ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

ជំនួបកំពូល Francophonie ​រកាំ​រកូស​ខ្លះ ក្នុង​ការ​សម្រេច​តែងតាំង​អគ្គលេខាធិការ​ថ្មី

ជំនួបកំពូល Francophonie ​រកាំ​រកូស​ខ្លះ ក្នុង​ការ​សម្រេច​តែងតាំង​អគ្គលេខាធិការ​ថ្មី លោក ​Emmanuel Macron សន្ទរកថា​បើក​វេទិកា​កំពូល​លើក​​ទី​​១៧ ​របស់​ Francophonie​ REUTERS

    នៅថ្ងៃព្រហស្បតិ៍ទី១១ តុលានេះ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ដែលហៅកាត់ថា La Francophonie កំពុងបើកទ្វារវេទិកាកំពូល នៅទីក្រុង អេរ៉េវ៉ាន រដ្ឋធានីប្រទេសអាមេនី។ មានថ្នាក់ដឹកនាំ និងប្រមុខរដ្ឋ នៃប្រទេសយ៉ាងហោច៨៤ប្រទេស កំពុងមានវត្តមាននៅក្នុងវេទិកាកំពូល រយៈពេល២ថ្ងៃនេះ។ ក្នុងឱកាសនេះ ប្រទេសសមាជិកទាំងអស់ នឹងត្រូវសម្រេច ជ្រើសរើសអគ្គលេខាធិការថ្មីនៃអង្គការ La Francophonie

    ដែលតាមការរំពឹងទុក​ គឺលោកស្រី ល្វីស មូហ្ស៊ីគីវ៉ាបូ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសរ៉ូវ៉ាន់ដា។ តែយ៉ាងណា បេក្ខភាពនេះ ពុំមែនសុទ្ធតែទទួល​​បាន​ការគាំទ្រទាំងស្រុងទេ។

    វេទិកាអន្តរជាតិធំលើកទីមួយ សម្រាប់អាមេនី

    វាជាព្រឹតិ្តការណ៍អន្តរជាតិ ដ៏ធំ និង​ជាលើកទីមួយ​សម្រាប់ប្រទេសអាមេនី ដែលជាកូនប្រទេសតូចមួយ មានប្រជាជនប្រមាណតែ៦លាននាក់ប៉ុណ្ណោះ។ វេទិកាកំពូលប្រទេសនិយាយភាសាបារាំង ដែលយើងហៅកាត់ថា La Francophonie មានរយៈពេល២ថ្ងៃ ដោយមានប្រទេសថា្នក់ដឹកនាំ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកពេញសិទ្ធិចំនួន៥៤ប្រទេស ហើយបូកបន្ថែម ជាមួយនឹងគណៈប្រតិភូ នៃប្រទេសសង្កេតការណ៍ទៀតនោះ គឺសរុបទាំងអស់ ៨៤ប្រទេស។

    វេទិកាកំពូលបានចាប់ផ្តើមបើក កាលពីព្រឹកមិញនេះ ជាមួយនឹងសុន្ទរកថាម្តងម្នាក់ៗ របស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិក របស់La Francophonie។ ដំបូងគេ លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងសុន្ទរកថា រយៈពេលជិត​១ម៉ោង ដោយបាននិយាយលើកឡើង ជារួម​អំពី ការលើកកំពស់ការប្រើប្រាស់ភាសា​បារាំង រួមជាមួយនឹងភាសាបរទេសផ្សេងៗទៀត ដោយមិនបោះបង់ភាសាណាមួយឡើយ។

    បន្ទាប់មកទៀត គឺមានសុន្ទរកថា របស់លោក យូស្តាំង ទ្រុយដូ នាយករដ្ឋមន្ត្រីកាណាដា មានរយៈពេលតែជាង១០នាទី តែមានខ្លឹមសារត្រង់ៗ តែម្តង។ លោកនាយករដ្ឋមន្ត្រីកាណាដា បានលើកឡើងថា La Francophonie ថ្វីបើមិនសូវស្របគ្នាគ្រប់រឿងក៏ដោយ តែ​សមាជិក​ទាំងអស់របស់ La Francophonie ចេះសម្រប និងស្រុះស្រួលគ្នា។

    ស្រុះស្រួលគ្នា គាំទ្របេក្ខភាពរដ្ឋមន្ត្រីការបរទេសរ៉ូវ៉ាន់ដា ជាអគ្គលេខាធិការLa Francophonie

    ទាក់ទិននឹងការសម្រប ស្រុះស្រួលគ្នានេះហើយ ដែលជាខ្លឹមសារធំនៃវេទិកាកំពូលលើកនេះ ព្រោះវេទិកានេះ នឹងត្រូវសម្រេចតែងតាំងអគ្គលេខាធិការថ្មីរបស់ La Francophonie  គឺលោកស្រី Louise Mushikiwabo រដ្ឋមន្ត្រីការបរទេសរ៉ូវ៉ានដា។ ប៉ុន្តែបេក្ខភាពនេះ មិនត្រូវបានគេគាំទ្រទាំងអស់គ្នាទេ។ ហើយលោកប្រធានាធិបតីបារាំង ត្រូវបានគេចោទ ថាមានភាពលំអៀងខ្លាំង ចេញមុខកាន់ជើងបេក្ខភាពនេះទៀតផង។

    ជារៀងរាល់៤ឆ្នាំម្តង សមាជិក La Francophonie ត្រូវសម្រេចជ្រើសតាំង អគ្គលេខាធិការថ្មី ដោយការស្រុះស្រួលគ្នា មិនមែនដោយការបោះឆ្នោតទេ។ សម្រាប់លើកនេះ គឺឆ្លងកាត់ការនិយាយគ្នា ជាច្រើនខែកន្លងមកនេះ គឺគេនឹងសម្រេចតែងតាំងលោកស្រី Louise Mushikawabo រដ្ឋមន្ត្រីការបរទេសប្រទេសរ៉ូវ៉ាន់ដា ឲ្យធ្វើជាអគ្គលេខាធិការថ្មី របស់La Francophonie។

    លោកស្រី Michaelle Jean (ឆ្វេង) និងលោកស្រី Louise Mushikuwabo AFP

    បេក្ខភាពរបស់លោកស្រី Louise Mushikawabo នេះ គឺប្រជែង ជាមួយនឹងបេក្ខភាពរបស់លោកស្រី Michaelle Jean ជនជាតិកាណាដា ដែលលោកស្រីធ្លាប់ធ្វើជាអគ្គលេខាធិកា La Francophonie ក្នុងអាណត្តិមុន។ លោកស្រី Michaelle Jean ជាស្តី្រទីមួយ ហើយមិនមែនជាជនជាតិអាហ្វ្រិក ​ដែលបានក្លាយជាអគ្គលេខាធិការ La Francophonie។ លោកស្រី មានគេគោរពស្រលាញ់ច្រើន​ ហើយត្រូវបានប្រទេសសមាជិកជាច្រើន យល់​ថា​ការងារលោកស្រី៤ឆ្នាំកន្លងមកនេះ ល្អណាស់ ហើយចង់ឲ្យលោកស្រីធ្វើបន្ត៤ឆ្នាំទៀត។

    តែទីបំផុតបេក្ខភាពបន្តមួយអាណត្តិទៀត របស់ស្រី ត្រូវបានគេដកចេញវិញ ដោយសារ​តែ​លោកប្រធានាធិបតីរ៉ូវ៉ាន់ដា បានសម្រេចស្នើបេក្ខភាព​ លោកស្រី Louise Mushikawabo នៅ​ក្នុង​ឱកាសវេទិកាកំពូលប្រចាំឆ្នាំ នៃអង្គការសហព័ន្ធអាហ្វ្រិក កាល​ពី​ខែ​កក្កដា។ គឺក្នុងពេលប្រជុំនោះហើយ ដែលប្រទេសសមាជិកសហព័ន្ធអាហ្វ្រិក បានស្រុះស្រួល​គ្នា គាំទ្របេក្ខភាពស្នើដោយប្រធានាធិបតីរ៉ូវ៉ាន់ដា។ ហើយមុននឹងស្នើបេក្ខភាពនេះ លោកប្រធានាធិបតីរ៉ូវ៉ាន់ដា បានមកជួបលោក លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅប៉ារីស ដើម្បីឲ្យបារាំងចេញមុខការពារបេក្ខភាពនេះ។ មានបារាំង​ការពារ មានន័យថាប្រទេសអាហ្វ្រិកទាំងអស់ ប្រាកដជាគាំទ្រតាម។

    “ប្រធានាធិបតីបារាំងចេញមុខកាង”

    គឺត្រង់ចំណុចនេះហើយ ដែលមានមតិរិះគន់ លោកម៉ាក្រុង។ លោក Babacar Justin Ndiaye និពន្ធនាយកនៃកាសែតមួយ នៅសេណេហ្កាល់ បានលើកឡើងថា ទង្វើរបស់លោកម៉ាក្រុង ចេញមុខការពារបេក្ខភាពរបស់លោកស្រី Louise Mushikawabo គឺជាទង្វើកាងក្អេងក្អាង និងបក្សពួកនិយម ដើម្បីយកមុខយកមាត់ ជាមួយនឹងប្រធានាធិបតីរ៉ូវាន់ដា។

    កាសែតអាហ្វ្រិកផ្សេងទៀត ក៏បានលើកឡើងដែរថា ធាតុពិតបេក្ខភាពលោកស្រី Louise Mushikawabo គឺប្រទេសអាហ្វ្រិកផ្សេងទៀត មិនសូវពេញចិត្តទេ តែដោយសារតែពួកគេមានកាតព្វកិច្ចត្រូវគាំទ្រ បេក្ខភាពមកពីទ្វីបអាហ្វ្រិកដូចគ្នា បានជាគេចេះតែគាំទ្រទៅ។ ហើយអ្នកខ្លះគេលើកឡើងទៀតថា បារាំង មិនត្រូវចេញមុខមកបង្ខំគេឲ្យគាំទ្រតាមខ្លួនទេ។ លោក Paul Berenger អ្នកនយោបាយនៅប្រទេសម៉ូរីស បាននិយាយថា លោកម៉ាក្រុង យកអង្គការ La Fracophonie ជាឧបករណ៍លេងសើច ចង់បង្វិលតាមតែចិត្តនឹកឃើញ អាងតែខ្លួនជាប្រធានាធិបតីបារាំង។

    រ៉ូវ៉ាន់ដា មិនសូវស្រលាញ់ភាសាបារាំង ហើយមិនគោរពសិទ្ធិមនុស្ស

    បេក្ខភាពលោកស្រី Louise Mushikawabo រដ្ឋមន្ត្រីការបរទេសរបស់រ៉ូវ៉ានដានេះ គឺត្រូវបានគេលើកឡើង ទាំងលោកស្រីនេះ ទាំងប្រទេសរ៉ូវ៉ានដា ទាំងមូល គឺនៅឆ្ងាយ មិនសូវមានទំនាក់ទំនងអី ជាមួយអង្គការ La Francophonie ទេ ថ្វីបើជាសមាជិកពេញសិទ្ធិ​មែន។ ជាក់ស្តែង កាលពីឆ្នាំ២០០៨ រដ្ឋាភិបាល រ៉ូវ៉ាន់ដា បានសម្រេចដកភាសាបារាំង ចេញ​ពី​ភាសាបរទេសគោល ក្នុងកម្មវិធីសិក្សា ដោយដាក់ជំនួស​ភាសាអង់គ្លេសវិញ។

    បន្ទាប់មកទៀត រ៉ូវ៉ាន់ដា បានសុំចូលជាសមាជិកអង្គការ Commonwealth ដែលជាអង្គការ​សម្ព័ន្ធប្រទេសនិយាយភាសាអង់គ្លេស។ ជាងនេះទៅទៀត សូម្បីតែសម្តីរបស់លោក ប្រធានាធិបតីរ៉ូវ៉ាន់ដា ដែលប្រកាស បេក្ខភាពលោកស្រី Louise Mushikawabo ជាអគ្គលេខាធិការ​ថ្មីរបស់ La Francophonie ក៏គាត់និយាយជាភាសាអង់គ្លេសដែរ។ ជារួម ប្រទេស​មួយចំនួនគេគិតថា មិនគួរណាឲ្យប្រទេសដែលមិនសូវប្រើភាសាបារាំង មិនសូវស្រលាញ់ភាសាបារាំង ដឹកនាំអង្គការនៃក្រុមប្រទេសនិយាយភាសាបារាំងទេ។

    ការរិះគន់មួយទៀត ទៅលើរ៉ូវ៉ាន់ដា គឺទាក់ទិននឹងនយោបាយរដ្ឋាភិបាល ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ អង្គការ La Francophonie បើទោះផ្តោតសំខាន់ តែទៅលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ការសិក្សាស្រាវជ្រាវ ក៏ដោយ តែបញ្ហាប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ក៏ជាមែកធាងមួយសំខាន់ដែរ។ កន្លងមក រដ្ឋាភិបាលរ៉ូវ៉ាន់ដា ត្រូវគេរិះគន់ច្រើនណាស់ ទាក់ទិននឹងការប្រើអំណាចផ្តាច់ការ បិទសិទ្ធិសេរីភាព ក្នុង​ការបញ្ចេញមតិ និងសិទ្ធិសេរីភាពសារព័ត៌មានអីជាដើម។

    នៅបារាំង មានអតីតរដ្ឋមន្ត្រីបារាំង៤រូប ដែលធ្លាប់ទទួលបន្ទុកបេសកកម្ម La Francophonie ​នេះ បានរួមគ្នា សរសេរអត្ថបទមួយ ដើម្បីសំដែងការមិនពេញចិត្ត ក្នុងការដែល​រដ្ឋាភិបាល​​បារាំង គាំទ្របេក្ខភាពរបស់រ៉ូវាន់ដា។ ​យ៉ាងណាមិញទាក់ទិននឹងបញ្ហាសិទ្ធិ​មនុស្ស​នេះដែរ នៅមានសំណុំរឿងរសើបមួយទៀត ដែល La Francophonie ត្រូវសម្រេច​ថាទទួល ឬមិនទទួល ទៅលើបេក្ខភាពសុំចូលជាប្រទេសសង្កេតការណ៍ របស់អារ៉ាប៊ីសាអូឌីត។

    តែយ៉ាងណា អ្នកដែលខកចិត្តខ្លាំង គឺ​គ្មាននរណាក្រៅពីកាណាដាទេ ដែលឃើញបេក្ខភាពខ្លួន គឺលោកស្រី Michaelle Jean  ត្រូវគេដកចេញ បើទោះគាត់ខំធ្វើការយ៉ាងល្អ និងសក្តិសមបន្តដំណែងនេះក៏ដោយ។ នេះគឺជាការសម្របគ្នា ដើម្បីចៀសបញ្ហា ដូចលោកនាយករដ្ឋមន្ត្រីកាណាដា បានលើកឡើង នៅក្នុងសុន្ទរកថា។ សមាជិក La Francophonie ភាគច្រើនជាប្រទេសអាហ្វ្រិក ហើយប្រជាជនអាហ្វ្រិកនឹងកើនឡើងកាន់តែខ្លាំង ប៉ុន្មានឆ្នាំទៅមុខ។ ដូច្នេះ ប្រគល់កៅអីអគ្គលេខាធិការ La Francophonie ទៅឲ្យទ្វីបអាហ្វ្រិក ក៏វាជារឿងសមរម្យដែរ៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ