អានតួអត្ថបទ
កម្ពុជា

អាជីវករ លើក​គ្នា​តវ៉ា​រឿង​គម្រោង​កែ​លម្អ ផ្សារ​ដើមគរ

អាជីវករ​ផ្សារដើមគរ​ជា​ច្រើនរយ​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​លើក​គ្នា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​សុំការ​បក​ស្រាយ​និង ពន្យល់​ពី​គម្រោង​ផ្សារ ដែល​សាលា​រាជធានី​ភ្នំពេញ​កំពុង​គិតគូរ​កែ​លម្អ ។ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​ពិតជា​មាន​គម្រោង គិតគូរ​កែរ​លម្អផ្សារ​ដើមគរ​ប្រាកដ​មែន គឺ​ដើម្បី​ឱ្យ​ផ្សារ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន មានភាព​ទាក់​ទាញ និង មាន​សណ្តាប់​ធ្នាប់ ជា​ទូទៅ​។

អាជីវករ​ផ្សារ​ដើមគរ​ជួប​ពិភាក្សា​ជាមួយ​និង​លោក​អភិបាល​ក្រុង​ភ្នំពេញ​។
អាជីវករ​ផ្សារ​ដើមគរ​ជួប​ពិភាក្សា​ជាមួយ​និង​លោក​អភិបាល​ក្រុង​ភ្នំពេញ​។ @Facebook
ផ្សាយពាណិជ្ជកម្ម

ស្ថិតនៅ​ក្នុង​គម្រោង​របស់​សាលារាជធានី​ភ្នំពេញ ក្នុងការ​កែ​លម្អផ្សារ​ដើមគរ ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​នោះ ក្រុម​អាជីវករ​ផ្សាដើមគរ ជាច្រើន​រយនាក់ មានការ​ភ្ងាក់​ផ្អើល​យ៉ាង​ខ្លាំង ។ នៅ​ព្រឹក​ថ្ងៃ​ពុធនេះ ម្នាក់​ៗ​បាន​បិទ​តូបលក់​តាំងតែ​ពី​ព្រឹក ហើយ​បានលើកគ្នា​តវ៉ា​នៅ​សាលារាជ​ធានី​ភ្នំពេញ ដើម្បី​សុំ​ការបកស្រាយ និង ពន្យល់​ពី​គម្រោង​សាងសង់​ផ្សារ​។

បើ​តាម​អាជីវករ​ម្នាក់​ក្នុង​ចំនោម​អាជីករ​ដែល​បានចូល​រួម​នៅ​ក្នុងការ​វ៉ានោះ​បាន​ប្រាប់​វិទ្យុ​បារំាង​ថា លោក​ក៏​ដូច​ជា​អាជីករ​ក្នុង​ផ្សារ​ដ៏ទៀត​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង បារម្ភ​ខ្លាច​ថា ពេល​កំពុង​សាងសង់ផ្សារ ពួកគាត់មិន​ដឹង​លក់​ដូ​នៅ​ទីណា ហើយ​នៅ​ពេលសាងសង់​ចប់​រួចរាល់​គេបែរ​ជា​លក់​តូប​មក​ឱ្យ​ពួកគាត់​វិញ ។ មួយ​វិញ​ទៀត តំណាង​អាជីវករ​ផ្សារ​ដែល​បាន​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ជាមួយ​លោក​អភិបាល​សាលារាជធានី​ភ្នំពេញ​នោះ អ្នក​ខ្លះយល់​ស្រប ហើយអ្នកខ្លះ​ទៀត​មិនយល់​ស្រប ដូច្នេះ​ទើប​នៅ​ព្រឹក​នេះ ពួកគេ​លើកគ្នា​ទៅ​សុំការ​បកស្រាយ​បន្ថែម​នៅ​មុខ​សាលារាជធានី​ភ្នំពេញ​តែម្តង​។ ដោយ​ក្នុង​នោះ​ក៏បាន​ស្នើ​ឱ្យ​សាលារាជធានី​ភ្នំពេញ​ធ្វើការ​ពិចារ​ណា​ពន្យា​ពេល​សិន​។ 

ប៉ុន្តែ លោក ឡុង ឌីម៉ង់ អ្នកនាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​បារំាង​ដែរ​ថា សាលា​រាជធានី​ភ្នំពេញ មាន​គម្រោង​គិតគូរ​កែ​លម្អ​ផ្សារ​ដើមគរ​នេះ ឱ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ជាងមុន មាន​ភាព​ទាក់​ទាញ និង មាន​សណ្តាប់​ធ្នាប់​ដល់​ការ​លក់ដូរ ដូចជាផ្សារ​ថ្មី​អញ្ចឹង​ដែរ ។ លោក​បាន​បន្ថែម​ថា កាល​ពីម្សិលមិញ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ  បាន​ចុះ​ទៅ​ពន្យល់​ម្តង​ហើយ ដល់​តំណាង​អាជីវករ ប្រមាណ​៥០​នាក់ ដោយ​លោក​អភិបាល​បាន​បញ្ជាក់​ថា នៅ​ពេល​សាងសង់​ចប់​រួចរាល់ នឹង​ប្រគល់​តូប​លក់ដូរ ជូន​ពួក​គាត់ ដូច​ដើម ទាំង​ទី​កន្លែង និង ទំហំតូប  តូបចាស់​នៅ​កន្លែង​ណា និ​ង ប្រគល់​តូបថ្មី​នៅ​កន្លែង​នោះ ពោល​គឺ​មិន​មាន​ការ​លក់​តូប ដូចផ្សារ​ឯកជន​នោះ​ឡើយ ព្រោះ​គ្មាន​ឡើយ​ ការ​វិនិយោគ​ឯកជន លើផ្សារ​របស់​រដ្ឋ​។

បន្ថែមពី​នេះ​ទៀត នៅក្នុង​ជំនួប​ជាមួយ​អាជីវករ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​អភិបាល​រង​ក្រុង​ភ្នំពេញ ឃួង ស្រេង បាន​បញ្ជាក់​ដល់​អាជីវករ អោយបន្ត​ការ​លក់​ដូរ​ជា​ធម្មតា​ រង់ចាំ​កិច្ច​ពិភាក្សា​គ្នា​លើក​ក្រោយ​ទៀត ព្រោះការ​លម្អរ​ផ្សារនេះ ចាំបាច់​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​ពី​ក្រុមអាជីវករ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ