អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រឹក្សាសន្តិសុខ​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​តាំង​ទីលំនៅ​លើ​ទឹកដី​ប៉ាឡេស្ទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​​បាន​អនុម័ត​សេចក្តីសម្រេច​មួយ កាល​ពីថ្ងៃ​សុក្រ ដោយ​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់​នូវការ​តាំងលំនៅឋាន នៅ​ក្នុង​ដែនដី​របស់​ប៉ាឡេស្ទីន។ សេចក្តីសម្រេច​នេះ​អាច​អនុម័ត​ចេញ​ទៅ​រួច ដោយសារ​តែ​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​សម្រេច​មិន​ប្រើ​សិទ្ធិវ៉េតូ។

ជាលើកទី១​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ៧០ អាមេរិក​មិនប្រើ​សិទ្ធិវ៉េតូ លើ​សេចក្តីសម្រេច​ក្រុមប្រឹក្សា​សន្តិសុខ​ទាក់ទង​នឹង​ការ​តាំងទីលំនៅ​អ៊ីស្រាអែល នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន
ជាលើកទី១​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ៧០ អាមេរិក​មិនប្រើ​សិទ្ធិវ៉េតូ លើ​សេចក្តីសម្រេច​ក្រុមប្រឹក្សា​សន្តិសុខ​ទាក់ទង​នឹង​ការ​តាំងទីលំនៅ​អ៊ីស្រាអែល នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន Manuel ELIAS / SC Chamber / AFP
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​កាល​ពីថ្ងៃ​សុក្រ​​ត្រូវ​បាន​​ក្រុមប្រឹក្សា​សន្តិសុខអនុម័ត ដោយ​សំឡេង​គាំទ្រ​ ១៤សំឡេង (បារាំង អង់គ្លេស រុស្ស៊ី ចិន ជប៉ុន អេស្ប៉ាញ អ៊ុយក្រែន អ៊ុយរូហ្កាយ អេហ្ស៊ីប អង់ហ្គោឡា សេនេហ្កាល់ ម៉ាឡេស៊ី នូវែលសេឡង់ និង​វេណេស៊ុយអេឡា) ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង ១៥។ សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​អនុប្បវាទ ពោលគឺ មិន​គាំទ្រ តែ​ក៏​មិន​ប្រើសិទ្ធិវ៉េតូ​ប្រឆាំង ដែល​ជា​ការ​បើកផ្លូវ​ឲ្យ​សេចក្តីស​ម្រេចថ្កោលទោស​អាណានិគម​អ៊ីស្រាអែល​ទៅលើ​ប៉ាឡេស្ទីន​អាច​អនុម័ត​ចេញរួច​ជា​លើកដំបូង ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៧០។

សេចក្តីសម្រេច​ដែល​អ្នក​ខ្លះចាត់ទុក​​ជា "ប្រវត្តិសាស្រ្ត" នេះ ត្រូវ​បាន​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត បើទោះបីជា​អ៊ីស្រាអែល​បាន​ខិតខំ​ព្យាយាម​ប្រើគ្រប់មធ្យោបាយ​​ដើម្បី​រារាំង។ រដ្ឋាភិបាល​អ៊ីស្រាអែល ​ដែល​ក្នុងរយៈពេល​៨ឆ្នាំ​កន្លងទៅនេះ​ មានទំនាក់ទំនង​យ៉ាងរកាំរកូស​ជាមួយ​នឹង​លោក​អូបាម៉ា បាន​ទាក់ទង​ដោយ​ផ្ទាល់​សុំ​អន្តរាគមន៍​ពី​លោក​ដូណាល់ត្រាំ ដែល​ជា​ប្រធានាធិបតី​ទើប​នឹង​ជាប់ឆ្នោត តែ​នៅមិនទាន់​ចូលកាន់តំណែង​នៅឡើយ។

លោកដូណាល់ត្រាំ ដែល​ជា​អ្នក​មាន​ជំហរ​គាំទ្រ​អ៊ីស្រាអែល​យ៉ាង​ស្រួចស្រាវនោះ បាន​ចេញ​មុខអន្តរាគមន៍ ដោយ​បាន​ចេញសេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ទាមទារ​ឲ្យ​អាមេរិក​ប្រើ​សិទ្ធិវ៉េតូ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ព្រមទាំង​បាន​ទូរស័ព្ទ​ទៅ​កាន់​ប្រធានាធិបតី​អេហ្ស៊ីប ដែល​ជា​ប្រទេស​ធ្វើ​សេចក្តីព្រាង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ អន្តរាគមន៍​របស់​លោក​ដូណាល់ត្រាំ ដែល​ជា​ការ​ធ្វើ​ផ្ទុយ​ពី​ទំនៀមទម្លាប់ “អាមេរិក​មិន​អាច​មាន​ប្រធានាធិបតីពីរ​ក្នុងពេល​តែមួយ” បាន​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ត្រូវ​អាក់ខាន ដោយ​អេហ្ស៊ីប​បាន​សម្រេច​ដក​សេចក្តីព្រាង​ចេញមកវិញ។

ក៏ប៉ុន្តែ ការ​ជាប់គាំង​នេះ​មាន​រយៈពេល​តែមួយថ្ងៃ​ប៉ុណ្ណោះ ដោយ​ប្រទេស ៤ផ្សេងទៀត ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ គឺ​ម៉ាឡេស៊ី នូវែលសេឡង់ សេនេហ្កាល់ និង​វេណេស៊ុយអេឡា បាន​ចេញមុខ​រៀបចំ​សេចក្តីព្រាង​ជំនួស​អេហ្ស៊ីប។

ភ្លាមៗ​ក្រោយ​ការអនុម័ត​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ អ៊ីស្រាអែល​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង ដោយ​បាន​ប្រកាស​បដិសេធ​មិន​គោរព​តាម​សេចក្តីសម្រេច ព្រមទាំង​បាន​ចោទ​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​ត្រង់ៗ​ថា​បាន​ឃុបឃិត​ជាមួយ​អ.ស.ប ដើម្បី​ចេញ​សេចក្តីសម្រេច​ដែល​មាន​អត្ថន័យ​ប្រឆាំង​នឹង​អ៊ីស្រាអែល។

អ៊ីស្រាអែល​ក៏​បាន​ចាត់វិធានការ​ផងដែរ​តបត​នឹង​ប្រទេស​ដែល​ជា​អ្នក​រៀបចំ​សេចក្តីព្រាង​សេចក្តីសម្រេច​ក្រុមប្រឹក្សា​សន្តិសុខ ដោយ​បាន​កោះហៅ​ឯកអគ្គរដ្ឋ​ទូត​អ៊ីស្រាអែល​ពី​នូវែលសេឡង់ និង​សេណេហ្កាល់ ព្រមទាំង​ប្រកាស​ផ្អាក​កម្មវិធី​ផ្តល់​ជំនួយ​ទៅ​ឲ្យ​សេណេហ្កាល់​ផងដែរ។ ម៉ាឡេស៊ី និង​វេណេស៊ុយអេឡា ក៏​ជា​អ្នក​រៀបចំ​សេចក្តីព្រាង​នេះ​ដែរ ក៏ប៉ុន្តែ ប្រទេស​ទាំងពីរ​មិន​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល។

រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​វិញ​បាន​ឆ្លើយ​ការពារ​ខ្លួន​ថា ការ​សម្រេច​មិនប្រើ​សិទ្ធិវ៉េតូ​ទៅលើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ គឺ​កើតចេញ​ពី​ក្តីបារម្ភ​ថា ការ​បន្ត​ពង្រីក​ការ​សាងសង់លំនៅឋាន​របស់​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ដែនដី​របស់​ប៉ាឡេស្ទីន​នឹង​ធ្វើ​ឲ្យ​ជាប់គាំង នូវ​ដំណើរការ​ចរចា​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល​ប៉ាឡេស្ទីន ដោយ​ឈរលើ​គោលការណ៍​ “ប្រជាជាតិ​ពីរ រដ្ឋពីរ រស់នៅ​ដោយ​សុខសន្តិភាព​នឹងគ្នា”។

ទីប្រឹក្សា​របស់​លោក​អូបាម៉ា​ក៏​បាន​ធ្វើការ​វាយបក​ទៅលើ​លោក​ដូណាល់ត្រាំ​ផងដែរ ដោយ​បាន​លើកឡើង​ថា អាមេរិក​មាន​ប្រធានាធិបតី​តែមួយ​តែប៉ុណ្ណោះ ហើយ​លោក​អូបាម៉ា​គឺ​ជា​ប្រធានាធិបតី រហូតដល់​ថ្ងៃ​ទី២០មករា។

គួរបញ្ជាក់ថា សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជា​សេចក្តីសម្រេច​ដែល​មាន​អានុភាព​ផ្លូវច្បាប់​បង្ខំ​ឲ្យ​ប្រទេស​ជា​សមាជិក​ត្រូវ​តែ​អនុវត្ត​តាម។ ក៏ប៉ុន្តែ សេចក្តីសម្រេច​ដែល​អនុម័ត កាល​ពីថ្ងៃ​សុក្រ មិនមាន​ចែង​នោះទេ ​អំពី​ទណ្ឌកម្ម​ដែល​ត្រូវ​ដាក់ ក្នុងករណី​អ៊ីស្រាអែល​មិន​គោរព​តាម។ ក៏ប៉ុន្តែ បើទោះបីជា​មិនមាន​កំណត់​ពី​យន្តការ​ទណ្ឌកម្ម​ក៏ដោយ សេចក្តីសម្រេច​នេះនឹង​ក្លាយ​ជា​សម្ពាធ​នយោបាយ​ដ៏ធ្ងន់មួយ​ទៅលើ​រដ្ឋាភិបាល​អ៊ីស្រាអែល ហើយ​ជាពិសេស​ទៅទៀត វា​អាច​នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ត្រូវ​ប្រឈមមុខ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ