អានតួអត្ថបទ
កម្ពុជា

ព្រឹទ្ធសភា​សម្រេច​បង្កើត​គណៈកម្មការ​ជំនាញ​ទី​១០ ប្រគល់​ឲ្យ​គណបក្ស​សម រង្ស៊ី តែ​​អនុប្រធាន​ទី​២​ព្រឹទ្ធ​សភា ​មិន​ទាន់​សម្រេច​ទេ​

ក្រុម​​ការងារ​​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម រង្ស៊ី បាន​ជួប​ប្រជុំ ដើម្បី​រៀបចំ​ឡើង​វិញ​នូវ​ក្បាល​ម៉ាស៊ីន ដឹកនាំ​ព្រឹទ្ធសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី ៦​សីហា​នេះ។ ក្រុម​ការងារ ដែល​មាន​សមាសភាព​ម្ខាង ៣​រូប បាន​ព្រមព្រៀង​បង្កើត​គណៈកម្មការ​ព្រឹទ្ធសភា​មួយ​ថែមទៀត គឺ​គណៈ​​កម្មការ​ទី​១០ មាន​ឈ្មោះ​ថា គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ ដូច​នៅ​រដ្ឋសភា​ដែរ។ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​ព្រម​ផ្តល់​ឲ្យ​គណបក្ស​​សម រង្ស៊ី ជា​ប្រធាន​គណៈកម្មការ ២​ប៉ុណ្ណោះ ខណៈ​ដែល​គណបក្ស​សម រង្ស៊ី ស្នើ​ជា​​ប្រធាន​គណៈកម្មការ ៣ អនុប្រធាន​ទី​២ ព្រឹទ្ធសភា និង​អគ្គលេខាធិការ​រង ១​រូប។ 

កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ នៅព្រឹទ្ធសភា កាលពី​ថ្ងៃទី 24 ខែមីនា ឆ្នាំ2014។
កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ នៅព្រឹទ្ធសភា កាលពី​ថ្ងៃទី 24 ខែមីនា ឆ្នាំ2014។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សមរង្ស៊ី ជិត​មួយ​ម៉ោង កាលពី​ម៉ោង ៩ ព្រឹក ថ្ងៃទី៦សីហា​នេះ លោក គង់ គាំ ប្រធាន​គណបក្ស​សមរ​ង្ស៊ី បាន​ឲ្យ​ដឹងថា ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យាថា យក​ការស្នើសុំ​របស់​គណបក្ស​សមរង្ស៊ី ទៅ​ពិគ្រោះ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ហើយនឹង​ជូនដំណឹង​នៅពេល​ក្រោយ។

ការស្នើ​រៀបចំ​ឡើងវិញ​នូវ​ក្បាលម៉ាស៊ីន​ព្រឹទ្ធសភា ត្រូវបាន​លោក គង់ គាំ លើកឡើងថា ក្នុង​កិច្ចប្រជុំ នៅ​ព្រឹទ្ធសភា គណបក្ស​សមរង្ស៊ី ស្នើ​ជា​ប្រធាន​គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា ចំនួន ៣ ជា​អនុប្រធាន​ទី២ព្រឹទ្ធសភា និង​ជា​អគ្គលេខាធិការរង​ព្រឹទ្ធសភា ១ រូប។

ប៉ុន្តែ​លោក គង់ គាំ អះអាងថា ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ទេព ង​ន បាន​ព្រមព្រៀង​ផ្តល់​ឲ្យ​គណបក្ស​សមរង្ស៊ី ជា​ប្រធាន​គណៈកម្មការ តែ ២ គណៈកម្មការ​ប៉ុណ្ណោះ។ អ្វី​ផ្សេងទៀត រង់ចាំ​ពិគ្រោះ​យោបល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន ដោយ​មិនទាន់​កំណត់​ថ្ងៃ​ជួបគ្នា​ជាថ្មី​ទេ។

ការរៀបចំ​ឡើងវិញ​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា​ដូច្នេះ ត្រូវបាន​លោក​គង់​គាំ អះអាងថា ដើម្បី​ឲ្យ​ព្រឹទ្ធសភា ក៏​ដូច​រដ្ឋសភា ជា​ពហុបក្ស និង​ប្រជាធិបតេយ្យ ហើយ​មាន​តុល្យភាព​អំណាច។

កិច្ចប្រជុំ​រវាង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សមរង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​មាន​លិខិត​ឆ្លងឆ្លើយ​រវាង​លោក​សមរង្ស៊ី និង​លោក​ជាស៊ីម កាលពី​ថ្ងៃទី៤ និង​ថ្ងៃទី៥សីហា ដើម្បី​បង្កើត​ក្រុមការងារ រៀបចំ​ឡើងវិញ​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភា ស្របតាម​កិច្ចព្រមព្រៀង កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១។

សូម​រម្លឹកថា សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៣ មាន​អាណត្តិ​រយៈពេល ៦ ឆ្នាំ ចាប់ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៨ មាន​ចំនួន ៦១ រូប។ ក្នុងនោះ សមាជិក​ព្រឹទ្ធសភា ៤៦ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សមរង្ស៊ី ១១ រូប សមាជិក​ព្រឹទ្ធសភា ២ រូប ត្រូវបាន​ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ និង​សមាជិក​ព្រឹទ្ធសភា ២ រូប​ផ្សេងទៀត ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា។

ចាប់តាំងពី​បង្កើត​កាលពី​ខែមេសា ឆ្នាំ២០១២ ប្រធានព្រឹទ្ធសភា  អនុប្រធាន​ទី១  អនុប្រធាន​ទី២  និង​ប្រធាន​គណៈកម្មការ​ជំនាញ​ព្រឹទ្ធសភា ទាំង ៩ សុទ្ធតែ​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ