អានតួអត្ថបទ
អ៊ីស្រាអែល-ស៊ីរី

ស៊ីរី៖ការ​វាយប្រហារ​របស់​ទ័ពអាកាស​អ៊ីស្រាអែល​លើ​ដែនដី​ស៊ីរី គឺ​ជា​បទឧក្រិដ្ឋ

នៅ​ថ្ងៃ​អាទិត្យ ទី៧ ធ្នូ កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​ប្រទេស​ស៊ីរី ដោយ​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​ចំនួន ២គ្រាប់​លើ​តំបន់​ក្បែរ​ទីក្រុង​ដាម៉ាស់។ ប្រភព​ស៊ីរី​បាន​បញ្ជាក់​ថា ការ​វាយប្រហារ​នោះ​មិន​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ទេ តែ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​យ៉ាងដំណំ។ រដ្ឋាភិបាល​ស៊ីរី​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លំាងៗ​ដោយ​បាន​ចាត់​ទុក​ទង្វើ​អ៊ីស្រាអែល​ថា ជា​ឧក្រិដ្ឋកម្ម​ប្រឆំាង​នឹង​អធិបតេយ្យ​របស់​សស៊ីរី និង​ថា ជា​ទង្វើ​មួយ​ជួយ​គំាទ្រ​ក្រុមឧទ្ទាម និង​ក្រុមជីហាត​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ស៊ីរី៖ការ​វាយប្រហារ​របស់​ទ័ពអាកាស​អ៊ីស្រាអែល​លើ​ដែនដី​ស៊ីរី គឺ​ជា​បទឧក្រិដ្ឋ
ស៊ីរី៖ការ​វាយប្រហារ​របស់​ទ័ពអាកាស​អ៊ីស្រាអែល​លើ​ដែនដី​ស៊ីរី គឺ​ជា​បទឧក្រិដ្ឋ REUTERS/Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តីជូនដំណឹង​របស់​កងទ័ព​ស៊ីរី​ដែល​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា ទ័ពអាកាស​អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​លើ​តំបន់​សន្តិសុខ​ចំនួន ២កន្លែង​ក្បែរ​ទីក្រុង​ដាម៉ាស គឺ​តំបន់​ឌីម៉ាស និង​តំបន់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ដាម៉ាស​នា​រសៀល​ថ្ងៃ​អាទិត្យ ទី៧ ធ្នូ។ កម្មវត្ថុ​របស់​ទ័ពអាកាស​អ៊ីស្រាអែល គឺ​សំដៅ​កម្ទេច​ឃ្លំាស្តុក​អាវុធ​របស់​ទាហាន​ស៊ីរី​នៅ​ក្បែរ​អាកាសយានដ្ឋាន និង​ទីតំាង​ទាហាន​ស៊ីរី​នៅ​តំបន់​ឌីម៉ាស។ ស្នូរ​សំឡេង​ផ្ទុះ លាយឡំ​នឹង​ផ្សែង​ខ្មួលខ្មាញ់​ត្រូវ​បាន​គេ​ឃើញ​តាម​រយៈ​ទូរទស្សន៍​របស់​ចលនា Hezbollah លីបង់។ បើ​យោង​តាម​ក្រុម​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​នៅ​ស៊ីរី​ឲ្យ​ដឹង​ថា គេ​បាន​ឮ​ស្នូរ​សំឡេង​ផ្ទុះ​មិន​តិច​ជាង ១០ដង ទេ​នៅ​ក្បែរ​ទីក្រុង​ដាម៉ាស។ យ៉ាង​ណា​ក៏​ដោយ ប្រភព​យោធា​ស៊ីរី​បាន​បញ្ជាក់​ថា ការ​វាយប្រហារ​នោះ​មិន​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ទេ តែ​បាន​បំផ្លាញ​ទ្រព្យសម្បតិ្ត ក៏​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​កន្លែង។

នៅ​យប់​ថ្ងៃ​អាទិត្យ ទី៧ ធ្នូ ក្រសួង​ការបរទេស​ស៊ីរី​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ស៊ីរី​បាន​ធ្វើ​សំណើ​ទៅ​កាន់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន និង​ក្រុម​ប្រឹក្សាសន្តិសុខ​​ឲ្យ​ដាក់​ទ័ណ្ឌកម្ម​ប្រឆំាង​អ៊ីស្រាអែល។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការបរទេស​ស៊ីរី​ថែម​ទំាង​បាន​ចាត់ទុក​ទង្វើ​របស់​អ៊ីស្រាអែល​ថា ជា​បទឧក្រិដ្ឋកម្ម​ប្រឆំាង​នឹង​អធិបតេយ្យ​របស់​ប្រទេស​ស៊ីរី។ ចំណែក​ស្ថាប័ន​កងទ័ព​ស៊ីរី​បាន​បន្ថែម​ថា ការ​ដែល​អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​កម្លំាង​រដ្ឋាភិបាល​ស៊ីរី​ពេល​នេះ ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​ពី​ការ​គំាទ្រ​របស់​អ៊ីស្រាអែល​ចំពោះ​ក្រុមឧទ្ទាម ក៏​ដូច​ជា​ក្រុមជីហាត​នៅ​ស៊ីរី។

នៅ​ខាង​អ៊ីស្រាអែល​ឯណោះ​វិញ មក​ដល់​ពេល​នេះ ទីក្រុង​ហ៊្សេរុយសាឡិម​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ។ នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​វា​ជា​ទម្លាប់​សព្វមួយ​របស់​អ៊ីស្រាអែល​ដែល​ព្យាយាម​មិន​និយាយ​អ្វី​ទំាង​អស់។ បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស តំាង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​ស៊ីរី​មក ទ័ពអាកាស​អ៊ីស្រាអែល​បាន​វាយប្រហារ​ជា​ច្រើន​ដង​លើ​ទីតំាង​យោធា​របស់​ស៊ីរី​ក្នុង​ទឹកដី​ស៊ីរី តែ​អ៊ីស្រាអែល​បន្ត​បិទមាត់​ជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ