អានតួអត្ថបទ
ស៊ីរី

ផែនការ​កម្ទេច​អាវុធ​គីមី ៖ ស៊ីរី​មិន​អើ​ពើ​នឹង​ការ​ហួស​កំណត់ ក្នុង​កិច្ចព្រមព្រៀង

អង្គការ​ហាមឃាត់​ការ​ប្រើប្រាស់​អាវុធគីមី ទទួល​បន្ទុក​​ត្រួត​ពិនិត្យ​កិច្ច​ការ​កម្ទេច​អាវុធគីមី​ស៊ីរី ស្រប​តាម​កិច្ច​ព្រមព្រៀង​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​ កាលពី​ខែ​កញ្ញា ប៉ាន់​ប្រមាណ​ការ​យឺតយ៉ាង​អាច​អូស​បន្លាយ​ពី​៦​ទៅ ៨​សប្តាហ៍​ ក្រោយ​កាល​បរិច្ឆេទ​កំណត់។ ក្នុង​កិច្ច​ព្រមព្រៀង ថ្ងៃទី ៥​កុម្ភៈ​នេះ ជា​ថ្ងៃ​ដែល​អាវុធ​គីមី​ស៊ីរី ត្រូវ​បញ្ជូនចេញ​អស់​​ពី​ទឹកដី​ស៊ីរី។ ប៉ុន្តែ​តាំង​ពី​ចុង​ខែ​មករា​មក សកម្មភាព​​ដឹកជញ្ជូន​គ្មាន​ដំណើរការសោះ។

នាវា​ដាណឺម៉ាក ដែល​ប្រើ​សម្រាប់​ដឹក​អាវុធ​​គីមី​​ចេញ​ពី​ទឹក​ដី​ស៊ីរី
នាវា​ដាណឺម៉ាក ដែល​ប្រើ​សម្រាប់​ដឹក​អាវុធ​​គីមី​​ចេញ​ពី​ទឹក​ដី​ស៊ីរី REUTERS/Lars Magne Hovtun/Norwegian Armed Forces/Handout via Reu
ផ្សាយពាណិជ្ជកម្ម

គិត​មក​ទល់​នឹង​ពេលនេះ ម៉ោងនេះ​ ស៊ីរី​ទើប​បញ្ជូន​អាវុធ​គីមី​​ចេញ​ពី​ប្រទេស​បាន​៤%​ប៉ុណ្ណោះ​ក្នុង​ចំណោម​អាវុធគីមី​​ប្រកាស​ជូន​ជាសាធារណៈ​ចំនួន ១៣០០​តោន។ ជា​ចំនួន​ដ៏​តិច​តួច​ និង​យឺត​យ៉ាវ​បំផុត បើ​ប្រៀប​ទៅ​នឹង​កិច្ចព្រមព្រៀង​​រុស្ស៊ី​-អាមេរិក និង​សេចក្តី​អនុម័ត​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​តម្រូវ​ឱ្យ​ស៊ីរី​នាំ​ចេញ​ទាំង​អស់​នូវ​អាវុធគីមី​របស់ខ្លួន​ ឱ្យ​បាន​យ៉ាង​យូរ​នៅ​ថ្ងៃទី ៥​កុម្ភៈ។ ជា​ពិសេស​ទៅ​ទៀត គេ​គ្មានឃើញ​​សញ្ញា​អ្វី​សោះ​បញ្ជាក់​ថា​នឹង​មាន​ការ​ជញ្ជូន​អាវុធ​គីមី​ក្នុង​ពេល​ឆាប់​ខាង​មុខ ដូច​អ្វី​បាន​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​ក្រុង​ដាម៉ាសបាន​​អះអាង​នោះ​​ឡើយ។

ដោយ​គ្មាន​បញ្ជាក់​អំពី​ពេលវេលា​សន្យា​ថ្មី​ ក្រុង​ដាម៉ាស ​បាន​ច្រាន​​​ទំនួល​ខុស​ត្រូវ​នេះ និង​​ទម្លាក់​កំហុស​ទៅ​ពួក​ប្រឆាំង​ ថា​បាន​គំរាម​កំហែង​សុវត្ថិភាព​ ហើយ​​ទាមទារ​​យានយន្ត​​​ពាស​ដែក​ ព្រម​ទាំង​សម្ភារៈ​ទូរគមនាគមន៍​​ផ្សេង​ មក​ជំនួយ​បេសកកម្មនេះ។ ប៉ុន្តែ​បើ​តាម​សហរដ្ឋ​អាមេរិក និងអង្គការ​សហប្រជាជាតិ ដែល​ធ្វើ​អធិការកិច្ច​រួម​ជាមួយ​អង្គការ​ហាមឃាត់​អាវុធ​គីមី បាន​បញ្ជាក់​តាំង​ពី​សប្តាហ៍​មុន​ថា ទាហាន​ស៊ីរី មាន​មធ្យោបាយ​គ្រប់គ្រាន់​នឹង​សម្រេច​កម្មវត្ថុ​ យ៉ាង​លឿន​បំផុត។

ដូច្នេះ​ហើយ​បាន​ជា​​​អ្នក​ការទូត​មួយ​ចំនួន គិត​ថា​គឺ​ជា​ចេតនា​ពិតៗ​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ក្នុង​ការ​ពន្យឺត​ដំណើរ​ការ​កម្ទេច​អាវុធ​គីមី។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង បាន​និយាយ​ចំៗ​តាំង​ពី​ថ្ងៃអង្គារ​ ថា​របប​លោក​បាស្ហារអាល់អាសាទ ជា​អ្នក​ទប់​រំខាន​ដំណើរ​ការ​កម្ទេច​អាវុធ​គីមី។ គឺ​ពិត​ជា​មិន​អាច​ទទួល​បាន​ឡើយ ដែល​ក្រុង​ដាម៉ាស​មិន​គោរព​កិច្ច​សន្យា ! នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រមុខ​ការទូត​អាមេរិក។ របប​ក្រុង​ដាម៉ាស​របស់​លោក បាស្ហារ​អាល់អាសាទ តាម​រយៈ​កិច្ចព្រមព្រៀង​កម្ទេច​អាវុធ​គីមី​ភ្លាម ហាក់​ដូច​បាន​ពង្រឹង​អំណាច​ កាន់​តែ​ខ្លាំងឡើង និង​កាន់​តែ​រឹង​មាំ​ជាង​ឆ្នាំ​មុនៗ។ ​

របាយ​ការណ៍​របស់​អង្គការ​ហាមឃាត់អាវុធ​គីមី​ នៅ​ថ្ងៃ​ទី​៦​កុម្ភៈ នឹង​អាច​បញ្ជាក់​កាន់​តែ​ច្បាស់​អំពី​ឥរិយាបថ​ក្រុង​ដាម៉ាស។ ក្នុង​ករណី​ស៊ីរី​មិន​កិច្ច​ព្រមព្រៀង​មែន​ ក្រុម​​ប្រឹក្សា​សន្តិសុខ​នឹង​ត្រូវ​ជាអ្នក​​អារ​កាត់​ចេញ​​​សេចក្តី​​សម្រេច​ចិត្ត​​មួយ​ទៀត​ ​ដាក់​ទណ្ឌកម្ម​ស៊ីរី​ដោយ​ប្រើ​កម្លាំង​ទ័ព​។ រដ្ឋ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​អង្គការ​សហប្រជាជាតិ អនុញ្ញាត​​ឱ្យ​ធ្វើ​ប្រើ​កម្លាំង​ដាក់​ទណ្ឌកម្ម​រដ្ឋមួយ​​មិន​គោរព​កាតព្វកិច្ច​អន្តរជាតិ​មែន ប៉ុន្តែ​ជា​ថ្មីម្តង​ទៀត រុស្ស៊ី​ជា​សម្ព័ន្ធ​មិត្តស៊ីរី​ ​ធ្លាប់​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​បី​ដង​រួច​មក​ហើយ​ តាំង​ពី ផ្ទុះ​វិបត្តិ​នៅស៊ីរី​មក អាច​នឹង​ប្រើ​សិទ្ធិ​ប្រឆាំង​នេះ​ខ្ទាស់​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ