អានតួអត្ថបទ
ស៊ីរី

ផ្ទុះ​កក្រើក​មូលដ្ឋានទ័ព​ស៊ីរីនៅ​ក្រុង​ដាម៉ាស់​ទំនង​ជា​កើតចេញ​ពី​ការ​វាយប្រហារ​តាមអាកាស​ដោយ​អ៊ីស្រាអែល

សំឡេងផ្ទុះ​លាន់ឮ​កក្រកើកមេឃ នៅ​ព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​​ក្បែរ​ព្រលាន​យន្តហោះ​ក្រុង​ដាម៉ាស់។ រហូតមកទល់នឹង​ពេលនេះ គេ​នៅមិនទាន់​ឃើញ​មាន​ការពន្យល់ណាមួយ ពី​សំណាក់​រដ្ឋាភិបាល​ស៊ីរី​នៅឡើយទេ ក៏ប៉ុន្តែ បើ​យោងតាម​ប្រព័ន្ធផ្សព្វផ្សាយ​របស់​ក្រុម​ហេសបូឡា សំឡេង​ផ្ទុះ​នេះ គឺ​កើតចេញ​ពី​ការ​វាយប្រហារ​តាមផ្លូវអាកាស​ពី​សំណាក់​អ៊ីស្រាអែល។

ក្រុងដាម៉ាស់ ដែល​ជា​រដ្ឋធានី​ប្រទេស​ស៊ីរី រូបថត​កាល​ពីខែមីនា​ឆ្នាំ២០១៦
ក្រុងដាម៉ាស់ ដែល​ជា​រដ្ឋធានី​ប្រទេស​ស៊ីរី រូបថត​កាល​ពីខែមីនា​ឆ្នាំ២០១៦ REUTERS/Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

បើ​យោងតាម​ការអះអាង​របស់​ក្រុម​ហេសបូឡា ការវាយប្រហារ​តាមផ្លូវអាកាស​របស់​អ៊ីស្រាអែល គឺ​សំដៅទៅលើ​ឃ្លាំង​ស្តុក​ប្រេង និង​អាវុធ នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ស៊ីរី ដែល​ស្ថិត​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ក្រុង​ដាម៉ាស់។ ក៏ប៉ុន្តែ ក្រុម​ហេសបូឡា​មិន​បាន​បញ្ជាក់​ឲ្យដឹង​ទេ​ថា តើ​ឃ្លាំងស្តុក​អាវុធ​ដែល​រង​ការ​វាយប្រហារ​នេះ ជា​ឃ្លាំង​របស់​​ពួកគេ ឬ​ក៏​ជា​ឃ្លាំង​របស់​កងទ័ព​ស៊ីរី។

គួរបញ្ជក់ថា ក្រុម​ហេសបូឡា គឺ​ជា​ចលនា​នយោបាយ និង​​ប្រដាប់អាវុធ​អ៊ីស្លាម​នៅ​លីបង់ តែ​​ជា​សម្ព័ន្ធមិត្តរបស់​របបដឹកនាំ​របស់​បាស្ហា​អាល់អាសាដ​ និង​អ៊ីរ៉ង់ ហើយ​បច្ចុប្បន្ន​នេះ ក្រុម​ប្រដាប់អាវុធ​ហេសបូឡា​កំពុងតែ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេ​សស៊ីរី ដើម្បី​ជួយ​កងទ័ព​លោក​អាសាដ ក្នុងសង្រ្គាម​ទល់​នឹង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​លោកខាងលិច។

ចាប់តាំង​ពី​សង្រ្គាម​ស៊ីវិល​ស៊ីរី​ផ្ទុះឡើង​មក អ៊ីស្រាអែល​​ធ្លាប់​បាន​បើក​ការ​វាយប្រហារ​តាមផ្លូវអាកាស​ជាច្រើន​លើក​រួចមកហើយ ទៅលើ​ទីតាំង​មួយ​ចំនួន នៅ​ក្នុង​ទឹកដី​ស៊ីរី ដោយ​អ៊ីស្រាអែល​អះអាង​ថា ជា​ការ​វាយប្រហារ​សំដៅ​រារាំង​កុំ​ឲ្យ​ក្រុម​ហេសបូឡា​នាំយក​អាវុធ​ពី​អ៊ីរ៉ង់​ឆ្លងកាត់​ប្រទេស​ស៊ីរី ចូល​ទៅ​ក្នុង​ទឹកដី​លីបង់ ដើម្បី​ទុក​វាយប្រហារ​លើ​អ៊ីស្រាអែល។ អ៊ីស្រាអែល និង​លីបង់ ដែល​បាន​ផ្ទុះសង្រ្គាម​នឹងគ្នា កាល​ពីឆ្នាំ២០០៦ ហើយ​ដែល​រហូត​មក​ទល់​នឹង​ពេលនេះ កំពុង​បន្ត​​ស្ថិ​តក្នុង​ស្ថានភាព​សង្រ្គាម​នៅឡើយ ដោយសារ​តែ​ភាគី​ទាំងពីរ​មិនទាន់​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្រ្គាម​នៅឡើយ។

ទាក់ទង​នឹង​ការ​ផ្ទុះ​នៅ​ក្បែរ​ព្រលានយន្តហោះ​ក្រុងដាម៉ាស់ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​មិន​បាន​ធ្វើ​ការ​បញ្ជាក់​ថា​ជា​ស្នាដៃ​របស់​ខ្លួន​នោះទេ ក៏ប៉ុន្តែ ប្រមុខចារកិច្ច​អ៊ីស្រាអែល​បាន​លើកឡើង​ថា ការវាយប្រហារ​ទៅលើ​ទីតាំង​ហេសបូឡា​ក្នុងទឹកដី​ស៊ីរី ដូចជា​នៅ​មូលដ្ឋាន​ទ័ព​ក្បែរ​ក្រុងដាម៉ាស់​នេះ​ជាដើម គឺ​ស្របទៅនឹង​នយោបាយ​របស់​អ៊ីស្រាអែល។៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ