អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជម្លោះ​ការទូត​តួកគី​-ហូឡង់​​កាន់តែ​​​​​ធ្ងន់ធ្ងរ​​​ក្រោយ​​ហូឡង់​​បណ្តេញ​​​​រដ្ឋមន្ត្រី​​​ទទួល​បន្ទុក​​គ្រួសារ​​តួកគី​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជម្លោះ​ការទូត​រវាងប្រទេស​​តួកគី​និងប្រទេស​​ហូឡង់​​​កាន់តែធ្លាក់​ក្នុង​​សភាព​ធ្ងន់ធ្ងរ​ ពិសេស​តាំង​ពី​ថ្ងៃ​សៅរ៍​១១មិនា ម្សិលមិញ ​ក្រោយ​ហូឡង់​​បាន​​​បណ្តេញ​លោកស្រី​រដ្ឋមន្ត្រី​ទទួលបន្ទុក​គ្រួសារ​របស់​តួកគី ដោយ​ហាមមិនអោយ​គាត់​ចូល​ទៅ​កុងស៊ុល​តួកគី​នៅ​ក្រុងRotterdam។ ​​ថ្ងៃសៅរ៍​ម្សិលមិញ​​ដដែល​ ប៉ុន្មានម៉ោង​មុននេះ ​អាជ្ញាធរ​ហូឡង់​ក៏បាន​ហាម​មិនអោយ​យន្តហោះ​រដ្ឋមន្ត្រី​ការ​បរទេស​​តួកគី​ចុះចត​ក្នុង​ទឹកដី​ខ្លួន​ផងដែរ។ រដ្ឋាភិបាល​តួកគី​បាន​ប្រកាស​ចាត់វិធានការ​សងសឹក​ធ្ងន់ធ្ងរ​តបទៅ​​​ហូឡង់​វិញ។

ក្រុមបាតុករ​ប្រឈម​ជាមួយ​ប៉ូលិស​ហូឡង់ នៅ​ក្រុងRotterdam​ ថ្ងៃសៅរ៍ ១១ មិនា ២០១៧
ក្រុមបាតុករ​ប្រឈម​ជាមួយ​ប៉ូលិស​ហូឡង់ នៅ​ក្រុងRotterdam​ ថ្ងៃសៅរ៍ ១១ មិនា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្រុង​Rotterdam យប់ម្សិលមិញ​ បាតុករ​ជាង​១ពាន់នាក់​បាន​តវ៉ា​ប្រឆាំង​ការបណ្តេញ​របស់​អាជ្ញាធរ​ហូឡង់។ ​​ប៉ូលិស​ហូឡង់​បាន​ប្រើ​កាណុង​បាញ់ទឹក​បំបែក​ហ្វូងបាតុករ។ ដោយឡែក យប់​ម្សិលមិញ យន្តហោះ​រដ្ឋមន្ត្រី​ការបរទេស​តួកគីបានចូល​មកចុះចត​ នៅភាគខាងកើត​ទឹកដី​បារាំង​វិញ។

ហេតុការណ៍​​​បណ្តេញ​រដ្ឋមន្ត្រី​តួកគីនៅហូឡង់
ថ្ងៃសៅរ៍ ​​ម្សិលមិញ ដំបូងឡើយ ​​គឺ​អាជ្ញាធរ​ហូឡង់​ហាម​មិនអោយយន្តហោះ​​រដ្ឋមន្ត្រី​ការ​បរទេស​​តួកគី គឺលោក​​មែលវូត កាវូសូគ្លូ ចូលចត​ក្នុង​ទឹកដី​ហូឡង់។ ហូឡង់​អះអាង​ថា គឺ​ដើម្បី​​ចៀសវាង​ប៉ះពាល់​​សណ្តាប់ធ្នាប់​សាធារណៈ។ ​ប៉ុន្មាន​ម៉ោង​ក្រោយ​មកទៀត ​អាជ្ញាធរ​ហូឡង់​ក៏​លេងធ្ងន់​ថែមទៀត​ប្រឆាំង​រដ្ឋាភិបាល​តួកគី ដោយបាន​បណ្តេញ​លោកស្រី​ Fatma Betul Sayan Kaya ហ្វាត់ម៉ា ​បេទុល ​សាយ៉ាន កាយា ដែលជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​គ្រួសារ​របស់​តួកគី- ដោយ​ហាម​មិនអោយ​លោកស្រី​បានចូលទៅ​​​កុងស៊ុល​តួកគី ​នៅ​ទីក្រុង​រ៉ុតទែរដាំ។

លោកស្រី​រដ្ឋមន្ត្រី​តួកគី​បានធ្វើដំណើរតាមរថយន្ត ​ចេញ​ពី​អាល្លឺម៉ង់ ​មក​ក្រុងរ៉ុតទែរដាំ។​ នៅតែ​៣០ម៉ែត្រ​ទៀត​ប៉ុណ្ណោះ លោកស្រី​ត្រូវទៅដល់​កុងស៊ុល​តួកគី​ហើយ តែ​បែរជា​ត្រូវ​អាជ្ញាធរ​ហូឡង់​ឃាត់​លោកស្រី​មិនអោយ​ទៅ ហើយ​ប៉ូលិស​ហូឡង់​ថែមទាំង​បាននាំខ្លួន​លោកស្រី​​រហូត​ទៅ​ដល់​ព្រំដែន​អាល្លឺម៉ង់វិញ​​ទៀតផង។ ​លោកស្រី​រដ្ឋមន្ត្រី​តួគកី​បាន​ប្រតិកម្ម​ថា ​មិនអាច​​ទទួល​យកបាន​ទេ នូវទង្វើ​របស់​ហូឡង់ ដែល​បានធ្វើឡើង​ប្រឆាំង​​រដ្ឋមន្ត្រី​ដែលជា​ស្ត្រីភេទ​មួយរូប។

ម្សិលមិញ ​បាតុករ​រហូត​ដល់​ជាង​១ពាន់នាក់ កាន់ទង់ជាតិ​តួកគី​ បាន​តវ៉ា​នៅ​ក្រុងរ៉ុតទែរដាំ មិន​ពេញចិត្ត​នឹង​ចំណាត់ការ​ហូឡង់​ប្រឆាំង​រដ្ឋមន្ត្រី​តួកគី។ ​​ប៉ូលិស​ហូឡង់​បាន​ប្រើ​សត្វឆ្កែ​ច្រើនក្បាល ​និង​កាណុង​បាញ់ទឹក​បំបែក​​ក្រុម​បាតុករ​។ នាយករដ្ឋមន្ត្រី​តួកគី​ប្រកាសថា​ នឹង​​ចាត់​វិធានការ​សងសឹក​ហូឡង់វិញ។

ទង្វើ​​ហូឡង់​ធ្វើអោយ​លោក​អ៊ែរដូហ្កាន​ចាត់ទុក​ហូឡង់​ថា ជា​សំណល់​ពួកណាហ្ស៊ី​ទៀតផង។ អាជ្ញាធរ​តួកគី​បាន​​ចាត់ការ​ព័ទ្ធ​​ស្ថានទូតនិង​កុងស៊ុល​ហូឡង់​នៅក្រុង​​អង់ការ៉ា​និង​អ៊ីស្តង់ប៊ូល។ ​ថ្ងៃអាទិត្យ​នេះ ​បាតុករ​ជាច្រើន​នៅ​តួកគីបានដាក់​ទង់ជាតិ​តួកគី​ ជំនួស​ទង់ជាតិ​ហូឡង់ នៅ​កុងស៊ុល​ហូឡង់​ ក្នុង​ក្រុង​អ៊ីស្តង់ប៊ូល។ ​

ហេតុអ្វី​រដ្ឋាភិបាល​ហូឡង់ចាំបាច់​ធ្វើ​​​ធ្ងន់ធ្ងរ រហូត​បណ្តេញ​រដ្ឋមន្ត្រី​សំខាន់ៗ របស់​តួកគី​បែបនេះ ? 
សូមបញ្ជាក់​ថា ​ទស្សនកិច្ច​របស់​សមាជិក​រដ្ឋាភិ​បាលតួកគី​ នៅ​ហូឡង់ ក៏ដូចជា​នៅតាម​ប្រទេស​​អឺរ៉ុប គឺ​ដើម្បី​ស្វែង​រកការគាំទ្រ​ពី​ប្រជាជន​តួកគី នៅក្រៅប្រទេស សុំអោយពួកគេ​គាំទ្រ​ប្រជាមតិ​នៅតួកគី ដែល​ត្រូវ​ធ្វើ​ នៅថ្ងៃ​១៦មេសា​ខាងមុខ​នេះ។ ជា​ប្រជាមតិ​មាន ទិសដៅ​​​ពង្រឹង​អំណាច​​ប្រធានាធិបតី។

ប៉ុន្តែ អ្នកណាៗ​ក៏​ដឺងដែរ​ថា ​ក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​នៅ​តួកគី​ ​ពាក់កណ្តាល​ឆ្នាំ​មុននេះ រដ្ឋាភិបាល​តួកគី​បាន​បោសសម្អាត​ផ្ទៃក្នុង ប្រឆាំង​មន្ត្រី​គ្រប់ជាន់ថ្នាក់​ក្នុង​ប្រទេស​រាប់ពាន់នាក់។ អឺរ៉ុប​ចាត់ទុក​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​។ មិនត្រឹម​បោសសម្អាត​ផ្ទៃក្នុង​ទេ រដ្ឋាភិបាល​ថែមទាំង​ចាត់ចែង​រៀបចំ​​ការបោះឆ្នោត​ប្រជាមតិ​ដើម្បី​ពង្រឹង​អំណាច​ប្រធានាធិបតី​​ទៀតផង។ គេ​មើលឃើញ​ថា តាម​រយៈប្រជាមតិ​នៅ​ខែ​មេសា​ខាងមុខ​នេះ លោកអ៊ែរដូហ្កាន​ដែល​កាន់​អំណាច​យូរ​យារ​មកហើយ​នោះ អាច​នឹង​នៅ​តែ​បន្ត​ក្តោបក្តាប់​តួកគីតទៅទៀត​បាន។ ​ម្ល៉ោះ​ហើយ​ទើប​​ប្រទេស​អឺរ៉ុប​ជាច្រើន មិន​ពេញចិត្ត​តួកគី។ ​អាល្លឺម៉ង់ ស្វ៊ីស អូទ្រីស ​និង​ហូឡង់​បាន​ហាមមិនអោយ​មាន​​​ការជួបជុំ​ប្រជាជន​តួកគី​ក្នុង​ទឹកដី​ខ្លួន។

ហូឡង់​ប្រាប់ថា ការ​បណ្តេញ​​រដ្ឋមន្ត្រី​តួកគី​​ គឺ​ដើម្បី​កុំអោយ​មាន​ការប៉ះទង្គិច​រវាង​ប្រជាជន​តួកគី​​ដែល​គាំទ្រ​​​លោក​អ៊ែរដូហ្កាន និង​ប្រជាជន​ដែល​ប្រឆាំង​លោក​អ៊ែរដូហ្កាន ករណី​មាន​ការជួបជុំ​ស្តាប់​ការឃោសនា​រកសម្លេង​គាំទ្រ​ប្រជាមតិ​តួកគី ក្នុង​ទឹកដី​ហូឡង់។ ​​ពលរដ្ឋ​តួកគី​រស់​នៅ​ហូឡង់​មាន​ប្រមាណ​៤សែននាក់។

មូលហេតុ​សំខាន់​មួយទៀតដែល​ហូឡង់​បណ្តេញ​រដ្ឋមន្ត្រី​តួកគី​នោះ គឺ​ថា​ប៉ុន្មាន​ថ្ងៃ​ទៀតនេះ ​ ​ហូឡង់​​ត្រូវបោះឆ្នោត​សភា​។ ការឃោសនា​បោះឆ្នោត​ផ្តោត​សំខាន់​លើ​បញ្ហា​អន្តោប្រវេសន៍។​ ​ការស្ទាបស្ទង់​មតិ​ចុងក្រោយ​បង្ហាញ​ថា ប្រជាប្រិយ​ភាព​របស់​លោក Geert Wilders ​វីលដឺ មកពីគណបក្ស​ដើម្បី​សេរីភាព ជា​​​គណបក្ស​ប្រឆាំង​អ៊ីស្លាម ​ស្ថិត​ក្នុង​លំដាប់​ទី២។ ដូច្នេះ គេអាច​សន្និដ្ឋានថា អ្នកដែល​មិនពេញចិត្ត​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​នៅ​ហូឡង់ មាន​មិនតិច​ដែរទេ។ លោក​វីលដឺស​ប្រធាន​បក្ស​ប្រឆាំង​អ៊ីស្លាម​នេះ ថែមទាំង​​ប្រកាស​អោយ​ ប្រជាជន​តួកគី​រស់នៅ​ហូឡង់ ដែល​គាំទ្រ​លោក​អ៊ែរដូហ្កាន ​អោ​យពួកគេ​ត្រលប់​ទៅ​តួកគី​វិញ ឈប់​ចូល​មក​ទឹកដី​​ហូឡង់​ទៀតផង។

ដូច្នេះ ​ការ​ជួបជុំប្រជាជន​តួកគី​ ដែល​​គាំទ្រ​លោក​អ៊ែរដូហ្កាន ក្នុង​ទឹកដី​ហូឡង់​ អាច​បង្ក​បរិយាកាស​អាប់អួរ​ដល់​រដ្ឋាភិបាល​ហូឡង់។

មិនអាច​ចូល​ទឹកដី​ហូឡង់ ​រដ្ឋមន្ត្រី​ការបរទេស​តួកគី​បានចូល​មក​​​​បារាំង​វិញ
មិនអាច​ចូល​ថ្ងៃសៅរ៍​ម្សិលមិញបានមែន តែ​យន្តហោះ​​ប្រមុខការទូត​តួកគី​អា​ចចូល​មកចុះចត នៅ​ក្រុងMetz ភាគខាងកើត​​​ក្នុង​ទឹកដី​បារាំង​ នៅ​ប្រមាណ​ម៉ោង​៨យប់ថ្ងៃ​សៅរ៍​១១មិនា​ម្សិលមិញ។

រដ្ឋាភិបាលបារាំង​​ទទួលដំណឹង​នេះ តែ​មិនបាន​ហាមឃាត់​រឺ​បណ្តេញ​រដ្ឋមន្ត្រី​តួកគី ដូច​រដ្ឋាភិបាល​​​ហូឡង់ទេ។ ​​បារាំង​ ​​ជា​ប្រទេសគំរូ​ក្នុង​ការ​​​គោរព​សិទ្ធិមនុស្ស​​ ដូច្នេះ បារាំង​មិន​ជំទាស់​ការជួបជុំ​គ្នា ស្តាប់​ការឃោសនា​អ្វីមួយ​នោះទេ។ ​​

ថ្ងៃអាទិត្យ​នេះ ​រដ្ឋមន្ត្រី​ការបរទេស​តួកគី កាវូសូគ្លូ ​​ចូលរួម​កម្មវិធី​​​ការប្រជុំ​​ របស់​សមាគម​តួកគី​មួយ នៅបារាំង។ ​លោក​កាវូសូគ្លូ ​សម្រេច​ចិត្ត​មិន​ធ្វើដំណើរ​មក​ប្រទេស​ស្វ៊ីសទេ​ ថ្ងៃ​អាទិត្យ​នេះ ​ព្រោះ​មិនអាច​រក​កន្លែង​រៀបចំ​ការ​ប្រជុំ​បាន។ ​នៅ​ស៊ុយអែត​វិញ ​ការ​ជួប​ប្រជុំ​គាំទ្រ​ប្រជា​មតិ​តួកគី​​មួយ ក៏ត្រូវបាន​លុបចោល​ផងដែរ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ