អានតួអត្ថបទ
កម្ពុជា

រដ្ឋា​ភិបាល​នឹង​សិក្សា​លម្អិត​ពី​ផល​ប៉ះ​ពាល់​គម្រោង​វារី​អគ្គិសនី​ជាយ​អារ៉ែង

ក្រសួង​រ៉ែ​និង​ថាមពល ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ​បាន​ចេញ​លិខិត​បំភ្លឺ​មួយ​អំពី​គម្រោង​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ជាយ​អារ៉ែង​ក្នុង​ខេត្ត​កោះ​កុង។ ​ជា​ការ​បំភ្លឺ​តប​ទៅ​នឹង ​លិខិត​របស់​លោក​ស្រី​ តែ​ ច័ន្ទ​មនី​ ប្រធាន​ទី​ស្តី ​គណៈ​កម្មការ​ទី​៣​ នៃ​រដ្ឋសភា។ ​ក្នុង​លិខិត​នោះ ​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​បំភ្លឺ​ថា ​ពិត​មែន​តែ​គម្រោង​វារី​អគ្គិសនី​ ជាយ​អារ៉ែង ​មាន​អានុភាព​ដំឡើង​ត្រឹម​១០៨​មេហ្គាវ៉ាត់ ​ប៉ុន្តែ​វា​អាច​ដំណើរ​ការ​ស្ទើរ​ពេញ​មួយ​ឆ្នាំ ​និង​ផ្តល់​ថាម​ពល​ច្រើន​ជាង​វារី​អគ្គិសនី​កំចាយ។

លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ
លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ Alex Gonzalez-Davidson
ផ្សាយពាណិជ្ជកម្ម

លិខិត​ឆ្លើយ​បំភ្លឺ​ ចុះ​ថ្ងៃ​ទី​២៧​កញ្ញា ​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​បញ្ជាក់​ថា​ គម្រោង​សាងសង់​វារី​អគ្គិសនី​ជាយ​អារ៉ែង ​មាន​តាំង​ពី​ឆ្នាំ​១៩៧០​មក​ម្ល៉េះ ​ហើយ ​រដ្ឋាភិបាល​បច្ចុប្បន្ន​ គ្រាន់​តែ​សិក្សា​បន្ត​តែ​ប៉ុណ្ណោះ។​

ក្រសួង​រ៉ែ​និង​ថាមពល​ បង្ហាញ​ថា ​គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​ជាយ​អារ៉ែង​ មាន​អានុភាព​១០៨​មេ​ហ្គា​វ៉ាត់ ប៉ុន្តែ​វារី​អគ្គិសនី​នេះ ​អាច​ដំណើរ​ការ​ស្ទើរ​ពេញ​មួយ​ឆ្នាំ ​ដែល​បរិមាណ​ថាមពល​ផលិត​ប្រចាំឆ្នាំ ​មាន​រហូត​ដល់​៥៩៥​លាន​គីឡូវ៉ាត់​ម៉ោង។​ គម្រោង​នេះ ​អាច​ផ្តល់​ថាមពល​ច្រើន​ជាង​វារី​អគ្គិសនី​កំចាយ ​ដែល​ផលិត​បាន​តែ​៤៩៨​លាន​គីឡូវ៉ាត់​ម៉ោង ​តែប៉ុណ្ណោះ។

បើ​តាម​លិខិត​នោះ ​គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​ជាយ​អារ៉ែង ​គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ​ទេ។ ​ក្រសួង​រ៉ែ​និង​ថាមពល​ ក៏​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​និង​សង្គម​ ជំហាន​ដំបូង ​ដោយ​បញ្ជាក់​ថា​ ចំពោះ​ផ្ទៃ​ដី​និង​ព្រៃឈើ​ជាង​១០​ម៉ឺន​ហិកតា​នៅ​តំបន់​ជាយ​អារ៉ែង ​ផ្ទៃ​ដី​ដែល​ប្រើ​សម្រាប់​អាង​ទឹក​របស់​គម្រោង​វារី​អគ្គិសនី​ គឺ​ប្រមាណ​ជិត​១​ម៉ឺន​ហិកតា​តែ​ប៉ុណ្ណោះ ​ហើយ​ក្រៅ​ពី​ប្រើប្រាស់​ គឺ​ត្រូវ​អភិរក្ស​ ថែទាំ ​និង​ដាំ​ឈើ​ឡើង​វិញ​ ដើម្បី​រក្សា​និរន្តរ​ភាព​នៃ​សក្កានុ​ពល​ទឹក​ភ្លៀង​និង​ប្រព័ន្ធ​អេកូឡូស៊ី។

ចំណែក​ការ​ប៉ះពាល់​ដល់​សព្វ​ព្រៃ​និង​មច្ឆជាតិ​វិញ ​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​រក​ឃើញ​នៅ ក្នុង​ការ​សិក្សា​ជំហាន​ដំបូង​ ថា ​មាន​បក្សី​១១៣​ប្រភេទ ​ថនិក​សត្វ​៥៣​ប្រភេទ​ ល្មូន​៣១​ប្រភេទ​ និង​មច្ឆជាតិ​៤៣​ប្រភេទ។​ ក្រសួង​ក៏​បាន​បញ្ជាក់​ថា​នឹង​សិក្សា​លម្អិត​នៅ​ជំហាន​បន្ទាប់​ទៀត​ ដើម្បី​រក​វិធី​អភិរក្ស​និង​កាត់​បន្ថយ​ផល​ប៉ះពាល់ ​ឲ្យ​នៅ​តិចតួច​បំផុត​ ហើយ​ថា អ្នក​សិក្សា​ជំហាន​បន្ទាប់​ទាំង​នោះ ​កំពុង​ព្យាយាម​ចូល​ទៅ​សិក្សា​លម្អិត​នៅ​តំបន់​អារ៉ែង។

លោក ​អាឡិច​ ហ្គនសាឡេ ឌេវីដសុន (Alex Gonzalez-Davidson)​ ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​ ដែល​ជា​អង្គការ​ការពារ​ធម្មជាតិ​មួយ ​ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គីសនី​នៅ​តំបន់​អារ៉ែង ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​ឆ្លើយ​បំភ្លឺ​ជា​ផ្លូវ​ការ​របស់​ក្រសួង​រ៉ែ​និង​ថាមពល។ ​លោក ​អាឡិច​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​ថា ​នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​ក្រសួង​ចេញ​មុខ​បក​ស្រាយ​ពាក់​ព័ន្ធ​រឿង​តំបន់​អារ៉ែង ​ហើយ​ថា ​លិខិត​បំភ្លឺ​នេះ ​គឺ​ជា​អាវុធ​មួយ ​សម្រាប់​លោក​តស៊ូ​ជាមួយ​ក្រុមហ៊ុន​ចិន​ ស៊ី​ណូ​ហា​ដ្រូ (Shynohydro)។ ​ទោះ​យ៉ាង​ណា​ក៏​ដោយ ​ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​ ចង់​ឲ្យ​រដ្ឋាភិបាល​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ​និង​សង្គម​ស៊ីវិល​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ ​នៅ​តំបន់​អារ៉ែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ