អានតួអត្ថបទ
កម្ពុជា

កម្ពុជា​អះ​អាង​ថា ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​មិន​ទាន់​រាល​ដាល​ដល់​រឿង​ព្រំដែន​ទេ

រដ្ឋាភិបាល​កម្ពុជា​​អះអាង​​ថា កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ។ រហូត​មក​ទល់​ពេល​នេះ ភាព​វឹក​វរ​នៅ​ក្នុង​ប្រទេស​នេះ​ មិន​ទាន់​រាល​ដាល​ដល់​បញ្ហា​ព្រំដែន​នៅ​ឡើយ​ទេ។ ស្ថានការណ៍​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​ ក៏​មាន​ភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​ដែរ។ យ៉ាង​ណា​ក៏​ដោយ ភាព​វឹក​វរ​ក្នុង​ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្តន៍​​សាល​ដីកា​តុលាការ​ក្រុងឡាអេ។

ជំនួបមេទ័ពកម្ពុជាថៃ នៅព្រះវិហារ​ មុនការប្រកាស​សាលដីកា​របស់តុលាការ​ឡាអេ​ ក្នុងពេល​កន្លងទៅ​
ជំនួបមេទ័ពកម្ពុជាថៃ នៅព្រះវិហារ​ មុនការប្រកាស​សាលដីកា​របស់តុលាការ​ឡាអេ​ ក្នុងពេល​កន្លងទៅ​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​ន៍​សាលដីកា​តុលាការ​ក្រុងឡាអេ។ ក្នុង​ស្ថាន​ភាព​ដែល​ទីក្រុង​បាងកក​ជួប​នឹង​ភាព​វឹក​វរ​ខាង​នយោបាយ​យ៉ាង​ខ្លាំង​បែប​នេះ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មិន​ទាន់​លើក​បញ្ហា​ព្រះវិហារ​ទៅ​ពិភាក្សា​ជាមួយ​ថៃ​នៅ​ឡើយ​ទេ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កម្ពុជា​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​នេះ។ លោក​បាន​កត់​សម្គាល់​ថា ភាព​វឹក​វរ​នៅ​ក្នុង​ប្រទេស​ថៃ​មិន​បាន​រាល​ដាល​ដល់​បញ្ហា​ព្រំដែន​នៅ​ឡើយ​ទេ​ ពោល​គឺ​ក្រុម​ប្រឆាំង​ថៃ​បាន​លើក​តែ​អំពី​ច្បាប់​លើក​លែង​ទោស​តែប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ទទួល​ស្គាល់​ថា កម្ពុជា​មិន​ទាន់​អាច​លើក​បញ្ហា​តុលាការ​ឡា​អេ​ទៅ​ពិភាក្សា​ជា​មួយ​ថៃ​បាន​ទេ ​ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ជួប​បញ្ហា​ធ្ងន់​ធ្ងរ​បែប​នេះ ពី​ព្រោះ​ការ​លើក​បញ្ហា​នេះ​នឹង​ក្លាយ​ជា​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​ក្រុង​បាងកក។

គួរ​កត់​សម្គាល់​ថា កម្ពុជា​បាន​ក្លាយ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​ជា​ថ្មី​ទៀត ​អំពី​បញ្ហា​ព្រះវិហារ។ កាល​ពី​ថ្ងៃ​ទី ១១ វិច្ឆិកា តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​បាន​បកស្រាយ​ថា​ដែន​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា។ តុលាការ​អន្តរជាតិ​មួយ​នេះ​ក៏​បាន​សម្រេច​ឲ្យ​ថៃ​ដក​ទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​នោះ។ ប៉ុន្តែ ការ​អនុវត្ត​ន៍​សាល​ដីកា​នេះ​ត្រូវ​បាន​រាំងស្ទះ​ដោយសារ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ។

បើ​ទោះ​បី​ជា​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​ពេល​នេះ​មិន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជា​មួយ​ករណី​ព្រះវិហារ​ក៏​ដោយ ក៏​បក្ស​ប្រឆាំង​ថៃ​បាន​បង្ហាញ​ជំហរ​រួច​ហើយ​ថា ពួក​គេ​នឹង​មិន​ទទួល​ស្គាល់​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ​ទេ។ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ អា​ភី​ស៊ីត វេចា​ជីវ៉ា ធ្លាប់​បាន​ដាក់​សម្ពាធ​ដោយ​ត្រង់ៗ​ទៅ​លើ​រដ្ឋាភិបាល​លោកស្រី យីង​ឡាក់ ស៊ីណា​វ៉ាត្រា ឲ្យ​បដិសេធ​សាលដីកា​នេះ។

ដូច្នេះ បញ្ហា​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​នៅ​ពេល​នេះ​ពិត​ជា​មិន​អាច​ចៀស​ផុត​ពី​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​ព្រះវិហារ​ឡើយ ​ជា​ពិសេស​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ត្រូវ​បាន​ផ្តួល​រំលំ​ជាយថាហេតុ។ យ៉ាង​ណា​ក៏​ដោយ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា ​សភាពការណ៍​នៅ​តាម​ព្រំដែន​កំពុង​ស្ងប់​ស្ងាត់​ជា​ធម្មតា ហើយ​ក្រុម​យោធា​កម្ពុជា​ថៃ​ បាន​សន្យា​ថា ​នឹង​រក្សា​ភាព​ស្ងប់​ស្ងាត់​នេះ​បន្ត​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ