អានតួអត្ថបទ
បារាំង

​​រឿង​អាស្រូវ​​​រដ្ឋមន្ត្រី​​មហាផ្ទៃ​​បារាំង​​រឿង​​​​​​​​​​​យក​កូនៗ​​ជា​​អនីតិជន​​មក​ធ្វើជា​​ជំនួយការ​សភា​

ទូរទស្សន៍​បារាំង​ តេ អិម សេ TMC បាន​ចុះផ្សាយ​​រឿងអាស្រូវ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង លោក​ប្រុយណូ ឡឺរូ ​ទាក់ទង​នឹង​ការ​ដែល​គាត់បាន​យកកូនស្រី​ទាំង២​របស់គាត់ ដែល​នៅ​​ជា​អនីតិជន​នៅឡើយ​អោយ​មកធ្វើជា​អ្នកជំនួយការ​សភា កាលពី​គាត់​នៅ​ធ្វើជា​អ្នក តំណាងរាស្ត្រ​នៅឡើយ។ ថ្ងៃអង្គារ​នេះ រដ្ឋមន្ត្រី​មហាផ្ទៃ​នឹង​បំភ្លឺ​រឿង អាស្រូវ​នេះ នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី។ 

រដ្ឋមន្ត្រី​មហាផ្ទៃបារាំង ​លោក ប្រុយណូ ឡឺរូ (Bruno Le Roux)
រដ្ឋមន្ត្រី​មហាផ្ទៃបារាំង ​លោក ប្រុយណូ ឡឺរូ (Bruno Le Roux) RFI
ផ្សាយពាណិជ្ជកម្ម

រឿងអាស្រូវ​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង លោក​​ប្រុយណូ ឡឺរូ ​ធ្លាប់​យក​កូនៗ​ខ្លួនឯង​ដែល​ជា​អនីតិជន​ ​អោយ​មកធ្វើ​ជា​អ្នកជំនួយការសភា​នេះ បាន​កើតឡើង ចន្លោះ​ឆ្នាំ២០០៩ ដល់​ឆ្នាំ​២០១៦ ក្នុងពេល​ដែល​លោក​នៅជា​តំណាងរាស្ត្រ​តំបន់​សែន សាំងដឺនី។ ​កូនស្រី​ទាំង២​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ក្នុង​ពេល​ធ្វើជា​អ្នកជំនួយការ​​​​សភា នៅ​ជា​សិស្ស​វិទ្យាល័យនៅឡើយ ព្រោះ​​ពេល​ចូល​ធ្វើការ​​ដំបូង ​ ​គេទាំង២​មាន​អាយុ​១៥ទៅ១៦ឆ្នាំ​ប៉ុណ្ណោះ។

ពេលក្លាយ​ជា​និស្សិត​ហើយ ក៏​កូនៗ​រដ្ឋមន្ត្រី​មហាផ្ទៃ នៅបន្ត​ធ្វើ​ជា​អ្នកជំនួយការ​សភា។ នៅរដូវក្តៅ​ឆ្នាំ២០១៣ និង​ខែឧសភា​ឆ្នាំ២០១៤ ក្មេងស្រី​ទាំង២​​​បាន​បំពេញ​ការងារសម្រាប់​សភា​​ ស្រប​ពេល​ជាមួយ​គ្នានេះ​ ក៏​ជាពេល​ដែល​ពួកគេ​​​ធ្វើ​កម្មសិក្សា​តាម​ក្រុមហ៊ុន​ផងដែរ។ តាមរយៈ​កិច្ចសន្យាការងារ​​រយៈ​ពេលខ្លីៗ កូនស្រីទាំង២​របស់​​រដ្ឋមន្ត្រី​មហាផ្ទៃ​​បារាំង​​បានទទួល​ចំណូល​ប្រហែល​៥ម៉ឺន​៥ពាន់​អឺរ៉ូ។

លោក​ប្រុយណូ​ ឡឺរូ ​ទទួលស្គាល់​ថា ធ្លាប់​យក​កូនៗ​គាត់​អោយ​ធ្វើជា​ជំនួយការ​សភា​មែន ប៉ុន្តែ​មិនដែល​អោយ​ពួកគេ​ធ្វើការ​ជា​អចិន្ត្រៃយ៍​ទេ។ រដ្ឋមន្ត្រី​មហាផ្ទៃ​លើកឡើង​ថា ​រឿងនេះ​ធ្វើអោយច្របូកច្របល់​ ព្រោះ​វាលេចឡើង​ ចំពេល​​​​​អតីត​នាយករដ្ឋមន្ត្រី​បារាំង​មួយរូប គឺ​លោក​ហ្វ្រង់ស៊៍រ ហ្វីយ៉ុង ​កំពុង​មានរឿង​អាស្រូវ​​ផងដែរ។ លោក​ហ្វីយ៉ុង​ជា​បេក្ខជន​ប្រធានាធិបតី​ សម្រាប់​ការបោះឆ្នោត​នៅ​បារាំង​​ឆ្នាំ២០១៧នេះ។

រឿងអាស្រូវ​របស់​លោក​ហ្វីយ៉ុង​ ​​ទាក់ទង​នឺង​ការ​ដែល​លោក​យក​ភរិយា​​​លោក​អោយ​មកធ្វើជា​អ្នកជំនួយការ​សភា​បារាំង​ដូចគ្នា​ដែរ។ តែ​​គេសង្ស័យ​ថា នេះ​គ្រាន់តែ​ជា​លេស ដើម្បី​យកលុយ​រដ្ឋមកចាយ​ ហើយ​ភរិយា​លោក​ហ្វីយ៉ុង​ប្រហែល​មិនបាន​ធ្វើការ​​អោយ​ស្វាមី​ខ្លួនទេ។ ដោយសារ​រឿង​នេះ ​អតីត​នាយករដ្ឋមន្ត្រី​បារាំង​បាន​រងការ​ចោទប្រកាន់​​ពីបទ​បន្លំ​ថវិការ​ជាតិ និង​បំពាន​​លើ​ទ្រព្យសម្បត្តិ​សាធារណៈ។ ​លោក​ហ្វីយ៉ុង​ក៏​នៅជាប់​រឿងអាស្រូវ​​ថា បានយកកូនៗ​គាត់​អោយធ្វើការ​​​ផងដែរ។ ​

ការ​យកសមាជិក​គ្រួសារ​ខ្លួន អោយ​មកធ្វើជា​ជំនួយការ​​សភា គឺ​មានច្រើន នេះ​បើ​យោងតាម​អ្នកសម្របសម្រួល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បារាំងមួយរូប របស់​អតីត​នាយករដ្ឋមន្ត្រីហ្វីយ៉ុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ