ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អាស៊ី

ផ្ទុះរថយន្ត​នៅ​ចុង​ភាគ​ខាងត្បូង​ថៃ​ ស្លាប់​៣នាក់​ របួស​៣៦នាក់​

media  
កងកម្លាំង​ថៃ​កំពុង​ពិនិត្យ​ទីតាំង​​​ផ្ទុះ​គ្រាប់បែក​មួយកន្លែង នៅ​ខែត្រ​យ៉ាឡា​ កាលពី​ដើមខែ​កក្កដា។ REUTERS/Surapan Boonthanom

ថ្ងៃ​សុក្រ​នេះ ​នៅ​ខេត្ត​យ៉ាឡា ក្នុង​តំបន់​ចុង​ភាគខាងត្បូង​ប្រទេស​ថៃ ​មាន​ហេតុការណ៍​ផ្ទុះ​រថយន្ត​មួយ​គ្រឿង​​កើតឡើង ធ្វើអោយ​​មនុស្ស​​៣នាក់​​បាត់បង់​ជីវិត និង​ជាង៣០នាក់ទៀត​​រង​របួស។ ​ជាង​១០ឆ្នាំ​នេះ ​សកម្មភាព​​បះបោរ​​ផ្តាច់ទឹកដី​និយមពីក្រុម​​​អ្នកកាន់​សាសនា​អ៊ីស្លាម​​ នៅ​ចុង​ភាគខាងត្បូង​​ប្រទេស នៅតែ​​មិនអាចរក​ដំណោះស្រាយ​បាន។

អំពើ​ភេរវកម្ម​បំផ្ទុះ​​​​រថយន្ត​​ នៅ​ខេត្ត​​យ៉ាឡា ស្ថិត​នៅ​ចុង​ភាគខាងត្បូង​ប្រទេស​ថៃ រសៀល​​ថ្ងៃ​សុក្រ​​នេះ បាន​កើតឡើង​នៅ​ពីមុខ​សណ្ឋាគារ​មួយកន្លែង ​​នៅ​ក្រុង​បេតុង ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី។ ​ប៉ូលិស​ប្រាប់ថា បាន​ទទួល​​សញ្ញា​អាសន្ន​​ ថា​​អំពើហិង្សា​អាច​នឹង​កើត​ឡើង​ នៅ​ដំណាច់ខែ​បុណ្យ​សាសនា​​រ៉ាម៉ាដង់​អ៊ីស្លាម​នេះ។ ពេលជិត​បញ្ចប់​បុណ្យ​រ៉ាម៉ាដង់​បែបនេះ ​មេទ័ព​ថៃ​ ប្រយុទ្ធ​ ​ចាន់អូចា ​បាន​ប្រាប់​អោយ​ប៉ូលិស​​​​ពិនិត្យ​សន្តិសុខ​អោយ​​ដិតដល់។ ប៉ុន្តែ​ ទោះ​ជា​ប៉ូលិសថៃ​​បាន​ត្រៀម​ការ​ប្រុងប្រយ័ត្ន​​​ក៏​ដោយចុះ ​​អំពើ​ភេរវកម្ម​នៅ​តែ​​អាច​កើតឡើង​ដដែល។ ​​

គិត​ពី​ឆ្នាំ​២០០៤មក ​ការ​បះបោរ​​នៅ​ចុង​ភាគខាងត្បូង​ប្រទេស​ថៃ ពី​សំណាក់​ក្រុម​ផ្តាច់​ទឹកដី​​និយម​​អ៊ីស្លាម ​បាន​សម្លាប់​មនុស្ស​​សន្ធឹកសន្ធាប់​រហូត​៦១០០នាក់។ ភាគច្រើន​ជា​ជន​ស៊ីវិល​​ រងគ្រោះ​ដោយ​​សារ​ការ​ប្រយុទ្ធ​​រវាង​​​កងទ័ព​ថៃ​ និង​ក្រុម​ឧទ្ទាម​​ផ្តាច់ទឹកដី​និយម។ ​គួរ​រំលឹក​​ ​ថា​ ​ដើមឡើយ ​តំបន់​ចុង​ភាគ​ខាងត្បូង​​ថៃ ស្ថិត​ក្នុង​ទឹកដី​ម៉ាឡេស៊ី ​មុន​ក្លាយ​ជា​កម្មសិទ្ធិ​ថៃ​នៅ​​​ដើម​សតវត្ស​ទី​​២០។ ​ក្រុម​ផ្តាច់ទឹកដី​និយម ​កាន់សាសនា​អ៊ីស្លាម​​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ្វី​ដែល​គេ​គិតថា ជា​​ការ​រើងអើង​​របស់​ប្រជាជន​ថៃ​ ​​ដែល​ភាគច្រើន​ជា​អ្នក​កាន់​ពុទ្ធសាសនា។

រាប់ខែ​មកនេះ ​​ការចរចា​រវាង​ក្រុម​ផ្តាច់ទឹកដី​និយម​ភាគខាងត្បូង និង​រដ្ឋាភិបាល​ក្រុង​បាងកក​ ត្រូវបាន​ផ្អាក ​​ដោយសារ​តែ​ថៃ​រង​​​​បាតុកម្ម​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ និង​​រដ្ឋប្រហារ​យោធាយោធា​ ថ្ងៃ​២២ឧសភា។ ​​ភេរវកម្មបំផ្ទុះ​រថយន្ត សម្លាប់​មនុស្ស ​នៅ​ក្រុង​បេតុង ​​ខេត្ត​យ៉ាឡា ​​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​អោយ​ប៉ូលិស​ថៃ​ភ្ញាក់ផ្អើល​ ដោយសារ​តែ​​ប៉ូលិស​​មិនបាន​គិតថា ​អាច​កើតឡើង បង្ក​​​ការខូចខាត​បែបនេះទេ៕​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ