ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស ​(H.D.I) និង​​ កង្វះខាត​​របស់​ ផលិតផល​ក្នុងស្រុក​សរុប​ (G.D.P)​

សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស ​(H.D.I) និង​​ កង្វះខាត​​របស់​ ផលិតផល​ក្នុងស្រុក​សរុប​ (G.D.P)​
 
ជ័យលាភីរង្វាន់ណូបែលសន្តិភាព​លោកសាស្ត្រាចារ្យ Amartya Sen ចុងឆ្នាំ​២០០៧ នៅ​ New Delhi. AFP PHOTO/ Manpreet ROMANA

ដើម្បីបំពេញកង្វះខាត​​របស់ GDP​ សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស ​(H.D.I) ត្រូវ​បាន​បង្កើត​ឡើង ដោយ ម្ចាស់ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ លោកសាស្រ្ដាចារ្យ Amartya Sen និង​សេដ្ឋវិទូ​បាគីស្ថាន លោក Mahbub Ul Haq ដោយ​បាន​រាប់បញ្ចូល កត្តាពីរចម្បង​ផ្សេង​ទៀត​ គឺ​កត្តា​​ការ អប់រំ និង​កត្ដា​សុខភាព បន្ថែមពីលើ កត្តាប្រាក់ចំណូល។ ទោះ​ជា​យ៉ាង​ណា ​សន្ទស្សន៍ HDI ក៏ត្រូវបានមើលឃើញផងដែរថា មានកង្វះខាត ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ សន្ទស្សន៍សេដ្ឋកិច្ចផ្សេងៗ ត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់ ហើយ​ការ​ប្រើប្រាស់អាស្រ័យទៅតាម បរិបទ និងគោលនយោបាយអាទិភាព របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ លើពិភពលោក។

រហូតមកទល់នឹងពេលបច្ចុប្បន្ន សូចនាករសេដ្ឋកិច្ចដ៏ល្បីល្បាញមួយគឺ “ផលិតផល​ក្នុង​ស្រុក​សរុប (ផ.ស.ស)” ដែល​គេ​ស្គាល់​ជាទូទៅ ជាភាសា​អង់គ្លេស “GDP” ត្រូវបានគេ​ប្រើ​ប្រាស់​ ដើម្បីវាស់វែងទំហំនៃ​ទ្រព្យសម្បត្តិ និង​កម្រិតនៃការអភិវឌ្ឍ ក្នុងប្រទេសមួយ។ ប៉ុន្តែ សូចនាករនេះ ត្រូវបានមើលឃើញថា មានចំណុចខ្សោយច្រើន។

ជា​ឧទាហរណ៍ មាន​ត្រឹមតែ កត្តាប្រាក់​ចំណូល​​តែ​មួយប៉ុណ្ណោះ​ ដែលត្រូវ​បាន​ រាប់​បញ្ចូល​ក្នុង​ការ​គណនា ប៉ុន្តែ​កត្តា​ផ្សេង​ៗទៀត​ តួយ៉ាង សុខភាព ការ​អប់​រំ ឬ​សុភមង្គល​ របស់​មនុស្ស​​ ក្នុង​សង្គម មិន​ត្រូវ​បាន​រាប់​បញ្ចូល។ លើស​ពីនេះ នៅ​ពេល GDPកើន​ឡើង វា​គ្រាន់តែ​មាន​ន័យ​ថា បរិមាណ​ផលិត​កម្ម ​ក្នុង​ប្រទេស​មួយ​កើន​ឡើង ប៉ុន្តែ​វា​មិន​បានប្រាប់​ថា ​តើសេដ្ឋកិច្ច​នៃ​ប្រទេសមួយ​នោះ​ រង​ផល​ប៉ះពាល់ជាអវិជ្ជមានយ៉ាង​ណា​​ទេ ដូចជា ការ​បំពុល​​​បរិស្ថាន​ធម្មជាតិ ដោយការ​បញ្ចេញឧស្ម័ន​កាបូនិករបស់​រោងចក្រ ការបាត់បង់​ធនធាន​​ធម្មជាតិ ឬការ​កើន​ឡើង​​បំណុល​​សាធារណៈ ជាដើម។

ទោះ​ជាយ៉ាង​ណា នៅឆ្នាំ១៩៩០ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (H.D.I) ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បីបំពេញកង្វះខាត​ របស់ GDP ដោយ​បាន​រាប់បញ្ចូលកត្តាចម្បងពីរ ​ផ្សេងទៀត បន្ថែម​ពីលើ កត្តាប្រាក់ចំណូល។ នោះគឺ កត្តាការអប់រំ និង​កត្តាសុខភាព។ ប្រទេស​មួយ​ទទួលបានពិន្ទុHDIខ្ពស់ នៅពេល​អាយុកាលរស់នៅរបស់មនុស្សកាន់តែខ្ពស់ ការ​អប់រំ​មាន​កម្រិត​ខ្ពស់ និង ប្រាក់ចំណូល​សម្រាប់មនុស្សម្នាក់ៗ​កាន់​តែខ្ពស់។

សន្ទស្សន៍ HDI ​ត្រូវបានបង្កើតឡើងដោយ ម្ចាស់ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ ជនជាតិ​ឥណ្ឌា​ម្នាក់​ គឺលោកសាស្រ្ដាចារ្យ Amartya Sen (ដែល​ជា​ជនជាតិ​អាស៊ី​តែម្នាក់​គត់ ទទួល​បាន​ពានរង្វាន់​ដ៏ខ្ពង់ខ្ពស់​បំផុតមួយ​នេះក្នុង​វិស័យ​សេដ្ឋកិច្ច) និងសេដ្ឋវិទូបាគីស្ថាន លោក Mahbub Ul Haq ដោយមានជំនួយពី លោកសាស្រ្ដាចារ្យ Gustav Ranis នៃសាកល​វិទ្យាល័យ​ Yale និងលោកសាស្រ្ដាចារ្យ Lord Meghnad Desai នៃសាលា​សេដ្ឋកិច្ច​ទីក្រុង​ឡុងដ៍្រ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩០ សន្ទស្សន៍ HDI ត្រូវបានប្រើប្រាស់ ដើម្បីវាស់ស្ទង់ កម្រិតនៃ​ការ​អភិវឌ្ឍ​ របស់ប្រទេសមួយ ដោយអង្គការសហប្រជាជាតិ ក្រោមកម្មវិធីអភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP)។

ជាការ​ពន្យល់​ដោយ​លក្ខណៈសាមញ្ញ សន្ទស្សន៍ HDI ត្រូវបានបង្កើន​ឡើង​ ដោយ​ផ្អែក​លើ ​គំរូ​ម៉ូឌែល​អភិវឌ្ឍន៍មនុស្ស របស់​លោក Ul Haq ដែលមាន​បំណង​សិក្សា​ស្វែង​យល់​អំពី​ថា ​តើមនុស្សម្នាក់​អាច​ “ក្លាយ” និង “ធ្វើ” រឿង​ដែល​ខ្លួន​ពេញ​ចិត្ត​ក្នុង​ជីវិត​ ដែរឬ​យ៉ាង​ណា។ ជាឧទាហរណ៍ ការ​ទទួល​បានម្ហូប​អាហារ​ល្អគ្រប់គ្រាន់ ការមាន​ជម្រក​រស់​នៅ​សមរម្យ​ ការមានសុខភាពល្អ ការ​ដែលអាច​ធ្វើការងារ​បាន​ ការទទួល​បាន​ការអប់រំ ការ​ដែលអាចមាន​សិទ្ធិ​ចូលរួម​​បោះឆ្នោត និង​ការចូលរួមក្នុងជីវិតសហគមន៍។

ដូច្នេះ “សេរីភាព​ក្នុងការជ្រើសរើស” គឺជាកត្តា​ស្នូល​ចម្បង។ ត្រង់​ចំណុច​នេះ​ វាមាន​ន័យ​ថា មនុស្ស​ម្នាក់​អាច​ជ្រើសរើស​ថា​ខ្លួន​ចង់​ឃ្លាន (ដូច​ជា​ ការ​បដិបត្តិ​ក្នុង​ពិធីសាសនា) ដែល​វា​មាន​ភាព​ខុសគ្នា​ទាំង​ស្រុងទៅ​នឹង​មនុស្សម្នាក់​ទៀត​ដែល​ឃ្លាន ព្រោះ​ពួកគេ​មិន​មាន​លទ្ធភាព​ទិញអាហារបរិភោគ។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន នៅ​ពេល​គេ​វាស់​សេដ្ឋកិច្ច​ដោយ​​កម្រិត GDP ប្រទេស​​ដែល​មាន​កម្រិត​សេដ្ឋកិច្ច​ខ្ពស់​បំផុតទាំង​ដប់ ​រួម​មាន សហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង ឥណ្ឌា អ៊ីតាលី ប្រេស៊ីល និង​កាណាដា។ ផ្ទុយ​ទៅវិញ បើ​គេ​ប្រើប្រាស់សន្ទស្សន៍ HDI ប្រទេស​ខ្ពស់​បំផុត​ទាំង​ដប់​ ​រួម​មាន ន័រវែស ស៊្វីស អូស្រ្ដាលី អៀរឡង់ អាល្លឺម៉ង់ អ៊ីស្លង់ ហុងកុង ស៊ុយអែត សិង្ហបុរី និងហូឡង់។ ពោល​គឺ​មាន​តែ​ប្រទេស​អាល្លឺម៉ង់​មួយ​ប៉ុណ្ណោះ តែ​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​កម្រិត GDP និង HDI ខ្ពស់​បំផុត​ទាំង​ដប់ លើ​ពិភពលោក​។

សរុបជារួម សន្ទស្សន៍ HDI ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា​ជា​ សន្ទស្សន៍​សេដ្ឋកិច្ច​មួយ ដែល​មាន​ភាព​ពេញ​លេញ​ជាង GDP ដើម្បី​វាស់វែង​កម្រិត​នៃ​ការ​អភិវឌ្ឍ​របស់​ប្រជាជាតិ​មួយ។ យ៉ាង​ណា​មិញ សន្ទស្សន៍នេះក៏ត្រូវ​បាន​មើលឃើញផងដែរថា មាន​កង្វះខាត។ មូលហេតុនេះហើយ ដែល​ក្រោយមកទៀត សន្ទស្សន៍សេដ្ឋកិច្ចផ្សេង​ៗ​ត្រូវ​​បាន​បង្កើតឡើង និង​ប្រើប្រាស់អាស្រ័យទៅតាមបរិបទ និង​គោលនយោបាយ​អាទិភាព ​របស់​រដ្ឋាភិបាល​នៃប្រទេសនីមួយៗ លើ​ពិភពលោក។

សន្ទស្សន៍​ផ្សេងទៀត​រួម​មាន​ ៖

ទី១ សន្ទស្សន៍សុខុមាលភាពសេដ្ឋកិច្ចប្រកបដោយចីរភាព (Index of Sustainable Economic Welfare បង្កើតដោយ លោក John B. Cobb និង លោក Herman Daly នៅ​ឆ្នាំ ១៩៨៩

ទី២ ​សន្ទស្សន៍សុខុមាលភាពជាតិ (Gross National Well-being) បង្កើតដោយ លោក Med Jones នៅ​ឆ្នាំ ២០០៥

ទី៣​ រង្វាស់​សមិទ្ធផល​សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម (Commission on the Measurement of Economic Performance and Social Progress) បង្កើតដោយ លោក Joseph Stiglitz លោក Amartya Sen និង លោក Jean-Paul Fitoussi នៅ​ឆ្នាំ ២០០៩

ទី៤​ សន្ទស្សន៍​ជីវភាព​ល្អ​ប្រសើរ​របស់ OECD (OECD Better Life Index) នៅឆ្នាំ ២០១៣

ទី៥ របាយការណ៍​សុភមង្គល​ពិភពលោក (World Happiness Report) បង្កើតដោយ លោក John Helliwell លោក Richard Layard និង លោក Jeffrey Sachs នៅ​ឆ្នាំ ២០១៣៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ