អានតួអត្ថបទ
នុយក្លេអ៊ែរ

អាវុធ​នុយក្លេអ៊ែរ​​ក្នុង​ពិភពលោក​ថយចុះ​ តែ​ក្នុង​ចង្វាក់​យឺតយ៉ាវ​

វិទ្យាស្ថាន​ស្រាវជ្រាវ​​សន្តិភាព​អន្តរជាតិ​​ក្រុង​ស្តុកខុល​ Stockholm ហៅ​កាត់ថា​ ​Sipri បាន​​ប្រាប់​នៅ​ថ្ងៃចន្ទ​​នេះថា ​បរិមាណ​​អាវុធ​នុយក្លេអ៊ែរ​​ក្នុង​ពិភពលោក​មានការ​ថយ​ចុះ​​ ប៉ុន្តែការ​ថយចុះ​នេះ​មាន​ចង្វាក់​យឺតយ៉ាវ​ ប្រៀប​នឹង​ឆ្នាំ​មុនៗ។

កម្មករ​កំពុង​ពិនិត្យ​គ្រាប់បែក​ប្រភេទ​ ​B-53 ​នៅរោងចក្រអាមេរិក​​ Pantex។ រោងចក្រ​​​នេះ​​នៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅឡើយ។
កម្មករ​កំពុង​ពិនិត្យ​គ្រាប់បែក​ប្រភេទ​ ​B-53 ​នៅរោងចក្រអាមេរិក​​ Pantex។ រោងចក្រ​​​នេះ​​នៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅឡើយ។ REUTERS/Photo Courtesy B&W Pantex/Handout
ផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​ស្រាវជ្រាវ​​សន្តិភាព​អន្តរជាតិ​​ក្រុង​ស្តុកខុល Stockholm ហៅ​កាត់ថា​ ​Sipri បាន​ចេញ​​របាយការណ៍ប្រចាំឆ្នាំ ​បង្ហាញ​​ពីការ​ថយចុះ​នៃ​​​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ពិភពលោក ​ក្នុង​រយៈពេល​​៥ឆ្នាំ​​ចុងក្រោយនេះ។

យោងតាម​​របាយការណ៍​វិទ្យាស្ថាន​ស៊ីព្រី ក្នុង​ឆ្នាំ​២០១៤នេះ ក្បាល​នុយក្លេអ៊ែរ​​ក្នុង​ពិភពលោក​មាន​សរុប​ ១ម៉ឺន៦ពាន់៣រយគ្រាប់​ គឺ​តិច​ជាង​កាលពី​ឆ្នាំ​២០១៣។ ឆ្នាំ​២០១៣​ក្បាលនុយក្លេអ៊ែរ ​​​​មាន​១ម៉ឺន​៧ពាន់២រយ​៧០គ្រាប់។ ហើយ​ឆ្នាំ​២០១១វិញ ក្បាល​នុយក្លេអ៊ែរ​​មាន​រហូត​ដល់ ​២ម៉ឺន៥រយ​៣០គ្រាប់។ ​​ឆ្នាំ​២០១០ ក្បាល​នុយក្លេអ៊ែរ​មាន​២ម៉ឺន​២ពាន់​៦០០គ្រាប់។ ​ប៉ុន្តែ មើល​តាមតួលេខ​ ការ​ថយចុះ​នេះ មាន​ចង្វាក់​យឺតយ៉ាវ។

ការថយចុះ​អាវុធ​នុយក្លេអ៊ែរ​បាន​ស្តែង​ឡើង​តាម​រយៈ​​ការ​ខិតខំ​របស់​រុស្ស៊ី និង​អាមេរិក​។ គិត​ក្នុង​ដើមឆ្នាំ​នេះ អាមេរិក​​មាន​ក្បាល​នុយក្លេអ៊ែរ​​៧ពាន់៣រយ​គ្រាប់ ឯ​រុស្ស៊ី​មាន​៨ពាន់គ្រាប់។ អាវុធ​នុយក្លេអ៊ែរ​​ប្រទេស​ទាំង២​​ បញ្ចូលគ្នា មាន​បរិមាណ​​​​៩៣ភាគរយ​នៃ​អាវុធ​​នុយក្លេអ៊ែរ​ពិភពលោក។ ​

ដោយឡែក ​ការថយចុះ​នៃ​អាវុធ​នុយក្លេអ៊ែរ​ ​ក្នុង​ពិភពលោក​ ​មិន​​បាន​បង្ហាញ​​ថា ​ប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ​បានប្រឹងប្រែង​​កាត់បន្ថយ​នុយក្លេអ៊ែរ​ក្នុង​ស្រុក​ទេ។ ជាក់ស្តែង ​អាវុធ​នុយក្លេអ៊ែរ​​របស់​បារាំង​និង​អង់គ្លេស​ ក្នុង​ឆ្នាំនេះ មាន​បរិមាណ​ថេរ មិន​ប្រែប្រួល គឺ​បារាំង​មាន​ក្បាលនុយក្លេអ៊ែរ​​៣០០គ្រាប់ ឯ​អង់គ្លេស​មាន​២២៥គ្រាប់។ ចិន ឥណ្ឌា និងប៉ាគីស្ថាន​វិញ​រឹតតែ​បង្កើន​​ការផលិត​អាវុធ​នុយក្លេអ៊ែរ​​បន្ថែម​ទៀត។ រីឯ​អ៊ីស្រាអែល​ប្រហែល​ជា​នៅចាំ​មើល​ស្ថានភាព​អ៊ីរ៉ង់ ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​បន្ថែម។ ​

ក្នុង​ឆ្នាំ​២០១៤នេះ ចិន​មាន​ក្បាល​នុយក្លេអ៊ែរ​​​២៥០គ្រាប់ ឥណ្ឌា​មានពី​​៩០​ទៅ​១១០គ្រាប់ ​ប៉ាគីស្ថាន​មាន​ពី​១០០ទៅ​១២០គ្រាប់ ​ហើយ​អ៊ីស្រាអែល​​មាន​៨០គ្រាប់។ ​ដោយឡែក ​អ្នកជំនាញ​រំពឹង​ថា ជាមួយ​បរិមាណ​ធាតុ​ភ្លុយតូនីញ៉ូម​របស់​កូរ៉េ​ខាងជើង កូរ៉េខាងជើង​អាច​ផលិត​ក្បាល​នុយក្លេអ៊ែរ​​​បាន​​ពី​​៦ទៅ​៨គ្រាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ