អានតួអត្ថបទ
កូរ៉េខាងជើង

យុវនារី​​ដ៏​​អាថ៌​កំបាំង​​ម្នាក់​​នៅ​​ជាប់​​លោក​​គឹម​ ជុងអ៊ុន​​ជា​​នរណា?​​

អ្នកឯកទេស​ផ្នែក​កូរ៉េខាង​ជើង​ កំពុង​តែ​ចោទ​​សួរ ​អំពី​អត្តសញ្ញាណ​យុវនារី​ម្នាក់​​​ដែល​មាន​វត្តមាន​ជាប់​ជានិច្ចនឹងប្រមុខដឹកនាំ​កូរ៉េខាង​ជើង​លោក​ គឹមជុងអ៊ុន​​ ​ថា​តើ​នារី​នោះ​ជា​នរណា?​ ជា​ប្អូន​ស្រី​ឬ​មួយ​ក៏​ជា​ស្រី​កំណាន់ចិត្ត​របស់​លោក គឹម ជុង​អ៊ុន?

លោក​ប្រមុខដឹកនាំកូរ៉េខាងជើង​គឹម ជុងអ៊ុន (កណ្តាល)ឈរជាប់យុវនារីមួយរូបដែលអ្នកឯកទេសកំពុងចោទសួរថាតើនាងជានរណា?
លោក​ប្រមុខដឹកនាំកូរ៉េខាងជើង​គឹម ជុងអ៊ុន (កណ្តាល)ឈរជាប់យុវនារីមួយរូបដែលអ្នកឯកទេសកំពុងចោទសួរថាតើនាងជានរណា? REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

នៅ​​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទូរទស្សន៍​កូរ៉េ​ខាង​ជើង បាន​ផ្សព្វផ្សាយ​បង្ហាញ​រូបភាព​ជា​ច្រើន​របស់​​​យុវនារី​​មួយ​រូប​ដែល​អង្គុយជាប់​​ក្បែរ​ប្រមុខ​ដឹកនាំថ្មី​កូរ៉េ​ខាង​ជើង​លោក គឹម ជុង​អ៊ុន ​នៅ​​ក្នុង​ពិធី​សំដែង​គារវកិច្ច​មួយ​ចំពោះ​វិញ្ញាណក្ខន្ធ​​សព​លោក គឹម អ៊ីលស៊ុង។ លោក​គឹម អ៊ីលស៊ុង ដែល​ត្រូវ​ជា​ជីតា​របស់គឹមជុងអ៊ុន​និង​ក៏​ជា​ស្ថាបនិក​ប្រទេស​កូរ៉េ​ខាង​ជើង​ ដែល​​បានទទួល​​អនិច្ចកម្ម​នៅ​​ឆ្នាំ​១៩៩៤។ យុវនារីដដែលនេះ ដែល​មាន​​អាយុ​ប្រមាណ​ជា​២០​ឬ​​៣០​​ឆ្នាំប្រកបដោយ​សម្លៀក​​​បំពាក់​ព័ណ៌​ខ្មៅ​សុទ្ធនិង​មាន​សក់​ខ្លី ត្រូវ​បាន​គេ​ឃើញ​ជា​ថ្មីទៀត​​នៅក្បែរ​​លោក​​គឹមជុង​អ៊ុន​ ​​ក្នុងពិធី​​​ប្រគំវង់​តន្ត្រី​ជាតិ​មួយកាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​​មុន។​

 មធ្យោបាយឃោសនាមហាជនកូរ៉េខាងត្បូង ខ្លះបាន ​ប៉ាន់​ស្មាន​ថា នារី ​ដែល​​​មាន​វត្តមាន​​​នៅ​ជិត​​លោក ​គឹម​ គឺ​ជា​ប្អូន​ស្រី​​របស់​គាត់​​ឈ្មោះ Yo-Long  ។ នាងនេះ ក៏​​ប្រហែល​ជា​ ធ្លាប់​ធ្វើការ​សិក្សា​ ជាមួយ​គឹម​ជុងអ៊ុនដែរ នៅប្រទេសស្វីសជំនាន់​ឆ្នាំ៩០។ កាសែត​កូរ៉េ​ខាង​ត្បូង​ខ្លះ​ទៀត  បាន​​និយាយ ​​​យ៉ាង​សាមញ្ញ​ថា “នាងនោះ​​គឺ​ជា​ភរិយា​​គឹម ជុង​អ៊ុន”។ យោងតាម ទិនានុប្បវត្តិ កូរ៉េ​ខាង​ត្បូង​ ឈ្មោះ​ Joong Ang Ilbo  នារី​​ដែល​នៅជាប់ជានិច្ចជាមួយ​លោក​ គឹម-​ជុងអ៊ុន​​ អាច​ជា​នាង Hyon Song-Wol  ដែល​ជា​​អ្នក​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​​កូរ៉េ​ខាង​ជើង​​និង​ក៏​អាច​ជា​សង្សារ​របស់​លោក​គីម​ដែរ ។

នារីរូបនេះ លែងបញ្ចេញមុខ​ ជា​សាធារណៈ​តាំងពី​ឆ្នាំ​២០០៦ម្ល៉េះ​ មុន​​នឹងចាប់​​លេចមុខ​សាជា​​ជា​ថ្មី​​​នៅ​​ខែ​មីនា​ឆ្នាំ​២០១២​ ​ដោយមាន​ផ្ទៃ​ពោះ​ផង។​

នាង​ជា​មិត្តនារី ​របស់​គឹម​ជុងអ៊ុន​តាំង​ពី​វ័យ​ជំទង់​ ហើយ ពាក្យ​ចចាម​អារ៉ាម​មួយ ​ដែល​​លេច​ឮ​​​នៅ​​ក្នុង​រង្វង់​ឥស្សរជន​កូរ៉េ​ខាង​ជើងក៏បញ្ជាក់ថា នាង​ Hyonនេះ​ ក៏​ជា​សង្សារ​ ​​លោក​គឹម​ជុងអ៊ុន​ដែរ- នេះជាការបញ្ជាក់បន្ថែម​របស់កាសែតJoong Ang Ilbo​ ។ 

ក៏ប៉ុន្តែ លោក Yang Moo-Jin វិញ ដែលធ្វើការនៅសាកល​វិទ្យាល័យនៃទីក្រុង ​សេអ៊ូល ​​ផ្នែក សិក្សា​​ អំពីកូរ៉េខាងជើង -​​​ បាន​​គូសបញ្ជាក់ថា “គេពុំអាច​ជឿ​ថាយុវនារី ដ៏​អាថ៌កំបាំង​រូបនេះ ​ អាចជាសង្សារ​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើងបានឡើយ​។ លោក ​​ Yang Moo-Jin-បានរំលឹក​ជា​ថ្មី​ទៀត​ថា តាំងពីយូរយារមកហើយ-គេកម្រឃើញ​មានភរិយា​ នៃប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ណាមួយ ​បង្ហាញមុខជាសាធារណៈឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ