ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាហ្វ្រិក

ស៊ូដង់៖ បាតុករទាមទារយុត្តិធម៌សម្រាប់យុទ្ធមិត្ត​ដែល​ត្រូវ​សម្លាប់ ក្នុងពេល​បាតុកម្ម​ទម្លាក់​ប្រធានាធិបតី

media  
បាតុករស៊ូដង់​ នាពេល​កន្លងទៅថ្មីៗនេះ REUTERS/Mohamed Nureldin Abdallah

ថ្ងៃ​សៅរ៍​ទៅ​៣០វិច្ឆិកា បាតុករ​ស៊ូដង់​ជាច្រើន​រយ​នាក់ បាន​ប្រមូលផ្តុំគ្នា​ស្រែក​តវ៉ា​នៅ​មុខ​វិមាន​នាយករដ្ឋមន្ត្រី ដើម្បី​ទាមទារ​ស្វែង​​រក​យុត្តិធម៌ឱ្យ​មិត្ត​ភក្តិ​និង​បាតុករ​ ជាង​២៥០នាក់ ដែល​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត នៅក្នុង​ពេល​ធ្វើ​បាតុកម្ម​ទម្លាក់​ប្រធានាធិបតី​ស៊ូដង់ Omar el-Béchir។ អតីតប្រមុខ​រដ្ឋ Omar el-Béchir បាន​ត្រូវ​កម្លាំង​ប្រជាជន​និង​ទាហាន​ ទាញ​ឱ្យ​ធ្លាក់​ពីអំណាច កាលពី​ខែមេសា​កន្លងទៅនេះ​ ក្រោយ​ពីលោក​បាន​​កាន់​អំណាច អស់​៣០ឆ្នាំ។ 

បាតុករ​ស៊ូដង់​ រាប់រាយ​នាក់ បាន​ស្រែក​តវ៉ា​រក​យុត្តិធម៌ ហើយ​អ្នក​ខ្លះ​ថែមទាំង​គំហក​បែប​ហិង្សា​ផង​ ថា«​គំនុំ​ឈាម​ត្រូវ​សង​ដោយ​ឈាម»។ សម្រែក​នេះ​លាន់​លឺ​អឺងកងរំពង​នៅ​មុខ​ទីចាត់ការ​របស់​នាយក​រដ្ឋមន្ត្រី ដែល​បាតុករ​ហាក់​កំពុងតែ​ដុកដាន់ខ្លាំង ឱ្យ​រិះរក​យុត្តិធម៌​ឱ្យ​ឆាប់​ភ្លាមភ្លែត ព្រោះ​គេ​បារម្ភ​ខ្លាច​ ជន​ឧក្រិដ្ឋមិនបានត្រូវ​កាត់ទោស​ចំពោះ​មុខ​ច្បាប់។ ជននោះ គឺគ្មាន​នរណា ក្រៅពី​អតីតប្រធានាធិបតី ​Omar el-Béchir នោះទេ ដែល​លោកត្រូវ​បាតុករប្រជាពលរដ្ឋ​​ស៊ូដង់​ ដែល​មាន​កម្លាំង​ទាហានគាំទ្រ​ ដេញ​លោក​ឱ្យ​ធ្លាក់​ពី​តំណែង។ លោកអតីត​ប្រធានាធិបតី​ស៊ូដង់​ត្រូវ​គេ​ចាប់​ដាក់​ឃុំក្នុង​រដ្ឋធានី​ និង​ត្រូវ​រង់​ចាំ​ថ្ងៃ​ជម្រះ​ក្តី​ ក្នុង​បទ​ចោទ​ប្រព្រឹត្ត​អំពើ​​ពុករលួយ​ ដែល​សវនាការ​កាត់​សេចក្តី នឹង​រៀបចំ​ធ្វើ​នៅថ្ងៃ​ទៅ​១៤ធ្នូ ខាងមុខ​នេះ​។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោកអតីត​ប្រ​មុរដ្ឋ​ Omar el-Béchir ចាប់ផ្តើម​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៨ រហូត​ដល់​ខែតុលាឆ្នាំ​២០១៩ ដែល​មាន​ការ​ប៉ះទង្គិចគ្នា និងរង​​ការ​បង្ក្រាបបណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច ២៥០នាក់​។​ នេះ​គឺ​នៅ​មិនទាន់​រាប់​អស់​ ពី​អ្នក​ដែល​បាត់​ខ្លួន​ផង។​

ក្រោយ​ការ​ទម្លាក់​ប្រធានាធិបតី​ចេញពី​អំណាច ​ចាប់ពី​ខែ​មេសា​មក ប្រទេស​ស៊ូដង់​ក្នុង​សម័យ​អន្តរកាល ត្រូវ​ដឹកនាំ​ដោយ​ ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន។ ក្រុម​ប្រឹក្សា​រដ្ឋ​នេះ កាលពី​ថ្ងៃទី២៩វិច្ឆិកា​ បានសម្រេច​​រំលាយ​គណបក្ស​របស់​អតីតប្រធានាធិបតី​Omar el-Béchir និង​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​របស់​គណបក្ស​នេះ ដាក់​ជា​សម្បត្តិ​រដ្ឋ​​។ មិនតែប៉ុណ្ណោះ ថែមទាំងបាន​ធ្វើ​ច្បាប់​ថ្មី ចោទ​ប្រកាន់​រដ្ឋាភិបាល​ចាស់​ ថា​ខុស​ច្បាប់ អស់​រយៈ​៣០ឆ្នាំ ដ្បិត​តែ​ លោក Omar el-Béchir បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋប្រហារ។​

ហេតុ​ដែល​ពលរដ្ឋស៊ូដង់​​បះបោរ​ក្រោកឈរ​ធ្វើ​បាតុកម្ម​រហូត​ទម្លាក់​ប្រធានាធិបតី គឺដោយសារតែ​ការ​ដឹកនាំប្រទេស​មានភាព​ផ្តាច់​ការ​ពេក ពុករលួយ និងការ​រឹតដ្បិត​សិទ្ធិសេរីភាព​ជ្រុល​ ព្រមទាំង​ត្រូវ​រងការ​រិះគន់​ជា​ខ្លាំង​ពី​អង្គការ​ខាង​ការ​សិទ្ធិ​បុរីជន​។ ជាក់​ស្តែង សូម្បី​តែ​នារី​ស្លៀក​ខោ​ខ្លី ឬ​ស្លៀក​ខោ​ធម្មតា​ក៏​មិន​បាន ហើយ​បើ​នារី​ណា​ហ៊ាន​ទៅ​ដើរ​លេង​ជប់​លៀង​ដាច់​យប់​ អាច​នឹង​ត្រូវ​រង​ពិន័យ​ធ្ងន់​។ ដូច្នេះ ក្រោយ​ពី​សម្រេច​ទម្លាក់​ប្រមុខ​រដ្ឋ​ចាស់​ចេញហើយ នារីៗ​ស៊ូដង់​សង្ឃឹម​ពន្លឺ​សិទ្ធិសេរីភាព​ ហើយ​ពួក​ក្រុម​នារី​ៗ​ក៏​ហ៊ាន​ងើប​ឈរ​ចេញ​តវ៉ា​ជាមួយ​ក្រុម​ប្រុស​ដែរ ជាអាទិ៍ នារី​ស៊ូដង់​កន្លងទៅ​ថ្មីៗនេះ បាន​ចេញមុខ​បាតុកម្ម​តវ៉ា​ឱ្យ​ស្វែង​រក​យុត្តិធម៌ សម្រាប់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​ផ្លូវ​ភេទ។​

ខណៈ​នេះ ប្រទេស​ស៊ូដង់​ជួប​វិបត្តិ​ច្រើន​ទាំងសង្គម និង​នយោបាយ។ ស៊ូដង់ កំពុង​​រំពឹង​ថា​អាច​នឹង​ដើរ​ឆ្លង​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច ដែល​រង​ការ​ប៉ះពាល់ជា​ទម្ងន់​ដោយ​សារ​បាតុកម្ម​ចំនួន​ពីរឆ្នាំ​មកនេះ ហើយ​ស៊ូដង់​កំពុងតែ​ទុកចិត្ត​ទៅលើ​អ្នក​ជំនាញ​សេដ្ឋកិច្ច Abdallah Hamdok ដែល​កំពុង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ