អានតួអត្ថបទ
ចិន

សាច់​ជ្រូក​នៅ​ចិនឡើង​ថ្លៃ​ផងនិង​ត្រូវ​បង្កើន​​ការ​នាំ​ចូល​ផង ដោយ​សារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក

នៅ​ប្រទេស​ចិន​។ ការកម្ទេច​សត្វ​ជ្រូក​ដោយ​សារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​បង្ខំ​ឲ្យ​តម្លៃ​សាច់​ជ្រូកនៅ​ក្នុង​ប្រទេស​នេះ ឡើង​ថ្លៃ​យ៉ាង​គំហុក​។ ការ​ផ្គត់ផ្គង់​ក៏​មិន​គ្រប់​គ្រាន់។ ចិន​បាន​បង្កើន​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​បរទេស ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​។ អ្នក​ជំនាញ​ផ្នែកវិទ្យាស្ថាន​សាច់​ជ្រូក​របស់​បារាំង បាន​ព្រមាន​ថា ស្ថានការណ៍នៅ​ប្រទេស​ចិន​ ​អាច​នឹងវិវត្ត​​កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ក្នុង​អំឡុង​ពេល​កន្លះ​ឆ្នាំ​ទៅ​មុខ​​។

សត្វ​ជ្រូក​ចិញ្ចឹម នៅ​ខេត្ត​ឆាងទូ ប្រទេស​ចិន
សត្វ​ជ្រូក​ចិញ្ចឹម នៅ​ខេត្ត​ឆាងទូ ប្រទេស​ចិន REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​តាម​របាយការណ៍ អាជ្ញាធរ​ចិន​បានកម្ទេច​សត្វ​ជ្រូក​ជាង​មួយ​លាន​ក្បាល​ហើយ ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន ពោល​គឺ​នៅ​ពេល​​ជំងឺ​ប៉េស្ត​ជ្រូកឆ្លង​រាត​ត្បាត​ចូល​ដល់​​ប្រទេស​ចិន​​។ យ៉ាង​ណា​ក៏​ដោយ តួលេខ​ជាក់​ស្ដែងនៃ​ចំនួន​​សត្វ​ជ្រូក​ដែល​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ​ត្រូវ​គេ​ជឿ​ថា មាន​ច្រើន​លើស​នេះ​ឆ្ងាយ​ណាស់​​​។

នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ចុង​ក្រោយ​នេះ ចំនួន​សត្វ​ជ្រូក​ចិញ្ចឹម​របស់​ចិន ថយ​ចុះ​ពី​ជិត​៣៥០​លាន​ក្បាល មក​នៅ​ត្រឹម​ប្រមាណ​២៩០​លាន​ក្បាល​ប៉ុណ្ណោះ​។ ចំនួន​សត្វ​ជ្រូក​ថយ​ចុះ ប៉ុន្តែ​តម្លៃ​កើន​ឡើង​យ៉ាង​ខ្លាំង​។ គ្រាន់​តែ​នៅ​ក្នុង​ខែ​មិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ តម្លៃ​សាច់​ជ្រូក​នៅ​ប្រទេស​ចិន កើន​ឡើង​គុណ​នឹង​៥​។

អ្នក​ជំនាញនៃ​វិទ្យាស្ថាន​សាច់​ជ្រូកនៅ​ប្រទេស​បារាំង លោក Jan-Peter Van Ferneij បាន​ព្រមាន​ថា ស្ថានការណ៍នៅ​ប្រទេស​ចិន​ ​អាច​នឹងវិវត្ត​​កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ក្នុង​អំឡុង​ពេល​កន្លះ​ឆ្នាំ​ទៅ​មុខ​​។ កន្លះ​ឆ្នាំ​ទៅ​មុខ ដែល​តម្លៃ​សាច់​ជ្រូក អាច​ហក់​ឡើង​ខ្ពស់​ជាង​នេះ រហូត​ដល់​ទៅ​ជាង​៤០​ភាគ​រយ​។ អ្នក​ជំនាញ​រូប​នេះ ពន្យល់បន្ត​​ថា ឥឡូវ​នេះ អ្វី​ដែលធ្លាក់​ចុះ គឺ​ចំនួន​សត្វ​ជ្រូក​ចិញ្ចឹម​។ បន្ទាប់​មក គឺ​ការ​ផលិត​សាច់​ជ្រូក​។ និង​ថា ​នៅ​ទី​បំផុត អ្វី​ដែល​អាក្រក់​នោះ គឺ​ការ​បរិភោគ​ធ្លាក់​ចុះ ដែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ នេះ​បើ​តាម​លោក Jan-Peter Van Ferneij។

សូម​ជម្រាប​ថា ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក ចិន​ដែល​ជា​ប្រទេស​ទទួល​ទាន​សាច់​ជ្រូក​ច្រើន​ជាង​គេ​លើ​លោក បាន​សម្រេច​បង្កើន​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​បរទេស​។ នៅ​ក្នុង​រយៈ​ពេល​៤​ខែ​ដើម​ឆ្នាំ​២០១៩​នេះ ការ​នាំ​ចូល​សាច់​ជ្រូក​ពី​សហភាព​អឺរ៉ុប​ទៅ​កាន់​ប្រទេស​ចិន បាន​កើន​ឡើង​ចំនួន​៣៧​ភាគ​រយ​។ ក្រៅ​ពី​អឺរ៉ុប ប្រទេស​ប្រេស៊ីល ក៏​បានក្លាយ​ជា​ប្រភព​នាំ​ចូល​សាច់​ជ្រូក​ដ៏​សំខាន់​មួយ​របស់​ចិន​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ