អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Pokemon Go៖ ល្បែង​គ្រោះថ្នាក់ និង​ឥត​ប្រយោជន៍ របស់​មនុស្ស​សម័យ​ទំនើប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីសប្តាហ៍​កន្លង​មក​នេះ ​ពិភពលោក​ទាំង​មូល​បាន​រំជើបរំជួល ​មិនមែន​ដោយ​សារ​សង្រ្គាម​ រឺ​គ្រោះ​មហន្តរាយ​ធម្មជាតិ​អ្វី​ទេ ​តែ​គឺ​ដោយសារ​ល្បែង​លេង​នៅ​លើ​ទូរស័ព្ទ​មួយ​ឈ្មោះថា​ Pokemon Go។ ល្បែង ​ដែលប្រើប្រាស់​បច្ចេកវិទ្យា​កំណត់​ទីតាំង​ភូមិសាស្រ្ត​ពិតៗ​ របស់​អ្នក​លេង ​ដោយ​បន្ថែម​រូប​តុក្តា​Pokemon​ នៅក្នុង​ទូរស័ព្ទ ​ដើម្បី​ឲ្យ​អ្នក​លេង​ដេញ​តាម​ចាប់​នៅ​គ្រប់​ទី​កន្លែង ​បាន​ធ្វើ​ឲ្យ​យុវវ័យ ​និង​ក្មេងៗ​ជា​ច្រើន​ជ្រួលជ្រើម​ ភ្នែក​សំឡឹង​មើល​ទូរស័ព្ទ​ ភ្លឹកភ្លាំង ​បាត់បង់​ស្មារតី។ មាន​យោបល់​ផ្សេងៗ​គ្នា ​ទាក់ទិន​នឹង​ល្បែង​នេះ ​ដែល​សម្រាប់​មនុស្ស​មួយ​ចំនួន ​គឺជា​ល្បែង​ដែល​គ្មាន​ប្រយោជន៍ ​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គឺ​វា​អាច​បង្កគ្រោះ​ថ្នាក់​ជាច្រើន​ជំពូក។

រូបតុក្តា Pokemon លេចចេញនៅក្នុងទូរស័ព្ទ ដែល​បង្ហាញពីទិដ្ឋភាព​​នៅ​តា​ម​ផ្លុវ​ជាក់ស្តែង
រូបតុក្តា Pokemon លេចចេញនៅក្នុងទូរស័ព្ទ ដែល​បង្ហាញពីទិដ្ឋភាព​​នៅ​តា​ម​ផ្លុវ​ជាក់ស្តែង REUTERS/Chris Helgren
ផ្សាយពាណិជ្ជកម្ម

ល្បែង​Pokemon Go ​គឺ​ជា​ការ​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ​របស់​មនុស្ស​លោក ​ដែល​បាន​លាយ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ទូរស័ព្ទ ​ជាមួយ​នឹង​ទិដ្ឋភាព​ពិត​ជាក់ស្តែង ​ដែល​នៅ​ជុំវិញ​អ្នក​លេង​ល្បែង​នេះ​ម្នាក់ៗ។ សម្រាប់​យុវវ័យ​ពេញ​និយម​ ដែល​ចូលចិត្ត​ទូរស័ព្ទ​ទំនើបៗ​ ល្បែង​វីដេអូ​ហ្គេម​នានា ​ ​វា​​គឺ​ជា​រឿង​មួយ​អស្ចារ្យ​ខ្លាំង​ណាស់។ ល្បែងនេះ​ បាន​ចាប់​ផ្តើម​បើក​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​មក​លេង​បាន​នៅ​លើ​ទូរស័ព្ទ​ដៃ​ ​ដែល​ប្រើ​ប្រព័ន្ធ ​iOS ​និងប្រព័ន្ធ ​Android ​ដំបូង​គេ​បំផុត​ នៅ​ប្រទេស​អូស្ត្រាលី ​សហរដ្ឋអាមេរិក​ និង​ណូវ៉ែល ​ហ្សេឡង់ ​កាល​ពី​ថ្ងៃ​ទី​៧​កក្កដា។

 
ល្បែង​ហ្គេមទូរស័ព្ទ ផ្អើល​ពិភពលោក៖
គ្រាន់តែ​ក្នុង​សហរដ្ឋ​អាមេរិក​មួយ​ មាន​អ្នក​ទាញ​យក​ល្បែង​នេះ​មក​លេង​ក្នុង​ទូរស័ព្ទ ​ដល់​ទៅ​៧​លាន​៥សែន​នាក់ ​ក្នុង​រយៈ​ពេល​មិន​ដល់​២​សប្តាហ៍​ផង។ នៅ​សហរដ្ឋ​អាមេរិក​ដដែល ​ក្នុង​មួយ​ថ្ងៃ ​ក្រុមហ៊ុន​ដែល​ផលិត​ល្បែង​នេះ​អាច​រក​ចំណូល​បាន​១លាន​៦សែនដុល្លារ ​ដោយសារ​តែ​ល្បែង​ដ៏​ល្បីនេះ។ ក្រុមហ៊ុន​Apple​ បាន​បញ្ជាក់​ថា ​ចាប់តាំង​ពី​Apple Store​ ត្រូវ​បាន​បង្កើត​មក​ មាន​តែ​ល្បែង ​Pokemon Go ​នេះ​ទេ​​ដែល​មាន​មនុស្ស​ទាញ​យក​ច្រើន​ជាង​គេ​បង្អស់ ​ក្នុង​ពេល​ដ៏​ខ្លី​បែប​នេះ។

ទន្ទឹម​ពេល​ដែល​ល្បែងPokemon Go​នេះ​កំពុង​ធ្វើ​ឲ្យ​យុវជន​ក្មេងៗ​ ឈ្លក់​វង្វេង ​ ប៉ុន្តែ​មតិ​សាធារណៈ​មួយ​ចំនួន​ធំ ​កំពុង​តែ​ធ្វើ​ការ​ចោទសួរ​អំពី​ផល​ប៉ះពាល់ ​នៃ​ល្បែង​ដ៏​សែន​គ្រោះថ្នាក់​នេះ។ តើ​អ្វីទៅ​ជាល្បែងPokemon Go?

សម្រាប់​​អ្នក​ដែល​និយម​ចូលចិត្ត​ល្បែង​ហ្គេម ​ គឺ​គេ​ស្គាល់​យ៉ាង​ច្បាស់​នូវ​រូបតុក្តា ​Pokemon ​ដ៏ល្បី​របស់​ជប៉ុន​ក្នុង​ទសវត្ស​ឆ្នាំ​៩០។ ល្បែង​Pokemon Go ថ្មីនេះ ​គឺ​ជា​លទ្ធផល ​នៃ​ការ​សហការគ្នា​រវាង​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ ​Niantic​ ដែល​មាន​ជំនាញ​ខាង​កំណត់​ភូមិសាស្ត្រ​ Google Map ​ និង​ក្រុមហ៊ុន​ជប៉ុន​ពីរ ​គឺ​ក្រុមហ៊ុន​ Nintendo ​និង​ក្រុមហ៊ុន ​Pokemon Company ​ដែល​ជា​ម្ចាស់​តុក្តា​Pokemon។

Pokemon Go គឺ​ជា​ល្បែង​ហ្គេម​ក្នុង​ទូរស័ព្ទ ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​កំណត់​ទីតាំង​ភូមិសាស្ត្រ ​Géolocalisation ​​ដែល​អ្នក​ប្រើប្រាស់​អាច​មើលឃើញ​រូបភាព​ពិត​នៃ​ទីតាំង​ភូមិសាស្ត្រ​របស់​ខ្លួន ​ នៅ​ក្នុង​ទូរស័ព្ទ​ពេល​កំពុង​តែ​លេង​ល្បែង​នេះ។ របៀបលេង ​គឺ​អ្នក​លេង ​ត្រូវ​តាម​ចាប់​ តុក្តា​Pokemon​ ដែល​អាច​លេច​ចេញ​រូបរាង្គ ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​នានា ​មិនថា​នៅ​តាមផ្លូវ ​ នៅ​តាម​ទី​សួន​សាធារណៈ ​នៅ​លើ​ដើមឈើ​ រឺ​នៅ​ក្នុង​ទឹក​ ជាដើម។ ពេល​ដែល​ឃើញ​ រូបតុក្តា​Pokemon ​នៅ​កន្លែង​ណា ​អ្នក​លេង​ត្រូវ​តែ​រត់​ទៅ​ឲ្យ​ដល់​កន្លែង​នោះ​ដើម្បី​ចាប់ ​យក​ពន្ទុ ​ដោយ​គ្រាន់តែ​ទាញ​សញ្ញា​នៅ​លើ​ទូរស័ព្ទ ​ទៅ​ដាក់​ពី​លើ​តុក្តា។

មាន​ន័យ​ថា ​អ្នក​លេង​ម្នាក់ៗ​ត្រូវតែ​សម្លឹង​មើល​ទូរស័ព្ទ​ខ្លួន​ ដើម្បី​តាម​ចាប់​តុក្តា ​Pokemon។ ទោះ​ក្នុង​កាលៈទេសៈ​រឺ​ទីតាំង​ណាក៏​ដោយ​ អ្នក​លេង​ដែល​ងប់ងុល ​ត្រូវ​ហ៊ាន​ហក់​ទៅ​ចាប់​តុក្តា​នេះ ​ដើម្បី​បាន​ពិន្ទុ​ ឡើង​ទៅ​វគ្គ​បន្ត។ មិនត្រឹមតែ​ប៉ុណ្ណោះ ​រូបតុក្តា​Pokemon​មួយ ​ដែល​លេច​ខ្លួន​នៅ​ទីតាំង​​មួយ​​ អាច​មើល​ឃើញ​ដោយ​មនុស្ស​ច្រើននាក់។​ ដូច្នេះ​អ្នក​លេង​ទាំងអស់​ ​ត្រូវ​តែ​ប្រញ៉ាយ​ដណ្តើម​គ្នា​ដើម្បី​ចាប់​ឲ្យ​បាន​មុនគេ។
 

អ្នកលេង Pokemon Go នៅ​ទីក្រុងឡុងដ៍
អ្នកលេង Pokemon Go នៅ​ទីក្រុងឡុងដ៍ REUTERS/Paul Hackett


ឈ្លក់​វង្វេង នឹង​ការតាម​ចាប់​តុក្តា​Pokemon លែង​មើល​ផ្លូវ៖
ស្តាប់​មួយ​ភ្លែត ​វាហាក់​ដូច​ជា​សប្បាយ ​តែ​ការពិត ​ល្បែង​នេះ​បង្កប់​ដោយ​គ្រោះថ្នាក់ ​សម្រាប់​អ្នក​លេង​ម្នាក់ៗ។ នេះ​ហើយ​ជា​ការ​ព្រួយ​បារម្ភ។ អាជ្ញាធរ​ប្រទេស​ជាច្រើន ​ ចាប់​ផ្តើម​មាន​ការ​ព្រួយ​បារម្ភ​ពី​កត្តា​សុវត្ថិភាព ​ ដោយសារ​តែ​ល្បែង​នេះ ​អាច​​ធ្វើ​ឲ្យ​អ្នក​លេង​ម្នាក់ៗ​ឈ្លក់​វង្វេង ​ភ្នែក​សម្លឹង​មើល​តែ​ទូរស័ព្ទ ​ដើម្បី​ផ្ទៀច​តាម​ចាប់​តុក្តា​Pokemon ​ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ដើរ​ រឺ​កំពុង​តែ​បើក​យានយន្ត​ជាដើម។  អាជ្ញាធរ ​អេស្ប៉ាញ ​ ក៏ដូច​ជា​អាជ្ញាធរ​បារាំង ​ បាន​អំពាវនាវ​ ឲ្យ​អ្នក​លេង​មាន​ការ​ប្រុងប្រយ័ត្ន​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ។ ប្រទេស​ខ្លះ ​ដូចជា​ឥណ្ឌូណេស៊ី​ជា​ដើម ​បាន​ថែមទាំង​ហាមឃាត់​ មិនឲ្យ​ល្បែង​នេះ​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​ខ្លួន​ទៀត​ផង។

នៅ​សហរដ្ឋ​អាមេរិក ​ មាន​ករណី​គ្រោះថ្នាក់​ជាច្រើន​ បាន​កើត​ឡើង​ដោយសារ​តែ​ល្បែង​ចំកួត​នេះ។ យុវជន​ម្នាក់ ​បើក​ឡាន​បណ្តើរ ​ភ្នែក​សំឡឹង​រក​មើល​តុក្តា​Pokemon ​ក្នុង​ទូរស័ព្ទ​បណ្តើរ ​បាន​ជ្រុល​ចង្កូត​ ទៅ​បុក​រថយន្ត​ដែល​ចត​នៅ​តាម​ផ្លូវ។ បុរស​ម្នាក់ ​កំពុង​តែ​បើក​ឡាន​តាម​ផ្លូវ​ ស្រាប់តែ​ឈប់​ង៉ក់​កណ្តាល​ផ្លូវ​ រួចស្ទុះ​ចេញ​មក​ក្រៅ ​រត់​ឆ្លង​ថ្នល់​ទៅ​ម្ខាង​ទៀត ​ ដើម្បី​តាម​ចាប់​តុក្តា ​Pokemon ​ដោយ​គ្មាន​ញញើត​នឹង​គ្រោះថ្នាក់។ នៅ​កាណាដា ​យុវជន​ពីរ​នាក់ ​បាន​ដើរ​ឆ្លង​ព្រំដែន​ពី​កាណាដា​ មក​អាមេរិក​ ដោយ​មិន​ដឹង​ខ្លួន​ និង​ដោយ​ខុសច្បាប់ ​ដោយសារ​តែ​វក់វី​នឹង​ការ​តាម​ប្រម៉ាញ់ ​តុក្តា​Pokemon។

រឿង​គួរ​ឲ្យ​ហួស​ចិត្ត​មួយ​ទៀត ​គឺក្មេង​ស្រី​ជំទង់​ម្នាក់​នៅ​អាមេរិក​ ​ បាន​តស៊ូ​ដើរ​កាត់​កំពត​ព្រៃ ​ផ្លោះរបង​ឆ្លង​ទឹក ​ដើម្បី​តាម​ចាប់​តុក្តា Pokemon ​រហូត​ទាល់តែ​បាន​ប្រទះ​នឹង​សាកសព​មនុស្ស​ម្នាក់​ ដែល​អណ្តែត​ក្នុង​ទឹក។ នៅ​អាមេរិក​ដែរ ​បុរស​ម្ចាស់​ផ្ទះ​ម្នាក់​ មាន​ការ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​មនុស្ស​រត់ចូល​ក្នុង​ផ្ទះ​ខ្លួន ​ ដោយសារ​តែ​ប្រព័ន្ធ​Google Map ​បាន​ផ្តល់​រូបភាព​ដោយ​ភ័ន​ច្រឡំ​​ ថា​​ជា​វិហារ​កាតូលិក។

ទិន្ន័យផ្ទាល់​ខ្លួន​ក្នុង​គណនី​Google ​របស់​អ្នក​ប្រើប្រាស់ ត្រូវ​បើក​ចំហរ​ដោយសេរី​៖
ក្រៅតែ​បញ្ហា​សុវត្ថិភាព​ផ្លូវកាយ​ មតិ​ជាច្រើន​បាន​ចោទ​សួរ​ពី​កត្តា​សុវត្ថិភាព ​ទាក់ទិន​នឹង​ការ​ការពារ​ទិន្ន័យ​ផ្ទាល់ខ្លួន ​របស់​អ្នក​លេង​ម្នាក់ៗ ​នៅលើ​បណ្តាញ​អ៊ីនធើនែត។ ល្បែង ​Pokemon Go ​តម្រូវ​ឲ្យ​អ្នក​លេង​ ត្រូវ​បើក ​រឺ​ភ្ជាប់​គណនី​Google ​ជា​ចាំបាច់។ ដូច្នេះ​មានន័យ​ថា ​ក្រុមហ៊ុន​ដែល​ជា​អ្នក​ចាត់ចែង​ដំណើរ​ការនៃ​ល្បែងនេះ​ អាច​ប្រមូល​ទិន្ន័យ​ទាំងស្រុង ​ពី​គណនី​របស់​អ្នក​ប្រើ​ម្នាក់ៗ ​មិន​ថា​នៅ​ក្នុង​អាស័យដ្ឋាន​អ៊ីម៉ែល ​ រឺ​មួយ​ក៏​រាល់​បំលាស់​ទី​ទៅណា​មកណា ​របស់​អ្នក​ប្រើប្រាស់។ បន្ទាប់​មកទៀត ​ទិន្ន័យ​ផ្ទាល់ខ្លួន​ទាំងនោះ​ អាច​ត្រូវបាន​លក់​បន្ត ​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ផ្សេង​ទៀត ​ដែល​ត្រូវការ​វា​ ដើម្បី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជាដើម។

តំណាងរាស្ត្រ​អាមេរិក​ម្នាក់ ​បាន​ផ្ញើរ​លិខិត​ចំហរ​មួយ ​ទៅកាន់​ក្រុមហ៊ុន ​Niantic​ ដើម្បីឲ្យ​ក្រុមហ៊ុន​នេះ ​ពន្យល់​អំពី​ចំណាត់ការ​ក្នុង​ការ​ការពារ​ទិន្ន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​លេង​ម្នាក់ៗ។ រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​មិន​ទាន់​បាន​ឆ្លើយ​តប​ទេ។ អ្នក​នយោបាយ ​និង​អ្នក​ការពារ​សិទ្ធិ​ ទូទាំង​ពិភពលោក​ មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ណាស់។

គ្រាន់តែ​ចាប់ផ្តើម​ចេញ​ឲ្យ​ប្រើប្រាស់​ភ្លាម ​ ពាក្យ​ចចាមអារ៉ាម ​បាន​លេច​ឮ​ថា ​ល្បែង​នេះ ​នឹង​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​Niantic ​ចូល​ទៅ​លុកលុយ​ដល់​ក្នុង​គណនី​Google​ ផ្ទាល់ខ្លួន​ទាំង​ស្រុង។ ទើបតែ​កាល​ពី​ចុង​សប្តាហ៍​មុននេះ ​អ្នក​ជំនាញ​វិស្វករ​ដែល​តម្លើង​ហ្គេម​នេះ​ បានសារភាព​​ហើយ​​បាន​ប្រកាស​ថា​ ពួក​គេ​ទើប​តែ​​ធ្វើការ​កែប្រែ​លើ​ចំណុច​ខ្លះ ​ដើម្បី​កាត់​បន្ថយ​មិនឲ្យ​ល្បែង​នេះ ​ ចូលទៅ​លុកលុយ​ទិន្ន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើ ​ខ្លាំង​ហួសហេតុ​ពេក។ ទោះ​ជា​យ៉ាងណា ​ល្បែង​នេះ​នៅ​តែ​អនុញ្ញាតិ​ឲ្យ​គេ​ចូល​ទៅ​ក្នុង​អាស័យដ្ឋាន​អ៊ីម៉ែល​របស់​អ្នក​ប្រើ​បាន​ដដែល។

សប្បាយ ប្រយ័ត្ន​ក្លាយ​ជាទុក្ខ​៖
ទោះបើ​ប្រឈមមុខ ​នឹង​ចំណុច​អវិជ្ជមាន​ទាំងអស់​នេះក្តី​ តាម​ការ​រំពឹងទុក​ ចំនួន​អ្នក​លេង​អាច​នឹង​កើន​ឡើង​ដល់​២៤​លាន​នាក់​ ដល់​ដំនាច់ខែ​កក្កដា។ ការ​កម្សាន្ត​វា​ជា​សិទ្ធិ​របស់​មនុស្ស​ម្នាក់ៗ ​តែ​ការ​កម្សាន្ត​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់ ​ដល់​អ្នក​ដ៏ទៃ ​និង​ផ្ទាល់ខ្លួន​ឯង ​ គួរណា​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន។

ល្បែង​កំសាន្ត​តាម​ទំនៀម​ទំលាប់​របស់​ប្រជាជន​នីមួយៗ​ ដែល​ប្រកប​ដោយ​ការ​ចែក​រំលែក​ចំណេះដឹង​ រួម​គ្នា​សើចសប្បាយ​ជុំគ្នា ​រវាង​មិត្តភ័ក្ត ​ក៏ដូច​ជា​មនុស្ស​ទាំងពួង​ មាន​សព្វ​មិន​ខ្វះ។ តែ​ល្បែង​Pokemon Go ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឈ្លក់​វង្វេង​តែ​ម្នាក់ឯង ​នៅនឹង​មុខ​កញ្ចក់​ទូរស័ព្ទ ​ហើយ​ថែមទាំង​អាច​នាំ​គ្រោះថ្នាក់​មក​ដល់​ខ្លួន​ គឺ​ជាល្បែង​មួយ​ដែល​ឥត​ប្រយោជន៍​ជាទី​បំផុត។

ការ​រីកចំរើន​ ផ្នែក​បច្ចេកវិទ្យា​របស់​មនុស្ស​សម័យ​ទំនើប​ មិន​ប្រកដ​ថា​សុទ្ធតែ​ល្អ​ទាំងអស់​ទេ។ បច្ចេកវិទ្យា​ខ្លះ​ធ្វើ​ឲ្យ​មនុស្ស​ភ្លេចគិត​ពី​ខ្លឹមសារ​សំខាន់​ នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ក៏​មាន ​ បើសិន​អ្នក​ប្រើ​វា​មិន​ចេះ​ពិចារណា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ