ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាស៊ី

​បុរស​កូរ៉េ​ខាង​ត្បូង​ម្នាក់​ដុត​សម្លាប់​ខ្លួន​ឯង​មុខទូត​ជប៉ុន ព្រោះជម្លោះ​ស្ដី​ពី​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ

media ទង់ជាតិ​កូរ៉េ​ខាង​ត្បូង និង ជប៉ុន បក់​ទន្ទឹម​គ្នា REUTERS

ជម្លោះរវាង​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង តាំង​ពីជិត​មួយ​សតវត្សរ៍​ទៅ​ហើយ នៅ​តែ​អូស​បន្លាយ​រហូត​មក​ទល់​បច្ចុប្បន្ន​។ នៅ​ថ្ងៃ​សុក្រ ទី​១៩​កក្កដា​នេះ បុរស​កូរ៉េ​ខាង​ត្បូង​ម្នាក់ បាន​ដុត​សម្លាប់​ខ្លួន​ឯង​នៅ​មុខ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ទីក្រុងសេ​អ៊ូល ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ជប៉ុន​។ ជប៉ុន​ដែល​មិន​ព្រម​សារភាព​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន ​ទាក់ទង​នឹង​​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២​។

បុរស​ដែល​ដុត​ខ្លួន​ឯងនៅ​មុខ​ស្ថានទូត​ជប៉ុន គឺ​ជា​ជន​រង​គ្រោះ​ម្នាក់ នៃ​អំពើ​ទាសភាព​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២​។ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​​ដុត​ខ្លួន​ឯង បុរស​កូរ៉េ​ខាង​ត្បូង​វ័យ​៧០​ឆ្នាំ​រូបនេះ ប្រាប់​អ្នក​ស្គាល់​គ្នា​តាម​ទូរសព្ទ​ថា ទង្វើ​របស់​គាត់ គឺ​ជា​សក្ខីភាព​នៃ​ការ​ប្រឆាំង​តវ៉ា​នឹង​ប្រទេស​ជប៉ុន​។

ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង មាន​ជម្លោះ​នឹង​គ្នា នៅ​ក្នុង​សំណុំ​រឿង​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២​។ កូរ៉េ​ខាង​ត្បូង​ទាមទារ​ឲ្យ​ជប៉ុន​សារភាព​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន​ និង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង ដែល​បាន​បម្រើ​ការងារ​ឲ្យ​ជប៉ុន​នៅ​ក្នុង​សម័យ​នោះ​។ ជម្លោះ​ការ​ទូត​នេះ បាន​ប្រែ​ក្លាយ​ទៅ​ជា​ជម្លោះ​ពាណិជ្ជកម្ម កាល​ពី​ដើម​ខែ​កក្កដា​នេះ បន្ទាប់​ពី​ជប៉ុន​បាន​ប្រកាស​រឹត​បន្តឹង​លក្ខខណ្ឌ​នៃ​ការ​នាំ​ចេញ​គ្រឿង​បន្លាស់​អេឡិចត្រូនិក​ទៅ​កូរ៉េ​ខាង​ត្បូង​។ ការ​រឹត​បន្តឹង​នេះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​ខាង​ត្បូង រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។

ជា​ការ​ឆ្លើយ​តបវិញ និង​ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ស្នេហា​ជាតិ​ ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​ពហិការ​មិនទទួល​ទាន​ស្រាបៀរ​របស់​ជប៉ុន​។ ​ការ​លក់​ស្រាបៀរ​ជប៉ុនដែល​ធ្លាប់​តែ​ពេញ​និយម​​នៅ​កូរ៉េ​ខាង​ត្បូង បាន​ធ្លាក់​ចុះ​ប្រមាណ​២៥​ភាគរយ នៅ​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ដើម​ខែ​កក្កដា​នេះ​។ នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​ដែរ ការលក់​ស្រាបៀរ​របស់​កូរ៉េ​ខាង​ត្បូង​ខ្លួន​ឯង កើន​ឡើង​ប្រមាណ​៧​ភាគ​រយ​។ អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​បាន​គូស​បញ្ជាក់​ថា ការ​ប្រែ​ប្រួល​ដូច្នេះ មិនធ្លាប់​មាន​ពី​មុន​មក​ទេ​។

បន្ថែម​ពី​ពហិការ​របស់អ្នក​បរិភោគ សមាគម​ម្ចាស់​ហាង​ទំនិញ​របស់​កូរ៉េ​ខាង​ត្បូង ដែល​មាន​សមាជិក​ចំនួន​ជិត​៤​ពាន់​​នាក់ បាន​សម្រេច​ចិត្ត​ឈប់លក់​ទំនិញ​របស់​ជប៉ុន​​។ ទំនិញ​ជប៉ុន ជា​ពិសេស​ស្រាបៀរ​តែ​ម្ដង លក់​ដាច់​ខ្លាំង​ណាស់​នៅ​កូរ៉េ​ខាង​ត្បូង​។ មិន​លក់​ស្រាបៀរ​ជប៉ុន គឺ​ជា​ការ​ខាត​បង់​ដ៏ធំ​មួយ​សម្រាប់​ម្ចាស់​ហាង​ ប៉ុន្តែ​ពួក​គេ​​មិន​ស្ដាយ​ក្រោយ​ទេ ដោយ​ចាត់​ទុក​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ថា ជា​ការ​លះបង់​ដើម្បី​ជាតិ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ