អានតួអត្ថបទ
សិង្ហបុរី

សិង្ហបុរី៖ ​​ក្រុម​ចោរព័ត៌មាន​វិទ្យាចូល​លួច​ទិន្នន័យ​សុខភាព​របស់នាយករដ្ឋមន្ត្រី និង​ពលរដ្ឋ ជាង​១លាន​កន្លះ

នៅ​សិង្ហបុរី ទិន្នន័យសុខភាពរបស់​ប្រជាពលរដ្ឋ ជាង១លានកន្លះ រួម​ទាំង​ទិន្នន័យ​សុខភាព​របស់​លោកនាយរដ្ឋមន្ត្រី Lee Hsien Loong ផង បាន​ត្រូវ​​ក្រុមចោរព័ត៌មានវិទ្យាចូលលួច។ នេះគឺជា​សេចក្តីប្រកាស​របស់​មន្ត្រី​ក្រសួង​សុខាភិបាល​សិង្ហបុរី កាល​ពីថ្ងៃទី​២០កក្កដា។ ភ្លាម​ៗ ចៅក្រម​ស៊ើប​បា​នបើក​ការ​ស៊ើប​អង្កេត និង​បាន​កំណត់​មុខ​សញ្ញារួច​រាល់​ហើយ។​ ក៏ប៉ុន្តែ អាជ្ញាធរ​សិង្ហបុរី ពុំ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា នរណា​នៅ​ពីក្រោយ​ការ​បាត់​ទិន្នន័យ​នេះ ​នោះទេ។

នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong
នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong AFP
ផ្សាយពាណិជ្ជកម្ម

«ក្រុម​ចោរ​ព័ត៌មានវិទ្យាទាំង​នោះ​ គឺ​ពុំ​មែន​ជា​ក្រុម​ចោរតូច​តាច​​ ឬ​ក្រុម​កូន​សិស្ស​និស្សិត​រៀន​ខាង​ព័ត៌មាន​វិទ្យា​ធម្មតាៗ​ទេ។ នេះ​គឺជាការ​វាយ​ប្រហារ​ដោយ​ចេតនាពី​ក្រុម​ចោរ​ជាន់​ខ្ពស់​ ហើយពួក​គេបាន​កំណត់​គោល​ដៅ​យ៉ាង​ច្បាស់​លាស់។ ពួក​នេះ​​​បាន​ព្យាយាម​ម្តង​ហើយ​ម្តងទៀត ដើម្បី​ចូល​លួច​ទិន្នន័យទាំង​ជាង​១លាន​កន្លះ​​នោះ​»។ នេះគឺជា​អ្វី​ដែ​ល​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​សិង្ហបុរី ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែតនៅ​ក្នុង​សន្នីសីទ​សារព័ត៌មានកាលពីថ្ងៃទី​២០កក្កដា។

តាម​ប្រភព​ពី​រដ្ឋ​មន្ត្រី​​សិង្ហបុរី​ដដែល, ក្រុម​ចោរ​ព័ត៌មានទាំង​​នោះ បា​នប្រើ​កម្មវិធី​មេរោគ​ ដើម្បី​ចូល​ទៅ​លួចបន្លំ​​ទាញ​យក​ទិន្នន័យ​​ពី​ក្នុង​កុំព្យូទ័រ​របស់​ក្រសួង​។ ពួក​គេ​នេះ បាន​បើកប្រតិបត្តិ​ការ​ ចន្លោះពីថ្ងៃទី​២៧មិថុនា​ រហូត​ដល់​ថ្ងៃទី​៤កក្កដា​ រហូត​ដល់​ពេល​ក្រសួង​ឃើញ​ប្រព័ន្ធ​កុំ​ព្យូទ័រដើរ​​​ខុស​ប្រក្រតី ទើប​អន្តរាគមទ​ប់​ស្កាត់ ហើយ​ពួក​ចោរ​ក៏​ឈប់​សកម្មភាព​។ ក្រសួង​សុខាភិបាល បាន​បញ្ជាក់ទៀត​ថា ទិន្នន័យដែលបានបាត់​បង់នោះ គឺ​ព័ត៌មានផ្ទាល់ខ្លួននិង​ការ​ផ្តល់ថ្នាំដល់អ្នកជំងឺតែប៉ុណ្ណោះ ក៏​ប៉ុន្តែកំណត់ត្រាវេជ្ជសាស្រ្ត និងកំណត់ត្រាប្រវត្តិ​ព្យាបាលជំងឺ​ គឺ​មិនប៉ះពាល់នោះទេ។

ចំណែក​នាយរដ្ឋមន្ត្រី Lee Hsien Loong បាន​ប្រតិកម្ម​តាម​គណនី​ហ្វេសបុក​របស់​លោកថា ចំពោះ​ទិន្នន័យ​សុខភាព​របស់​លោកផ្ទាល់​ គឺ​ជាធម្មតា​ លោក​មិន​ដែល​និយាយ​ប្រាប់​មនុស្ស​ទូទៅទេ ក៏ប៉ុន្តែ បើ​ទោះបី​ពួក​ចោល​លួច​យកទៅមែន ក៏ទិន្នន័យនោះ​គ្មាន​អ្វី​សំខាន់​ធំដុំដែរ។

គួរ​បញ្ជាក់ថា ទិន្នន័យសុខភាព​ដែល​ត្រូវ​ចោរលួច ទាំង​ជាង​១លាន​កន្លះ​នោះ គឺ​មិន​ដែល​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិ​សាស្ត្រ​សិង្ហបុរី ដែល​ជា​ប្រទេស​ជឿន​លឿន​ខាង​ព័ត៌មាន​វិទ្យាដែរនោះ។ ទិន្នន័យដ៏ច្រើន​​នេះ គឺ ​ស្មើ​នឹងចំនួន​​ជាង​១​ភាគ​៣​នៃ​ចំនួន​ប្រជាជន​សិង្ហបុរី​សរុប (៥លាន​៨សែន​នាក់)។

បើ​តាម​ជាជំនាញ​ខាង​​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ការ​លួ​ច​ទិន្នន័យ​សុខភាព​របស់​ប្រជាជន​នេះ គឺ​មា​នសារៈ​សំខាន់​សម្រាប់​រដ្ឋបរទេស​​ដទៃ​ផ្សេងទៀត​។ តែ​យ៉ាងណា គេ​នៅ​មិនទាន់​ដឹងទេ​​ថា នរណា​នៅ​ពីក្រោយ​ខ្នង​នៃការ​លួច​ទិន្នន័យ​នេះ បើទោះបី​អាជ្ញាធរ​សិង្ហបុរី​បាន​កំណត់​សញ្ញារួច​មកហើយ តែ​សិង្ហបុរី​ពុំ​ទាន់​បញ្ជាក់​ឲ្យ​ច្បាស់​នោះដែរ​។ ក៏ប៉ុន្តែ អ្នក​ជំនាញ​អាមេរិក បាន​ចោទថា ទង្វើ​នេះ​អាច​ជា​ប្រព្រឹត្ត​​របស់​ភ្នាក់ងារ​របស់​រុស្ស៊ី ចិន អ៊ីរង់ ឬ​កូរ៉េ​ខាង​ជើង​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ