អានតួអត្ថបទ
OCS

ជំនួបកំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ

ថ្ងៃនេះ ក្នុង​រដ្ឋធានី​ប្រទេស Ouzbekistan ជាថ្ងៃ​បើក​ជំនួបកំពូល នៃ “អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ “ ហៅកាត់ថា OCS ដោយ​មាន​ការ​ចូលរួម​នៃ​លោក​ប្រមុខរដ្ឋរុស្ស៊ីDmitri Medvedev លោក​ប្រធានាធិបតី​ចិន Hu Jintao និង​មេដឹកនាំ​នៃ​៤​ប្រទេស​ទៀត ជា សមាជិក​ពេញសិទ្ធិ​អង្គការ​នេះ គឺ Kazakhstan Kirghizistan Tadjikistan និង Ouzbekistan ព្រមទាំង បណ្តា​តំណាង​របស់​រដ្ឋ​សង្កេតការណ៍ គឺ​ឥណ្ឌា ប៉ាគីស្តង់ អៀរ៉ង់ ម៉ុងហ្គោលី និង​ក្នុង​ឋានៈ​ជា​ភ្ញៀវ គឺ​ប្រធានាធិបតី​អាហ្វហ្កានិស្តង់ និង​ទួរគ្មេនិស្តង់។

ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​ចិន ក្នុង​ជំនួបកំពូល​អង្គការ​ប្រតិបត្តិការ​ក្រុង​សៀងហៃ
ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​ចិន ក្នុង​ជំនួបកំពូល​អង្គការ​ប្រតិបត្តិការ​ក្រុង​សៀងហៃ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

07:41

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីម៉ូស្គូ

ប្រធានបទ​សំខាន់ៗ​នៃ​ជំនួប​នេះ តាម​ដែល​វិមាន​ក្រឹមឡាំង​ជូន​ជា​ដំណឹង គឺ​អំពី ៖

  • បញ្ហា​បង្កើន​តទៅទៀត ប្រសិទ្ធិភាព​នៃ​សហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ OCS
  • បញ្ហា​ពង្រឹង​សន្តិសុខ​តំបន់
  • បញ្ហា​ប្រយុទ្ធ​រួមគ្នា​ទល់នឹង​អំពើ​ភេរវកម្ម និង​ពួក​ជ្រុលនិយម
  • បញ្ហា​ប្រយុទ្ធ​ទល់នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ប្រយុទ្ធ​ទល់នឹង​ចរាចរណ៍​គ្រឿង​ញៀន

រួចក្នុង​ឋានៈ​ជា​តុល្យាការ​មួយ​ដ៏​ចំបង គឹ​ការ​អនុម័ត​យក “ ឯកសារ​ស្តីអំពី​របៀបរបប​សំរាប់​ទទួល​ប្រទេសនេះ​ ឬ​នោះ ចូល​ជា​សមាជិក​ថ្មី​របស់​អង្គការ OCS “។

ការដែល​ជំនួបកំពូល​លើកនេះ វា​ប្រព្រឹត្ត​ទៅ​នៅក្រុងTachkent រដ្ឋធានី Ouzbekistan មកពី​ក្នុង​ឆ្នាំ២០១០​នេះ គឺ Ouzbekistan នេះឯង ដែល​បំពេញ​មុខងារ​ជា​ប្រធាន OCS ដើម្បី​បន្ទាប់មក​បន្តវេន​នេះ ទៅ Kazakhstan ក្នុង​ឆ្នាំក្រោយ ឆ្នាំ២០១១ ដែល​ជា​ខួប​១០ឆ្នាំ​របស់ OCS តែម្តង។តាមពិត អង្គការ​នេះ​បាន​លេចចេញ​ជា​រូបរាង តាំងពី​ថ្ងៃ ២៦មេសា​ ឆ្នាំ១៩៩៦​ម៉្លេះ កាល​ដែល នៅក្រុង​សៀងហៃ មាន​ប្រមុខ​នៃ ៥រដ្ឋ​បាន​ចុះ​ហត្ថលេខា​លើ “ កិច្ចព្រមព្រៀង​ស្តីអំពី​ការ​ពង្រឹង​ជំនឿ​ទុកចិត្តគ្នា ក្នុង​វិស័យ​យោធា​នៅ​ត្រង់​តំបន់​ព្រំដែន​រួម ព្រំដែន​ដែល​នៅ​ខាង​ម្ខាង​គឺ ចិន នៅ​ខាង​ម្ខាងទៀត គឺ​អតីត​សាធារណរដ្ឋ​សូវៀត Russie Kazakhstan Kirghizistan Tadjikistanតាមរយៈ​កិច្ចព្រមព្រៀង​នេះ មាន​លេចចេញ​មក​ជា សម្ពន្ធ​នយោបាយ​ឈ្មោះថា “ បញ្ចប្រទេស​ក្រុង​សៀងហៃ “ ដែល​តាំង​គោលដៅ​ធំ​ចំបង គឺ​ធានា​ឲ្យ​មាន​ស្ថិរភាព​នៅតាម​បណ្តោយ​ព្រំដែន​នោះ។

បន្តិចម្តងៗ សម្ពន្ធ​នោះ ក៏​ដុះដាល​លយ​ចេញ​ផុត​ពី បរិវេណ​នៃ​សហប្រតិបត្តិការ​តែ​អន្តរព្រំដែន​ប៉ុណ្ណោះ។ លុះ​ក្នុង​ឆ្នាំ២០០០ សម្ពន្ធ “បញ្ចប្រទេស​ក្រុង​សៀងហៃ” ក៏​ប្រែក្លាយ​ទៅ​ជា “វេទិកា​ក្រុង​សៀងហៃ”។ រួច​ទើប​នៅថ្ងៃ​១៤​មិថុនា​ឆ្នាំ២០០១​ទេតើ ដែល​ក្នុង​ជំនួបកំពូល​នៅ​ក្រុង​សៀងហៃ មាន​រដ្ឋ Ouzbekistan បាន​ភ្ជាប់ខ្លួន​ទៅនឹង​វេទិកា​នេះ​ដែរ ទាល់តែ​នៅ​ថ្ងៃ​បន្ទាប់​មក គឺ​ថ្ងែ១៥​មិថុនា​ឆ្នាំ២០០១ មាន​ប្រមុខ​នៃ ៦រដ្ឋ​ទៅហើយ បាន​ចុះ​ហត្ថលេខា​លើ៖“ សេចក្តីប្រកាស ស្តីអំពី​ការ​បង្កើត​ឡើង ជា​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​ ហៅកាត់​ថា OCS។ អង្គការ​នេះ​ក៏​បើក​ចំហ សំរាប់​ទទួល​ប្រទេសនានា​នៅ​ជិតខាង ឲ្យ​មាន​ស្ថានភាព​ជា​សមាជិក​សង្កេតការណ៍​របស់​ខ្លួន។ ឧទាហរណ៍ ក្នុងឆ្នាំ ២០០៤ គឺ​បាន​ទទួល​ប្រទេស Mongolie ក្នុង​ឆ្នាំ ២០០៥ បាន​ទទួល ឥណ្ឌា អៀរ៉ង់ ប៉ាគីស្តង់ ជា​សមាជិក​សង្កេតការណ៍។ រួច​ក្នុង​ឆ្នាំ ២០១០​នេះ មាន​២ប្រទេស បាន​ក្លាយ​ទៅជា​ដៃគូ​សន្ទនា​របស់ OCS ពោលគឺ ប្រទេស​សេរីលង្កា និង Bielorussie។

ក្នុងផ្ទៃនៃ​អំពើ​ភេរវកម្ម ដែល​ជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ខ្លួន អង្គការ OCS តែង​ធ្វើ​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម​ជារឿយៗ យ៉ាងហោច​ណាស់​គឺ​២ឆ្នាំ​ម្តង ហើយ​ក្នុង​ឆ្នាំ​២០១០​នេះ វា​នឹង​ប្រព្រឹត្តទៅ​នៅលើ​ដែនដី Kazakhstan។កាលពី​ឆ្នាំ​២០០៦ អង្គការ​បាន​ប្រកាស​អំពី​ផែនការ​ប្រយុទ្ធ​នឹង​ពួក Mafia អន្តរជាតិ​ខាង​ជួញ​គ្រឿង​ញៀន។

ក្នុង​ខែ​មីនា​ឆ្នាំ ២០០៩ នៅម៉ូស្គូ មាន​ប្រព្រឹត្តទៅ សន្និសីទ​អន្តរជាតិ​ចាត់ចែង​ឡើង​ដោយ​ OCS ដោយ​មាន​ការ​ចូលរួម​របស់​សហភាព​អឺរ៉ុប និង បក្សសម្ពន្ធ OTAN ជុំវិញ​ស្ថានការណ៍ នៅ Afghanistan និង​ឥទ្ធិពល ដែល​វា​ជះ​ទៅលើ​ប្រទេស​ជិតខាង។

មិនតែប៉ុណ្ណោះ OCS ក៏​លើកជា​អាទិភាព​ខ្លួន គឺ​ទិសដៅ​នៃ​សហប្រតិបត្តិការ​សេដ្ឋកិច្ច បែបយ៉ាង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​ដឹកជញ្ជូន វិស័យ​ថាមពល វិស័យ​ទូរគមនាគមន៍ វិស័យ​ឧស្ម័ន ប្រេងកាត វិស័យ​កសិកម្ម។ល។ ចាប់ពីឆ្នាំ ២០០៤មក អង្គការ OCS មាន​លេខាធិការដ្ឋាន​ខ្លួន ប្រចាំនៅ​ក្រុង Pekin។

អង្កការOCS ដោយបូកទាំង ប្រទេស​ជា​សមាជិក​សង្កេតកាណ៍​ផង មាន​ដែនដី​លាតសន្ធឹង ពី​មហាសមុទ្ទ Atlantique រហូតដល់មហាសមុទ្ទ Pacifique និង​ពី​សមុទ្ទ​ទឹកកក​នៅ​ឧត្តរ ដល់​សមុទ្ទ​ឥណ្ឌា នៅទក្សិណ។ មាន​ដល់​៦១% នៃ​ផ្ទៃក្រឡា​ទ្វីប Europe និង Asie ឬ១/៤ ​នៃ​ដីគោក​​ក្នុង​លោក។​ ចំណែក​បណ្តាជន​គឺ​ដល់ ២.៩០០លាននាក់ ឫ សឹង​ពាក់កណ្តាល។ រីឯ​សក្តានុពល​សរុប​នៃ​សេដ្ឋកិច្ច គឺ​មាន​ទំហំ​ដល់ ៤៥% នៃ​ទីផ្សារ​ពិភពលោក។

ជំនួបកំពូលលើកនេះត្រូវអនុម័តយក “ ឯកសារ​ស្តីអំពី​របៀបរបប​សំរាប់​ទទួល​ប្រទេស​នេះ ឬនោះ ចូលជា​សមាជិកថ្មី​របស់​អង្គការ OCS “។ ស្របនឹង​លក្ខណៈវិនិច្ឆ័យ​ក្នុង​របៀបរបប​នោះ បើ​ប្រទេស​ណា​ជាប់​ក្នុង​ទណ្ឌកម្ម​របស់ អ.ស.ប. គឺ​មិនអាច​ត្រូវ​ទទួល​ឲ្យ​ចូល​ជា សមាជិក​ពេញលក្ខណៈ​របស់ OCS ឡើយ។ តាម​ដែល​កាសែត​រុស្ស៊ី​ឈ្មោះ Kommersant លេខថ្ងៃនេះ​ចុះផ្សាយ​ដោយយោង​ទៅលើ ប្រភព​ការទូត​ដែល​ច្បាស់ការណ៍ រុស្ស៊ី និង​ចិន ដែល​ម្សិលមិញ​បាន​បោះឆ្នោត​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. ដាក់​ទណ្ឌកម្ម​អៀរ៉ង់ ទាមទារ​ឲ្យ​បញ្ចូល​លក្ខណៈវិនិច្ឆ័យ​បែបនេះ ទៅក្នុង​ឯកសារ​ដែល​ត្រូវ​អនុម័តយក។ កាសែតនោះ​ថែមទាំង​លំអិត​ឲ្យដឹង​ទៅផង​ថា “ ក្រុង Teheranតាមខ្សែរយៈ​ការទូត បាន​ផ្ញើ​ទៅគ្រប់​ទាំង ៦រដ្ឋ​ OCS នូវ​លិខិត​សុំឲ្យ​អញ្ជើញ​លោកប្រធានាធិបតីអៀរ៉ង់ Ahmedinejad ទៅ​ចូលរួម​ក្នុង​ជំនួបកំពូល​នៅក្រុងTachkent ប៉ុន្តែ លទ្ធផល​ដែល​មាន​នាំ​ឲ្យ​គាត់​ខកចិត្ត​សោះ​ ដ្បិត​មាន​តែ Tadjikistan មួយ​ប៉ុណ្ណោះ ដែល​បាន​គាំទ្រ​អៀរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ