អានតួអត្ថបទ
កម្ពុជា

ទិវា​គ្រូ​បង្រៀន​៖ ​ជួប​ជុំ ​ថ្លែង​ការណ៍ ​ហែ​ក្បួន ​ដាក់​ញត្តិ ​គ្មាន​អំពើ​ហិង្សា ​តែមាន​ការ​រារាំង

ដូច​ការ​គ្រោង​ទុក​ សមាគម​គ្រូ​បង្រៀន​របស់​លោក​រ៉ុង​ឈុន ​បាន​ជួប​ជុំ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​ ថ្ងៃ​៥​តុលា ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។ ​ក្រុម​គ្រូ​បង្រៀន ​បាន​ថ្លែង​ការណ៍ ​លើក​បដា​ ស្រែក​មេក្រូ ​ទាម​ទារ​ឡើង​ប្រាក់​ខែ​ទាប​បំផុត​ ១​លាន​រៀល។ ​ក្រុម​គ្រូ​បង្រៀន ​ដោយ​មាន​ការ​ចូល​រួម​ពី​បាតុករ​ជា​យុវជន​ និង​ព្រះ​សង្ឃ ​ក្នុង​រឿង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ផង​ បាន​ដើរ​ហែ​ក្បួន​ ដាក់​ញត្តិ​ នៅ​ក្រសួង​អប់រំ​ និង​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី។ ​ក្បួន​គ្រូ​បង្រៀន ​មិន​មាន​អំពើ​ហិង្សា​ទេ​ តែ​មាន​ការ​រារាំង​ នៅ​មុខ​ក្រសួង​អប់រំ។

គ្រូ​បង្រៀន​ជា​ច្រើន​នាក់​បាន​ជួប​ជុំ​គ្នា​ នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ ទាម​ទារ​អោយមា​ន​ការ​ដំឡើង​ប្រាក់​ខែ ​ដែល​ធ្វើ​ឡើង​ស្រប​ពេល​ទិវា​គ្រូ​បង្រៀន​៥តុលា​។​
គ្រូ​បង្រៀន​ជា​ច្រើន​នាក់​បាន​ជួប​ជុំ​គ្នា​ នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ ទាម​ទារ​អោយមា​ន​ការ​ដំឡើង​ប្រាក់​ខែ ​ដែល​ធ្វើ​ឡើង​ស្រប​ពេល​ទិវា​គ្រូ​បង្រៀន​៥តុលា​។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គ្រូបង្រៀន​រាប់រយ​នាក់ មកពី​ទូទាំងប្រទេស បាន​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នា​ព្រឹក​ថ្ងៃអាទិត្យ ទី៥តុលា។ ដឹកនាំ​ដោយ​លោក​រ៉ុង​ឈុន ក្រុម​គ្រូបង្រៀន​បាន​លើក​បដា ដើម្បី​សាទរ​គ្រូបង្រៀន​ពិភពលោក ថ្ងៃ៥តុលា។ ខ្លឹមសារ​បដា​ទាំងនោះ រួមទាំង​ការទាមទារ​ឡើង​ប្រាក់ខែ ១ លាន​រៀល ខណៈដែល​គ្រូ​សព្វថ្ងៃ ទទួលបាន​ប្រាក់ខែ​ទាប​បំផុត​ប្រមាណ ៥០ ម៉ឺន​រៀល។

ទិវា​គ្រូបង្រៀន នៅ​ថ្ងៃអាទិត្យ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ “ការលើកកម្ពស់​គុណភាព​អប់រំ។ គុណភាព​អប់រំ នៅ​កម្ពុជា ត្រូវបាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រកឃើញថា វិស័យ​អប់រំ មានការ​ធ្លាក់ចុះ​យ៉ាងគំហុក។ កាន់​ក្បាល​មេក្រូ ថ្លែង​មុខ​ក្រុម​គ្រូបង្រៀន នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រធាន​សមាគម​គ្រូបង្រៀន លោក រ៉ុង​ឈុន បាន​អះអាងថា វិស័យ​អប់រំ បាន​ធ្លាក់ចុះ មកពី​កត្តា​ប្រាក់ខែ​គ្រូបង្រៀន​ទាប ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ដោះស្រាយ​ប្រាក់ខែ ជាបន្ទាន់។

បន្ទាប់ពី​ជួបជុំ លើក​បដា ថ្លែងការណ៍​រួចហើយ ក្រុម​គ្រូបង្រៀន ដោយមាន​ការចូលរួម​ពី​បាតុករ តវ៉ា​រឿង​ទឹកដី​ខ្មែរក្រោម​ផង​នោះ បាន​ដើរ​ហែ​ក្បួន ក្នុង​បំណង​ដាក់​ញត្តិ នៅ​ក្រសួង​អប់រំ និង​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ​ពេល​ដើរ​ហែ​ក្បួន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លោក​រ៉ុង​ឈុន មិនបាន​ដឹកនាំ​គ្រូបង្រៀន ដើរ​តាមផ្លូវ​តូច ដែល​អាជ្ញាធរ បានកំណត់​ឲ្យ​នោះទេ តែ​លោក​រ៉ុង​ឈុន បាន​នាំ​គ្រូបង្រៀន ដើរ​តាមផ្លូវ​ព្រះ​នរោត្តម ឆ្ពោះទៅកាន់​ក្រសួង​អប់រំ ដែល​ស្ថិតនៅ​ជិត​វិមានឯករាជ្យ និង​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី។ កម្លាំង​ប៉ូលិស និង​ប៉េអឹម រាប់រយ​នាក់ ត្រូវបាន​ពង្រាង និង​ដាក់រ​បាំងបិទ​កំណាត់​ផ្លូវ​ព្រះ​នរោត្តម នៅត្រឹម​របង​ក្រសួង​អប់រំ។

អស់​ពេល ១ ម៉ោង ទើប​មានការ​សម្របសម្រួល​ឲ្យ​តំណាង​គ្រូបង្រៀន កាន់​ញត្តិ​ទៅ​ដា​ក់នៅ​ក្រសួង​អប់រំ។ ញត្តិ​របស់​សមាគម​គ្រូបង្រៀន បានស្នើ​ដល់​រដ្ឋសភា រដ្ឋាភិបាល និង​ក្រសួង​អប់រំ លើកកម្ពស់​គុណភាព​អប់រំ ដោយ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​មួយចំនួន រួមមាន៖ ការដំឡើង​ប្រាក់ខែ​អប្បបរមា ចំនួន ១ លាន​រៀល ក្នុងមួយខែៗ ជូន​គ្រូបង្រៀន និង​ត្រូវមាន​ការស៊ើបអង្កេត​អំពើ​ពុក​ល​រួយ នៅក្នុង​ក្រសួង​អប់រំ ជាដើម។

អំពី​ប្រាក់ខែ​គ្រូបង្រៀន ត្រូវបាន​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បានប្រកាស​កាលពី​ថ្ងៃទី៣ ខែតុលា​ថា រដ្ឋាភិបាល​បាន​បង្កើន​ប្រាក់ខែ​អប្បបរមា​ឱ្យ​គ្រូ​បឋម ដល់ ៥៥ ម៉ឺន​រៀល គ្រូ​មធ្យម ៦០ ម៉ឺន​រៀល និង​គ្រូ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ៧៨ ម៉ឺន​រៀល ចាប់តាំងពី​ខែកញ្ញា។ ប្រាក់ខែ​គ្រូបង្រៀន នឹងត្រូវ​ដំឡើង​ជា​បន្តទៀត​នៅ​ឆ្នាំ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ