2
ផ្សាយពាណិជ្ជកម្ម

 

តាំង​ពី​ចប់​អាណត្តិ​ជា​ប្រធានាធិបតី​​ និង​ក្រោយ​ចាញ់​ឆ្នោត​ឆ្នាំ​២០១២មក លោក​សាកូហ្ស៊ី ចេញ​មុខ​ចេញ​និង​ចេញ​សំដី​តិច​តួច​បំផុត​ ! លោក​ធ្លាប់​ទាំង​បាន​អះអាង​ថា​មិន​វិល​មក​ធ្វើ​នយោបាយ​វិញទេ ប៉ុន្តែ​មហិច្ឆតា និង​ចិត្ត​ជា​មនុស្ស​សកម្ម​​បាន​យក​ឈ្នះ​​ នៅ​ថ្ងៃអាទិត្យ​ទី ២១​កញ្ញាលោក​បាន​ប្រកាស​ជា​ផ្លូវ​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជា​ថ្មី​ តាម​រយៈ​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានគណបក្ស​ស្តាំ​និយម​UMP។ ការ​វិល​ត្រលប់​ដែល​លោក​បាន​រៀប​យុទ្ធសាស្ត្រ​​​ចេញ​ផ្សាយ​ដំណឹង​ តាម​ប្រព័ន្ធ​សង្គម​នៅ​ថ្ងៃ​ដំបូង​ និង​ផ្តល់​​បទ​សម្ភាសន៍​ ផ្លូវការ​តាមកញ្ចក់​ទូរទស្សន៍​ជាតិ​នៅ​ពីរ​ថ្ងៃ​បន្ទាប់ ដើម្បី​ពន្យល់​អំពី​មូល​ហេតុ​នៃ​ការ​វិល​ត្រលប់​នេះ។

ដោយសារ​មាន​សម្បជញ្ញៈ យល់​ថា​មិន​អាច​ឈ្នះ​ទៅ​រួច​ដោយ​ម្នាក់​ឯង​ និង​ដោយ​មាន​ភាព​ចាស់​ទុំ​នយោបាយ​ លោក​អតីត​ប្រធានាធិបតី​ចង់​យក​បទ​ពិសោធន៍​មក​បំរើ​ជាតិ ទើប​សុទ្ធ​ចិត្ត​ចូល​ធ្វើ​នយោបាយ​ជា​ថ្មី។

លោក នីកូឡា សាកូហ្ស៊ី ៖  “ខ្ញុំ​មិន​ដែល​ឃើញបណ្តា​ជន​បារាំង​អស់​សង្ឃឹម ខឹង​ និង​គ្មាន​សោះ​ទស្សនវិស័យ​សម្រាប់អនាគត​យ៉ាង​ដូច្នេះ​ទេ ! ជាមួយ​បទ​ពិសោធន៍​ជា​ច្រើន​របស់​ខ្ញុំ​ និង​ចេតនា​ចង់​ផ្តល់​ជម្រើស​ថ្មី​ដល់ជន​រួម​ជាតិ ខ្ញុំ​ពិត​ជាមិន​អាច​ឈរ​មើល​បារាំង​រលំរលាយ​ ពលរដ្ឋ​អស់​ជំនឿ​លើ​នយោបាយ​ គណបក្សស្តាំ​និយម​UMP​បែក​បាក់ឡើយ!​ ខ្ញុំ​យល់​ហើយ​ខ្ញុំ​សំងំ ​ស្ងៀម នៅ​ក្នុង​ផ្ទះឬ?​ ខ្ញុំ​មិន​ចង់​ឱ្យ​ប្រទេស​បារាំង​ក្លាយ​ជា​វត្ថុ​សម្រាប់​គេ​បង្អាប់​លេង​ ឬ​អនាគត​ឯកា​ ដែល​ជា​ទស្សនៈ​របស់​ក្រុម​ស្តាំជ្រុល​និយម​ទេ ! ក្រោយ​ការ​ត្រិះរិះពិចារណា ការ​វិល​ត្រលប់​របស់​ខ្ញុំ​មិន​មែន​ត្រឹម​តែ​ជា​ចំណង់​បុគ្គល​ទេ តែ​គ្មាន​ជម្រើស !”

ក្រៅ​អំពី​ត្រូវ​ការ​ស្ថាបនា​បក្ស​ស្តាំ​និយម ឱ្យ​រឹង​មាំ​ឡើង​វិញ សក្តិសម​ជា​បក្ស​ប្រឆាំង​ខ្លាំង​ក្លា កុំ​ឱ្យ​ក្រុម​អ្នក​កាន់​អំណាច​ជិះ​សេះ​លែងដៃ​ពេក ​មហិ​ច្ឆតា​របស់​លោក​សាកូហ្ស៊ី​មិន​បញ្ឈប់​ត្រឹម​ប្រធាន​គណបក្សឡើយ ! ថ្វី​បើ​លោក​មិន​ទាន់​ចេញ​ស្តី​មែន ប៉ុន្តែ​គ្រប់​គ្នា​យល់​ច្បាស់​អំពី​ទិសដៅ​ចុងក្រោយ​របស់​លោក គឺ​ត្រលប់​មក​កាន់​វិមាន​អេលីហ្សេនៅ​ឆ្នាំ​២០១៧ ពោល​គឺ​ប្រធានាធិបតី​បារាំង។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការ​វិល​ត្រលប់​នេះ ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង ទាំង​សម្រាប់​គ្រួសារ​គណបក្ស​អ្នក​ស្តាំ​និយម និង​គណបក្ស​កាន់​អំណាច ព្រមទាំង​ពលរដ្ឋ។ ឆាក​ឈុត​នៃ​ការ​រៀប​ខ្លួន​ឡើង​ឆាក​នយោបាយ​​របស់​លោក សាកូហ្ស៊ី អាច​ចាត់​ទុក​​ថា​ជោគជ័យ​ មានមនុស្ស​ចូលLikes  ក្នុង​ទំព័រ​ហ្វេសប៊ូក​សឹង​ចូល​ដល់​លាន​នាក់​ តែ​ប៉ុន្មាន​ថ្ងៃ និង​ជា​បច្ចុប្បន្នភាព​យ៉ាង​ពុះ​កញ្ជ្រោល​ពេញ​មួយ​សប្តាហ៍​នេះ ! ប៉ុន្តែ​បើ​និយាយ​អំពី​ខ្លឹម​សារ​ស៊ីជម្រៅ​វិញ តើ​វា​មិន​មែន​ជា​ការ​ចម្លែក​ពេក​ទេ​ឬ​ដែល​ប្រធានាធិបតី​ផុត​អាណត្តិ​ទៅ​ហើយ​ត្រលប់​មក​ធ្វើ​នយោបាយ​វិញនោះ ?!

នេះ​ជា​លើក​ទី​មួយ​ហើយ ​នៅក្នុង​​ប្រវត្តិ​ប្រទេស​បារាំង​សាធារណរដ្ឋ​ ទី​៥ ដែល​ក្រោយ​ពី​ចប់​អាណត្តិ​និង​ដោយ​ចាញ់​ឆ្នោត​ហើយ​ អតីត​ប្រធានាធិបតី​ហ៊ាន​បក​មក​ធ្វើ​នយោបាយ​ទៀត​នោះ។ អតីត​ប្រធានាធិបតី​បារាំង​នៅ​ឆ្នាំ​១៩៧៤ ដែល​នៅ​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ លោក​វ៉ាឡេរី ហ្ស៊ីហ្កាដេស្តាំង ធ្លាប់​ត្រឹម​បង្ហាញ​ចេតនា​ចង់​វិល​មក​ប្រកួត​ប្រជែង​នយោបាយ​ដើម្បី​សង​សឹកចង់​យក​ឈ្នះ​លើ​​គូ​ប្រជែង​វិញ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិនបាន​ចេញ​មុខក្នុង​សភាព​ជាក់​ស្តែងដូច​លោក សាកូហ្ស៊ី។ ប៉ុន្តែ​វា​មិន​ចម្លែក​ហើយ​ក៏​មិន​ខុស​អ្វី​បើ​គិត​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ប្រធានាធិបតី​ផុត​អាណត្តិ​ហើយ វិល​មក​កាន់​ឆាក​នយោបាយ​នោះ។ គ្រាន់​តែ​ថា​​​ការ​វិល​ត្រលប់​របស់​លោក​សាកូហ្ស៊ី ដាក់​ដូច​ជា​ឆាប់​បន្តិច​ ព្រោះ​គេ​នៅ​មិនទាន់​ភ្លេច​សំដី​លោក ដែល​ធ្លាប់​មានប្រសាសន៍​មិន​ធ្វើ​នយោបាយ​ទៀត​បើ​លោក​ចាញ់​ឆ្នោត (២០១២)។ តែ​នេះគ្រាន់​តែ​ជា​សំដី​អ្នក​នយោបាយ​។

លោកសាកូហ្ស៊ី ដែល​មាន​និស្ស័យ​ខាង​ដឹកនាំ​គេ មាន​បុគ្គលិក​លក្ខណៈរហ័ស​រហួន​ មាន​ឆន្ទៈ និង​វៀង​វៃ ​ត្រលប់​មក​វិញ ដោយ​អះអាង​ថា​មាន​ភាព​ចាស់ទុំ​ មាន​គតិបណ្ឌិត​ចេះ​គិត​ប្រមាណ​ជាង​មុន និង​បទ​ពិសោធន៍​ច្រើន​មែន ប៉ុន្តែ​មាន​ឧបសគ្គ​ជា​ច្រើន​កំពុង​រង់​ចាំ។ ថ្វី​បើ​សកម្មជន​បក្ស​ស្តាំ​និយម​៧៣% ចង់ឃើញ​លោក​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ថ្មី​នៅ​ឆ្នាំ​២០១៧​មែន ប៉ុន្តែ​អ្នក​ស្និទ្ធិ​នឹង​ក្រុម​ឆ្វេង​និយម​ដល់​ទៅ ៩០%​បដិសេធ ហើយ​ត្រូវ​ប្រកួត​ប្រជែង​ជា​មួយ​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​បក្ស ជា​អតីត​នាយក​រដ្ឋមន្ត្រី​និង​ជា​បុគ្គល​ដែល​ពលរដ្ឋ​បារាំង​ចូល​ចិត្ត​ជាង​បំផុត ក្នុង​អ្នក​នយោបាយ​បារាំង​ទាំងអស់ ៖ លោក អាឡាំង ហ្សូប៉េ(Alain Juppé)  ដែល​បាន​ចុះ​ឈ្មោះ​ ​ប្រកួត​ប្រជែង​ធ្វើ​បេក្ខជន​ប្រធានាធិបតី​សម្រាប់​បក្ស​UMP រួច​ហើយ បាន​បញ្ជាក់​ជា​ថ្មី​ តស៊ូប្រកួត​ប្រជែង​​ដល់​ទីបំផុត។ នេះ​មិន​រាប់​ពី​គូ​ប្រជែង​ក្នុង​បក្ស​ផ្សេង​ទៀត​ផង។ ឧបសគ្គ​ចុងក្រោយធំ​មួយ​ទៀត ដែល​អាច​រាំង​ស្ទះ​ផ្លូវ​នយោបាយ​​អតីត​ប្រធានាធិបតី ​គឺ​សំណុំ​រឿង​តុលាការ​ដ៏​ស្មុគស្មាញ។ អតីត​ប្រមុខ​រដ្ឋ​បារាំង អាច​ជាប់​អង្កេត​ និង​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ជា​ច្រើន​ ប្រទាក់ក្រឡា​គ្នា​។ លោក​សាកូហ្ស៊ី​កំពុង​ល្បង​នឹង​ល្បែង​ប្រកប​ដោយ​ហានិភ័យ​បំផុត៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ