អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការបង្ហោះ​យានអវកាស​ឥណ្ឌា​ទៅ​ភព​ព្រះអង្គារ​នឹង​ជំរុញ​ការ​ប្រជែង​ផ្នែក​អវកាស​នៅ​អាស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​អង្គារ ឥណ្ឌា​បាន​បាញ់​បង្ហោះយាន​អវកាស​មួយគ្រឿង​ឆ្ពោះ​ទៅ​កាន់​ភព​ព្រះអង្គារ។ ការបាញ់​បង្ហោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ ក៏ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​ជាច្រើន​ខែ​ទៀត​ទើប​អាច​ដឹង​ថា តើ​យាន​អវកាស​នេះ​នឹង​អាច​ធ្វើ​ដំណើរ​ទៅដល់​ភព​ព្រះអង្គារ​ដែរ​ឬ​ក៏​យ៉ាងណា។ ប្រសិនបើ​បេសកកម្ម​នេះ​ពិត​ជា​ទទួលបាន​ជោគជ័យ​មែន ឥណ្ឌា​នឹង​ក្លាយទៅជា​ប្រទេស​ដំបូង​បង្អស់ នៅ​ក្នុង​តំបន់​អាស៊ី ដែល​អាច​បញ្ជូន​យាន​ទៅកាន់​ភព​ព្រះអង្គារ​បាន ហើយ​នេះ​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​​​ផ្នែក​អវកាស នៅ​ក្នុង​តំបន់​អាស៊ី កើតមាន​កាន់តែ​ស្រួចស្រាវ​ថែមទៀត។

រូបគំនូរ​បង្ហាញ​អំពី​យានអវកាស ដែល​ឥណ្ឌា​បញ្ជូន​ទៅ​កាន់​ភពព្រះអង្គារ កាលពីថ្ងៃ​អង្គារ ៥វិច្ឆិកា ២០១៣
រូបគំនូរ​បង្ហាញ​អំពី​យានអវកាស ដែល​ឥណ្ឌា​បញ្ជូន​ទៅ​កាន់​ភពព្រះអង្គារ កាលពីថ្ងៃ​អង្គារ ៥វិច្ឆិកា ២០១៣
ផ្សាយពាណិជ្ជកម្ម

រ៉ុកកែត​ផ្ទុក​យាន​អវកាស​ឥណ្ឌា​ត្រូវ​បាន​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​ កាលពីថ្ងៃ​អង្គារ។ យានអវកាស​គ្មាន​មនុស្ស​បើក​នេះ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីអវកាស ក្នុង​រយៈចម្ងាយ​រាប់រយលាន​គីឡូម៉ែត្រ​ និង​ត្រូវ​ចំណាយ​ពេល​ជិត​១ឆ្នាំ​ ទើប​ទៅដល់​គន្លង​តារាវិថី​នៃ​ភព​ព្រះអង្គារ។

យាន​អវកាស​នេះ​នឹង​មិន​ធ្វើការ​ចុះចត​នៅលើ​ដីភព​ព្រះអង្គារ​នោះទេ គឺ​គ្រាន់តែ​ធ្វើ​ដំណើរ​នៅ​ក្នុង​គន្លងតារាវិថី​ ជុំវិញ​ភព​នេះ​តែ​ប៉ុណ្ណោះ។ នៅលើ​យានអវកាស​នេះ​ មាន​បំពាក់ទៅដោយ​ឧបករណ៍​វិទ្យាសាស្រ្ត​មួយចំនួន ដើម្បី​ធ្វើការ​សិក្សា​ទៅលើ​បរិយាកាស​ជុំវិញ​ភព​ព្រះអង្គារ ព្រមទាំង​សិក្សា​មើល​ ក្រែងលោ​មាន​តម្រ៉ុយ​នៃ​ជីវិត​​នៅលើ​ភព​នេះ។

ក៏ប៉ុន្តែ អ្នកខ្លះ​បាន​ចោទ​ជា​សំណួរ​ថា តើឥណ្ឌា​​មាន​ប្រយោជន៍​អ្វី​ ដែល​ទៅ​សិក្សា​ពី​ភព​ព្រះអង្គារ ដែល​នៅ​ចម្ងាយ​រាប់រយលាន​គីឡូម៉ែត្រ​ពី​ភពផែនដី នៅ​ក្នុង​ពេល​ដែល​ប្រជាជន​ឥណ្ឌា​រាប់លាននាក់ កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​សព្វថ្ងៃ​នេះ?

អ្នកជំនាញ​ខាង​ផ្នែក​អវកាស​ជាច្រើន​យល់ថា ការណ៍​ដែល​ឥណ្ឌា​បញ្ជូន​យានអវកាស​ទៅកាន់​ភព​ព្រះអង្គារ​នៅពេលនេះ មិនសូវ​ជា​មាន​គោលដៅ​ខាង​ផ្នែក​វិទ្យាសាស្រ្ត​ប៉ុន្មាន​នោះទេ ពីព្រោះ​ថា ឧបករណ៍​ដែល​បំពាក់​លើ​យានអវកាស​របស់​ឥណ្ឌា​នេះ អាចឲ្យ​ឥណ្ឌា​​សិក្សាស្វែងយល់​​បាន​តែ​ទៅលើ​ចំណុច​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​សិក្សា​ដឹងយ៉ាង​ច្រើន​ និង​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​រួចទៅហើយ ជាពិសេស គឺ​​ការ​សិក្សា​ចេញ​ពី​ទិន្នន័យ​ផ្តល់​ដោយ​រ៉ូបូ​របស់​អាមេរិក ឈ្មោះ Curiosity ដែល​កំពុង​​​ស្ថិត​នៅលើ​ដី​របស់​ភព​ព្រះអង្គារ​តែម្តង។

ដូច្នេះ​ គោលដៅ​ធំបំផុត​​របស់​ឥណ្ឌា គឺ​មិនមែន​ ដើម្បី​សិក្សា​ពី​ភព​ព្រះអង្គារ​នោះទេ ក៏ប៉ុន្តែ គឺ​ដើម្បី​ធ្វើតេស្ត និង​បង្អួត​ពី​បច្ចេកវិទ្យា​ផ្នែក​អវកាស​ឥណ្ឌា​ដល់​ពិភពលោក​បាន​ឃើញ។ និយាយ​ឲ្យ​ចំ វា​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួតប្រជែង​ខាង​ផ្នែក​អវកាស​ នៅ​ក្នុង​តំបន់​អាស៊ី ជាពិសេស គឺ​ឥណ្ឌា​ចង់​ប្រជែង​ជាមួយ​ចិន ដែល​ជា​គូប្រជែង​ដ៏ធំមួយ​របស់​ឥណ្ឌា។

រហូតមកទល់នឹង​ពេលនេះ ឥណ្ឌា​តែងតែ​ដើរពីក្រោយ​ចិន ខាង​ផ្នែក​បច្ចេកវិទ្យា​អវកាស។ ចិន​បាន​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ទៅ​កាន់​ព្រះចន្ទ តាំង​ពី​ឆ្នាំ​២០០៧ ពោលគឺ ១ឆ្នាំ​មុន​ឥណ្ឌា។ ចិន​បាន​បញ្ជូន​មនុស្ស​ទៅ​កាន់ទីអវកាស​តាំង​ពី​ឆ្នាំ​២០០៣ ក្នុងពេល​ដែល​ឥណ្ឌា​នៅមិនទាន់​អាច​ធ្វើ​បាន​ម្តង។ បច្ចុប្បន្ន ចិន​មាន​បច្ចេកវិទ្យា​ទំនើប ក្នុងការ​​ផលិត​រ៉ុកែត ដែល​អាច​ផ្ទុក​យាន​ដែល​មាន​ទម្ងន់​ធ្ងន់ជាង​អ្វី​ដែល​ឥណ្ឌា​អាច​ធ្វើ​បាន។

ឥណ្ឌា​សំឡឹង​ឃើញ​បេសកកម្ម​ទៅកាន់​ភព​ព្រះអង្គារ​ថា​ជា​ឱកាស​ដ៏ល្អមួយ ដើម្បី​យក​ជ័យជម្នះ​លើ​ចិនវិញ ដោយសារ​តែ​​រហូតមកទល់នឹង​ពេលនេះ​ចិន​នៅមិនទាន់​អាច​បញ្ជូន​យានអវកាស​ទៅកាន់​ភព​ព្រះអង្គារ​នេះ​បាន​នៅឡើយទេ។ ចិន​ធ្លាប់​បាន​ព្យាយាម​ធ្វើ​ម្តងដែរ កាល​ពី​ឆ្នាំ​២០១១ ក៏ប៉ុន្តែ ត្រូវ​ទទួល​​បរាជ័យ។

ដូច្នេះ បើសិន​ជា​យានអវកាស ដែល​ឥណ្ឌា​បាញ់​បង្ហោះ​កាល​ពីថ្ងៃ​អង្គារ​នេះ អាច​ធ្វើ​ដំណើរ​ទៅដល់​គន្លងតារាវិថី​នៃ​ភព​ព្រះអង្គារ​មែន វា​គឺ​ជា​មោទនភាព​ដ៏ធំ​មួយ សម្រាប់​ឥណ្ឌា។ ឥណ្ឌា​មិនត្រឹមតែ​អាច​យក​ឈ្នះ​ចិន​តែមួយ​នោះទេ ក៏ប៉ុន្តែ អាច​ដើរ​មួយជំហាន​មុន​ប្រទេស​ណាៗ​ទាំងអស់​នៅ​អាស៊ី ពីព្រោះ​ថា រហូតមកទល់នឹង​ពេលនេះ មិនទាន់​មាន​ប្រទេស​អាស៊ី​ណាមួយ ដែល​អាច​បញ្ជូន​យាន​អវកាស​ទៅដល់​ភព​ព្រះអង្គារ​បាន​នៅឡើយទេ។ បើ​និយាយ​នៅ​ក្នុង​ទូទាំង​ពិភពលោក​ទាំងមូល មាន​ប្រទេសតែ៣ប៉ុណ្ណោះ ដែល​​ធ្លាប់​ទទួល​ជោគជ័យ​ក្នុងការ​បញ្ជូន​យានអវកាស​ទៅ​កាន់​ភព​ព្រះអង្គារ គឺ​សហរដ្ឋ​អាមេរិក អតីត​សហភាព​សូវៀត និង​សហភាព​អឺរ៉ុប។

ជោគជ័យ​របស់​ឥណ្ឌា​ គឺ​ជា​មោទនភាព​សម្រាប់​ប្រជាជន​ឥណ្ឌា ក៏ប៉ុន្តែ វា​ក៏​ប្រហែល​ជា​នឹង​ជំរុញ​ឲ្យ​ការ​ប្រកួតប្រជែង​ខាង​ផ្នែក​អវកាស​អាច​កើតមាន​​កាន់តែ​ស្រួចស្រាវ​ឡើង​ដែរ រវាង​ប្រទេស​នៅ​អាស៊ី។ នៅ​អាស៊ី មាន​ប្រទេស ៣ ដែល​អាច​មាន​ការ​ប្រកួតប្រជែង​គ្នា​ក្នុង​ទីអវកាស គឺ​ ជប៉ុន ចិន និង​ឥណ្ឌា។ ក្នុង​ចំណោម​ប្រទេស​ទាំងបី​នេះ ជប៉ុន គឺ​ជា​ប្រទេស​ដែល​មាន​បទពិសោធន៍​ចាស់ឆ្នាំ​ជាងគេ​ក្នុង​​បច្ចេកវិទ្យា​ផ្នែក​អវកាស។ ចិន​​បោះជំហាន​ចូល​ទីអវកាស​ក្រោយ​ជប៉ុន ក៏ប៉ុន្តែ ជា​ប្រទេស​ដែល​សម្បូរ​លុយ ហើយ​ដែល​មិនញញើត​នឹង​ចំណាយ​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​អវកាស ក្នុងពេល​ដែល​ជប៉ុន​មិនទាន់​ងើបផុត​ពី​វិបត្តិ​សេដ្ឋកិច្ច។ ចំណែក​ឥណ្ឌាវិញ ក្នុងពេល​បច្ចុប្បន្ន​នេះ​ នៅ​ជា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​អវកាស​​អន់ថយ​នៅឡើយ​ បើ​ធៀបនឹងជប៉ុន ឬ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ