អានតួអត្ថបទ
រុស្ស៊ី-កីឡា

រុស្ស៊ី​ដែល​កំពុង​ជាប់​ទណ្ឌកម្ម​នយោបាយ​និង​សេដ្ឋកិច្ច​ ​​ឥឡូវរង​ទាំង​ទណ្ឌកម្ម​កីឡា​

ល្ងាចថ្ងៃ​ចន្ទ​ម្សិលមិញ ទីភ្នាក់ងារ​ពិភពលោក​ប្រឆាំង​ការ​ប្រើថ្នាំ​​លើកកម្លាំង​​ដោយ​អ្នកកីឡា​ ​ហៅកាត់​ថា AMA បាន​អំពាវនាវ​​ឲ្យលុបឈ្មោះ​​ប្រទេស​រុស្ស៊ី ចេញពី​រាល់ការ​ប្រកួត កីឡា​អន្តរជាតិ បូកទាំង​កីឡាអូឡាំពិក​អន្តរជាតិ នៅ​ប្រទេស​ប្រេស៊ីល ក្នុងខែ​ក្រោយទៅ​​ផង។ សេចក្តី​អំពាវនាវនេះ​ ត្រូវបាន​បន្លឺឡើង​ភ្លាមភ្លែត​បន្ទាប់ពី​លោកប្រធាន​​ទីភ្នាក់ងារ​នេះ​  Ricard McLaren បានចេញផ្សាយ​របាយការណ៍​កម្រាស់​១០០ទំព័រ បរិហារ​អាក្រាត​ថា ​ក្នុងល្បែង​កីឡា​អូឡាំពិក​ឆ្នាំ២០១៤ នៅក្រុង​រុស្ស៊ី Sochi ការប្រើថ្នាំ​លើកកម្លាំង​ដោយអ្នក​កីឡា​រុស្ស៊ី​ បានទៅជា​នយោបាយ​ថ្នាក់រដ្ឋ។ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន បាន​ប្រតិកម្ម​ដោយ ឥត​បង្អែបង្អង់​ឡើយ។​

និមិត្ត​សញ្ញា​កីឡាអូឡាំពិក
និមិត្ត​សញ្ញា​កីឡាអូឡាំពិក © Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុងល្បែង​កីឡាអូឡាំពិក​រដូវត្រជាក់​​ដែលបាន​ប្រព្រឹត្តទៅ​ ខែកុម្ភៈ​ឆ្នាំ២០១៤​ នៅក្រុង​រុស្ស៊ី​ Sochi ​មន្ទីរ​ពិសោធ​ប្រឆាំង​ការប្រើថ្នាំ​លើកកម្លាំង​ ទាំងនៅ​រដ្ឋធានី​ម៉ូស្គូ ទាំង​នៅក្រុង​Sochi បាន​ការពារ​អ្នកកីឡា​រុស្ស៊ី​ដែលប្រើ​ថ្នាំលើក​កម្លាំង - ការពារនេះ​គឺក្នុង​ក្របខ័ណ្ឌ​នៃ​ប្រព័ន្ធ​ប្រើ ថ្នាំ​លើកកម្លាំង​របស់រដ្​ឋយ៉ាង​កក់ក្តៅ- ដែលគ្រប់គ្រង​​ត្រួតត្រា និង​ឃ្លាំមើល​ពីលើ ដោយ​ក្រសួង​កីឡារុស្ស៊ី​ ដោយ​ស្ថាប័ន​សន្តិសុខ​ជាតិ​រុស្ស៊ី ​FSB និង​ដោយ​ ទីភ្នាក់ងារ​សម្ងាត់​រុស្ស៊ី​នានា​ - ​ការ​ចោទប្រកាន់​នេះ មានចែង​ក្នុងរបាយការណ៍​លើកឡើង ​ល្ងាចថ្ងៃ​ចន្ទ១៨​កក្កដា​នៅក្រុង​Toronto ដោយប្រធាន​ទីភ្នាក់ងារ​ AMA​  គឺ​លោក Ricard McLaren​ ជា អ្នកច្បាប់​ជាតិ​កាណាដា។  ​

ឯកសារនេះ​កម្រាស់​​១០០ទំព័រ​ ត្រូវបាន​តាក់តែងឡើង​ទៅតាម​បទបញ្ជា​កាលពី​ខែឧសភា​ នៃ ទីភ្នាក់ងារពិភពលោក ប្រឆាំង​ការប្រើថ្នាំ​លើក​កម្លាំង​​ដោយអ្នកកីឡា ហៅកាត់ថា AMA ក្រោយ​ពីមាន​បន្លឺឡើង​នូវការចោទប្រកាន់ ពីខាង​អតីតអ្នកដឹកនាំ​មន្ទីរពិសោធ​រុស្ស៊ី​ប្រឆាំង​ការ​ប្រើថ្ណាំ​លើកកម្លាំង​ដោយ​អ្នកកីឡា ​គឺលោក Grigori Rodtchenkov ដែលបើកអាក្រាត ប្រព័ន្ធ​ប្រើថ្នាំ​លើកកម្លាំងអ្នកកីឡារុស្ស៊ី  ចាត់ចែងឡើង​ក្នុងល្បែងកីឡា​អូឡាំពិក​រដូវ​ត្រជាក់​ នៅក្រុង​រុស្ស៊ី Sochi ឆ្នាំ២០១៤។​

ទូរទស្សន៍រុស្ស៊ី​ដោយផ្សាយ​ដំណឹងនេះ​ ចាប់អារម្មណ៍​ទៅលើ​ចម្លើយ​របស់​លោក McLaren​ ដែល​តបនឹង​សំនួរអ្នកកាសែត​ម្នាក់​នៅក្រុង​ Toronto នោះ​តើគួរឲ្យជឿ​ដែររឺ​ សម្តីជន​ភៀសខ្លួន រុស្ស៊ី​នោះ ដែលបាន​ទទួលសិទ្ធិ​ស្នាក់នៅ​ស.រ.អា. ក្រោយពី​កីឡាអូឡាំពិក​នៅក្រុង Sochi​ បាន​ចប់ទៅ ​បានថ្លែងថា​ លោក​បណ្ឌិតរុស្ស៊ី​ Rodtchenkov មិនអាច​ភរគាត់​ឡើយ​ ក្នុង​អាណត្តិ​គាត់ ​ជាប្រធាន​AMA។ ទូរទស្សន៍​រុស្ស៊ី ក៏​ចាប់អារម្មណ៍​ថា លោក McLaren ពោល​អះអាងចោទរុស្ស៊ី ដោយគ្មានលើកយកភស្តុតាងមក​បង្ហាញ​ឡើយ គឺ​និយាយ​តែ​មាត់​ទទេ។​

ប្រាកដ​ណាស់ ដែលលោកពូទីន ជាប្រធានាធិបតីប្រទេសរុស្ស៊ី ជា​មហា​អំណាច​កីឡា​មួយ​ដែរ មិនអាច​មិនបញ្ចេញ​ប្រតិកម្ម​ឡើយ។​ តាមប្រសាសន៍​គាត់៖ ឥឡូវ យើងជា​សាក្សី​ឃើញ ការ​លាប់ឡើងវិញ​យ៉ាង​គ្រោះថ្នាក់​​នៃអំពើ​ជ្រៀតជ្រែក​នយោបាយ​​ចូលក្នុង​កីឡា។​ ពួកគេ​កំពុង​ប្រែ​កីឡា​ទៅជា​ឧបករណ៍​នៃ​គំនាប​ភូមិ​សាស្ត្រ-នយោបាយ បង្កើតឡើង​មុខមាត់​អវិជ្ជមាន​របស់​ប្រទេសនិង​ប្រជាជន​រុស្ស៊ី។ ចលនា​អូឡាំពិក​ដែលតែង​ដើរតួ​ធំសំបើម​ ខាង បង្រួប​បង្រួម​​មនុស្សលោក​​អាចធ្លាក់ខ្លួន​បែកបាក់​ជាថ្មី។​

លោកពូទីន​សង្កត់ធ្ងន់​ថា ការចោទ​ប្រកាន់​ពួកអ្នកកីឡា​រុស្ស៊ី គឺ​សំអាង​លើ​សម្តី​បុគ្គល​តែម្នាក់-  បុគ្គល​ដែលមាន​កេរ្តិ៍​ឈ្មោះអាស្រូវ​នៅ​រុស្ស៊ីសោះ​ដោយ​ក្នុងឆ្នាំ២០១២​ ជននេះ​បានជាប់ក្នុង សំណុំរឿង​ព្រហ្មទណ្ឌ​ទៅហើយ​ តាមបទ​រំលោភលើ​ច្បាប់​ប្រឆាំង​ការប្រើថ្នាំ​លើក​កម្លាំង ប៉ុន្តែ កាលណោះ​ ដោយមកពី​ប្រមូល​ភស្តុតាង​មិនបាន​គ្រប់គ្រាន់​ សំណុំរឿង​ជននេះ ក៏ត្រូវ​បានបិទ​ទៅវិញ។

ហើយនៅថ្ងៃ​១៧មិថុនា​ឆ្នាំនេះ សំណុំរឿង​ព្រហ្មទណ្ឌ​ទលនឹង​ឈ្មោះ Rodtchenkov ត្រូវបាន​កសាង​ឡើងវិញ​ ពាក់ព័ន្ធ​នឹងការជួញ​ថ្នាំដែល​ហាមប្រាម​ដោយច្បាប់​រុស្ស៊ី និង​យោង​តាម​ពាក្យបណ្តឹង​របស់​ពួក​អ្នក​កីឡា​រុស្ស៊ី។  សាច់ញាតិម្នាក់​របស់​ជននេះ​ត្រូវបាន​តុលាការ​រុស្ស៊ី​កាត់ទោស​ទៅហើយ​​ចំពោះ​ការជួញថ្នាំ​ ដែល​ជាប់​ក្នុងបម្រាម។​

តាមការ​ឲ្យដឹង​នៃលោក​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ Thomas Bach វាសនា​ពួកអ្នក​​កីឡារុស្ស៊ី ​នឹងត្រូវអារកាត់​ថ្ងៃអង្ការនេះ តាមរយៈ​សន្និសីទ​ទូរស័ព្ទ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ