អានតួអត្ថបទ
បារាំង

រឿង​អាស្រូវ​ពី​ក្របខ័ណ្ឌ​ជ្រើស​និស្សិត​ចូលរៀន​របស់​សកល​វិទ្យាល័យ​បារាំង​២៧​

នៅ​ប្រទេស​បារាំង​ ថ្ងៃ​ចន្ទ​នេះ សហភាព​ជាតិ​​នៃ​និស្សិត​ប្រទេស​បារាំង ហៅ​កាត់​​ថា UNEF​ បានបរិហារ​​រឿងអាស្រូវ​ទាក់ទង​នឹង​ក្របខ័ណ្ឌ​ជ្រើសរើស​និស្សិតអោយ​​ចូលរៀនថ្នាក់​បរិញ្ញាប័ត្រ​​ នៃ​​សកលវិទ្យាល័យបារាំង​ចំនួន​២៧។ យោងតាម​ UNEF ដោយ​សារ​មូលហេតុ​ខ្វះខាត​ថវិកា សកល​​វិទ្យាល័យ​កាន់តែ​ច្រើន​ឡើង​នៅ​បារាំង ​បាន​​​សំរេច​កាត់​​បន្ថយ​ចំនួន​និស្សិតចូលរៀន​​​ ជាជាងជ្រើស​រើស​គ្រូបង្រៀន​បន្ថែម។ ទង្វើ​នេះ​ជា​ការ​​បំពាន​ច្បាប់​ទាំងស្រុង។ UNEF បាន​សុំ​អោយ​រដ្ឋាភិបាល​បារាំង​បង្ខំ​អោយ​សកលវិទ្យាល័យ​ធ្វើការ​គោរពច្បាប់ និង​សើរើ​បែបបទ​ហិរញ្ញវត្ថុ​ខ្លួន​ឡើងវិញ។

នៅ​ចុង​ឆ្នាំ​នេះ សកលវិទ្យាល័យ​បារាំង​ចំនួន​១៦​ នឹង​ជួប​​ការ​ខ្វះ​ថវិកា​ទាំងស្រុង។
នៅ​ចុង​ឆ្នាំ​នេះ សកលវិទ្យាល័យ​បារាំង​ចំនួន​១៦​ នឹង​ជួប​​ការ​ខ្វះ​ថវិកា​ទាំងស្រុង។ Reuters
ផ្សាយពាណិជ្ជកម្ម

សំរាប់​សិស្ស​ដែល​ទើប​ប្រលង​បាក់ឌុប​ជាប់​ ហើយ​ចង់​រៀន​បន្ត​​នៅ​សកល​វិទ្យាល័យ​បារាំង​​នោះ ពួក​គេ​ប្រហែល​ជា​ពិបាក​បន្តិច​ហើយ ព្រោះថា​​បច្ចុប្បន្ន​នេះ បើ​យោងតាម​​សហភាព​ជាតិ​​នៃ​និស្សិត​បារាំង ហៅ​កាត់​​ថា UNEF​ ​សកល​​វិទ្យាល័យ​កាន់តែ​ច្រើន​ឡើង​នៅ​បារាំង ​បាន​​​កាត់​​បន្ថយ​ចំនួន​និស្សិតដែល​​រៀន​​​​យក​​បរិញ្ញាប័ត្រ។ សកលវិទ្យាល័យ​២៤​ បាន​ដាក់​លក្ខខណ្ឌចូលរៀន​យ៉ាងតឹងរ៉ឹង​ ដោយ​​​បង្ខំ​អោយ​សិស្ស​បង់​លុយ​​​បន្ថែម​​​​ចៀស​មិន​រួច លើស​ពី​លុយ​ដែល​ត្រូវ​បង់​សំរាប់​ដាក់ពាក្យ​សុំ​​ចូលរៀន។​

UNEF លើកឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មូលហេតុ​មក​ពី​សកលវិទ្យាល័យ​បារាំង​ខ្វះខាត​លុយកាក់​ ហើយ​ជាជាង​​ជ្រើសរើស​​គ្រូបង្រៀន​បន្ថែម​ អោយ​បាន​សមស្រប​តាម​ចំនួន​និស្សិត​ដែល​ត្រូវ​ចូលរៀន​ ​រៀង​រាល់​ឆ្នាំ ពួកគេ​ត្រូវ​រក​មធ្យោបាយ​ថ្មី។ នៅ​ចុង​ឆ្នាំ​នេះ សកលវិទ្យាល័យ​ចំនួន​១៦​ នឹង​ជួប​​ការ​ខ្វះ​ថវិកា​ទាំងស្រុង។ លើស​ពី​នេះ ​​រដ្ឋាភិបាល​បារាំង​​​កាត់​បន្ថយ​ជំនួយ​ដល់​សកលវិទ្យាល័យ​​​​នានា ធ្វើ​អោយ​ពួកគេ​​ប្រើ​មធ្យោបាយ​តឹង​រ៉ឹង​ជាច្រើន ដើម្បី​ប៉ះប៉ូវ​ការខ្វះខាត​ថវិកា​ បែបយ៉ាង ​បង្ខំ​​អោយ​សិស្ស​បង់លុយ​បន្ថែម ដូច​បាន​រៀបរាប់​មក​ខាង​ដើម។  

លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​ផ្ទុយ​ពី​ច្បាប់​របស់​សកលវិទ្យាល័យ​រដ្ឋទាំងនេះ បាន​ធ្វើ​អោយ​សិស្ស​ជាច្រើន​​ជ្រើសរើស​បន្ត​ការ​សិក្សា​នៅ​​សាលា​ឯកជន​ជំនួស​វិញ។ យោងតាម​​របាយការណ៍​របស់​សហជីព​និស្សិត​ ចំនួន​សិស្ស​ដែល​​​សិក្សាបរិញ្ញាប័ត្រ​ ​នៅមហាវិទ្យាល័យ​រដ្ឋ​បារាំង​នា​ពេល​បច្ចុប្បន្ន​មាន​តែ៣២,២ ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀប​នឹង​ឆ្នាំ​២០០៥ ដែល​កាលណោះ ភាគរយ​និស្សិត​មាន​ដល់​ទៅ​៣៩,១​ភាគរយ​ឯណោះ។

គួរ​រំលឹក​​​ថា កាលពី​ឆ្នាំ​២០១២​ សកលវិទ្យាល័យ​​ដែល​​មាន​រឿង​អាស្រូវ​ទាំង​នេះ ​មាន​ចំនួន​៣០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ