អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន​៖​ស្លាប់​​៧២​នាក់​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​​ថ្ងៃ​បុណ្យ​សាសនា​គ្រិស្ត​

តាម​តុល្យការ​បឋម យ៉ាង​តិច​ណាស់​មាន​មនុស្ស ៧២​នាក់ បាន​ស្លាប់ និង​ប្រមាណ​ជាង​ ២០០​នាក់ទៀត បាន​រង​របួស ដោយ​ក្នុង​នោះ​ភាគ​ច្រើន​ជា​កុមារ ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ក្នុង​សួនច្បារ​ នា​ទី​ប្រជុំជន​ ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ការ​បំផ្ទុះ​គ្រាប់​បែក ដែល​ធ្វើ​ឡើង ខណៈ​ពេល​ដែល​ប្រជាជន​អ្នក​កាន់​សាសនា​គ្រិស្ត​ជា​ច្រើន​ ​ក្នុង​ប្រទេស​ប៉ាគីស្ថាន កំពុង​ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​គ្រិស្ត Pasch ដ៏​ធំ​ប្រចាំ​ឆ្នាំ។ ​ក្រុម​ឧទ្ទាម​តាលីបង់ បាន​ចេញ​មក​ប្រកាស​ទទួល​ខុស​ត្រូវ ចំពោះ​សោកនាដកម្ម​នេះ ខណៈ​ពិភពលោក​នាំ​គ្នា​ថ្កោល​ទោស​យ៉ាង​ចាស់​ដៃ​។​ 

ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ដែល​សម្លាប់មនុស្សជាច្រើននាក់ ក្នុងប្រទេសប៉ាគីស្ថាន។
ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ដែល​សម្លាប់មនុស្សជាច្រើននាក់ ក្នុងប្រទេសប៉ាគីស្ថាន។ ARIF ALI / AFP
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​អាទិត្យ ប្រជាជន​អ្នក​កាន់​សាសនា​គ្រិស្ត​ជា​ច្រើន​លាន​នាក់ ក្នុង​ប្រទេស​ប៉ាគីស្ថាន​ មាន​ទាំង​ក្មេង ចាស់ ប្រុស ស្រី បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​គ្រិស្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ ដែល​គេ​ហៅ​ថា​បុណ្យ​សាសនា​គ្រិស្ត Pasch ឬ​បុណ្យ​ Easter​។ ជា​អកុសល ពេល​ដែល​ក្មេង​ៗ កំពុង​រត់​លេង​យ៉ាង​សប្បាយ​ ស្រាប់​តែ​មាន​បុរស​ម្នាក់ ដែល​ស្ពាយ​សាក់​កាដូ ដើរ​កាត់​សួន​សាធារណៈ​ដ៏​អ៊ូរអរ​មួយ​កន្លែង ​បាន​បំផ្ទុះ​ខ្លួន​ឯង​ជាមួយ​នឹង​គ្រាប់​បែក​បង្កៃ ដែល​បណ្តាល​ឲ្យ​មនុស្ស​នៅ​ជុំវិញ​នោះ មួយ​ចំនួន​បាន​ស្លាប់​ភា្លម​ៗ​ និង​ជា​ច្រើន​ទៀត បាន​រង​របួស​ ដួល​ដេក លាយ​ឡំ​នឹង ​ឈាម​ដាប​​ពេញ​ដី​។​

មន្ត្រី​រដ្ឋ​បាល ក្រុង Lahore បាន​និយាយ​ថា ជន​ដែល​បំផ្ទុះ​គ្រាប់​បែក​នោះ មាន​បំណង​ចូល​ទៅ​ក្នុង​សួន​សាធារណៈ ហើយ​បំផ្ទុះ​ខ្លួន​ឯង ជិត​កន្លែង​ដែល​ក្មេង​ៗ​កំពុង​តែ​លេង​សប្បាយ​តែ​ម្តង​។ ក្រោយ​ហេតុការណ៍​នោះ ក្រុម​សង្គ្រោះ​បន្ទាន់ បាន​ស្ទុះ​ស្ទា​ដុត​ដៃ​ដុត​ជើង ជួយ​ជន​រង​គ្រោះ ចំណែក​ក្រុម​គ្រូពេទ្យ​វិញ បាន​ប្រកូក​ប្រកាស​ស្វែង​រក​ការ​បរិច្ចាគ​ឈាម​បន្ទាន់ ដើម្បី​ជួយ​ដល់​អ្នក​រស់រាន​មាន​ជីវិត​។

ភ្លាម​ៗ ក្រុម​ឧទ្ទាម​តាលីបង់ ក៏​បាន​ចេញ​មុខ​មក​ប្រកាស​​ថា នេះ​គឺ​ជា​ស្នាដៃ​របស់​ខ្លួន​ ហើយ​គោល​ដៅ​គេ គឺ​សម្លាប់​គ្រិស្តសាសនិក​ឲ្យ​ខ្ទេច​។ ​នាយក​រដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន លោក Nawaz Sharif បាន​សម្តែង​ការ​សោក​ស្តាយ​ និង​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ហើយ​ថ្កោល​ទោស​ថា នេះ​ជា​ទង្វើ​យ៉ាង​អសីល​ធម៌​បំផុត ចំពោះ​ជីវិត​មនុស្ស​ស្លូត​ត្រង់​។ សម​ភាគី​ឥណ្ឌា លោក​នាយក​រដ្ឋ​មន្ត្រី Narendra Modi បាន​ទូរស័ព្ទ​មក​ភ្លាម​ លួងលោម​ថា ប្រជាជន​ឥណ្ឌា ជា​បង​ប្អូន​ដែល​ឈរ​ជាមួយ​ប្រជាជន​ប៉ាគីស្ថាន​ជានិច្ច​។

រី​ឯ ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​នាង Malala Yousafzaiបាន​សរសេរ​ក្នុង Tweeter ថា ប៉ាគីស្ថាន​ និង​ពិភពលោក​ ត្រូវ​តែ​រួម​គ្នា​ជា​ធ្លុង​មួយ ព្រោះ​ថា​ជីវិត​មនុស្ស​គ្រប់​រូប​មាន​តំលៃ ដែល​ត្រូវ​តែ​គោរព និង​ការពារ​។ ខាង​បុរី​វ៉ា​ទី​កង់​វិញ​ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង ​ចំពោះ​ការ​វាយ​ប្រហារ​យ៉ាង​យង់​ខ្នង​ សម្តៅ​​ប្រឆាំង អ្នក​កាន់​សាសនា​គ្រិស្ត ដែល​មាន​ចំនួន​តិច​តួច ក្នុង​ប្រទេស​នេះ​។​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​បាន គីម៉ូន បាន​អំពាវនាវ​ឲ្យ​សហគមន៍​អ៊ីស្លាម ដែល​មាន​ចំនួន​ច្រើន​លើស​លប់ ក្នុង​ប្រទេស​ប៉ាគីស្ថាន ជួយ​ការពារ​គ្រិស្តសាសនិក​ដែល​មាន​ចំនួន​តិច​តួច​នេះ​ផង​។

សូម​បញ្ជាក់​ថា នៅ​ប្រទេស​ប៉ាគីស្ថាន មាន​អ្នក​កាន់​សាសនា​គ្រិស្ត​ ប្រមាណ​ជាង ១​.​៦​ភាគរយ នៃ​ប្រជាជន​សរុប ២០០​លាន​នាក់។ ហើយ​ភាគ​ច្រើន គឺ​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​។

អ្នក​នាំ​ពាក្យ​យោធា បាន​អះអាង​ថា​ ភ្នាក់ងារ​ស៊ើប​អង្គេត កំពុង​តែ​តាម​ចាប់​ខ្លួន​មេ​ក្លោង​ផ្សំ​គំនិត ខណៈ​ដែល​រដ្ឋាភិបាល​ខេត្ត​ Punjabនៃ​ទីក្រុង Lahore ប្រកាស​កាន់​ទុក្ខ​ជាតិ រយៈពេល ៣​ថ្ងៃ​។
 
គួរ​ជម្រាប​ជូន​ថា ការ​វាយ​ប្រហារ​សម្លាប់​អ្នក​កាន់​សាសនា​គ្រិស្ត​នេះ មិន​មែន​ជា​លើក​ទី​១​នោះ​ទេ។ តាំងពី​ក្រុម​តាលីបង់ ត្រូវ​បាន​បង្កើត​កាល​ពី​ឆ្នាំ ២០០៧ គេ​ឃើញ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្នុង​ពិធីបុណ្យ​សាសនា​គ្រិស្ត កើត​ឡើង​ជា​ញឹកញាប់​។ កាល​ពី​ខែ​មីនា​ឆ្នាំ​មុន ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ចំនួន ២ ក្នុង​វិហារ ក្រុង Lahore បាន​សម្លាប់​មនុស្ស ១៧​នាក់​។ កាល​ណោះ ក្រុម​ឧទ្ទាម​តាលីបង់ ក៏​បាន​ចេញ​មុខ​មក​អះអាង​ដូច​គ្នា​ថា ជា​ទង្វើ​របស់​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ