អានតួអត្ថបទ
កម្ពុជា

អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ពន្ធ​ផ្ទៃ​ក្នុង​បាន​លើស​ផែនការ សម្រាប់​ឆ្នាំ​២០១៤

សម្រាប់​ឆ្នាំ​២០១៤ អគ្គ​នាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃ​ក្នុង​បាន​លើស​ផែនការ​ដែល​បាន​គ្រោង​ទុក​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​១២​មករា​ម្សិលមិញ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ចំណូល​ពន្ធ​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ​២០១៤​នោះ មាន​ចំនួន​​ជាង​១​ពាន់​លាន​ដុល្លារ​ ស្មើ​នឹងជិត​១០៧​ភាគរយ​នៃ​ផែន​ការ​ច្បាប់​។

សំណង់​អគារ​ខ្ពស់ៗ នៅ​កម្ពុជា ចាប់ផ្តើម​កើនឡើង​វិញ
សំណង់​អគារ​ខ្ពស់ៗ នៅ​កម្ពុជា ចាប់ផ្តើម​កើនឡើង​វិញ RFI/Sophal Nhiem
ផ្សាយពាណិជ្ជកម្ម

 អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ ប្រមូល​ចំណូល​ពន្ធ​ផ្ទៃ​ក្នុង​បាន​ចំនួន ៤​លាន ២​សែន ៥​ម៉ឺន ១​ពាន់​១៦១​លាន​រៀល ឬ​ស្មើ​នឹង​១​ពាន់​៦២,៧៩​លាន​ដុល្លារ​។ ចំនួន​នេះ ស្មើ​នឹង​១០៦,៩៤​នៃ​ផែនការ​ច្បាប់ ក្នុង​នោះ ថវិកា​ថ្នាក់​ជាតិ​បាន​ចំនួន​ស្មើ​នឹង ១០៦,៩០​ភាគរយ និង​ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បាន​ចំនួន​ស្មើ​នឹង​១០៧​ភាគ​រយ។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ ការ​ប្រមូល​ពន្ធដារ​បង់​ចូល​ថវិកា​ជាតិ សម្រាប់​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ កើន​ឡើង​ប្រមាណ​១៧,៩​ភាគ​រយ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ការ​កើន​ឡើង​ក៏​មាន​ផង​ដែរ ចំពោះ​ចំណូល​ពន្ធ​តាម​ប្រភេទ​ពន្ធ​សំខាន់​ៗ​មួយ​ចំនួន​។ ក្នុង​នោះ ពន្ធ​លើ​ប្រាក់​បៀវត្ស​មាន​ការ​កើន​ឡើង​ប្រមាណ​២៩,៦​ភាគរយ ពន្ធ​លើ​ប្រាក់​ចំណេញ​មាន​ការ​កើន​ឡើង​២៣,៩​ភាគ​រយ អាករ​លើ​តម្លៃ​បន្ថែម​មាន​ការ​កើន​ឡើង​ប្រមាណ ៨,៧​ភាគ​រយ និង​អាករ​ពិសេស​មាន​ការ​កើន​ឡើង​ប្រមាណ​១៣,៣​ភាគ​រយ​។

ដោយ​ឡែក ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា មាន​ការ​កើន​ឡើង​ស្ទើរ​តែ​ទាំង​អស់ ដោយ​ក្នុង​នោះ ផ្នែក​លក់​គ្រឿង​សំណង់​កើន​ឡើង​ខ្លាំង​ជាង​គេ គឺ​រហូត​ដល់​ទៅ​១​ពាន់​៤១២,៤​ភាគ​រយ និង​ផ្នែក​លក់​ផលិតផល​ឱសថ​កើន​ឡើង​ប្រមាណ​១៤៥​ភាគ​រយ​។ ចំណូល​ពន្ធ​ផ្នែក​​អាជីវកម្ម​អចលនទ្រព្យ​កើន​ឡើង​ប្រមាណ​១២៨​ភាគ​រយ ផ្នែក​ផលិត​ម្ហូប​អាហារ​កើន​ឡើង​ប្រមាណ៧៥​ភាគ​រយ​។ ចំណែក​ផ្នែក​លក់​គ្រឿង​យន្ត ផ្នែក​ផលិត​សម្លៀក​បំពាក់ និង​ផ្នែកស្ថាបត្យកម្ម​និង​សំណង់ ព្រម​ទាំង​ផ្នែក​សណ្ឋាគារ​និង​ផ្ទះ​សំណាក់ កើន​ឡើងជាង​៤០​ភាគ​រយ​។

ក្រៅ​ពី​នេះ ចំណូល​ពន្ធ​លើ​ផ្នែក​លក់​ភេសជ្ជៈ ផ្នែក​លក់​សម្ភារៈ​ការិយាល័យ ផ្នែក​ផលិត​ថ្នាំ​ជក់ ផ្នែក​អាកាសយាន្តដ្ឋាន​និង​កំពង់ផែ ផ្នែក​នីរហ័ណអារហ័ណ ផ្នែក​សេវា​ហិរញ្ញវត្ថុ និង​ផ្នែក​ផលិត​គ្រឿង​ប្រើប្រាស់​ជា​ដើម មាន​ការ​កើន​ឡើង​ចន្លោះ​ពី ១០​ភាគរយ ទៅ​ដល់​៣៨​ភាគ​រយ​។ ដោយ​ឡែក ចំណូល​ពន្ធ​លើ​ផ្នែក​ទូរគមនាគមន៍ មាន​ការ​កើន​ឡើង​តិច​ជាង​គេ គឺ​ប្រមាណ​តែ​២,៣​ភាគ​រយ​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ