អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​លើកទី១៣ ស្តីពី​សន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក​បាន​គ្របដណ្តប់​ដោយ​មហិច្ឆិតា​ចិន​ក្នុង​តំបន់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល​លើកទី១៣ ស្តីពី​សន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក​ចាប់​ផ្តើម​រៀបចំ​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ពី​ថ្ងៃទី៣០ ឧសភា ដល់​ថ្ងៃទី១ មិថុនា។ ជំនូបកំពូល​នោះ​ត្រូវ​បាន​គេ​ហៅ​បែបម្យ៉ាង​ទៀត​ថា​ជា « កិច្ចសន្ទនា​ស្សាងហ្គ្រីឡា » ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​ផ្នែក​យុទ្ធសាស្ត្រ (IISS)។ មាន​ប្រទេស​ចូលរួម​ទំាង​អស់​ចំនួន ២៨ ដែល​រួម​មាន​សមាជិក​អាស៊ាន​ទំាង ១០ប្រទេស បូក​នឹង​ប្រទេស​ដៃគូ​ចំនួន ១៨ផ្សេង​ទៀត ក្នុង​នោះ​មាន​មក​ពី​ទ្វីបអាស៊ី​ដូច​យ៉ាង​ចិន ជប៉ុន កូរ៉េខាងត្បូង និង​អូស្រ្តាលី មក​ពី​ទ្វីបអឺរ៉ុប​មាន​បារំាង អាល្លឺម៉ង់ និង​ស៊ុយអែត ព្រម​ទំាង​មក​ពី​ទ្វីបអាមេរិក មាន​កាណាដា និង​សហរដ្ឋអាមេរិក​ជាដើម។ អ្វី​ជា​ការ​កត់សម្គាល់ កិច្ចប្រជុំកំពូល​ឆ្នំា​នេះ​បាន​គ្របដណ្តប់​ដោយ​មហិច្ឆតា​ចិន​នៅ​ក្នុង​តំបន់។

លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក Chuck Hagel (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី Lee Hsien Loong ក្នុងឱកាស​ជំនួបកំពូល​ស្តីពី​សន្តិសុខ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ថ្ងៃទី៣០ ឧសភា ២០១៤
លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក Chuck Hagel (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​សិង្ហបុរី Lee Hsien Loong ក្នុងឱកាស​ជំនួបកំពូល​ស្តីពី​សន្តិសុខ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ថ្ងៃទី៣០ ឧសភា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​ស្តីពី​សន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក​ត្រូវ​បាន​គេ​ហៅ​បែប​ម្យ៉ាង​ទៀត​ថា ជា « កិច្ចសន្ទនា​ស្សាងហ្គ្រីឡា »។ អ្នក​ដែល​បាន​ផ្តួចផ្តើម​ឲ្យ​មាន « កិច្ចសន្ទនា​ស្សាងហ្គ្រីឡា » នេះ​ឡើង គឺ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​ផ្នែក​យុទ្ធសាស្រ្ត​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IISS (International Institute for Strategic Studies)។ IISS បាន​ប្រសូត្រ​ចេញ​កាល​ពី​ឆ្នំា ១៩៥៨ នៅ​ក្នុង​ប្រទេស​អង់គ្លេស។ វិទ្យាសា្ថន​អន្តរជាតិ​មួយ​នេះ​តែងតែ​បាន​ចេញ​របាយការណ៍​ប្រចំា​ឆ្នំា​ស្តីពី​តុល្យភាព​កម្លំាង​យោធា​របស់​ប្រទេស​នីមួយៗ​ក្នុង​លោក ព្រម​ទំាង​បាន​ចេញ​មុខ​រៀបចំ​កិច្ចប្រជុំ​កំពូល​នានា ដូច​ករណី​កិច្ចប្រជុំកំពូល​ស្តីពី​សន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក​ក្នុង​ប្រទេស​សិង្ហបុរី​ដែល IISS បាន​ផ្តើម​រៀបចំ​តំាង​ពី​ឆ្នំា ២០០២ មក។

ជា​លក្ខណៈ​ទូទៅ « កិច្ចសន្ទនា​ស្សាងហ្គ្រីឡា » គឺ​ជា​វេទិកា​អន្តររដ្ឋាភិបាល​ស្តីពី​សន្តិសុខ​ដែល​ចូលរួម​ដោយ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ ឬ​មួយ​ក៏​គណៈប្រតិភូ​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ កម្មវត្ថុ​សំខាន់​នៃ​កិច្ចប្រជុំកំពូល​នេះ គឺ​ការ​បង្កើត​ឲ្យ​មាន​បរិយាកាស​នៃ​ការ​ទុកចិត្ត​គ្នា និង​ការ​ផ្តោះប្តូរ​បទពិសោធន៍​រវាង​គ្នា​ក្នុង​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ស្តីពី​វិស័យ​ការពារ និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទំាង​មូល ព្រោះ​ចូរ​កុំ​ភ្លេច​ថា តំបន់​អាស៊ីប៉ាស៊ីហ្វិក គឺ​មាន​ទំហំ​ធំធេង​ណាស់ និង​ដែល​តំបន់​មួយ​នេះ​តែងតែ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​អសន្តិសុខ ពិសេស​អសន្តិសុខ​ផ្លូវសមុទ្រ។

ក្រៅ​ពី​ការ​ស្វែង​រក​កិច្ចសហប្រតិបត្តិការ​រួម​ដើម្បី​សន្តិសុខ​ក្នុង​តំបន់ « កិច្ចសន្ទនា​ស្សាងហ្គ្រីឡា » ក៏​ជា​ឱកាស​តែ​មួយ​គត់​ក្នុង​មួយ​ឆ្នំា​ដែល​បាន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនំា​ផ្នែក​សន្តិសុខ​របស់​ប្រទេស​នីមួយៗ​ក្នុង​តំបន់​អាស៊ី និង​អាស៊ីប៉ាស៊ីសហ្វិក​អាច​ជួប​និយាយ​គ្នា​ជា​លក្ខណៈ​ទ្វេភាគី ត្រីភាគី ឬ​មួយ​ក៏​ចតុភាគី​ដើម្បី​ស្វែង​យល់​គ្នា ព្រម​ទំាង​រិះរក​មធ្យោបាយ​រួម​ដើម្បី​សន្តិសុខ​របស់​ប្រទេស​នីមួយៗ ក៏​ដូច​ជា​សន្តិសុខ​រវាង​ប្រទេស និង​ប្រទេស។
 
កិច្ចប្រជុំកំពូល​ឆ្នំា​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​មាន​ភាព​តានតឹង​ក្នុង​សមុទ្រចិន
 
មាន​ប្រធានបទ​ច្រើន​ដែល​នឹង​ត្រូវ​គេ​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ឆ្នំា​នេះ រួម​មាន ការ​បង្កើន​ឲ្យ​មាន​កិច្ចសហប្រតិបត្តិ​យោធា និង​យោធា​រវាង​ប្រទេស​ក្នុង​តំបន់ ការ​ស្វែងរក​របៀប​គ្រប់គ្រង​ដោយ​ប្រើ​យុទ្ធសាស្រ្ត​ត្រជាក់ ការ​ស្វែង​រក​យន្តការរួម​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ ទៅ​មក​ក្នុង​ពេល​មាន​គ្រាអាសន្ន ឬ​មួយ​ក៏​ការ​បង្ការ​ទប់ស្កាត់​នូវ​រាល់​គ្រោះមហន្តរាយ​នានា​ជា​ដើម។ តែ​ជម្លោះ​ដណ្តើម​ទឹកដី ពិសេស​ដែនដី​នៅ​ក្នុង​សមុទ្រ​ចិន​ដែល​ចិន​កំពុង​មាន​ជាមួយ​ប្រទេស​ជប៉ុន និង​ប្រទេស​អាស៊ាន​មួយ​ចំនួន ពិសេស​វៀតណាម និង​ហ្វីលីពីន មិន​ត្រូវ​បាន​គេ​យក​មក​ដាក់​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ចប្រជុំ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ ប្រធានបទ​ដ៏​រស៊ើប​មួយ​នេះ​ច្បាស់​ជា​ត្រូវ​បាន​ប្រទេស​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​លើក​ទៅ​និយាយ​ដោយ​ចៀស​មិន​រួច។

មុន​គេ គឺ​ប្រទេស​ជប៉ុន​ដែល​លោក​នាយករដ្ឋមន្រ្តី​ស៊ីនហ្សូ អាបេ​ជា​អ្នក​ឡើង​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំកំពូល​លើកទី១៣ ស្តីពី​សន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក​នៅ​សិង្ហបុរី​ក្នុង​ថ្ងៃ​នេះ។ សម្រាប់​លោក​ស៊ីនហ្សូ អាបេ នេះ​ពិត​ជា​ឱកាស​ល្អ កម្រ​រក​បាន​មួយ​ដែល​លោក​មិន​ញញើត​និយាយ​វាយប្រហារ​ចិន​ចំ​មុខ និង​អំពាវនាវ​ជា​ថ្មី​ឲ្យ​ចិន​គោរព​អធិបតេយ្យ​របស់​ប្រទេស​ផ្សេង ក៏​ដូច​ជា​គោរព​ច្បាប់សមុទ្រ​អន្តរជាតិ។ អន្តរាគមន៍​របស់​លោក​អាបេ គឺ​ចំ​ពេល​ដែល​ស្ថានការណ៍​កំពុង​ឡើង​តានតឹង​ដល់​កំពូល​រវាង​ជប៉ុន​ខ្លួនឯង និង​ចិន​ទាក់ទង​នឹង​ទីប្រជុំកោះ​សេនកាគុ​នៅ​សមុទ្រ​ចិន​ខាង​កើត និង​រវាង​ចិន​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ពិសេស​ហ្វីលីពីន និង​វៀតណាម​ពាក់ព័ន្ធ​នឹង​កោះ Paracel និង Spratly នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ មួយ​វិញ​ទៀត វា​ក៏​ជា​ឱកាស​មួយ​ដែល​លោក​អាបេ​បន្ត​ព្យាយាម​អូសទាញ​ប្រទេស​អាស៊ាន​ទំាង​នោះ​ឲ្យ​មក​នៅ​ខាង​ខ្លួន។

ដើម្បី​អាច​ធ្វើ​យ៉ាង​នេះ​បាន លោក​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​មិន​ញញើត​នឹង​បង្ហាញ​ពី​ឆន្ទៈ​របស់​ជប៉ុន​ក្នុង​ការ​ដើរ​តួនាទី​យ៉ាង​សកម្ម​នៅ​ក្នុង​តំបន់​អាស៊ី ដោយ​ផ្អែក​លើ​គ្រោងឆ្អឹង​នយោបាយ និង​យោធា​ដ៏​រឹងមំា​ដែល​ក្រុង​តូក្យូ​មាន​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។ លោក​អាបេ​បាន​រៀបចំ​ជើងព្រួល​ដើម្បី​ប្រឈម​ទប់​នឹង​ចិន ដោយ​បាន​ដើរ​ប្រមែប្រមូល​គេ​ឯង​ឲ្យ​រួម​ជាមួយ​ខ្លួន ពិសេស​ប្រទេស​សមាជិក​អាស៊ាន​ទំាង ១០ប្រទេស។ កាល​ពី​ខែ​ធ្នូ ឆ្នំា ២០១៣ លោក​អាបេ​បាន​រៀបចំ​ជំនួបកំពូល​ផ្តាច់មុខ​ជប៉ុន អាស៊ាន ដោយ​បាន​ប្រើ​លុយ​មួយ​កញ្ចប់​ធំ​ជិត ២ម៉ឺនលានដុល្លារ​សម្រាប់​ជួយ​ដោយ​មិន​បាច់​សង និង​ឲ្យ​ខ្ចី​ក្នុង​រយៈពេល ៥ឆ្នំា​ជាមួយ​នឹង​អត្រាការប្រាក់​ទាប​ដល់​ប្រទេស​សមាជិក​អាស៊ាន​ទំាង ១០។ គួរ​ជម្រាប​ជូន​ថា តំាង​ពី​បាន​ចូល​កាន់​តំណែង​ក្នុង​ដំណាច់​ឆ្នំា ២០១២ មក នាយករដ្ឋមន្រ្តី​ជប៉ុន​រូប​នេះ​តែងតែ​បាន​បង្ហាញ​ពី​គំនិតជាតិនិយម​ប្រឆំាង​ចិន​ជានិច្ច។

គ្មាន​ជំនួប​រវាង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីនហ្សូ អាបេ និង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ទេ

បើ​ផ្អែក​លើ​កាលៈទេសៈ​សព្វថ្ងៃ គេ​ដូច​ជា​ពិបាក​នឹង​រៀបចំ​ឲ្យ​មាន​ជំនួបកំពូល​រវាង​លោក​ស៊ីនហ្សូ អាបេ និង​ស៊ី ជីនពីង។ បើ​គិត​តំាង​ពី​លោក​អាបេ​បាន​ចូល​កាន់​អំណាច​កាល​ពី​ដំណាច់​ឆ្នំា ២០១២ និង​តំាង​ពី​លោក​ស៊ី ជីនពីង​បាន​ទទួល​តំណែង​ជា​ប្រធានាធិបតី​ចិន​មក ថ្នាក់ដឹកនំា​កំពូល​ទំាង​ពីរ​នាក់​នេះ​មិន​ដែល​បាន​ជួប​និយាយ​អង្គុយ​ទល់​គ្នា​ម្តង​ណា​ទេ វា​លើកលែង​តែ​ការ​ទៅ​ចូលរួម​ប្រជុំ​នៅ​ក្នុង​វេទិការ​អន្តរជាតិ​ផ្សេងៗ​ដូច​គ្នា។ នេះ​ក៏​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​ថា សង្រ្គាម​ពាក្យសម្តី និង​ការ​ប៉ះទង្គិច​គ្នា​ជុំវិញ​ទីប្រជុំកោះ​សេនកាគុ​បាន និង​កំពុង​បន្ត​មាន​ជា​ហូរហែ​មក​ដល់​សព្វថ្ងៃ។

លើស​ពី​នេះ​ទៅ​ទៀត ចិន​បាន​ក្តៅក្រហាយ​នឹង​ជប៉ុន​មិន​តិច​ទេ ការ​ដែល​ជប៉ុន​បាន​ជួយ​ឈឺ​ឆ្អាល​នៅ​ក្នុង​ជម្លោះ​រវាង​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន។ ថ្មីៗ​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​វៀតណាម និង​ចិន លោក​អាបេ​បាន​ថ្លែង​សង្កត់​ចិន​ដោយ​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​ចិន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​បូមប្រេង​ក្នុង​តំបន់​ជម្លោះ​ជាមួយ​វៀតណាម​ថា ជា​ទង្វើ​ដ៏​គ្រោះថ្នាក់​បំផុត។ ចិន​បាន​ឆ្លើយ​បក​វិញ​ភ្លាមៗ​ថា ជប៉ុន​គួរ​តែ​គិតគូរ​រឿង​កិច្ចការផ្ទៃក្នុង​​របស់​ខ្លួន​ទៅ វា​ប្រសើរ​ជាង។ ដូច្នេះ​ឃើញ​ថា តិច ឬ​ច្រើន កិច្ចប្រជុំកំពូល​លើកទី១៣ ស្តីពី​សន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក​ឆ្នំា​នេះ​អាច​ជា​វេទិកា​នៃ​ការ​ប្រើ​សង្រ្គាម​ពាក្យសម្តី​ដាក់​គ្នា​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ