អានតួអត្ថបទ

អត្រាភាពក្រីក្រធ្លាក់ចុះសល់តែ២០% តែប្រឈមហានិភ័យខ្ពស់

អត្រា​ភាពក្រីក្រ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះពោល​គឺ​ធ្លាក់​ចុះ​ពី​ ៥៣% ​ក្នុង​ឆ្នាំ ​២០០៤ ​មក​ត្រឹម​ ២០,៥% ​នៅឆ្នាំ ​២០១១ ។​ នេះ​បើ​យោង​តាម​របាយការណ៍​វាយ​តម្លៃ​ភាពក្រីក្រ​ថ្មី​របស់​ធានាគារ​ពិភពលោក​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២០កុម្ភៈ។

តំបន់ជនបទកម្ពុជា ដែល​រង​ភាពក្រីក្រ
តំបន់ជនបទកម្ពុជា ដែល​រង​ភាពក្រីក្រ RFI
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​ថ្មី​នេះ​ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​២​នាក់​ក្នុង​ចំណោម ​១០​នាក់​មាន​ជីវភាព​ក្រីក្រ ​ខណៈ​ដែល​កាល​ពី​ឆ្នំា​ ២០០៤​ គឺ​មាន​រហូត​ទៅ​ដល់​៥​នាក់​ក្នុង​ចំណោម​១០​នាក់​រស់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​។ការកើន​ឡើង​តម្លៃ​ស្រូវ​និង​ទិន្នផល​ស្រូវ​បាន​ចូល​រួម​ចំណែក​យ៉ាងខ្លាំង​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។

​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ដូចជា​ផ្លូវថ្នល់​និង​ស្ពាន​ដែល​អាចឲ្យ​កសិករ​នំា​ផលិតផល​ទៅ​កាន់​ទីផ្សារ​បាន​ស្រួល​និង​ការទទួល​បាន​ព័ត៌មាន​អំពី​តម្លៃផលិត​ផល​តាម​រយៈទូរស័ព្ទ​ដៃ​ ប្រព័ន្ធ​ធារាសាស្ត្រ​ ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ និង​ទីផ្សារ​កសិកម្ម​សេរី​និង​សមស្រប​ក៏​ជា​ចំណែក​នៃ​ការ​ធ្លាក់​ចុះ​ភាពក្រីក្រ​ផង​ដែរ។

ធនាគារ​ពិភពលោកកត់សម្គាល់ថា កម្ពុជាជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ដែល​អនុវត្ត​បាន​ល្អក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​លើ​ពិភពលោក​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​​នេះ។ ប្រជាពលរដ្ឋ​កម្ពុជាមាន​ជីវភាព​កាន់​តែ​ប្រសើរ​ជាង​មុនដោយសារ​តែ​ពួក​គាត់​មាន​ទ្រព្យ​សម្បត្តិ​ប្រើប្រាស់​ក្នុង​ផ្ទះ​បាន​កើន​ឡើងដូច​ជា​ទូរទស្សន៍ ម៉ូតូនិង​​ទូរស័ព្ទ​ដៃជាដើម​។​បច្ចុប្បន្ន​គ្រួសារ​មាន​ទូរទស្សន៍​ប្រើប្រាស់​បាន​កើន​ឡើង​៤​ដង និងគ្រួសារ​អ្នក​មាន​ម៉ូតូ​កើន​ឡើង​​២​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៧។

ប៉ុន្តែ ​របាយការណ៍​បាន​បង្ហាញ​ថា​ប្រជាជន​ដែល​ទើប​តែ​ចាក​ផុត​ពី​បន្ទាត់​ភាព​ក្រីក្រ​ពោល​គឺ​អ្នកដែល​រស់​នៅ​មាន​ចំណូល​តិច​ជា ​២,៣០​ ដុលា្លរ​ក្នុង​មួយ​ថ្ងៃ​ងាយ​នឹង​រអិល​ធា្លក់​ចូល​ក្នុង​ភាព​ក្រីក្រ​វិញ​ណាស់​ ប្រសិន​បើ​មាន​ផល​ប៉ះពាល់​សេដ្ឋកិច្ច​បន្តិច​បន្តួច​មាន​ន័យ​ថា ​បើ​ពួកគេ​បាត់​បង់ចំណូល​តែ​ ១២០០​ រៀល​ក្នុង​មួយ​ថ្ងៃ ​មនុស្ស​ប្រមាណ​ជា​៣​លាន​នាក់​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​វិញ​ភ្លាម​ ហើយ​អត្រា​ភាពក្រីក្រ​នឹង​កើន​ឡើង​លើស​ពី​មុន​ទៅ​ទៀតពោលគឺ​នឹង​កើន​ដល់​៤០%​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ