អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្រ្គាមស៊ីរី​កំពុង​ឈានចូល​ដល់​ដំណាក់កាល​ដ៏​គ្រោះថ្នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល​ប៉ុន្មាន​ឆ្នាំមកហើយ ដែល​សង្រ្គាម​ស៊ីរី​បាន​ក្លាយ​ជា​សមរភូមិ​នៃ​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​ប្រយោល រវាង​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការប្រឈមមុខ​ដាក់គ្នា​​រវាង​មហាអំណាច​ទាំងពីរ​​បាន​កើនឡើង​កាន់តែ​ខ្លាំង ក្រោយ​ពី​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះចម្បាំង​ស៊ីរី និង​ដ្រូន​អ៊ីរ៉ង់ បង្ក​ឲ្យ​រុស្ស៊ី​ផ្ទុះកំហឹង ហើយ​ប្រកាស​ចាត់ទុក​យន្តហោះ​ចម្បាំង​ទាំងអស់​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត ដែល​ហោះក្នុងដែន​អាកាស​របស់​ស៊ីរី​ថា​ជា​ការគំរាមកំហែង និង​ជា​ចំណុចស៊ីប។ ការរាលដាល​នៃ​​ជម្លោះ​នេះ​កំពុងតែ​ធ្វើ​ឲ្យ​សង្រ្គាម​ស៊ីរី​ត្រូវ​ធ្លាក់ចូល​ទៅ​ក្នុង​ដំណាក់កាល​មួយ​ដ៏សែន​គ្រោះថ្នាក់។

យន្តហោះចម្បាំង​ធុន F/A-18E Super Hornet ដែល​អាមេរិក​ប្រើ​សម្រាប់​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ស៊ីរី កាលពីថ្ងៃ​អាទិត្យ ១៨មិថុនា ២០១៧
យន្តហោះចម្បាំង​ធុន F/A-18E Super Hornet ដែល​អាមេរិក​ប្រើ​សម្រាប់​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ស៊ីរី កាលពីថ្ងៃ​អាទិត្យ ១៨មិថុនា ២០១៧ U.S. Navy/Mass Communication Specialist 2nd Class Ryan U. Kledz
ផ្សាយពាណិជ្ជកម្ម

តាមការពិត សង្រ្គាម​ស៊ីរី​គឺ​​​​ជា​ទីលាន​នៃ​ការ​ប្រឈម​មុខដាក់គ្នា​ប្រកបដោយ​គ្រោះថ្នាក់ តាំង​ពី​យូរណាស់មកហើយ ដោយសារ​តែ​វា​ជា​សង្រ្គាម​ដែល​មាន​តួអង្គ​ពាក់ព័ន្ធ​ច្រើន​ប្រទាក់ក្រឡាគ្នា​ដ៏សែន​ស្មុគស្មាញ។

នៅក្នុងនោះ​គេ​សង្កេតឃើញ​មាន​ម្ខាង រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​គាំទ្រ​លោក​បាស្ហា អាល់អាសាដ ចំណែក​ឯ​សហរដ្ឋ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច ព្រមទាំង​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ គាំទ្រ​ក្រុម​ឧទ្ទាម។ ក៏ប៉ុន្តែ នៅ​ក្នុង​ក្រុម​ឧទ្ទាម​ស៊ីរី​នេះ​ទៀតសោត ក៏​មាន​បែងចែក​ជា​ក្រុម​ផ្សេងៗ​គ្នា​ច្រើន ដែល​បង្កើត​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​គ្នាឯង ជាពិសេស គឺ​រវាង​តួកគី​ និង​អាមេរិក ដោយសារ​តែ​អាមេរិក​បាន​ផ្តល់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​គួឌីស្ថាន​ស៊ីរី តែ​តួកគី​ចាត់ទុក​ក្រុម​ឧទ្ទាម​គួឌីស្ថាន​នេះ​ថា​ជា​ក្រុម​ភេរវជន។ ចំណែក​ឯ​អារ៉ាប៊ីសាអ៊ូឌីត និង​កាតា ដែល​សុទ្ធសឹង​តែ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ក៏កំពុង​តែ​ឈ្លោះគ្នា​ខ្លាំង ដោយសារ​តែ​ទំនាក់ទំនង​ជាមួយ​នឹង​អ៊ីរ៉ង់។

បូកបន្ថែម​ពីលើ​នេះ​ទៅទៀត គឺ​មាន​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម ដែល​គ្រប់គ្នា​សុទ្ធតែ​ប្រកាស​យក​ជា​គូសត្រូវ​ដែល​ត្រូវ​កម្ចាត់ ក៏ប៉ុន្តែ ម្ខាងៗ​ផ្តល់​អាទិភាព​ខុសគ្នា​។ ទោះជាយ៉ាងណា គេ​សង្កេតឃើញ​ថា កន្លងមក ការកំណត់​យក​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ជា​សត្រូវ​រួម​នេះ​ហើយ ដែល​បើទោះបីជា​មាន​អាទិភាពខុសគ្នា តែ​បាន​ជំរុញ​ឲ្យ​​រុស្ស៊ី និង​សហរដ្ឋ​អាមេរិក​សហការគ្នា​ខ្លះ នៅ​ក្នុង​ប្រតិបត្តិការ​ក្នុងទឹកដី​ស៊ីរី។

ប៉ុន្តែ អ្វីៗ​ត្រូវប្រែប្រួល​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយ​ប្រទេស​នីមួយៗ​បាន​នាំគ្នា​បង្កើន​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី ដោយ​មិន​ញញើត​នឹង​ប្រឈម​មុខ​នឹង​ការ​ប៉ះទង្គិចគ្នា។ កាលពីថ្ងៃ​អាទិត្យ​ អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ីរី នៅ​ក្បែរ​ទីក្រុង​រ៉ាខា ដែល​ជា​មូលដ្ឋាន​ធំ​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី (នៅ​ប៉ែក​ខាងជើង​ស៊ីរី)។ នៅថ្ងៃ​ជាមួយគ្នា​នោះ អ៊ីរ៉ង់​បាន​ប្រើ​មីស៊ីល​រយៈចម្ងាយ​មធ្យម​បាញ់​ទៅលើ​ទីតាំង​មួយ​ទៀត​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ប៉ែក​ខាងកើត​ប្រទេស​ស៊ីរី។ ពីរថ្ងៃ​ក្រោយ​មកទៀត គឺ​នៅថ្ងៃ​អង្គារ អាមេរិក​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ីរ៉ង់ នៅ​ប៉ែក​ខាង​ត្បូងប្រទេស​ស៊ីរី។

អាមេរិក​បាន​ធ្វើការ​ពន្យល់​ថា ការណ៍​ដែល​ខ្លួន​បាញ់​ទម្លាក់​​យន្តហោះចម្បាំង​របស់​រដ្ឋាភិបាល​ស៊ីរី និង​ដ្រូន​របស់​អ៊ីរ៉ង់​ គឺ​ដោយសារ​តែ​យន្តហោះចម្បាំង និង​ដ្រូន​នេះ​ធ្វើ​សកម្មភាព​ដែល​បង្ក​នូវ​ការគំរាមកំហែង​ដល់​កងកម្លាំង​ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក។ ក៏ប៉ុន្តែ រុស្ស៊ី​វិញ​បាន​ហៅ​សកម្មភាព​របស់​អាមេរិក​ថា​ជាការ​ឈ្លានពាន​ទៅលើ​​ស៊ីរី​ដែល​ជា​រដ្ឋ​អធិបតេយ្យ។ រុស្ស៊ី​ក៏​បាន​ប្រកាស​ផងដែរ​ថា​នឹង​ផ្តាច់​រាល់​ការទាក់ទង​ជាមួយ​កងកម្លាំង​អាមេរិក​នៅ​ស៊ីរី ហើយ​ថា រាល់​យន្តហោះ​ចម្បាំង​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត ដែល​ហោះហើរ​នៅ​ក្នុងដែន​អាកាស​ស៊ីរី ចាប់ពី​ទន្លេអឺហ្វ្រាត​ទៅ​ទិស​ខាងលិច នឹង​ត្រូវ​ចាត់ទុក​ជា​​ចំណុចស៊ីប។

បើ​គេ​សង្កេតមើល​ជា​រួម​ទៅ គេ​ឃើញ​​ថា ការ​ប្រឈមមុខ​ដាក់គ្នា​​នៅ​ស៊ីរី នៅ​ពេលនេះ គឺ​កើតឡើង​នៅ​ជុំវិញ​តំបន់ ដែល​ជា​ទីតាំង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ហើយ​វា​កើតឡើង នៅ​ក្នុងពេល​ដែល​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នេះ​កំពុងតែ​ធ្លាក់​ចុះទន់ខ្សោយ។ នៅពេលនេះ ប្រទេស​នីមួយៗ​នាំគ្នា​ផ្តោត​កម្លាំង​​សម្រុក​ចូល​មក​កន្លែងតែមួយ តែមិនមែន​ចូល​មក​ក្នុងគោលដៅ​រួមដៃគ្នា​កម្ចាត់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នោះទេ គឺ​ដើម្បី​ប្រជែងគ្នា​កាន់កាប់​ចំណែក​ដែនដី ដែល​វាយយក​បាន​ពី​ក្រុម​ជីហាត។

គេ​មិនត្រូវ​ភ្លេចទេ​ថា សង្រ្គាម​នៅ​ស៊ីរី​នៅពេលនេះ គឺមាន​ទាំង​សង្រ្គាម​ប្រឆាំង​នឹង​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម និង​សង្រ្គាមស៊ីវិល រវាង​រដ្ឋាភិបាល និង​​ក្រុម​ឧទ្ទាម។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាមេរិក​និង​សម្ព័ន្ធមិត្ត​កំពុង​ផ្តោត​អាទិភាព​ខ្ពស់ ទៅលើ​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត ក៏ប៉ុន្តែ នៅ​ក្រោយ​ពេល​ដែល​ក្រុម​ជីហាត​ត្រូវ​គេ​កម្ចាត់ចេញ​ពី​ស៊ីរី អាទិភាព​អាច​នឹង​ត្រូវ​បង្វែរ​ទៅ​ខាង​កងកម្លាំង​របស់​លោក​បាស្ហា​អាល់អាសាដវិញ​ម្តង។

ដូច្នេះ សម្រាប់​រុស្ស៊ី​និង​អ៊ីរ៉ង់ ដែល​គាំទ្រ​រដ្ឋាភិបាល​របស់​លោក​អាសាដ​ ក៏ដូចជា​អាមេរិក​​ដែល​គាំទ្រ​ក្រុមឧទ្ទាម​ ការពង្រីក​ដែនដី​ដែល​ខ្លួន​កាន់កាប់ វា​គឺ​ជា​យុទ្ធសាស្រ្ត​ដ៏សំខាន់​មួយ ដើម្បី​យកប្រៀបលើ​គូសត្រូវ​នៅ​ក្នុង​សង្រ្គាម​ស៊ីវិល ហើយ​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត តំបន់​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​នៅក្នុងពេល​បច្ចុប្បន្ន​នេះ ក៏​ជា​​តំបន់​យុទ្ធសាស្រ្ត​ដ៏សំខាន់​​ផងដែរ ពីព្រោះ​​វា​​ជា​តំបន់​ដែល​សម្បូរប្រេង។

នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​ខាង​យុទ្ធសាស្រ្ត​សង្រ្គាម​នេះ​ហើយ ដែល​ប្រទេស​ជា​គូប្រជែង​ត្រូវ​ប្រឈមមុខដាក់គ្នា​ខ្លាំង ដោយ​ពិបាក​នឹង​ចៀសរួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ