អានតួអត្ថបទ
ជប៉ុន-អឺរ៉ុប

កំណើន​សេដ្ឋកិច្ច​ជប៉ុន​ធ្វើឲ្យ​អ្នកខ្លះ​នៅ​អឺរ៉ុប​ចង់​យក​គំរូ​តាម

កំណើន​សេដ្ឋកិច្ច​ជប៉ុន ២ត្រីមាស​ជាប់ៗគ្នា នៅ​ចុងឆ្នាំ២០១២ និង​​ដើមឆ្នាំ​២០១៣​នេះ ជា​សញ្ញា​បង្ហាញ​ថា ជប៉ុន​កំពុង​តែ​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ។ ផ្ទុយស្រឡះ​ពី​ជប៉ុន សេដ្ឋកិច្ច​នៅ​អឺរ៉ុប​កំពុង​តែ​បន្ត​ដាំក្បាលចុះ​ឥតឈប់ ហើយ​មាន​អ្នក​ខ្លះ កំពុង​តែ​ចាប់ផ្តើម​គិត​ថា ជោគជ័យ​នៃ​នយោបាយ​សេដ្ឋកិច្ច​ជប៉ុន គឺ​ជា​គន្លងផ្លូវ​​មួយ ដែល​អឺរ៉ុប​គួរ​តែ​ជ្រើសរើស​យក។

សេដ្ឋកិច្ច​ជប៉ុន​មាន​អត្រា​កំណើន ០,៩% នៅ​ដើម​ឆ្នាំ​២០១៣ ក្រោយ​ពី​មាន​កំណើន ០,៣% នៅ​ចុង​ឆ្នាំ​២០១២
សេដ្ឋកិច្ច​ជប៉ុន​មាន​អត្រា​កំណើន ០,៩% នៅ​ដើម​ឆ្នាំ​២០១៣ ក្រោយ​ពី​មាន​កំណើន ០,៣% នៅ​ចុង​ឆ្នាំ​២០១២ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ពុធ​កន្លងទៅ សហភាព​អឺរ៉ុប​បាន​ចេញផ្សាយ​នូវ​តួលេខ​ ដែល​បង្ហាញ​ឲ្យឃើញ​ អំពី​អត្រា​អវិជ្ជមាន នៃ​​កំណើន​សេដ្ឋកិច្ច​ នៅ​ក្នុង​តំបន់​អឺរ៉ុប។ អត្រា​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន ដែល​កើតមាន ៦ត្រីមាស​ជាប់ៗ​គ្នា​មកហើយ។

មួយថ្ងៃ​ក្រោយមក នៅថ្ងៃ​ព្រហស្បតិ៍ ជប៉ុន​ក៏​បាន​ចេញផ្សាយ​តួលេខ​សេដ្ឋកិច្ច​របស់​ខ្លួន​ដែរ ក៏ប៉ុន្តែ តួលេខ​នេះ​បាន​បង្ហាញ​ឲ្យឃើញ​ពី​ភាព​ខុសគ្នា​ស្រឡះ រវាង​សេដ្ឋកិច្ច​ជប៉ុន និង​សេដ្ឋកិច្ច​អឺរ៉ុប។ សេដ្ឋកិច្ច​ជប៉ុន ដែល​មាន​អត្រា​កំណើន​​អវិជ្ជមាន អស់រយៈពេល​ជាង ១ទសវត្សរ៍​មកហើយ​នោះ ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ ក្នុងរយៈពេល ២ត្រីមាស​ជាប់ៗ​គ្នា។ អត្រា​កំណើន​សេដ្ឋកិច្ច​ជប៉ុន នៅ​ក្នុង​ត្រីមាសទី១ ឆ្នាំ​២០១៣​នេះ មាន​រហូត​ដល់​ទៅ ០,៩%។

អ្នក​ជំនាញសេដ្ឋកិច្ច​ម្នាក់​នៅ​អាល្លឺម៉ង់​បាន​លើកឡើង​ថា កំណើន​សេដ្ឋកិច្ច​របស់​ជប៉ុន​ នៅពេលនេះ បង្ហាញ​ឲ្យឃើញ​ថា នយោបាយ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ គឺ​ការ​ដាក់ចេញ​ព្រមគ្នា​នូវ​នយោបាយ​រូបិយវត្ថុ តាមរយៈ​ការ​បោះពុម្ពលុយ​បន្ថែម​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​នយោបាយ​សារពើពន្ធ តាមរយៈការ​បង្កើន​ការ​ចំណាយ​​របស់​រដ្ឋ គឺ​ជា​នយោបាយ​ដែល​មាន​ប្រសិទ្ធភាព ក្នុង​ស្តារ​សេដ្ឋកិច្ច​ឲ្យ​ចេញ​ពី​វិបត្តិ។

គេឃើញ​ថា នៅ​ក្រោយ​ពេល​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ ឡើង​កាន់អំណាច ធនាគារ​កណ្តាល​ជប៉ុន​​បាន​សម្រេច​បង្កើនបរិមាណ​សាច់ប្រាក់​ឲ្យ​ចរាចរ នៅ​ក្នុង​ទីផ្សារ ឲ្យ​បាន ២ដង​ច្រើន​ជាងមុន។ កំណើន​បរិមាណ​លុយ​យេន នៅ​ក្នុង​ទីផ្សារ​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​លុយ​យេន​ធ្លាក់​ចុះ ដែល​​ជា​កត្តា​សំខាន់ សម្រាប់​ជំរុញ​ការនាំចេញ​ទំនិញ​ជប៉ុន​ទៅក្រៅ​ប្រទេស។ បន្ថែម​ពីលើ​នេះទៅទៀត វាបាន​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​ចាប់ផ្តើម​មាន​ទំនុកចិត្ត​ឡើងវិញ លើ​សេដ្ឋកិច្ច​ជប៉ុន ហើយ​ចាប់ផ្តើម​​បង្កើន​ការ​ចំណាយ ក្នុង​ទីផ្សារ​ក្នុងស្រុក។ ការកើនឡើង​នៃ​វិស័យ​នាំចេញ និង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ជប៉ុន​ចាប់ផ្តើម​កើនឡើង​វិញ។

កាលពី​ម្សិលមិញ នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំឆ្នាំ​ លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​ បាន​លើកឡើង​ថា មេរៀន​ដ៏សំខាន់​មួយ ក្នុង​នយោបាយ​សេដ្ឋកិច្ច​ជប៉ុន ដែល​អឺរ៉ុប​គួរ​យក​គំរូ​តាម គឺ​ការ​បង្កើន​បរិមាណ​សាច់ប្រាក់ នៅ​ក្នុង​ទីផ្សារ។ ការ​បង្កើន​បរិមាណ​សាច់ប្រាក់ ដែល​ជា​មុខនាទី​របស់​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប។

អ្នកជំនាញ​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍសេដ្ឋកិ្ច (OCDE) វិញ ក៏​បាន​លើកឡើង​ដែរ​ថា ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប គួរ​តែ​អាច​បង្កើន​បរិមាណ​សាច់ប្រាក់ ទៅក្នុង​ទីផ្សារ​បន្ថែម​ទៀត​បាន ពីព្រោះថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ តំបន់​ចាយលុយ​អឺរ៉ូ​មិនមាន​បញ្ហា​អតិផរណា​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ