អានតួអត្ថបទ
ស៊ីរី

ឧត្តម​សេនីយត្រី​ស្និទ្ធ​លោក Bachard Al assad​ចុះចូល​ជាមួយ​ក្រុមប្រឆាំង

ក្រុមប្រទេស​មិត្ត​ស៊ីរី​បើក​សន្និសីទ​ថ្មីមួយ​ទៀត នៅថ្ងៃសុក្រ ទី ៧ កក្កដា នៅក្នុង​ទីក្រុង​ប៉ារីស។ សន្និសីទ​ដែល​មាន​អ្នកតំណាងពី​ជាង​១០០​​ប្រទេស​ចូលរួម​ រិះរក​​មធ្យោបាយ​ដើម្បី​​ជំរុញ​ប្រធានាធិបតី​Bachard Al assadឲ្យ​ចុះចេញ​ពីអំណាច។ រុស្ស៊ី​នឹង​ចិន ដែល​បដិសេធ​រាល់​ការបណ្តេញទម្លាក់​​លោក​ Bachard Al assad ​ពីអំណាច​គ្មាន​វត្តមាន​នៅក្នុង​សន្និសីទ​នៅថ្ងៃនេះទេ។ នៅលើ​សមរភូមិ​ក្នុង​ប្រទេស​ស៊ីរី ទាហាន​រដ្ឋាភិបាល​បាញ់​​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ខ្លាចរអែង​សូម្បី​ក្រុមអ្នកសង្កេតការណ៍​អង្គការ​សហប្រជាជាតិ។

សន្និសីទ​របស់​ប្រទេស​មិត្ត​ស៊ីរី​ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​បារាំង លោក​François Hollande ក្នុង​ទីក្រុង​ប៉ារីស
សន្និសីទ​របស់​ប្រទេស​មិត្ត​ស៊ីរី​ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​បារាំង លោក​François Hollande ក្នុង​ទីក្រុង​ប៉ារីស © REUTERS
ផ្សាយពាណិជ្ជកម្ម

 

ទីក្រុង​ប៉ារីស​ដែល​ជា​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​យ៉ាងទទូចថា សន្និសីទ​នៅថ្ងៃនេះមាន​សារៈ​សំខាន់​ណាស់។ ​ប្រទេស​ជាង១០០​កំពុង​រួមគ្នា​ ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ស៊ីរី ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា តាមរយៈ​ការ​ជំរុញ​ឲ្យ​កិច្ច​ព្រមព្រៀង​ស្តីពី​ការបង្កើត​រដ្ឋាភិបាល​អន្តរកាលនៅស៊ីរី​លេចចេញ​ជារូបរាងឡើង។ ​​​​គោលដៅពីរ​ ដែល​គេ​នឹង​លើក​យក​មក​ពិភាក្សាគ្នា។ ទីមួយ គឺ​ក្រុម​ប្រទេស​មិត្ត​ស៊ីរី​ដែល​មក​ពីប្រទេស​លោកខាងលិច និង​បណ្តាប្រទេស​អារ៉ាប់​​​នាំគ្នា​ដាក់សម្ពាធ​ទៅលើ​រុស្ស៊ី និង​ចិនឲ្យ​ឈប់​​ការពារ​លោក Bachar Al assad។

ទីពីរគឺគេ​ចង់​ឲ្យ​មានការ​ដាក់​ទណ្ឌកម្មថ្នាក់​អង្គការ​សហប្រជាជាតិ​ទៅលើ​រដ្ឋាភិបាល​លោក​ Bachar Al assad។ ក្រុម​ប្រទេស​មិត្ត​ស៊ីរីអាច​នឹង​ប្រមូល​មតិ​គ្នា​ដើម្បី​ទាមទារ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​ចេញ​សេចក្តីសម្រេច​មួយ​ដែល​សំដៅ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើរដ្ឋាភិបាល​ស៊ីរី។ កន្លងមក មាន​តែ​ទណ្ឌកម្ម​ជាលក្ខណៈ​ឯកជន គឺ​ប្រទេស​មួយ​ចំនួន ដូចជា ក្រុម​ប្រទេស​នៅអឺរ៉ុប បណ្តា​ប្រទេស​អារ៉ាប់ និង​អាមេរិក បាន​​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​​ទៅលើ​​ក្រុមគ្រួសារ​លោក​ Bachar Al assad និង​​ទៅលើ​ក្រុមហ៊ុនស៊ីរី​ណា​ដែល​ផ្គត់ផ្គង់​​លុយដល់​​រដ្ឋាភិបាល​ស៊ីរី។ ទណ្ឌកម្ម​របស់​អាមេរិក​ដែល​ហាម​មិន​ឲ្យ​គេ​ដឹក​លក់​ទំនិញ​ទៅក្នុង​ប្រទេស​ស៊ីរី បាន​បង្ក​ឲ្យ​មាន​អតិផរណា​នៅក្នុង​ប្រទេស ប៉ុន្តែ អំណាច​និង​ផលប្រយោជន៍​ក្រុមគ្រួសារ​របស់ Bachar Al assad មិន​ត្រូវ​បាន​រងផលប៉ះពាល់​ដោយផ្ទាល់​ដោយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិកទេ។

ដោយសារតែ​គ្មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​រួម​ពីក្រុមប្រឹក្សាសន្តិសុខ របប​លោក​ Bachar Al assad​នៅតែ​មានដង្ហើម​សេដ្ឋកិច្ច ដែល​បាន​មក​ពី​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏​កម្រ​របស់ខ្លួន។ ឧទាហរណ៍ របប​ស៊ីរី​នៅតែ​ពឹងផ្អែក​បាន​ទៅលើ​ប្រេង​ដែល​ផ្គត់ផ្គង់​ពី​ប្រទេស​វេណេហ្សុយអេឡា ចំណែក​លុយសុទ្ធ​គឺ​បាន​មក​ពី​ប្រទេស​អ៊ីរ៉ង់។ មួយវិញទៀត ដោយសារ​រុស្ស៊ី​ប្រឆាំង​​ក្រុម​ប្រឹក្សា​សន្តិសុខ​មិន​​អាច​បោះឆ្នោត​ចេញ​សេចក្តី​សម្រេច​ស្តីពីការហាម​លក់​អាវុធ​ទៅ​ឲ្យ​ស៊ីរី។ សព្វថ្ងៃនេះ លោក​ Bachar Al assad ​នៅតែអាចទិញអាវុធ​ទំនើប​ៗ​ពី​រុស្ស៊ី​​ដើម្បី​យក​ទៅប្រើ​ទប់ទល់​នឹង​ក្រុមប្រឆាំង។​​
ជារួម ដើម្បី​អាច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បាន​១០០​ភាគរយ ក្នុង​គោលដៅ​ដាក់​សម្ពាធ​លោក​ Bachar Al assad ឲ្យ​បញ្ឈប់​អំពើហិង្សា គេសង្ឃឹមនឹង​អាច​បញ្ចុះបញ្ចូល​រុស្ស៊ី​ និង​ចិន ឲ្យ​បោះឆ្នោត​យល់ព្រម​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញ​សេចក្តី​សម្រេច​ប្រឆាំង​រាល់​ជំនួយ​ឧបត្តម្ភទៅ​ឲ្យ​រដ្ឋាភិបាល​លោក​ Bachar Al assad។

Munaf Tlass(ស្តាំ) ជាមិត្ត​ជិតស្និទ្ធលោក​Bachar Al Assad
Munaf Tlass(ស្តាំ) ជាមិត្ត​ជិតស្និទ្ធលោក​Bachar Al Assad ©

ការបំបែកខ្លួន​របស់​មន្រ្តី​យោធាជាន់ខ្ពស់
រដ្ឋមន្រ្តីការបរទេស​បារាំង​​លោក Laurent Fabius បាន​បញ្ជាក់​ព័ត៌មាន​ដែលថា​​មន្រ្តី​ជាន់ខ្ពស់​​ស៊ីរី​​ម្នាក់​បាន​បំបែក​ខ្លួន​ ដើរ​ចេញ​ពី​រដ្ឋាភិបាល​លោក​ Bachar Al assad។ លោក​ ឧត្តមសេនីយ Munaf Tlass ដែល​បាន​បំបែកខ្លួន​ពី​រដ្ឋាភិបាល​ស៊ីរី​កំពុង​​ធ្វើ​ដំណើរ​មក​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​ Munaf Tlass​ត្រូវ​គេ​ជាពិពណ៌នាថា ជា​ឧត្តមសេនីយ​ត្រី​ដែល​ស្និទ្ធខ្លាំង​​ទៅនឹង​លោក​ប្រធានាធិបតី Bachar Al assad ព្រោះ​អ្នកទាំងពីរ​ជាមិត្ត​តាំងពីកុមារ​ភាពម្ល៉េះ។ ប៉ុន្តែ ចាប់​តាំង​ពី​​មាន​ចលនា​បះបោរ​នៅ​ស៊ីរី លោកឧត្តមសេនីយត្រី Munaf Tlass​ត្រូវ​បាន​ រដ្ឋាភិបាល​ដាក់​នៅ​គន្លៀតជញ្ជាំង គឺ​បន្ទាប់ពី​គាត់​បាន​បរាជ័យក្នុង​បេសកកម្ម​​សម្រប​សម្រួល​រវាង​ក្រុមឧទ្ទាម និង​ក្រុមគាំទ្រ​រដ្ឋាភិបាលស៊ីរី។

លោក​ Munaf Tlass​ឧត្តមសេនីយ​ស៊ីរី​ទី​១៥​ដែល​បាន​ដើរ​ចេញ​ពី​រដ្ឋាភិបាល​ស៊ីរី និង​រត់​ទៅ​ជ្រកកោន នៅក្នុង​ទឹកដី​តួកគី។ រហូតមកដល់ពេលនេះ មាន​ទាហាន និង​មន្រ្តីយោធា​ជាង​៨០​នាក់ ​ដែល​ដើរ​ចេញ​ពី​រដ្ឋាភិបាល។ ពួកគេ​សុខចិត្ត​​​រត់ចោលជួរ បន្ទាប់ពី​បាន​បដិសេធ​ មិន​ព្រម​បាញ់សម្លាប់​ប្រជាជន ទៅតាម​បញ្ជារបស់​ថ្នាក់លើ។

ការបំបែកខ្លួន ឬ​ការរត់ចោល​ជួរ​ទាហាន និង​ឧត្តមសេនីយត្រីសំខាន់​ចុងក្រោយនេះ នឹង​មិន​ប្រាកដ​ថា ​ធ្វើ​ឲ្យ​​អំណាច​របស់​ Bachar Al assad​រង្គោះរង្គើ​ទេ។ នៅក្នុង​ប្រទេស​ស៊ីរី កងទ័ព​សរុប ជាង៣សែននាក់ (៣សែននាក់​ត្រូវ​បាន​រដ្ឋាភិបាល​រើសបញ្ចូល នៅពេល​ចលនា​បះបោរ​ផ្ទុះឡើង នៅស៊ីរី)។ កងទ័ព​ស៊ីរី ត្រូវ​បាន​ចែក​ចេញ​ជា​ពីរក្រុម គឺ​កងទ័ព​សម្រាប់​ប្រទេស និង​កងទ័ព​ពិសេស ប្រមាណ ១ម៉ឺននាក់ ដែល​ប្រើ​សម្រាប់តែ​ការពារ​លោក​​ Bachar Al Assad។ ​ជាពិសេស​កងពល​លេខ ៤ ដែល​បញ្ជា​ផ្ទាល់ដោយ​ប្អូនប្រុស​របស់​លោក​ Assad។ យោងតាម​អ្នកតាម​ដាន​នយោបាយ​យោធា នៅដើមបូព៌ា កងពល​នេះ​មាន​សមត្ថភាព​ខ្លាំង និង​បំពាក់​ដោយ​អាវុធ​ទំនើប​ៗ​បំផុត។

បើទោះជា​ការបំបែកខ្លួន​របស់ក្រុមយោធា​មាន​កាន់តែច្រើន ប៉ុន្តែ យោធា​ទាំងនោះ​គ្មាន​អំណាច​ឥទ្ធិពល​អ្វី​ធំដុំ​ក្នុង​ជួរកងទ័ពស៊ីរីទេ។ នៅស៊ីរី មេដឹកនាំ​កងពល​ទាហាន​ភាគច្រើន​មក​ពី​និកាយ​Alouite ជាក្រុម​របស់​លោក​ Bachar Al Assad​។ ចំណែក​ទាហាន​ភាគច្រើន​មក​ពី​និកាយ​Sunnite។ មន្រ្តី​យោធានិកាយ​Sunnite ភាគច្រើន​រារែក​មិន​ចង់​បំបែក​ខ្លួន​ចេញ​ពី​លោក​ Bachar Al Assad​ ព្រោះគេ​ជឿថា បើ​លោក​ Bachar Al Assad​​ធ្លាក់ចេញ​ពី​អំណាច​នោះ ប្រទេស​ទាំងមូល​នឹង​ធ្លាក់ទៅក្នុង​អសន្តិសុខ។ ម្យ៉ាងទៀត គេ​បារម្ភ​ពីការសម្លាប់​សងសឹក នៅ​ពេល​ណា​មួយ​ដែល​​លោក​ Bachar Al Assad​​ធ្លាក់ចេញ​ពីអំណាច គឺ​ដូចនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ អ្នកស្និទ្ធ​រដ្ឋាភិបាល​ត្រូវ​បាន​ក្រុមប្រឆាំង​ដែល​ឈ្នះអំណាច កាប់សម្លាប់​សងសឹកវិញ។

ក្រុម​ប្រឆាំង​​ស៊ីរី​វិញ សង្ឃឹមយ៉ាងមុតមាំថា ការបំបែកខ្លួន​របស់​ឧត្តមសេនីយ៍​ត្រី Munaf Tlassនឹង​លើកទឹកចិត្ត​មន្រ្តីយោធា​និកាយ​Alouite ផ្សេងទៀត​ដើរចេញ​ពី​រដ្ឋាភិបាល​ដែរ។ បើ​ក្រុម​​និកាយ​Alouite ដែល​ជាស្នូល​ក្រុម​រដ្ឋាភិបាល ដើរចេញ ពីរដ្ឋាភិបាល នោះមិនយូរ មិន​ឆាប់ លោក​​ Bachar Al Assad នឹង​បាត់បង់​អំណាច​ ចុះទន់ខ្សោយ​មិនខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ