អានតួអត្ថបទ
ស៊ីរី

លោក​អាសាដ​ថា​ការ​វាយប្រហារ​ដោយ​ប្រើអាវុធគីមី​ជា​រឿង​ប្រឌិតឡើង​ទាំងស្រុង​ដោយ​លោកខាងលិច

លោក​បាស្ហា​អាល់អាសាដ​ ​ប្រមុខដឹកនាំ​ស៊ីរី បាន​ផ្តល់​បទសម្ភាសន៍​មួយ​ដល់​ទីភ្នាក់ងារ​បារាំង​អាអែហ្វប៉េ កាល​ពីថ្ងៃពុធ ដោយលើកឡើង​ថា ការវាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​កាលពីថ្ងៃ​អង្គារ​សប្តាហ៍មុន គឺ​ជា​រឿង​ប្រឌិត​​ ១០០% ដោយ​ប្រទេស​លោកខាងលិច ដើម្បី​យក​ធ្វើ​ជា​លេស​បើក​ការ​វាយប្រហារ​លើ​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី។ លោក​ហ្សង់ម៉ាក់ អេរ៉ូ រដ្ឋមន្រ្តី​ការបរទេស​បារាំង បាន​ឆ្លើយតប​ទៅវិញ​ថា អ្វី​ដែល​លោក​អាសាដ​លើកឡើង គឺ​ជា​ការ​ភូតកុហក ១០០%។

លោក​បាស្ហា អាល់អាសាដ នៅ​ក្នុង​អំឡុង​ផ្តល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ ថ្ងៃ​ពុធ ១២មេសា ២០១៧
លោក​បាស្ហា អាល់អាសាដ នៅ​ក្នុង​អំឡុង​ផ្តល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ ថ្ងៃ​ពុធ ១២មេសា ២០១៧ Syrian Presidency Press Office / AFP
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​អង្គារ ទី៤ មេសា ២០១៧ ជនស៊ីវិល​យ៉ាងតិច ៨៧នាក់ ក្នុងនោះ​រួមមាន​ទាំង​កុមារ ៣១នាក់​ផង​ត្រូវ​ស្លាប់ នៅ​ក្នុងការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ ដែល​គេចោទ​ថា​ជា​ទង្វើ​របស់​កងកម្លាំង​លោក​អាសាដ។ ៣ថ្ងៃក្រោយមក នៅថ្ងៃ​ទី៧ មេសា លោក​ដូណាល់ត្រាំ​បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បាញ់​មីស៊ីល ៥៩គ្រាប់ វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​អាកាស​របស់​ស៊ីរី។

ស៊ីរី ក៏ដូចជា​រុស្ស៊ី​​ដែល​ជា​ខ្នងបង្អែក តែងតែ​បាន​បដិសេធ​ការចោទប្រកាន់​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត ហើយ​នៅថ្ងៃ​ពុធ​កន្លងទៅនេះ លោក​បាស្ហាអាល់អាសាដ ដោយផ្ទាល់​បាន​ចេញមុខ​បដិសេធ តាមរយៈបទសម្ភាសន៍​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអែហ្វប៉េ។

លោក​អាសាដ​បាន​លើកឡើង​ថា លោក​មិនបាន​ចេញ​បទបញ្ជា​ណា​មួយ​ឲ្យ​វាយប្រហារ​ដោយ​អាវុធ​គីមីនោះទេ ហើយ​ថា ស៊ីរី​ “ក៏លែង​មាន​អាវុធ​គីមីណា​សល់​នៅ​ក្នុងដៃទៀត​ដែរ » ពីព្រោះ​ថា ស៊ីរី​បាន​បោះបង់​ចោលទាំងអស់​​នូវ​រាល់​អាវុធ​គីមី​របស់​ខ្លួន តាំង​ពី​៣ឆ្នាំមុន​ម៉្លេះ។ ផ្ទុយទៅវិញ បើតាម​លោក​អាសាដ អ្វី​ដែល​បាន​កើតឡើង “គឺ​ជា​ការ​ប្រឌិតឡើង​ ១០០% ដោយ​ប្រទេស​លោកខាងលិច ជាពិសេស សហរដ្ឋ​អាមេរិក ដើម្បី​បាន​ជាលេស​បើក​ការវាយប្រហារ​មក​លើ​ស៊ីរី”។

លោក​ហ្សង់ម៉ាក់ អេរ៉ូ រដ្ឋមន្រ្តី​ការបរទេស​បារាំង ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន បានលើកឡើង នៅថ្ងៃ​សុក្រ​នេះ​ថា លោក​បាន​ឮពី​បទសម្ភាសន៍​របស់​លោក​អាសាដ ហើយ​ថា អ្វី​ដែល​លោក​អាសាដ​បាន​លើកឡើង “គឺ​ជា​ការ​ភូតកុហក ១០០%”។ អ្វី​ដែល​ជាការពិតជាក់ស្តែង គឺ​អំពើ​ឃោរឃៅ​ដែល​កើតឡើង​នៅ​ស៊ីរី “ដែល​បាន​សម្លាប់​មនុស្ស​រហូតដល់​ទៅ​ជាង ៣០ម៉ឺននាក់ និង​បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ​ជា ១១លាននាក់​ផ្សេងទៀត​ត្រូវ​បង្ខំ​ចិត្ត​រត់ភៀសខ្លួន​ចោល​ផ្ទះសម្បែង។

លោក​ប្រមុខការទូត​បារាំង​ក៏​បាន​បន្ថែម​ផងដែរ​ថា ដើម្បី​បញ្ចប់​សោកនាដកម្ម​ទាំងនេះ គឺ​ចាំបាច់​ត្រូវ​តែ​បង្កើត​ឲ្យ​មាន​នូវ “បទឈប់បាញ់​ពិតប្រាកដ” ដែល​តម្រូវ​ឲ្យ​កងកម្លាំង​ស៊ី​រី​បញ្ឈប់​ទាំងស្រុង​នូវ​ការ​វាយប្រហារតាម​ផ្លូវអាកាស ហើយថា បទឈប់បាញ់​នេះ​ចាំបាច់​ត្រូវ​តែ​ធ្វើឡើង “ដោយមាន​ការ​ត្រួតពិនិត្យ​ពី​សំណាក់​សហគមន៍​អន្តរជាតិ”។

លោក​វ៉ាង អ៊ី រដ្ឋមន្រ្តី​ការបរទេស​ចិន ដែល​ថ្លែង​នៅ​ក្នុង​សន្និសីទ​រួម​ជាមួយ​លោក​ហ្សង់ម៉ាក់ អេរ៉ូ ក៏​បាន​លើកឡើង​ផងដែរ ពី​ជំហរ​របស់​ចិន ដែល​គាំទ្រ​ការ​ស្វែងរក​បទឈប់បាញ់​នៅ​ស៊ីរី។ លោក​បាន​លើកឡើង​ថា ចិន​នឹង​សហការ​ជាមួយ​បារាំង​ “ដើម្បី​ស្វែងរក​បទឈប់បាញ់ និង​ការ​ផ្សះផ្សា​ជាតិ​” នៅ​ស៊ីរី។ ទាក់ទង​នឹង​ការ​ប្រើ​អាវុធ​គីមី​វិញ លោក​វ៉ាង អ៊ី បាន​ស្នើ​ឲ្យ​បើក​ធ្វើ​យ៉ាង​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅបាន នូវ​​​ការ​ស៊ើបអង្កេត​ឯករាជ្យ​និង​យុត្តិធម៌ ដើម្បី​ជម្រះ​រាល់​មន្ទិល​សង្ស័យ​ជុំវិញ​រឿងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ