អានតួអត្ថបទ
ស៊ីរី-អ.ស.ប

អង្គការ​​​សហប្រជាជាតិ​​​បរិហារ​​​ការទំលាក់​​គ្រាប់បែក​លើ​​មន្ទីរពេទ្យ​​​​នៅ​អាឡិប​​ ថា​ជា​"បទឧក្រិដ្ឋ​​សង្គ្រាម"​ ​

ប្រធាន​អង្គការ​សហប្រជាជាតិ​ បាន់ គីមូន បាន​បរិហារ​​ការទំលាក់​គ្រាប់បែក​​របស់​កងទ័ព​ស៊ីរី​និង​រុស្ស៊ី នៅ​តំបន់​អាឡិប ​​ថ្ងៃពុធម្សិលមិញ​ ថា ជា​បទឧក្រិដ្ឋ​សង្គ្រាម​។ ​ជាការ​ទំលាក់​គ្រាប់បែក​​​លើ​មន្ទីរពេទ្យ​ចំនួន​២ សម្លាប់​​អ្នកជំងឺ​យ៉ាងហោច​២នាក់​ និង​បង្ក​របួស​ដល់​បុគ្គលិក​ផ្នែកព្យាបាល២នាក់។ អាមេរិក​វិញ​បានគំរាម​​ព្យួរ​កិច្ចសហ​ប្រតិបត្តិការ​​ជាមួយ​រុស្ស៊ី ​បើ​រុស្ស៊ី​មិន​បញ្ឈប់​ការទំលាក់គ្រាប់បែក​នៅ​អាឡិប។ ​ 

បុរស​ម្នាក់​ដើរ​ក្នុង​គំនរ​ថ្ម​អគារ​បែកបាក់ នៅ​សង្កាត់​មួយកន្លែង នៅ​ក្រុងអាឡិប
បុរស​ម្នាក់​ដើរ​ក្នុង​គំនរ​ថ្ម​អគារ​បែកបាក់ នៅ​សង្កាត់​មួយកន្លែង នៅ​ក្រុងអាឡិប Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​​អង្គការ​ក្រៅរដ្ឋាភិបាល​និងប្រជាជន​ស៊ីរី ​ការទំលាក់គ្រាប់បែក​ដែល​កើតឡើង​នៅ​ ព្រឹក​​​ព្រហាម​ថ្ងៃពុធម្សិលមិញ ទៅលើ​មន្ទីរពេទ្យ​ធំៗ​២កន្លែង នៅ​អាឡិប ជា​ស្នាដៃ​​របស់​​កងទ័ព​ស៊ីរី​និង​រុស្ស៊ី។ ​អ្នកជំងឺ២នាក់​បានស្លាប់ ហើយ​បុគ្គលិក​បម្រើការ​មន្ទីរពេទ្យ២នាក់​​បាន​រង​របួស​។ មន្ទីរពេទ្យ​ទាំង២​បាន​ផ្អាក​សកម្មភាព​ការងារ​ ដោយសារ​រងការខូចខាត។ ​

សម្រាប់​ប្រធាន​អង្គការ​សហ​ប្រជាជាតិ ​​បាន់ គីមូន នេះ​ជា​បទឧក្រិដ្ឋ​សង្គ្រាម ​ជាសង្គ្រាម​​​ប្រឆាំង​​នឹង​អ្នកបម្រើការ​ផ្នែក​សុខភាព​នៅ​ស៊ីរី។ ​លោក​បាន់ គីមូន បាន​រំលឹក​ឡើងវិញ ពី​​ច្បាប់​អន្តរជាតិ​ ដែល​ចែង​​​តំរូវ​អោយ​គេការពារ​បុគ្គលិក​ព្យាបាល និង​ទីតាំង​បម្រើការ​ផ្នែក​សុខភាព។

ប្រមុខការទូត​អាមេរិក​ ចន ឃែររី បាន​ប្រាប់​ប្រមុខការទូត​រុស្ស៊ី ស៊ែរហ្កី ឡាវ្រូវ ថា​អាមេរិក​ត្រៀម​ព្យួរ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​រុស្ស៊ី បើ​រុស្ស៊ី​មិនបញ្ឈប់​ការទំលាក់គ្រាប់បែក​នៅ​អាឡិបទេ។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បានតប​ទៅអាមេរិក​វិញថា ក្រុម​ជំនាញយោធា​រុស្ស៊ី​​នឹង​ទៅក្រុងហ្សឺណែវ ដើម្បី​ជជែក​​​គ្នាឡើងវិញ​ជាមួយ​អាមេរិក។

យោងតាម​អង្គការ​Amnesty International ​ការវាយប្រហារ​នៅ​អាឡិប មានទិសដៅ​បង្ខំ​អោយ​ប្រជាជន​២សែន៥ម៉ឺននាក់ ដែល​រស់នៅ​តំបន់គ្រប់គ្រង​ដោយ​ក្រុមឧទ្ទាម ​អោយ​ពួកគេ​ចាកចេញ​ទៅ​ចូលនៅ​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វិញ។ ប្រជាជនអាឡិបមិនហ៊ាន​ចូលទៅ​ខាងរដ្ឋាភិបាល​ ដោយសារ​បារម្ភ​ថា កងទ័ព​អាច​ចាប់ខ្លួន​ពួកគេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ