អានតួអត្ថបទ
អាស៊ីកណ្តាល

ចិន​ចង់ឲ្យ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​មាន​តួនាទី​សំខាន់​នៅ​អាហ្វហ្កានីស្ថាន

អង្គការ​សហប្រតិបត្តិការ​សៀងហៃ (Organisation de coopération de Shanghai-OCS) បាន​បើក​ធ្វើ​ជំនួបកំពូល​រយៈពេល​២ថ្ងៃ ចាប់​ពី​ថ្ងៃ​ពុធ​នេះ នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​ប្រទេស​ចិន។ ប្រមុខដឹកនាំ​ចិន រុស្ស៊ី និង​ប្រទេស​ ៤ផ្សេងទៀត មក​ពី​តំបន់​អាស៊ី​កណ្តាល​ នឹង​ជជែក​គ្នា​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ជាពិសេស សំណុំរឿង​អាហ្វហ្កានីស្ថានក្រោយ​ពេល​អាមេរិក​ដកទ័ព នៅ​ឆ្នាំ​២០១៤។

ប្រមុខរដ្ឋ​សមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ពេល​បើក​ជំនួបកំពូល​ នៅប៉េកាំង
ប្រមុខរដ្ឋ​សមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ពេល​បើក​ជំនួបកំពូល​ នៅប៉េកាំង REUTERS/Mark Ralston
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រតិបត្តិការ​សៀងហៃ (OCS) មានប្រទេស​សមាជិក​ចំនួន ៦ គឺ ចិន, រុស្ស៊ី, កៀហ្គីស្ថាន (Kirghiszstan), តាហ្ស៊ីគីស្ថាន (Tadjikistan), អ៊ូសបេគីស្ថាន (Ouzbékistan), និង​កាហ្សាក់ស្ថាន (Kazakhstan)។ ក្រៅពីនោះ មាន​ប្រទេស​មួយ​ចំនួន​ទៀត​ ដូចជា ឥណ្ឌា, ប៉ាគីស្ថាន និង​អ៊ីរ៉ង់ ជាដើម ចូលរួម​ក្នុង​​​ឋានៈ​ជា​សមាជិក​​សង្កេតការណ៍។

នៅ​ពេលនេះ ប្រទេស​សមាជិក​អង្គការ OCS បាន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ជាច្រើន រួមមាន វប្បធម៌ សេដ្ឋកិច្ច និង​ថាមពល។ ក៏ប៉ុន្តែ សំណុំរឿង​ជា​អាទិភាព ដែល​ជា​គោលដៅ​ដំបូង​របស់ OCS គឺ​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​សន្តិសុខ ជាពិសេស គឺ​ការ​ប្រយុទ្ធប្រឆាំងនឹង​ភេរវកម្ម​ អ៊ីស្លាម​ជ្រុលនិយម និង​ចលនា​ទាមទារ​ផ្តាច់​ទឹកដី ដែល​ជា​បញ្ហា​កើតមាន​ជាពិសេស នៅ​ចិន និង​រុស្ស៊ី។

នៅ​ក្នុង​ជំនួបកំពូល​ឆ្នាំ​នេះ សំណុំរឿង​អាហ្វហ្កានីស្ថាន​នឹង​ត្រូវ​ក្លាយ​ជា​របៀបវារៈ​ដ៏​សំខាន់​មួយ។ អាហ្វហ្កានីស្ថាន​មិនមែន​ជា​សមាជិក ហើយ​ក៏​មិនមែន​ជា​សមាជិក​សង្កេតការណ៍​របស់​អង្គការ OCS នោះទេ។ ប៉ុន្តែ លោក Hamid Karzai ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ត្រូវ​បាន​​​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ជាភ្ញៀវ នៅ​ក្នុង​ជំនួបកំពូល​​ នៅថ្ងៃ​ពុធ​នេះ។ លោក​ហ៊ូ ជិនតាវ ប្រធានាធិតី​ចិន ដែល​ជា​ម្ចាស់ផ្ទះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចិន​ចង់​ឲ្យ​អង្គការ OCS មាន​តួនាទី​កាន់តែ​សំខាន់ នៅ​អាហ្វហ្កានីស្ថាន។ លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី ក៏​បាន​ថ្លែង​ដូចគ្នា​នេះ​ដែរ។ ក៏ប៉ុន្តែ ប្រមុខដឹកនាំ​ទាំងពីរ​មិនបាន​បញ្ជាក់​ល​ម្អិត​ទេ​ថា តើ​អង្គការ OCS ចង់​ដើរតួនាទី​អ្វី​នៅ​អាហ្វហ្កានីស្ថាន។

គួរ​បញ្ជាក់ថា អាហ្វហ្កានីស្ថាន​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ចិនផង ហើយ​ជាប់​នឹង​ប្រទេស​នៅ​អាស៊ី​កណ្តាល ដែល​ជា​សមាជិក​អង្គការ OCS ផង។ ហេតុដូច្នេះ​ហើយ​បាន​ជា​ប្រទេស​ទាំងនេះ​បារម្ភ​​ខ្លាច នៅ​ក្រោយ​ឆ្នាំ​២០១៤ ដែល​អាមេរិក និង​អង្គការ​អូតង់​ដក​កងទ័ព​ចេញ​អស់ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​មិន​អាច​ទប់ទល់​នឹង​ពួក​តាលីបង់ និង​ក្រុម​​អ៊ីស្លាម​ជ្រុល​និយម​ផ្សេងទៀត​បាន ហើយ​បង្ក​ទៅជា​អស្ថិរភាព ដែល​អាច​រាលដាល​ទៅដល់​ប្រទេស​ជិតខាង។

ចិន និង​រុស្ស៊ី​ក៏​មាន​ការ​បារម្ភ​ផងដែរ អំពី​ឥទ្ធិពល​របស់​អាមេរិក​​នៅ​អាហ្វហ្កានីស្ថាន។ នាពេល​ថ្មីៗ​នេះ អាមេរិក​ទើប​នឹង​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​យុទ្ធសាស្រ្ត​ជាមួយ​អាហ្វហ្កានីស្ថាន ដើម្បី​រៀបចំ​ជើងព្រួល សម្រាប់​ក្រោយ​ឆ្នាំ​២០១៤។ នៅ​ថ្ងៃ​ពុធ​នេះ លោក Hamid Karzai បាន​ឲ្យដឹង​ថា អាហ្វហ្កានីស្ថាន និង​ចិន ក៏​កំពុង​តែ​រៀបចំ​បើក​កិច្ចចរចា ដើម្បី​ឆ្ពោះទៅ​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​យុទ្ធសាស្រ្ត​នឹង​គ្នា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ