អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

៤០ឆ្នាំ​ក្រោយមក​ហេតុការណ៍​សម្លាប់រង្គាល​នៅ​សកលវិទ្យាល័យ​ធម្មសាត​នៅតែ​តាម​លង​ថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍ ៦​តុលា​នេះ គឺ​ជា​ថ្ងៃ​ខួប​គម្រប់ ៤០ឆ្នាំ​គត់ នៃ​ហេតុការណ៍​សម្លាប់​រង្គាល នៅ​សកលវិទ្យាល័យ​ធម្មសាត​ ក្រុងបាងកក ប្រទេស​ថៃ។ អ្វី​ដែល​បាន​កើតឡើង នៅថ្ងៃ​ទី៦​តុលា ឆ្នាំ​១៩៧៦ ត្រូ​វ​បាន​គេ​ចាត់ទុកថា​ជា​ទំព័រដ៏ខ្មៅងងឹត​មួយ​នៃ​ប្រវត្តិសាស្រ្ត​ថៃ​សម័យទំនើប ហើយ​ក៏​ជា​ទំព័រ​ដ៏ខ្មៅងងឹត​មួយដែរ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ជា​ទូទៅ។

និស្សិត​ថៃ​កំពុង​ត្រៀម​ប្រារព្ធ​ខួប ៤០ឆ្នាំ នៃ​ហេតុការណ៍​សម្លាប់​រង្គាល​បាតុករ​និស្សិត នៅ​សកលវិទ្យាល័យ​ធម្មសាត កាល​ពីថ្ងៃ​ទី៦ តុលា ឆ្នាំ១៩៧៦
និស្សិត​ថៃ​កំពុង​ត្រៀម​ប្រារព្ធ​ខួប ៤០ឆ្នាំ នៃ​ហេតុការណ៍​សម្លាប់​រង្គាល​បាតុករ​និស្សិត នៅ​សកលវិទ្យាល័យ​ធម្មសាត កាល​ពីថ្ងៃ​ទី៦ តុលា ឆ្នាំ១៩៧៦ ©LILLIAN SUWANRUMPHA/AFP
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​សម្លាប់រង្គាលនៅថ្ងៃ​ទី៦​តុលា​ឆ្នាំ១៩៧៦ ដែល​ថៃ​ច្រើន​តែ​ហៅ​ដោយខ្លី​ថា “ហេតុការណ៍៦តុលា” គឺ​ជា​ការ​បាញ់​បង្រ្កាប​យ៉ាងព្រៃផ្សៃ ដែល​ទាហាន ប៉ូលិស និង​ក្រុម​អ្នក​រាជានិយម​ជ្រុល​ថៃ បាន​ធ្វើ​ទៅលើ​បាតុករ​និស្សិត នៅ​សកលវិទ្យាល័យធម្មសាត។ នៅពេលនោះ លទ្ធិប្រជាធិបតេយ្យ​ថៃ​ទើប​នឹង​ដុះពន្លក​ឡើង​​​បានត្រឹមតែ​ ៣ឆ្នាំ​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅ​ក្រោយ​ពី​បាន​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​ផ្តាច់ការ នៅ​ឆ្នាំ​១៩៣២ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើតឡើង ក៏ប៉ុន្តែ រដ្ឋធម្មនុញ្ញ​នេះ​មាន​តែ​នៅលើ​ក្រដាស​តែ​ប៉ុណ្ណោះ រីឯជាក់ស្តែង ថៃ​ត្រូវ​ស្ថិត​ក្រោម​របបយោធា​ផ្តាច់ការ​ស្ទើរតែ​ជាប់ជា​ប្រចាំ។ រហូត​ដល់​ឆ្នាំ​១៩៧៣ ក្រោយ​ពី​មាន​ចលនា​បាតុកម្ម​​និស្សិត​ទាមទារ​លទ្ធិប្រជាធិបតេយ្យ មេដឹកនាំ​របបសឹក គឺ​លោក ថាណុម គីទីកាឆន ក៏​បាន​បង្ខំ​ចិត្ត​ចុះចេញ​ពីតំណែង ហើយ​រត់ភៀសខ្លួន​ទៅ​បរទេស។

 

ការបោះឆ្នោត​តាមបែបប្រជាធិបតេយ្យ​​ត្រូវ​បាន​រៀបចំ​ធ្វើឡើង ក៏ប៉ុន្តែ ប្រជាធិបតេយ្យ​ដ៏ក្មេងខ្ចី​នេះ ត្រូវ​ប្រឈមមុខ​នឹង​អស្ថិរភាព​នយោបាយ​ច្រើន ហើយក្នុងពេល​ជាមួយគ្នា​នោះ ចលនា​កុម្មុយនិស្ត​កំពុងតែ​មាន​ការរីកដុះដាល​យ៉ាងខ្លាំង នៅ​ក្នុង​ប្រទេស​ក្បែរខាង ជាពិសេស គឺ​កម្ពុជា វៀតណាម និង​ឡាវ។

 

នៅ​ឆ្នាំ​១៩៧៦ ដោយ​​បារម្ភ​ខ្លាច​អស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស បង្ក​ឲ្យ​មាន​ការ​រីករាលដាល​នៃ​ចលនា​កុម្មុយនិស្ត​ពី​ប្រទេស​ជិតខាង ចូល​មក​ក្នុង​ប្រទេស​ថៃ មេដឹកនាំ​កងទ័ព ព្រមទាំង​ក្រុម​មន្រ្តី​ស្និទ្ធ​នឹង​ព្រះបរមរាជវាំង ក៏​បាន​ហៅ​លោក ថាណុម គីទីកាឆន ព្រមទាំង​អតីត​មេដឹកនាំ​របបសឹក​ផ្សេងទៀត ឲ្យ​ចូល​មក​ក្នុង​ប្រទេស​ថៃ​វិញ។

 

ការ​វិលត្រឡប់​របស់​អតីត​មេដឹកនាំ​របបសឹក បាន​បណ្តាល​ឲ្យ​ផ្ទុះ​​បាតុកម្ម​ប្រឆាំង ជាពិសេស គឺ​បាតុកម្ម​និស្សិត នៅ​ក្នុង​​​បរិវេណ​សកលវិទ្យាល័យ​ធម្មសាត។ នៅពេលនោះ កងទ័ពថៃ​ដែល​ត្រូវ​គេ​ស្គាល់​ថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ព្រះបរមរាជវាំង ព្រមទាំង​ចលនា​អ្នក​រាជានិយម​ជ្រុល​មួយ​ចំនួន បាន​នាំគ្នា​ចោទ​ក្រុម​បាតុករ​និស្សិត​នៅ​ធម្មសាត​ថា ជា​ពួក​កុម្មុយនិស្ត ដែល​មាន​គោលដៅ​ផ្តួលរំលំ​របបរាជានិយម។

 

នៅព្រឹកព្រលឹម​ថ្ងៃ​ទី៦តុលា កងទ័ព​ថៃ​ក៏​បាន​បើក​ការ​វាយប្រហារ​ទៅលើ​ក្រុមបាតុករ​និស្សិត ដោយ​នៅពេលនោះ កងទ័ព​បាន​ប្រើ​អាវុធយុទ្ធភ័ណ្ឌ​ធុនធ្ងន់​ដូច​ធ្វើ​សង្រ្គាម ពោលគឺ មាន​តាំង​ពី​កាំភ្លើង​វែង​ធុន M16 រហូតដល់​គ្រាប់បែក និង​កាំភ្លើងធំ។ ប្រឈមមុខ​នឹង​កម្លាំង​ទ័ព បាតុករ​និស្សិត​ក៏​បានសុខចិត្ត​ចុះចាញ់ ហើយ​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ ក៏ប៉ុន្តែ នៅពេល​នៅពេល​ចាកចេញ​ពី​សកលវិទ្យាល័យ បាតុករ​ខ្លះ​ត្រូវ​បាន​កងទ័ព​បាញ់​សម្លាប់ ខ្លះ​ទៀត​ត្រូវ​បាន​ក្រុម​រាជានិយម​ជ្រុលនិយម​ព្រួតគ្នា​វាយ​រហូត​ដល់​ស្លាប់ ខ្លះត្រូវ​គេ​ដុត​សម្លាប់​ទាំងរស់ ចំណែក​ឯ​និស្សិត​ស្រី​ខ្លះ​ទៀត​ត្រូវ​បាន​គេ​រំលោភ ហើយ​សម្លាប់​ចោល​ក៏​មាន។

 

ការ​បាញ់​បង្រ្កាប​បាតុករ​នៅ​ធម្មសាត​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤៦នាក់ បើ​យោងតាម​តួលេខ​របស់​រដ្ឋាភិបាល ក៏ប៉ុន្តែ ជនរងគ្រោះវិញ​អះអាង​ថា ចំនួន​អ្នក​ស្លាប់​មាន​យ៉ាងតិច ១០០នាក់ ហើយ​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។

 

នៅ​រសៀល​ថ្ងៃ​ទៅ៦​តុលា​នោះ ក្រោយ​ពី​បាន​បាញ់​បង្រ្កាប​លើ​បាតុករ​និស្សិត​រួចហើយ កងទ័ព​ថៃ​​​ក៏​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ ដើម្បី​ច្បាម​យក​អំណាច​មក​កាន់​កាប់។ លទ្ធិប្រជាធិបតេយ្យ​ដ៏ក្មេងខ្ចី​ត្រូវ​ដួលរលំ ហើយ​ថៃ​ក៏​ត្រូវ​វិលត្រឡប់​ទៅ​រក​របបយោធា​ផ្តាច់ការ​ដូចពីមុនវិញ។​

 

ចាប់តាំងពីពេលនោះ​មក នៅ​ក្នុង​រយៈពេល​រាប់សិបឆ្នាំ​ក្រោយៗ​មកទៀត ទិដ្ឋភាព​នយោបាយ​ថៃ តែងតែ​មាន​ការផ្លាស់ប្តូរ​ ឆ្លាស់គ្នា រវាង​រដ្ឋាភិបាល​ស៊ីវិល និង​របបសឹក, រវាង​ការបោះឆ្នោត និង​រដ្ឋប្រហារ ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហេតុការណ៍​សម្លាប់​រង្គាល​នៅ​ធម្មសាត​ គឺ​ជា​និមិត្តរូប​ដែល​មាន​អត្ថន័យ​កាន់តែ​សំខាន់​ទៅទៀត នៅ​ក្នុង​ពេល​ដែល​​ប្រវត្តិសាស្រ្ត​កំពុងតែ​ដើរជាន់ដាន​ចាស់​សាជាថ្មី គឺ​ការវិលត្រឡប់​នៃ​របបសឹក ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ កាល​ពីឆ្នាំ​២០១៤។

 

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ៤០ឆ្នាំ​ក្រោយ​មក ហេតុការណ៍​សម្លាប់​រង្គាល​នៅ​សកលវិទ្យាល័យ​ធម្មសាត នៅតែ​ជា​រឿង​ដ៏រសើបបំផុត​មួយ នៅ​ក្នុង​ប្រទេស​ថៃ ម្យ៉ាង ដោយសារ​តែ​កងទ័ព​នៅតែ​ជា​តួអង្គ​ដ៏មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ឆាកនយោបាយ​ថៃ ហើយ​ជាងនេះ​ទៅទៀត គឺ​ដោយសារ​តែ​ហេតុការណ៍​សម្លាប់​រង្គាល​នៅ​ធម្មសាត​នេះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ព្រះបរមរាជវាំង ហើយ​នៅថៃ គ្រប់រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​នឹង​ព្រះមហាក្សត្រ គឺ​សុទ្ធសឹង​តែ​ជារឿង​រសើប ដោយសារ​តែ​ច្បាប់​ស្តីពី​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ