ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT

ចិន-តៃវ៉ាន់​៖ ចិន​គំរាម​វាយ​ប្រហារ​តៃវ៉ាន់​​ បើតៃវ៉ាន់​ហ៊ាន​ប្រកាស​ឯក​រាជ្យ

ចិន-តៃវ៉ាន់​៖  ចិន​គំរាម​វាយ​ប្រហារ​តៃវ៉ាន់​​ បើតៃវ៉ាន់​ហ៊ាន​ប្រកាស​ឯក​រាជ្យ
 
ប្រមុខ​រដ្ឋ​ចិន ថ្លែង​សារ​នៅ​ថ្ងៃ​ខួប​៧០ឆ្នាំ នៃការ​បង្កើត​របបដឹកនាំកុម្មុយនីស្ត REUTERS/Mark Schiefelbein/Pool

ចិនបញ្ចេញ​ធ្មុង​ដាក់​តៃវ៉ាន់​ជាថ្មី​ដោយ​គំរាម​ប្រើ​ទ័ព​វាយ​ប្រហារ​ បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​។ ការព្រមាននេះ​បានធ្វើឡើងដោយ​ប្រធានាធិបតីចិន​ ស៊ី ជីនពីង នៅ​ក្នុង​សុន្ទរកថា​ ថ្លែងនាថ្ងៃពុធ ​ទី​២មករា​នេះ។ ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋ​ចិន​យ៉ាង​ដូច្នេះ គឺ​ជារឿង​​មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ ពី​សំណាក់​ថ្នាក់​ដឹកនាំ​តៃវ៉ាន់។ តើ​ចិន​ពិត​ជាហ៊ានប្រើ​ទ័ព​សង្គ្រ​ប់​​​យក​តៃវ៉ាន់​មែន​ដែរឬទេ? តើ​តៃវ៉ាន់ពិត​ជា​​ហ៊ាន​ប្រកាស​ឯករាជ្យ​មែន​ដែរឬទេ ?​

ហេតុអ្វី​បាន​ជាប្រធានាធិបតី​ចិន​ស្រែក​គំរាមយ៉ាង​ដូច្នេះ​?

សម្តី​គំរាម​របស់​ប្រមុខ​រដ្ឋចិន​​ គឺ​មិនមែន​ជាលើកទី១​​ទេ។ ជាក់ស្តែង​ទៅ រាល់​គ្រប់​ប្រធានាធិបតី​ចិន​ទាំងអស់ និង​គ្រប់​អាណត្តិ​ គឺ​សុទ្ធតែ​និយាយ​ដូច្នេះ​។​ ចំណែក​ លោក ស៊ី​ ជីនពីង លើក​ឡើង​ច្រើន​ដង​មក​ហើយ គឺតាំងតែ​ពី​ពេល​លោក​ឡើង​កាន់​អំណាច​ ដឹកនាំ​ស្រុក​ចិន​ នៅ​ឆ្នាំ​២០១២មកម្ល៉េះ។ ថ្នាក់​ដឹកនាំ​ចិន​រូប​នេះ ថែម​ទាំង​ធ្លាប់​សន្យា​ថា ត្រូវតែ​យក​តៃវ៉ាន់​មក​ដាក់​ក្រោម​ការ​ត្រួតត្រា​របស់​ចិនឲ្យ​បាន​​ នៅក្នុង​អាណត្តិ​ដឹកនាំប្រទេស​របស់​លោក​។​

ការ​ប្រកាស​របស់​ប្រធានាធិបតី​ចិននៅ​ពេល​នេះ តែ​គេ​អាច​យល់ថាយ៉ាង​ហោច​ មាន​មូលហេតុ​៣យ៉ាងតិច។ គឺទី១  ការ​ប្រកាសនេះ ធ្វើ​ឡើង​នៅក្នុងឱកាស​​ខួប​៧០ឆ្នាំ នៃការ​បង្កើត​​របបកុម្មុនីស្ត​ចិន​ ជា​ផ្លូវការ ឆ្នាំ​១៩៤៩ គឺ​ក្រោយ​ពេល​ដែល​សង្គ្រាម​ស៊ីវិល​ផុត​រលត់​ទៅ​​។ ដូច្នេះ​នេះ​គឺជាការ​អបអរ​ទិវា​បង្កើត​របបដឹកនាំ​របស់​ខ្លួន​ផង​។ តែនៅ​ឆ្នាំ​១៩៤៩ ក៏​ជា​ការ​​បង្កើត​របបដឹកនាំ​​តៃវ៉ាន់ជាមួយ​គ្នា​ផង​ដែរ​ ដែល​មាន​ឈ្មោះ​ផ្លូវការ ថា សាធារណរដ្ឋ​ចិន​។ ដូច្នេះហើយ បាន​ជា​វា​មាន​រឿង​ជាប់​ពាក់ព័ន្ធ​គ្នា​ដូច្នេះ។

មូលហេតុទី២ អាច​ថា​ជា​សារអបអរ​ឆ្នាំថ្មីរបស់​លោក ស៊ី ជីនពីង​ ដែល​លាយឡំ​ជាមួយ​នឹង​សារ​​នយោបាយ​របស់​ចិន​ផង។ ​ទី៣ គឺជាការ​ឆ្លៀត​ឱកាស​សម្ញែង​ឫទ្ធានុភាព​បន្ថែម​ទៀត ពី​កម្លាំង​កងទ័ព​ប្រជាជន​ចិន។

ស្របពេល​ដែល​ប្រមុខ​រដ្ឋ​ចិនប្រកាស​បែបនេះ គឺ​ កាសែត​ផ្លូវការ​របស់​កង​ទ័ពរំដោះ​ប្រជាជន​​​ចិន ក៏​បាន​ចេញ​ផ្សាយពី​គោល​បំណង​របស់​កងទ័ពចិន​​សម្រាប់​២០១៩​នេះ​ផងដែរ​។ ទាហាន​ចិន បាន​សម្ញែង​សាច់​ដុំ និង​ថា ​ទ័ព​ចិន​ត្រៀម​ខ្លួន​រួច​ហើយ នៅក្នុង​ករណី​មាន​សង្គ្រាម ហើយ​ការ​ត្រៀម​ខ្លួន​សម្រាប់​ប្រយុទ្ធ​នេះ គឺជា​វត្ថុបំណង​របស់​កងទ័ព​ចិន​​សម្រាប់​ឆ្នាំ​ថ្មី​នេះ។​ ប៉ុន្មា​នឆ្នាំ​​ចុង​ក្រោយ​នេះ ចិន​ប្រឹង​បង្កើន​ថវិកា​ជាតិ​ សម្រាប់​វិស័យ​យោធា​សម្បើម​ណាស់។​ ចំណែក​តៃវ៉ាន់ ក៏​បង្កើត​ថវិកាការពារ​ជាតិ​របស់​ខ្លួន​ដែរ​

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវេន ដែល​មាននិន្នាការ​ប្រកាសឯករាជ្យ REUTERS/Ann Wang

តើ​ចិន​ពិត​ជាហ៊ាន​ប្រើ​​ទ័ព​សង្គ្រប់​យក​តៃវ៉ាន់​មែន​ដែរឬទេ?

​អ្នក​ជំនាញ​កិច្ច​ការ​តំបន់​អាស៊ី​ជាច្រើននាក់ ​យល់ថា ក្នុង​រយៈ​កាល​ខ្លី និង​នៅក្នុង​ពេល​ភ្លាមៗនេះ ចិន​ច្បាស់​ជា​នឹង​មិន​ធ្វើ​ឲ្យ​ស្ថានការណ៍​កកូរ​កកាយ​ធំដុំ​ជាង​នេះ​ នោះទេ។ លើក​លែង​តែមាន​ស្ថានការណ៍ទុំជោរ​​ពេក។ ពោល​គឺ​ករណី​ដែល​​តៃវ៉ាន់ហ៊ាន​​ប្រកាស​ឯករាជ្យ​​។​ ក៏ប៉ុន្តែ ស្ថិត​ក្នុង​សភាព​សព្វថ្ងៃ តៃវ៉ាន់ ក៏​មិន​ហ៊ាន​ធ្វើ​ជ្រុល​​ជ្រួស​ពេក​នោះដែរ។ ចំពោះ​ចិន បើ​តៃវ៉ាន់​​ហ៊ាន​ប្រកាសឯករាជ្យ គឺ​ចិន​ច្បាស់​ជា​ទាល់​ច្រក ហើយ​គ្មាន​ផ្លូវ​អ្វី​ ក្រៅ​តែ​​ពី​ប្រើ​កម្លាំង​នោះឡើយ​។ ​បើ​ចិន​ប្រើកម្លាំង ចិន​គឺ​យល់​ច្បាស់​ដោយ​ខ្លួន​ឯង​ថា ​ស្ថានការណ៍​នៅក្នុង​តំបន់​ ច្បាស់ជា​កាន់តែ​ដុន​ដាប់​ខ្លាំង ពី​ព្រោះ តៃវ៉ាន់ រំពឹង​ថា​មា​ន​មហា​អំណាច​អាមេរិកជា​ខ្នង​បង្អែក។​ ចំពោះ​អាមេរិក​នេះ គឺ​នៅ​លើ​ផ្លូវការ​ជាក់​ស្តែង អាមេរិក​ទទួល​ស្គាល់​គោល​ការណ៍​ ចិនតែមួយ។ ក៏ប៉ុន្តែ នៅ​ក្រោយ​ខ្នង គឺជារឿងផ្សេង​ទៀត​។​

ទោះយ៉ាងណា​ក៏ដោយ ចិន​បាន​គូស​បន្ទាត់​ក្រហម​មួយ​តាំងពីយូរ​មកហើយ បើ​តៃវ៉ាន់ ប្រកាសឯករាជ្យ គឺ​ចិន​នឹងវាយ​យកហើយ តែ​រហូត​មក​ទល់​ពេល​នេះ គ្មា​ននរណា​ហ៊ាន​ដើរ​ហួស​បន្ទាត់​ក្រហម​នោះទេ។​

 

អ្នក​គាំទ្រ​បក្ស​ គួមីងតាង នៅថ្ងៃ​ឈ្នះ​ឆ្នោត កាលពី​ចុង​ឆ្នាំមុន © REUTERS/Tyrone Siu

តើ​ស្ថានភាព​លេច​អណ្តែត​ៗ​ របស់​ តៃវ៉ាន់ នឹងត្រូវ​បញ្ចប់​នៅពេលណា?

​អ្នក​ជំនាញ​ខាង​ភូមិសាស្ត្រ​នយោបាយ អះអាងថា ភាគីចិន គឺ​ចង់​រក្សា​ស្ថានភាព​ឲ្យ​នៅ​ដដែល ដែល​អ្នក​ការទូត​ច្រើន​ ​ហៅថា Statu quo ​។ គេមើល​ឃើញថា ​នេះ​ក៏​ជា​ចេតនា​​របស់​ លោក​ប្រធានាធិបតី​ចិន ស៊ី​ ជីនពីង ដែរ​។ ចំពោះអត្ថន័យ​នៅក្នុង​សារ​របស់​ប្រមុខ​រដ្ឋ​​ចិន នៅថ្ងៃ​ពុធទី​២មករា​នេះ​ គឺ​រដ្ឋបាល​ក្រុង​ប៉េកាំង​ចង់​ឲ្យ​រក្សា​ស្ថានភាព​ឲ្យ​នៅ​ដដែល ដោយ​​ឲ្យ​តៃវ៉ាន់​ គោរព​គោលការណ៍ «ប្រទេស​មួយ​ របបដឹកនាំពីរ» គឺ​ដូចអ្វី​​ដែល​ តំបន់​ស្វយ័ត​ហុងកុង កំពុង​អនុវត្តសព្វ​ថ្ងៃ​។

ក៏ប៉ុន្តែ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវេន ដែល​មាន​ទំនោរ​ចង់​បាន​ឯករាជ្យ បាន​ច្រាន​ចោលគោលការណ៍​នេះ​​ និង​ថា ពលរដ្ឋ​តៃវ៉ាន់​មិនអាច​ទទួល​យក​ការ​ចរចា​នយោបាយ​​ណាមួយ​ ដោយឈរ​លើ​គោលការណ៍ «ប្រទេស​មួយ​ របបដឹកនាំពីរ» នោះ​ឡើយ។ ចំពោះ​តៃវ៉ាន់, រាល់ការ​ចរចា​នយោបាយរវាង​ចិន​និង​តៃវ៉ាន គឺ​ត្រូវ​ស្ថិត​ក្នុង​ក្រប​ខណ្​ឌស្មើគ្នា​ រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល។

ស្ថានភាព​នេះ គឺ​អាស្រ័យ​មួយ​ផ្អែក​ធំ ពី​នយោបាយ​ផ្ទៃ​ក្នុង​របស់​តៃវ៉ាន់​ខ្លួន​ឯងតែម្តង​។  នៅ​តៃវ៉ាន់ ជា​របប​ដឹកនាំ​ប្រជាធិបតេយ្យ ដែល​មាន​ការ​ផ្លាស់​ប្តូរ​អំណាច​ដឹកនាំ​ដោយ​ការ​បោះឆ្នោត និង​ដោយ​សន្តិវិធី។ ពលរដ្ឋ​តៃវ៉ាន់ មួយ​ចំនួន​ គឺ​មិន​ចង់​ឲ្យ​តៃវ៉ាន់ ស្ថិត​ក្រោម​ការ​ត្រួតត្រា​ផ្តាច់​មុខ​របស់​ចិន​ តែ​ក៏​មិន​ចង់​ឲ្យ​តៃវ៉ាន់​ផ្តាច់​ខ្លួន​ជាផ្លូវ​ពីចិន​​ដែរ ដ្បិត​ខ្លាចក្រែង​ ជួប​ផល​លំបាក​កាន់តែ​ធ្ងន់ធ្ងរ​។ ក៏ប៉ុន្តែ រឿង​នេះ​ វា​អាស្រ័យ​នឹងអ្នក​​នយោបាយ​ តែម្តង។

នៅពេល​លោកស្រី ឆៃ អ៊ីងវេន ឡើង​កាន់អំណាច​នៅឆ្នាំ​២០១៦ តៃ​វ៉ាន់​ ហាក់​ខំប្រឹង​បន្លឺសំឡេង​ខ្លាំង​ណាស់ ខាង​ចង់​ទាមទារ​ឯករាជ្យ។ នេះ​ជាហេតុធ្វើ​ឲ្យ​ចិន​ កាន់តែ​ពង្រីក​ក្រញាំ​ទៅលើ​តៃវ៉ាន ដោយ​បិទ​សេដ្ឋកិច្ច​ និងរក្ស​មធ្យោបាយ​​ផ្តា​ច់​​ទំនាក់​ទំនង​​របស់​តៃវ៉ាន់ជាមួយ​​នឹង​ប្រទេស​ដទៃ​ ម្តង​មួយៗ។​ តួយ៉ាង​ នៅ​អាហ្វ្រិក​ជាដើម ប្រទេស​ផ្សេងៗដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ បាន​បេះដៃ​ពី​តៃវ៉ាន់ ទៅ​ស្រវា​ឱប​ចិន ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច។ នៅឆ្នាំ​ចុង​ឆ្នាំ​២០១៨ កន្លងទៅនេះ ពលរដ្ឋតៃវ៉ាន់ បាន​ដក​ទំនុក​ចិត្ត​ពី​ការ​ដឹកនាំ​របស់​លោកស្រី​ប្រធានាធិបតីតៃវ៉ាន់ បន្តិច​មកវិញ ដោយ​សម្រេច​បោះឆ្នោត​នៅថ្នាក់​ឃុំសង្កាត់ ឲ្យ​បក្ស​លោកស្រី​ចាញ់​យ៉ាង​អាម៉ាស ហើយ​រហូត​ដល់​លោកស្រី ត្រូវ​បង្ខំ​ចិត្ត​លាលែង​ចេញពីថ្នាក់​ដឹកនាំ​បក្ស​ទៀត​ផង៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ប៉ាណាម៉ា-ចិន

    ប្រធានាធិបតី​ចិន​ធ្វើដំណើរ​លើកទី១ ទៅ​ប៉ាណាម៉ា អតីត​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

    ស្វែងយល់បន្ថែម

  • ការ​បោះឆ្នោត​នៅ​កោះតៃវ៉ាន់​​ បង្ហាញពី​វិបត្ដិសង្គម​ និង​នយោបាយ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ