ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
អាស៊ី

អគ្គិភ័យនៅស្ទូឌីយោគំនូរ​ជីវចល​ជប៉ុន ​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់២៤នាក់

media អគារ​ក្រុមហ៊ុន​គំនូរ​ជីវចល​ក្យូតូ ដែល​ត្រូវ​ភ្លើង​ឆេះ នៅ​ថ្ងៃ​ទី​១៨ កក្កដា ២០១៩ Kyodo/REUTERS

នៅ​ប្រទេស​ជប៉ុន។ គ្រោះ​អគ្គិភ័យ​នៅ​ស្ទូឌីយោ​គំនូរ​ជីវចលក្យូតូ​ជប៉ុន នា​ថ្ងៃ​ទី​១៨​កក្កដា​នេះ បានផ្ដាច់​យក​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​២៤​នាក់​។ មន្ដ្រី​ប៉ូលីស​ជប៉ុន កំពុង​តែ​ស៊ើប​អង្កេត​ករណី​នេះ ដោយ​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់។ ប៉ូលីស​​ដាក់ការ​សង្ស័យ​ថា បុរស​ម្នាក់​នេះ ជា​​អ្នក​លួច​ដុត​ស្ទូឌីយោ​គំនូរ​ជីវចល​ក្យូតូ។ ប៉ុន្តែ ថា​តើ​ដុត​ដើម្បី​អ្វី? គេ​នៅ​មិន​ទាន់​មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ​នៅ​ឡើយ​។

គ្រោះ​អគ្គិភ័យ​នៅស្ទូឌីយោគំនូរ​ជីវចល​ក្យូតូ កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៣៥​នាទី ម៉ោង​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ សាក្សី​​បាន​ហៅ​ទូរសព្ទ​ទៅកាន់​នាយកដ្ឋាន​ពន្លត់អគ្គិភ័យ ដោយ​គូស​បញ្ជាក់​ប្រាប់​ថា ខ្លួន​បាន​លឺ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​ពី​ជាន់​ទី​មួយ​នៃស្ទូឌីយោ​គំនូរ​ជីវចល​ក្យូតូ ហើយ​បន្ទាប់​មក ស្រាប់តែ​មាន​ផ្សែងហុយ​ចេញ​ពី​ជាន់​ទី​មួយ​នោះ​​។

នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​២៤នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។ អាជ្ញាធរឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត ដោយ​សារ​តែ​មនុស្ស​មួយ​ចំនួន​មិន​អាច​រត់​ចេញ​ពីអគារ​បាន​ទាន់​ពេល​វេលា​។ ក្រៅ​ពី​អ្នក​ស្លាប់ ក៏​មាន​ដែរ អ្នក​របួស ដែល​មាន​ចំនួន​រហូតដល់​ទៅជាង៣០​​​នាក់​។

គួរ​ជម្រាប​ថា នៅ​ស្ទូឌីយោកើត​ហេតុ​ ប៉ូលីស​ជប៉ុន​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់ ដែល​សង្ស័យ​ថា ជា​អ្នក​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​។ សាក្សី​បាន​រាយការណ៍​ប្រាប់​ប៉ូលីស​ថា ជន​សង្ស័យ​រូប​នេះ បាន​ចាក់​សារធាតុ​រាវ​ដូច​ប្រេង​សាំង​នៅ​ជុំ​វិញ​អគារ​ក្រុមហ៊ុន​គំនូរ​ជីវចល​ក្យូតូ មុន​ពេល​បញ្ឆេះ​ភ្លើង​ដុត​។ មក​ទល់​ពេល​នេះ ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​ព្យាបាល​របួស​ដោយ​សារ​រលាក​ភ្លើង ខណៈ​ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​ធ្វើ​។

ជា​ការ​កត់​សម្គាល់ ​ប្រទេស​ជប៉ុន មាន​អត្រា​បទ​ល្មើស​​​ទាប​ខ្លាំង​ណាស់ ហើយ​បទល្មើស​ដែល​មាន​លក្ខណៈហិង្សា ក៏​មាន​កាន់​តែ​ទាប​ទៅ​ទៀត​។ ការប្រព្រឹត្ត​​បទ​ល្មើស​ដោយ​ចេតនា ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​បទ​ល្មើស​ដែល​មាន​លក្ខណៈ​ធ្ងន់ធរ​មែន​ទែន​ ដោយ​ចំពោះ​ករណី​បង្កអគ្គិភ័យ​ដោយ​ចេតនា​នេះ​តែ​ម្ដង​។ ជន​ប្រព្រឹត្ត​ល្មើស​អាច​ត្រូវ​តុលាការ​ជប៉ុន​កាត់​ទោស​ប្រហារ​ជីវិត ដោយ​សម្អាង​ថា ការ​បង្ក​អគ្គិភ័យ​នៅ​ក្នុង​ប្រទេស​ដែល​ផ្ទះ​ប្រជាជន​ភាគ​ច្រើន​សាងសង់​ឡើង​ពី​ឈើ គឺ​ជា​អំពើ​អុងអាត់​​និង​ឃោរឃៅ​ជា​ទី​បំផុត​។ កាល​ពី១១​ឆ្នាំ​មុន តុលាការ​ជប៉ុន​បាន​កាត់​ទោស​ប្រហារ​ជីវិត​បុរស​ម្នាក់ ពី​បទ​បង្ក​អគ្គិភ័យ​ដោយ​ចេតនា។ ជា​អគ្គិភ័យ​ដែល​បង្ក​ឡើង​នៅ​ខេត្ត​អូសាកា និង​ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​១៦​នាក់​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ