ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

ថៃ៖ យោធា​ចោទ​ប្រកាន់​​មេៗ​បក្សប្រឆាំង ​៦នាក់ ពីបទ​ចង់​បះបោរ ក្រោយពី​ចៅក្រម​មួយ​រូប​ធ្វើ​អត្តឃាត

media  
​ លោក Thanathorn អ្នក​នយោបាយ​វ័យ​ក្មេង ​អាយុ​៤០ឆ្នាំ និង​ជា​ប្រធាន​បក្ស​អណាខុតម៉ៃ (អនាគតថ្មី) ដែល​ទទួល​បាន​ទទួលការ​គាំទ្រ​ច្រើន​ពី​សំណាក់​យុវជនថៃ។ ©REUTERS/Athit Perawon

នៅចុង​​សប្តាហ៍​នេះ របបយោធាថៃ បាន​ចោទ​​ប្រកាន់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ ចំនួន​៦នាក់​ ពី​បទ​នាំអាទិ៍​បំបះបំបោរ ហើយនិងចោទ​​ថា ក្រុម​បក្ស​ប្រឆាំង​​គាំទ្រ​ការ​ងើប​បះបោរ​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ ដែល​សម្បូរ​ដោយ​ក្រុម​ជនជាតិ​ភាគ​តិច​អ៊ីស្លាម​។ បទ​ចោទ​នេះ អាច​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ រហូត​ដល់​៧ឆ្នាំ។​ ការ​​ចោទប្រកាន់​នេះ គឺធ្វើ​ឡើង​​ក្រោយ​ពី​ក្រុម​បក្ស​ប្រឆាំង​បាន​បើក​សិក្ខាសាលា​មួយ​ពីថ្ងៃ​ សៅរ៍ទី​៥តុលា ដែល​បាន​ជជែក​ពិភាក្សា​គ្នា​ ជុំវិញ​បញ្ហា​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ 

ក្នុង​ចំណោម​មេៗ​បក្ស​ប្រឆាំង​ទាំង៦នាក់ គេ​ឃើញ​មាន​បែប​យ៉ាង លោក ផារ៉ាដន ដែល​ជា​សមាជិក​បក្ស​ភឿ​ថៃ បក្ស​គូសត្រូវ​ប្រឆាំង​នឹង​របបសឹក។ ហើយ​ម្នាក់​ទៀត គឺជា​ លោក ថាណាថន Thanathorn ដែល​ជាអ្នក​នយោបាយ​វ័យ​ក្មេង​អាយុ​៤០ឆ្នាំ និង​ជា​ប្រធាន​បក្ស​អណាខុតម៉ៃ (អនាគតថ្មី) ដែល​ទទួល​បាន​សំឡេង​គាំទ្រ​លំដាប់ទី​៣ នៅក្នុងការ​បោះឆ្នោត​កាលពីខែ​មីនា​កន្លងទៅ។ ចំណែក​៤រូបទៀត គឺ​ជា​បញ្ញវន្ត សាស្ត្រាចារ្យ​ និងជា​​អ្នក​នយោបាយ​មាននិន្នាការប្រឆាំង។​​ អស់​លោកទាំងនេះ បាន​​ជជែក​ពិភាក្សា​គ្នា​ នៅក្នុង​អង្គសិក្ខាសាលាមួយ កាលពីថ្ងៃសៅរ៍​ម្សិលមិញ​ ជុំវិញ​បញ្ហា​​ចង់​ឱ្យ​មានលទ្ធភាព​ធ្វើ​​ការកែប្រែ​​រដ្ឋធម្មនុញ្ញ​ថៃ ហើយ​និង​កែទម្រង់ច្បាប់​​កាត់​បន្ថយឥទ្ធិពល​អំណាច​ដ៏​ពោរពាសពេក​​របស់​ក្រុម​យោធា។

ការ​លើកឡើង​ដូច្នេះ ធ្វើ​ឱ្យ​ក្រុម​យោធា​ ដែល​មាន​ឥទ្ធិព​លខ្លាំង​នៅ​ក្នុង​រដ្ឋាភិបាល​ថៃ មិន​សប្បាយ​ចិត្ត ហើយ​ក្រុម​យោធា បា​នប្រតិកម្ម​វាយ​បកថា ក្រុមមេៗបក្ស​​ប្រឆាំងចង់​នាំ​អាទិ៍​បំបះបំបោរ ហើយនិងចោទ​ទៀត​​ថា បក្ស​ប្រឆាំង​​គាំទ្រ​ការ​ងើប​បះបោរ​នៅ​ខេត្ត​ភាគ​ខាង​ត្បូង។

តំបន់​ភាគ​ខាង​ត្បូង​ ពិសេស​ខេត្ត​យ៉ាឡា​ គឺ​​​សម្បូរ​ដោយ​ក្រុម​ជនជាតិ​ភាគ​តិច​អ៊ីស្លាម​។ ខេត្ត​យ៉ាឡា​នេះហើយ ដែល​កាល​ពីថ្ងៃ​សុក្រទី​៤តុលាកន្លងទៅ ចៅក្រម​ថៃ​មួយ​រូប គឺ​លោក កាណាឃន ​បាន​ធ្វើ​អត្តឃាត នៅក្រោយ​ពេល​បញ្ចប់​សវនាការ ដោយ​​លោក​សម្រេច​កាត់​ក្តី​ដោះលែង​​​យុវជន​អ៊ីស្លាម ៥នាក់ ដោយ​សំអាង​ថា ហេតុផលដាក់​បន្ទុក​​ចោទប្រកាន់ ​គ្មាន​មូលដ្ឋាន​និងភស្តុតាង​គ្រប់​គ្រាន់​។ សាល​ក្រមសេចក្តី​សម្រេច​​នេះ ផ្ទុយ​ពីការ​ចង់​បាន​របស់​ក្រុម​ព្រះរាជអាជ្ញានិងអាជ្ញធរថែ​ ​ដែល​បាន​ចោទប្រកាន់​យុវជន​អ៊ីស្លាម​ទាំង​នោះ ពីបទ​បះបោរ និងធ្វើ​អប្បគមន៍​ចង់​ផ្តាច់​ខ្លួន​​​។

បើ​តាម​សាក្សី​នៅកន្លែង​កើត​ហេតុ​ មុន​នឹង​លើក​​បាញ់​កាំភ្លើង ចំ​ដើម​ទ្រូង ចៅក្រម​រូបនេះ បាន​សូត្រ​សេចក្តី​សច្ចាប្រណិតធាន នៅ​ចំពោះ​មុខ​ព្រះ​ឆាយាលក្ខណ៍​អង្គអតីត​ព្រះមហាក្សត្រថៃ ដែលត្រូវ​រក្សា​កិត្តិយស​ថ្លៃថ្នូរ​នៃចៅក្រម​សុចរិត​ត្រឹមត្រូវ។ ចំណែក​នៅក្នុង​ហ្វេសបុក​របស់​ចៅក្រមនេះ​ គឺ​បាន​ឃើញវីដេអូ ដែល​លោក​បាន​ថ្លែង​រិះ​គន់​ចំពោះ​ប្រព័ន្ធ​តុលាការថៃ ថា​អយុត្តិធម៌ និង​ប្រឌិត​រឿង បំភ្លៃ​អង្គហេតុ​​ ​ដើម្បី​ទម្លាក់​កំហុស​ ចោទប្រកាន់​លើ​ជនជាតិ​អ៊ីស្លាម​ នៅ​ភាគ​ខាង​ត្បួងថៃ​។​​

នាពេល​កន្លងទៅ មាន​ពលរដ្ឋ​ជនជាតិ​ភាគ​តិច​​ រាប់​ពាន់​នាក់ ត្រូវ​តុលាការ​ចាប់​ដាក់​គុក​ ពីបទ​បះបោរ ធ្វើ​អបគមន៍​ ហើយ​បើ​តាម​អង្គការ​សិទ្ធិមនុស្ស នៅក្នុង​​រយៈ​ពេល​១៥ឆ្នាំចុងក្រោយនេះ  ​ជនជាតិ​ភាគ​តិច​អ៊ីស្លាម ជាង​ ៧ពាន់​នាក់ ត្រូវ​សម្លាប់ ក្នុង​តំបន់នៅ​ភាគ​ខាងត្បួង​ប្រទេស​ថៃ​​។​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ