អានតួអត្ថបទ
តៃវ៉ាន់

តុលាការ​តៃវ៉ាន​សម្រេច​​ឲ្យ​​កូន​​ប្រុស​ម្នាក់​សង​លុយ​​ម្តាយ​​​ជាង​​៦០​ម៉ឺនដុល្លារ​​ សម្រាប់​​ការ​​ចិញ្ចឹម​បីបាច់

តុលាការ​កំពូល​តៃវ៉ាន់ កាលពីថ្ងៃពុធទី៣មករា បាន​សម្រេច​ឲ្យ​កូន​ប្រុស​ម្នាក់ សងប្រាក់​ទៅម្តាយ ចំនួន​ជាង​៦០ម៉ឺន​ដុល្លារ ជា​សំណង​​ថ្លៃ​ចិញ្ចឹម​បីបាច់ និង​ថ្លៃ​បង់​ការ​សិក្សា។ ម្តាយ​បង្កើត​រូបនេះ បាន​ប្តឹង​កូន​ប្រុស​ពៅ​របស់ខ្លួន រហូត​ដល់​តុលាការ​កំពូល​ ពីព្រោះ​តែ​កូន​ប្រុស​បដិសេធ​មិន​ព្រម​​សង់​លុយ​ថ្លៃ​ចិញ្ចឹម​ ដែល​ពួក​គេ​បានយល់ព្រម​​ចុះ​កិច្ច​សន្យា​កាលពី​ជាង​២០ឆ្នាំមុន។ បើ​តាមការ​អះអាង​របស់​​កូន​ប្រុស ការ​ចិញ្ចឹម​បីបាច់ គឺជាករណី​កិច្ច​របស់​ម្តាយ។ ប៉ុន្តែ​ម្តាយ​រូបនោះ ភ័យ​ខ្លាច​ដល់ពេល​ចាស់ទៅ គ្មា​ន​អ្នក​​មើលថែ។​

តុលាការតៃវ៉ាន
តុលាការតៃវ៉ាន Takatoshi Kurikawa/Alamy
ផ្សាយពាណិជ្ជកម្ម

រឿង​រ៉ាវ​ប្តឹង​ផ្តល់​ក្នុង​គ្រួសារ​នេះ បាន​កើត​មានឡើង​​៨ឆ្នាំ​មកហើយ។ តុលាការ​ជាន់​ទាប​របស់​តៃវ៉ាន់ បា​នកាត់សេចក្តី ឲ្យ​កូន​ប្រុសឈ្នះក្តី ដោយ​យោង​ទៅ​លើ​អំណះអំណាង​របស់​ចុង​ចម្លើយថា ការ​ចិញ្ចឹម​បីបាច់កូន​ គឺជាករណី​កិច្ច​របស់​ម្តាយ ដែល​ត្រូវ​​មើល​ថែ​និង​ផ្គត់ផ្គង់​ការ​សិក្សា​របស់កូន ហើយ​នេះ​គឺ​សម​ស្របតាម​ទំនៀម​ទម្លាប់ប្រពៃណី​ចិន។

ដើម​បណ្តឹង​ ឈ្មោះ លោកស្រី លូ ជាម្តាយ​មិន​សុខចិត្ត ក៏​បាន​ប្តឹង​ផ្តល់​ដល់​តុលាការ​កំពូល។ ទីបំផុត​តុលាការ​កំពូល​តៃវ៉ាន់ បាន​ចេញ​សាលដីកា សម្រេច​ឲ្យ​ម្តាយ​ឈ្នះ​ក្តី ថ្ងៃទី​៣មករា​ ដោយសំអាង​ថា កូន​ប្រុសធ្វើការជាពេទ្យធ្មេញ មាន​លទ្ធភាព​​គ្រប់​គ្រាន់​នឹង​សង​ប្រាក់​ទៅម្តាយ​។​ ហើយ​កាលដែល​ពួក​គេ​ចុះ​កិច្ច​សន្យា​ជាមួយ​គ្នា គឺ​កូនៗ​សុទ្ធតែ​ជា​មនុស្ស​ពេញ​វ័យ មាន​អា​យុ​ប្រមាណ​២០ឆ្នាំហើយ​។ តុលាការកំពូល​​ទទួល​ស្គាល់​កិច្ច​សន្យា​របស់​ពួក​គេ​ ថា​ត្រឹម​ត្រូវ​តាម​ច្បាប់។​

សូម​រម្លឹក​ថា ស្ត្រី​មេម៉ាយ​ជនជាតិ​តៃវ៉ាន់រូប​នេះ​ បាន​ចិញ្ចឹម​បីបាច់​កូនប្រុសពីរ តែម្នាក់ឯក។ ពួក​គេ​ទាំងបី បាន​យល់​ព្រម​ចុះ​កិច្ច​សន្យា ដើម្បី​ឲ្យ​ម្តាយ​ផ្គត់​ផ្គង់​ការ​សិក្សា​រៀន​សូត្រ​របស់​ពួក​គេ​។ ស្ត្រី​រូបនេះ គឺជា​ម្ចាស់​គ្លីនីក​ព្យាបាល​ធ្មេញមួយ​កន្លែង ហើយ​បាន​សម្រេច​បង់​ប្រាក់​ឲ្យ​កូន​រៀន​ផ្នែក​ទន្តសាស្ត្រ​ រហូត​កូន​ក្លាយ​ជា​គ្រូពេទ្យ​ធ្មេញ។ ក្នុង​ការ​ប្តឹង​ផ្តល់​គ្នា កូន​ប្រុស​ច្បង​បាន​យល់ព្រម​សង​លុយ​ម្តាយ ប្រហែល​៥ពាន់​ដុល្លារ​តៃវ៉ាន់​ តែ​កូន​ប្រុស​ពៅ ឈ្មោះ​ ជូ បដិសេធ​។​

គួរ​ជម្រាបថា នៅ​ក្នុង​សង្គម​តៃវ៉ាន់និងចិន​ ​មនុស្ស​ចាស់​ត្រូវ​កូន​ចៅ​បោះបង់​ចោល គឺ​កើត​មាន​ជាញឹកញយ​។ រហូត​ដល់​មាន​អ្នក​ខ្លះ បាន​ស្នើ​សុំ​ឲ្យ​បង្កើត​ច្បាប់ ដាក់​ទោស​ដាក់​គុក​ចំពោះ​កូនណា​​ដែល​​មិន​ព្រម​មើលថែ​រក្សា​​ឪពុក​ម្តាយ​ នៅពេល​ដែល​ពួក​គាត់​ចាស់ជរា​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ