អានតួអត្ថបទ
កម្ពុជា

លោក​សុន​ឆ័យ​សួរនាំ​លោក​ឡេង​ប៉េង​ឡុង ជុំវិញ​ចំនួន​បុគ្គលិក​និង​បញ្ហា​គ្រួសារ​និយម​នៅ​រដ្ឋសភា

ក្នុង​នាម​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ឬ​គណៈ​កម្មការ​ទី២ នៃ​រដ្ឋសភា លោក សុន ឆ័យ ដែល​ជា​អនុប្រធាន​គណៈកម្មការ​នេះ បាន​ជួប​ប្រជុំ​ជា​លើក​ដំបូង​ជា​មួយ​លោក ឡេង ប៉េងឡុង អគ្គ​លេខាធិការ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១០​មីនា​នេះ នៅ​រដ្ឋសភា។ ក្នុង​កិច្ច​ប្រជុំ​ដោយ​បិទទ្វារ​ប្រហែល​ជា ២ ម៉ោង លោក​សុន​ឆ័យ បាន​សួរនាំ​លោក​ឡេង​ប៉េងឡុង អំពី​ការ​ចំណាយ​លើ​ការ​ទិញ​សម្ភារៈ ចំនួន​បុគ្គលិក​ដ៏​ច្រើន និង​បញ្ហា​គ្រួសារ​និយម​នៅ​រដ្ឋសភា។ រាល់​បញ្ហា​មិន​ប្រក្រតី ដែល​លោក​សុន​ឆ័យ ចោទសួរ និង​ទាមទារ​រក​ឯកសារ​ប​ញ្ជា​ក់​ទាំង​នោះ មិន​ត្រូវ​បាន​លោក​អគ្គលេខាធិការ ផ្តល់​ឲ្យ​នោះទេ។

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

តាម​ពិត​ទៅ លោក​ជាម​យៀប ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​ទី២ បាន​ចេញ​លិខិត​កោះ​អញ្ជើញ​អគ្គ​លេខាធិការ​រដ្ឋសភា លោក ឡេង​ប៉េងឡុង ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពី​លទ្ធ​កម្ម​សាធារណៈ​នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១០​មីនា​នេះ។ ប៉ុន្តែ​លោក​ជាម​យៀប អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តល់​សិទ្ធិ​ឲ្យ​លោក សុន ឆ័យ អនុប្រធាន​គណៈកម្មកា​រ​ទី២ និង​ជា​អ្នក​តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដឹកនាំ​កិច្ច​ប្រជុំ និង​សួរ​ដេញ​ដោល​លោក​អគ្គ​លេខាធិការ​រដ្ឋ​សភា។

ការ​ចំណាយ​លើ​ការទិញ​សម្ភារៈ​នៅ​រដ្ឋសភា ត្រូវ​បាន​លើក​ឡើង។ លោក​សុន​ឆ័យ អះ​អាង​ថា ការ​ចំណាយ និង​គម្រោង​ទិញ​សម្ភារៈ​ឧបករណ៍​ប្រើ​ប្រាស់​នៅ​រដ្ឋសភា ថ្លៃ​ហួសហេតុ ដូចជា ចំណាយ​លើ​សេវាកម្ម ១១,៥ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ និង​គម្រោង​ចំណាយ​លើ​ការទិញ​ឧបករណ៍​ការពារ​រន្ទះ មួយ​គ្រឿង​ថ្លៃ ១២.០០០ ដុល្លារ សាងសង់ ក្លោងទ្វារ និង​ដងទង់​ជាតិ ជាដើម។

ចំនួន​បុគ្គលិក​នៅ​រដ្ឋសភា ក៏​ត្រូវ​លោក សុន ឆ័យ អះអាង​ថា សព្វ​ថ្ងៃ មាន​ជាង ១៣០០ នាក់ និង​បញ្ហា​គ្រួសារ​និយម​របស់​លោក មិត្ត ការ៉េន អគ្គលេខាធិការ​រងរដ្ឋ​សភា បាន​កាន់​តំណែង​ជា​អ្នក​កាន់​លុយ និង​ធ្វើ​សវនកម្ម នៅ​រដ្ឋសភា ក៏​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ នៅ​ព្រឹក​មិញ​ផងដែរ។

ក្នុង​កិច្ច​ប្រជុំ លោក​សុន​ឆ័យ បាន​អះអាង​ថា លោក​បាន​បញ្ជាក់​ទៅ​កាន់​អគ្គ​លេខាធិការ​រដ្ឋសភា​ថា “អំពើ​លួច​ថវិកាជាតិ ជា​អំពើ​ឧក្រិដ្ឋ។ ការ​តែង​តាំង​បុគ្គលិក ដោយ​ជា​គ្រួសារ ឬ​ដោយ​សំណូក នៅ​ក្នុង​តួនាទី ជា​អំពើ​ឧក្រិដ្ឋ មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ។

លោក សុន ឆ័យ បញ្ជាក់​ថា កិច្ច​ប្រជុំ នា​ព្រឹក​មិញ មិនទាន់​ដោះស្រាយ​បញ្ហា​ខាងលើ នៅ​ឡើយ​ទេ។ មូល​ហេតុ មកពី​លោក ឡេង​ប៉េងឡុង មិន​ព្រម​ផ្តល់​ឯកសារ​ដល់​គណៈកម្មកា​រ​ទី​២​រដ្ឋ​សភា​ឡើយ​។
 

លោក ឡេង ប៉េងឡុង ពេល​ដើរ​ចេញពី​បន្ទប់​ប្រជុំ បាន​បដិសេធ មិន​ផ្តល់​សម្ភាសន៍ ដល់​អ្នក​កាសែត​ទេ។ ប៉ុន្តែ​លោក​សុន​ឆ័យ បាន​ប្រាប់​ថា ក្នុង​កិច្ចប្រជុំ លោក ឡេង ប៉េងឡុង មិន​ហ៊ាន​ឆ្លើយ​ពន្យល់​អ្វី​ទេ អំពី​ការចំណាយ​របស់​រដ្ឋសភា។ តែ​លោក ឡេង ប៉េងឡុង បាន​សន្យា​ចំពោះមុខ​គណៈកម្មការ​ទី២រដ្ឋសភា​ថា នឹង​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ប្រធាន​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ឯកសារ និង​បញ្ជី​ចំណាយ​របស់​រដ្ឋសភា។ការ​ចំណាយ និង​អ្វី​ៗ​ទាំង​អស់ ដែល​លោក​អគ្គ​លេខាធិការ អះអាង​ថា មាន​ការ​ឯក​ភាព​ពី​ប្រធាន​រដ្ឋសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ