ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អាស៊ី

សភា​ថៃបោះ​ឆ្នោតតែងតាំង​​​លោក ប្រាយុទ្ធ ចាន់អូចា ជា​នាយករដ្ឋ​មន្ដ្រី

media លោក ប្រាយុទ្ធ ចាន់អូចា នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី​ថៃ ថ្ងៃ​ទី​០៥ មិថុនា ២០១៩ REUTERS/Athit Perawongmetha

នៅ​ទី​បំផុត​ទៅ សមាជិក​សភា​និង​ព្រឹទ្ធសភា​របស់​ថៃ បាន​បោះ​ឆ្នោត​តែង​តាំង​លោក ប្រាយុទ្ធ ចាន់អូចា ឲ្យ​បន្ត​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​​ នៅ​យប់​ថ្ងៃ​ពុធ ទី​០៥ មិថុនា​ម្សិលមិញ​។ នេះ​ជា​លទ្ធផល​ដែល​អ្នក​តាម​ដាន​នយោបាយ​ថៃ​ស្មាន​ដឹង​រួច​ជា​មុន​ទៅ​ហើយ និង​បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​នេះ​ថា ជា​យន្តការ​បើក​ផ្លូវ​ឲ្យ​របប​សឹក​ផ្ដាច់​ការ​បន្ត​ដឹក​នាំ​ប្រទេស​។

៥០០​សំឡេង ទល់​នឹង ២៤៤​សំឡេង​។ លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​លោក ប្រាយុទ្ធ ចាន់អូចា យក​ឈ្នះ​​លោក ថាណាថន ជុងរុងរឿងគីត បេក្ខជន​នាយករដ្ឋ​មន្ដ្រី​មក​ពី​គណបក្ស​អាណាឃុតម៉ៃ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​នាយករដ្ឋ​មន្ដ្រី​ថៃ​។ ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ធ្វើ​នៅ​សភា​ថៃ តាំង​ពី​ព្រលឹម​ទល់​ព្រលប់​​ថ្ងៃ​ពុធទី​០៥​មិថុនា​ម្សិលមិញ​។

ជា​ការ​កត់​សម្គាល់ មុន​នឹង​ឈាន​ដល់​ការ​បោះ​ឆ្នោត​តែង​តាំង​នាយករដ្ឋ​មន្ដ្រី សមាជិក​សភា​និង​សមាជិក​ព្រឹទ្ធសភា​ថៃ បាន​បើក​ការ​ពិភាក្សា​វែក​ញែក​យ៉ាង​ផុស​ផុល​អស់​រយៈ​ពេល​ជាង​១០​ម៉ោង អំពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​នៃ​បេក្ខជន​នាយករដ្ឋ​មន្ដ្រី​ទាំង​ពីរ​រូប​។ សមាជិក​សភា​មកពី​គណបក្ស​ផាឡាំង​ប្រឆារ៉ាត់​ និង​សមាជិក​ព្រឹទ្ធសភា​គាំទ្រ​របប​សឹក បាន​នាំ​គ្នា​លើក​សរសើរ​ពី​គុណ​សម្បត្តិ​ជា​មេ​ដឹក​នាំ​របស់​លោក ប្រាយុទ្ធ ចាន់អូចា ព្រម​ទាំង​សមិទ្ធផល​ដែល​មេ​ដឹក​នាំ​របប​សឹក​រូប​នេះ​សម្រេច​បាន​ក្នុង​ការ​ដឹក​នាំ​ប្រទេស​អស់​រយៈ​ពេល​៥​ឆ្នាំ​កន្លង​ទៅ​។

ពី​ខាង​សមាជិក​សភា​ប្រឆាំង​របប​សឹក​ឯ​ណោះ​វិញ បាន​យក​វេទិកា​សភា​វាយប្រហារ​លោក ប្រាយុទ្ធ ចាន់អូចា យ៉ាង​ដំណំ​។ អ្នក​ខ្លះ​ចោទ​សួរ​ពី​សមត្ថភាព​ដឹក​នាំ​ប្រទេស​របស់​លោក ប្រាយុទ្ធ ដោយ​លើក​ឡើង​ពី​ដំណើរ​ថយ​ក្រោយនៃ​សេដ្ឋកិច្ច​ជាតិ ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព និង​ជា​ពិសេស​ការ​ឡើង​មក​កាន់​តំណែង​របស់​លោក​ប្រាយុទ្ធ​នៅ​ឆ្នាំ​២០១៤ តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ជា​ដើម​។ ចំណែក​សមាជិក​សភា​ខ្លះ​ទៀត រិះគន់​លោក​ប្រាយុទ្ធ អំពី​កាយ​វិការ​ច្រង៉េងច្រង៉ាង​និង​ពាក្យ​សម្ដី​គំរោះ​គំរើយ ដោយ​លើក​ឡើង​ថា មេ​ដឹក​នាំ​ប្រទេស​ដែល​ល្អ មិន​គួរ​មាន​គុណ​វិបត្តិ​ទាំង​នេះ​ឡើយ​។

បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ នៅ​ទី​បំផុត លោក​ប្រាយុទ្ធ ចាន់អូចា បាន​ទទួល​ការ​បោះ​ឆ្នោត​គាំទ្រ​ចំនួន​៥០០​សំឡេង ច្រើន​លើស​ពី​សំឡេង​ត្រូវ​ការ​ចំនួន​៣៧៦​សំឡេង​ដើម្បី​ក្លាយ​ជា​នាយករដ្ឋ​មន្ដ្រី​ទី​៣០​របស់​ប្រទេស​ថៃ​។ លោក​ប្រាយុទ្ធ ​មិន​ទាន់​សម្ដែង​​ប្រតិកម្មណាមួយ​​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​របស់​សមាជិក​សភា​និង​ព្រឹទ្ធសភា​នៅ​ឡើយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា លោក​មាន​ទឹក​មុខ​ញញឹម​ញញែម ​ពេល​អញ្ជើញ​ទៅបំពេញ​ការងារ​​នៅទីស្ដីការ​​គណៈរដ្ឋមន្ដ្រី​​​នៅ​ព្រឹក​ថ្ងៃ​​​ព្រហស្បតិ៍​ទី​០៦​មិថុនា​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ