អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូស្រ្តាលី​ប្រកាស​ថា​ទីតាំង​ដែល​គេ​រុករក​កន្លងទៅនេះ​មិនមែន​ជា​ទីតាំង​ដែល​យន្តហោះ​ម៉ាឡេស៊ី​ធ្លាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​អូស្រ្តាលី ដែល​ជា​អ្នក​សម្របសម្រួល​ប្រតិបត្តិការ​ស្វែងរក​យន្តហោះ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី ទើប​នឹង​បានប្រកាស នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា តំបន់ ដែល​គេ​ធ្វើការ​រុករក​នៅ​បាតសមុទ្រកន្លងមក​នេះ មិនមែន​ជា​ទីតាំង ដែល​យន្តហោះ​ MH370 ធ្លាក់​ទេ។ សញ្ញា​ដែល​គេ​ទទួល​បាន​ កាល​ពី​ដើម​ខែ​មេសា​កន្លងទៅនេះ ក៏​ទំនង​ជា​មិនមែន​ចេញ​ពី​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​បាត់នេះ​ដែរ។ ខាងក្រោម​នេះ​ ជា​សំណួរ-ចម្លើយ ជុំវិញ​ប្រតិបត្តិការ​ស្វែងរក​យន្តហោះ MH370។

យាន​មុជទឹក​គ្មាន​មនុស្ស​បើក Bluefin-21 របស់​កងទ័ព​ជើងទឹក​អាមេរិក ដែល​គេ​ប្រើ​ក្នុងការ​ស្វែងរក​យន្តហោះ MH370
យាន​មុជទឹក​គ្មាន​មនុស្ស​បើក Bluefin-21 របស់​កងទ័ព​ជើងទឹក​អាមេរិក ដែល​គេ​ប្រើ​ក្នុងការ​ស្វែងរក​យន្តហោះ MH370 Reuters
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​សំអាង​លើ​មូលហេតុ​អ្វី​​ទើប​គេ​​​សន្និដ្ឋាន​ថា​ទីតាំង​នេះ​មិនមែន​ជា​កន្លែង​យន្តហោះ​ធ្លាក់?

គេ​សន្និដ្ឋាន​បែបនេះ ដោយសារ​តែ​​គេ​បាន​រុករក​សព្វ​កន្លែង​អស់​ហើយ ទាំង​នៅលើ​ផ្ទៃទឹក និង​នៅ​បាតសមុទ្រ ដោយ​ប្រើ​យាន​មុជទឹក​គ្មាន​មនុស្ស​បើក ក៏ប៉ុន្តែ ​រកមិន​ឃើញ​អ្វី​ទាំងអស់ ដែល​ទាក់ទង​នឹង​យន្តហោះ ដែល​បាត់នេះ។ ទាំង​ប្រអប់​ខ្មៅ​ក៏រកមិនឃើញ ហើយ​សូម្បី​តែ​បំណែក​យន្តហោះ​ណាមួយ​ក៏​មិន​ឃើញ​មាន។ បើសិន​ជា​យន្តហោះ​​​ពិតជា​ធ្លាក់ នៅ​កន្លែងនោះមែន គេ​មិនអាច​ថា​រក​មិន​ឃើញ​អ្វី​សោះ​បែបនេះ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​គេ​សន្មត់​ថា កន្លែង​ដែល​គេ​រុករក​នេះ មិនមែន​ជា​កន្លែង​ដែល​យន្តហោះ​ធ្លាក់។

សំណួរ-ចុះ​កាល​ពីដំបូង តើ​គេ​សំអាង​លើ​អ្វី​បាន​ជា​គេ​កំណត់​ទីតាំង​នេះ​ថា​ជា​កន្លង​ដែល​យន្តហោះ​ធ្លាក់?
 
គេ​កំណត់​យក​ទីតាំង​នេះ​ពីដំបូង ដោយ​សំអាង​ទៅលើ​ទិន្នន័យ​បាន​ពី​ផ្កាយរណប ហើយ​ដែល​វិភាគ និង​គណនា​ដោយ​ក្រុមហ៊ុន​មួយ​របស់​អង់គ្លេស ឈ្មោះ​ Inmarsat។

យើងដឹង​ហើយថា យន្តហោះ​ជើងហោះហើរ​លេខ ៣៧០ របស់​ក្រុមហ៊ុន​ Malaysia Airlines ជើងហោះហើរ​ពី​គួឡាឡាំពួ ទៅ​ប៉េកាំង​ ត្រូវ​បាត់ពីរ៉ាដា នៅ​ចន្លោះ រវាង​ម៉ាឡេស៊ី និង​ប៉ែក​ខាង​ត្បូង​វៀតណាម។ ក្រោយ​ពី​បាត់ពីរ៉ាដា យន្តហោះ​នេះ បត់ក្បាល​ទៅ​ទិស​ខាង​លិច ហើយ​ត្រូវ​រ៉ាដា​យោធា​ចាប់បាន នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា (នៅ​ខាង​​លិច​ម៉ាឡេស៊ី និង​ខាង​ជើង​ឥណ្ឌូណេស៊ី)។

នៅ​ក្នុង​រយៈពេល​ប្រមាណ​ពី ៦ ទៅ​ ៧ម៉ោង​ក្រោយ​មក​ទៀត យន្តហោះ​នេះ​នៅតែ​បន្ត​​ផ្តល់​សញ្ញា​ទៅ​ផ្កាយរណប ដែល​អាច​ឲ្យ​គេ​សន្និដ្ឋាន​ថា កំពុង​បន្ត​ហោះហើរ​នៅឡើយ ដោយ​គេ​កំណត់​យក​ទិសដៅ​ពីរ៖ ឬមួយ យន្តហោះ​នេះ​ហោះ​ទៅ​ទិស​ខាង​ជើង កាត់ពីលើ​ប្រទេស​កម្ពុជា ថៃ ឡាវ និង​ចិន រហូត​ទៅដល់​កាហ្សាក់ស្ថាន ឬមួយ​ហោះទៅទិស​ខាង​ត្បូង សំដៅ​ទៅ​ប៉ែក​ខាង​ត្បូង​នៃ​​មហាសមុទ្រ​ឥណ្ឌា។

តាមរយៈ​ការ​សិក្សា​ និង​គណនា​ទៅលើ​ទិន្ន័យ​ដែល​ទទួលបាន​ពី​​ផ្កាយរណប ក្រុមហ៊ុន Imarsat របស់​អង់គ្លេស​បាន​សន្មត់​ថា យន្តហោះ MH370 ​ហោះ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ហើយ​ដោយ​គណនា​ទៅតាម​បរិមាណ​សាំងដែល​មាន​លើ​យន្តហោះ គេ​ក៏​កំណត់​ថា យន្តហោះ​នេះ​ត្រូវ​ធ្លាក់ នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា នៅ​ខាង​លិច​ប្រទេស​អូស្រ្តាលី។

ក្រោយ​មក​ទៀត នៅ​ដើមខែមេសា នៅ​ពេល​ដែល​គេ​កំពុង​រុករក នៅ​ក្នុង​តំបន់​សង្ស័យ​ គេ​ចាប់​បាន​សញ្ញា​ចំនួន ៤លើក ដែល​គេ​កំណត់​ថា ជា​សញ្ញា ដែល​ចេញ​ពី​ប្រអប់​ខ្មៅ​របស់​យន្តហោះ។ ចេញ​ពី​ទីតាំង ដែល​គេ​ចាប់បាន​សញ្ញា​ចុងក្រោយ​នេះ​ហើយ ទើប​គេ​កំណត់​តំបន់​ប្រហែល​ជា ៨៥០គីឡូម៉ែត្រ​ក្រឡា​ថា​ជា​ទីតាំង​ដែល​យន្តហោះ​ធ្លាក់ ហើយ​ធ្វើការ​រុករក​នៅ​បាតសមុទ្រ។

ចុងក្រោយ​ តំបន់​ទាំង ៨៥០​គីឡូម៉ែត្រ​ក្រឡា​នេះ​ត្រូវ​គេ​រុករក​សព្វ​កន្លែង​ទាំងអស់ តែ​រក​មិន​ឃើញ​អ្វី​ទាំងសោះ ទើប​គេ​សន្មត់​ថា នេះ​មិនមែន​ជា​ទីតាំង​ដែល​យន្តហោះ​ធ្លាក់ ហើយ​វិស្វករ​មក​ពី​កងទ័ព​ជើងទឹក​អាមេរិក​បាន​សន្និដ្ឋាន​ថា សញ្ញា ដែល​គេ​ចាប់បាន​កាល​ពីខែមេសា ប្រហែល​ជា​មិនមែន​សញ្ញា​ចេញ​ពី​ប្រអប់ខ្មៅ ដូចដែល​គេ​សន្និដ្ឋាន​ពីមុន​នោះទេ។

សំណួរ-បើ​ដូច្នេះ តើ​ការរុករក​យន្តហោះ​អាច​នឹង​ត្រូវ​បិទបញ្ចប់​ត្រឹមនេះ ហើយ​យន្តហោះ​នេះ​ត្រូវ​បាត់​ស្រមោល​ដោយ​មិន​អាច​រកឃើញ​ជា​រៀងរហូត​ឬ​ក៏​យ៉ាងណា?
 
បើ​តាមការប្រកាស​របស់​អូស្រ្តាលី គេ​មិន​បញ្ឈប់​ការរុករក​យន្តហោះ​តែ​ត្រឹមនេះ​ទេ គេ​នឹង​បន្ត​ស្វែងរក​តទៅទៀត ប៉ុន្តែ ត្រូវ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​មក​វិញ ដោយ​ត្រូវ​ធ្វើការ​សិក្សា​មើល​នូវ​រាល់ទិន្នន័យ​ពីដើម​ឡើងវិញ​ទាំងអស់ ដើម្បី​កំណត់​ទីតាំង​ថ្មី ដែល​ត្រូវ​ស្វែងរក។

ទិន្នន័យ ដែល​ប្រហែល​ជា​ត្រូវ​គេ​ផ្តោត​អាទិភាព​ខ្ពស់​ជាងគេ គឺ​ទិន្នន័យ​ផ្កាយរណប ដែល​គណនា​ដោយ​ក្រុមហ៊ុន Inmarsat ហើយ​ដែល​កំណត់​ថា យន្តហោះ​នេះ​ហោះ​មក​ទិសខាងត្បូង មក​ធ្លាក់​នៅ​ខាង​លិច​ប្រទេស​អូស្រ្តាលី។

ប្រសិនបើ​សិក្សា​មើល​ទៅ គេ​កំណត់​ថា ការ​គណនា​របស់ក្រុមហ៊ុន Inmarsat មិនត្រឹមត្រូវ គេ​ប្រាកដ​ជា​ត្រូវ​កំណត់​ឡើងវិញ​ទាំងអស់​ថា តើ​យន្តហោះ​នេះ​ហោះ​ទៅ​ទិសណាវិញ ក្រោយ​ពី​បាត់​ពី​រ៉ាដា។

ផ្ទុយទៅវិញ ប្រសិនបើ​គេ​នៅតែ​ប្រកាន់​យក​តាម​ការសន្និដ្ឋាន​របស់ Inmarsat ដដែល ដោយ​គ្រាន់តែ​សន្មត់​ថា សញ្ញា ដែលគេ​ចាប់បាន​ពី​ដើមខែមេសា​​មិនចេញ​ពី​ប្រអប់ខ្មៅ ប្រតិបត្តិការ​ស្វែងរក​យន្តហោះ​នឹង​ត្រូវ​ធ្វើ​នៅ​ក្បែរ​ប្រទេស​អូស្រ្តាលី​​ដដែល ដោយ​គ្រាន់តែ​ត្រូវ​ពង្រីក​ពី​តំបន់ ៨៥០​គីឡូម៉ែត្រ​ក្រឡា ទៅ​តំបន់​ជុំវិញ​នោះ ដែល​​អាជ្ញាធរ​អូស្រ្តាលី​កំណត់​ថា មាន​ផ្ទៃក្រឡា​រហូតដល់​ទៅ​ ៦ម៉ឺន​គីឡូម៉ែត្រ​ក្រឡា (ប្រហែល​ ​១ភាគ៣​នៃ​ផ្ទៃដី​របស់​ប្រទេស​កម្ពុជា) ហើយ​ដែល​កន្លែង​ខ្លះ​មាន​ជម្រៅ​ដល់​ទៅ​ជាង ៤ពាន់​ម៉ែត្រ។

សំណួរ-ក៏ប៉ុន្តែ គេថា​ប្រអប់ខ្មៅ​របស់​យន្តហោះ​អាច​​នៅ​បន្ត​ឲ្យ​សញ្ញា​បានតែ​ក្នុងរយៈពេល​មួយខែ​ប៉ុណ្ណោះ។ ឥឡូវនេះ ជិត ៣ខែ​ហើយ ដូច្នេះ ប្រអប់​ខ្មៅ​លែង​អាច​ឲ្យសញ្ញា​ ដើម្បី​ឲ្យ​គេ​កំណត់​ទីតាំង​បានទៀតហើយ​។ តើ​គេ​ធ្វើ​ម៉េច​អាច​នឹង​រក​យន្តហោះ​នេះ​ឃើញ?
 
ប្រអប់​ខ្មៅ​ឈប់ឲ្យ​សញ្ញា​មិនមែន​មានន័យថា គេ​ប្រាកដ​ជា​មិន​អាច​រក​យន្តហោះ​ឃើញទេ។ ជាក់ស្តែង​ករណី​បាត់យន្តហោះ​របស់​ក្រុមហ៊ុន Air France ជើងហោះហើរ​លេខ AF447 នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិក កាល​ពី​ឆ្នាំ​២០០៩ ប្រអប់ខ្មៅ​ក៏​ឈប់ឲ្យ​សញ្ញា​ដែរ ក៏ប៉ុន្តែ គេនៅតែ​អាច​រក​បំណែក​យន្តហោះ និង​ប្រអប់​ខ្មៅ​ឃើញ គ្រាន់តែ​គេ​ត្រូវការ​ចំណាយ​ពេលយូរ។

នៅ​ក្នុង​ករណី​​បាត់​យន្តហោះ​របស់​ក្រុមហ៊ុន Air France គេ​​ដឹង​ពី​តំបន់​ដែល​យន្តហោះ​ត្រូវ​ធ្លាក់ ក៏ប៉ុន្តែ គេនៅតែ​ត្រូវ​ចំណាយ​ពេល​រហូតដល់​ទៅ​ជិត ២ឆ្នាំ ទើប​រក​ប្រអប់​ខ្មៅ​ឃើញ។ ​ក្នុង​ករណី​យន្តហោះ​ម៉ាឡេស៊ីនេះ​វិញ​​ ​គេ​មិន​ទាំង​ដឹង​ច្បាស់​ផងថា តើ​យន្តហោះ​នេះ​ធ្លាក់​នៅ​កន្លែងណា? ដូច្នេះ ការ​ស្វែងរក​អាច​នឹង​ត្រូវ​ចំណាយ​ពេលកាន់តែ​យូរ​ជាងនេះ​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ